សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
អ្នកមាន​ជាងគេ​នៅ​ចិន​ថា សន្ទុះ​នៃ​វិស័យ​អចលនទ្រព្យ​ប៉ោង​ឡើង​ខ្លាំង​គួរ​ឲ្យ​បារម្ភ​
05, Oct 2016 , 12:12 pm        
រូបភាព
​ក្នុង​ឆ្នាំ​២០១៥ មហា​យក្ស​ចិន បាន​រងគ្រោះ​ខ្លាំង​ដោយ​វិបត្តិ​ផ្សារ​ហ៊ុន បណ្ដាលមកពី​ការកើនឡើង​តម្លៃ​ហ៊ុន​ខ្លាំង​។ វិបត្តិ​នេះ ប៉ះពាល់​ដល់​អ្នកវិនិយោគ​រាប់លាន​នាក់ ដែល​បាន​រំពឹងថា អាជ្ញាធរ​ចិន​នឹងមិន​បណ្ដោយ​ឲ្យ​តម្លៃ​ផ្សារ​ហ៊ុន​ធ្លាក់ចុះ​នោះ​។ នៅពេលនេះ បន្ទាប់ពី​ស្ថានការណ៍​បាន​ធូរស្រាល​បន្តិច​នោះ មេដឹកនាំ​ចិន​ទំនងជា​ត្រូវ​ឈឺក្បាល​ម្ដងទៀត តែ​លើក​នេះ​បញ្ហា​អាច​នឹង​លេច​ចេញពី​វិស័យ​អចលនទ្រព្យ​វិញ​ម្ដង​។ 



​មហាសេដ្ឋី​មាន​ជាងគេ​នៅ​ចិន លោក វ៉ាង ជាន​លីន (Wang Jianlin) បាន​ចេញមក​ព្រមាន​ពី​វិបត្តិ​ដែល​អាច​កើតចេញពី​វិស័យ​អចលនទ្រព្យ ដែល​កំពុងតែ​ប៉ោង​ខ្លាំង ហើយ​អាច​ឈានដល់​ដំណាក់កាល​មិនអាច​គ្រប់គ្រង​បាន​ទៀតផង​។ លោក វ៉ាង ជាន​លីន ដែល​រកស៊ី​មានបាន​ដោយសារ​វិស័យ​អចលនទ្រព្យ​នេះ អះអាងថា នេះ​ជា​ពពុះ​សាប៊ូ​ធំជាងគេ​បំផុត (​សំដៅលើ​ការកើនឡើង​មួយ​ឆាវ​នៃ​តម្លៃ​អចលនទ្រព្យ​) ក្នុង​ប្រវត្តិសាស្ត្រ​។


លោក Wang Jianlin មហាសេដ្ឋីមានជាងគេនៅចិន (រូបភាព Xinhua)

​ក្នុង​បទសម្ភាសន៍​ជាមួយ CNNMoney កាលពី​ថ្ងៃទី​២៩ ខែកញ្ញា​កន្លង​ម អ្នកមាន​ជាងគេ​នៅ​ចិន​រូបនេះ​និយាយថា បញ្ហា​ធំ​នោះ គឺ​តម្លៃ​អចលនទ្រព្យ​នៅតែ​កើនឡើង​នៅ​ទីក្រុង​ធំៗ​ដូចជា​សៀង​ហៃ​ជាដើម ខណៈដែល​នៅតាម​ទីក្រុង​តូចៗ​ដែលមាន​អចលនទ្រព្យ​ច្រើន បែរជា​ធ្លាក់ចុះ​តម្លៃ​ទៅវិញ​។ លោក​បន្តថា​៖«​យើង​មិនឃើញ​មាន​ដំណោះស្រាយ​ល្អ​ឡើយ បើទោះជា​រដ្ឋាភិបាល​ដាក់ចេញ​វិធានការ​គ្រប់យ៉ាង​ក៏ដោយ តែ​បញ្ហា​នៅតែ​មិនអាច​ដោះស្រាយបាន​នៅឡើយ​ដែរ​។​»

​សន្ទុះ​កើនឡើង​ក្នុង​វិស័យ​អចលនទ្រព្យ គឺជា​បញ្ហា​គួរ​ឲ្យ​បារម្ភ​នៅ​ចិន ដ្បិត​សេដ្ឋកិច្ច​ប្រទេស​នេះ មាន​កំណើន​យឺត ស្រប​ពេលដែល​កម្រិត​នៃ​បំណុល​កើនឡើង​យ៉ាង​ឆាប់រហ័ស​។ ជាមួយគ្នានេះ ទឹកប្រាក់​យ៉ាងច្រើន បែរជា​ប្រមូលផ្ដុំ​នៅ​ទីផ្សារ​ភាគហ៊ុន​ទៅវិញ​។ បើតាម​របាយការណ៍រ​បស់ Capital Economics ប្រាក់កម្ចី​ដោយផ្ទាល់​មាន​ដល់​ទៅ​២៤ ទ្រី​លាន​យ័ន ស្មើនឹង​៣.៦​ទ្រី​លាន​ដុល្លារ នៅត្រឹម​ដំណាច់ខែ​មិថុនា​។ 

​សេដ្ឋី​អចលនទ្រព្យ​រូបនេះ​និយាយទៀតថា​៖«​អ្វី​ជា​បញ្ហា គឺ​សេដ្ឋកិច្ច​មិនបាន​ធ្លាក់ចុះ​ខ្លាំង​ឡើយ​។ ក្នុងករណីនេះ ប្រសិនបើ​យើង​ដកយក​ប្រាក់កម្ចី​ទាំងនោះ​ឆាប់​ពេក សេដ្ឋកិច្ច​នឹង​កាន់តែ​អាក្រក់​មិន​ខាន​។ ហើយ​យើង​ត្រូវ​រង់ចាំ​ដល់ពេល​ដែល​សេដ្ឋកិច្ច​ត្រឡប់​មករក​ស្ថានភាព​ដើម​វិញ មុននឹង​កាត់បន្ថយ​បំណុល​»​។ ប៉ុន្តែ លោក វ៉ាង ជាន​លីន ក៏​មិនបាន​បង្ហាញ​ការព្រួយបារម្ភ​លើ​ការធ្លាក់ចុះ​នៃ​កំណើនសេដ្ឋកិច្ច​នោះឡើយ​។

​តាមពិតទៅ មហាសេដ្ឋី​ប្រចាំ​ប្រទេស​ចិន​រូបនេះ ក៏​ធា្ល​ប់ព្រមាន​ទុក​មុន​ពី​បញ្ហា​នេះ​ជា​យូរ​មកហើយ​ដែរ​។ ក្រុមហ៊ុន Dalian Wanda Group ដែល​វិនិយោគ​លើ​អចលនទ្រព្យ​នោះ ក៏បាន​កាត់បន្ថយ​ការរកស៊ី​លើ​ជំនួញ​នេះដែរ​។ ក្រុមហ៊ុន​យក្ស​នេះ បាន​បោះទុន​របស់ខ្លួន​យ៉ាងច្រើន​ទៅលើ​វិស័យ​កំសាន្ត កីឡា និង​ទេសចរណ៍ ដែល​កំពុងមាន​សក្តានុពល​ខ្លាំង​។

​នាពេល​ថ្មីៗ​នេះ លោក វ៉ាង ជាន​លីន បាន​ទិញ​ក្រុមហ៊ុន​ផលិតភាព​យន្ត​ល្បីៗ​របស់ Hollywood ជាច្រើន​មក​ដាក់​ក្រោម​ចំណុះ​ក្រុមហ៊ុន​របស់លោក ដែល​បង្កើត​ទៅជា​បណ្ដាញ​ក្រុមហ៊ុន​ភាពយន្ត​ដ៏​ធំ​លើ​ពិភពលោក​។ មិនតែប៉ុណ្ណោះ លោក វ៉ាង ក៏បាន​ងាក​ទៅ​វិនិយោគ​លើ​សួន​កម្សាន្ត​ធំៗ​លើ​ទូទាំងប្រទេស​ចិន​ដែរ​។

​ចុងក្រោយ​នោះ មហាសេដ្ឋី​មាន​ប្រាក់​ច្រើនជាងគេ​របស់​មហា​យក្ស​ចិន បញ្ជាក់ថា​៖«​យើង​កំពុង​រង់ចាំ​ឱកាស​។ ឱកាស​អាចមក​ដល់​ក្នុងពេល​ពីរ ឬ​បី​ឆ្នាំ​ខាងមុខ ឬក៏​អាច​យូរ​ជាង​នេះ ប៉ុន្តែ​យើង​ត្រូវតែ​អត់ធ្មត់​»៕


Tag:
 ចិន​
 ​ អចលនទ្រព្យ​
© រក្សាសិទ្ធិដោយ thmeythmey.com