ខ្មែរ​ក្រហម
ជាតិ
សាលាក្តី​ខ្មែរក្រហម ឬ​ECCC នឹង​បន្ត​សវនាការ​របស់ខ្លួន​នា​ថ្ងៃ​ចន្ទ​ខាងមុខ ក្រោយពេល​មាន​ជំនន់​ទឹកភ្លៀង​
09, Oct 2016 , 12:05 pm        
រូបភាព
ដោយ: &
 ​ភ្នំពេញ​៖ នា​សប្តាហ៍​នេះ សាលាក្តី​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម បាន​ផ្អាក​ដំណើរការ​កាត់ទោស​សំណុំរឿង​០០២/០២​ដោយសារ​បញ្ហា​ជំនន់​ទឹកភ្លៀង នៅ​បរិវេណ​នៃ​សាលាក្ដី​មួយ​នេះ​។ អ្នកឃ្លាំមើល​ការកាត់ទោស​សាលាក្ដី​ខ្មែរក្រហម​និង​តំណាង​ដើមបណ្ដឹង​រដ្ឋបវេណី បង្ហាញ​ការព្រួយបារម្ភ​អំពី​ការយឺតយ៉ាវ​នៃ​ការកាត់ទោស លើ​មេដឹកនាំ​ខ្មែរក្រហម​ជាន់ខ្ពស់​ដែលមាន​វ័យ​កាន់តែ​ចាស់​ទៅ​។ យ៉ាងណាក៏ដោយ មន្ត្រី​នៃ​សាលាក្ដី​ខ្មែរក្រហម​បាន​ឲ្យ​ដឹងថា​សាលាក្ដី​នឹង​បន្តការងារ​របស់ខ្លួន​នៅ​ថ្ងៃ​ចន្ទ​សប្ដាហ៍​។​

 
​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ឬ​ECCC នឹង​បន្ត​ដំណើរការ​សវនាកា​រ​របស់ខ្លួន​ឡើងវិញ​នា​ថ្ងៃ​ចន្ទ​ខាងមុខ បន្ទាប់ពី​តុលាការ​កូនកាត់​មួយ​នេះ ផ្អាក​ដំណើរការ អស់​ជិត​មួយ​សប្តាហ៍​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់ អ្នកនាំពាក្យ​សាលាក្ដី​។​
 
​លោក​នេត្រ ភ័​ត្ត្រា អ្នកនាំពាក្យ​សាលាក្ដី​ខ្មែរក្រហម បាន​ប្រាប់​VOA ថា ដោយសារតែ​ការ​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​នា​សប្តាហ៍​នេះ​បណ្តាល​ឲ្យ​ទឹក​លិច​ជុំវិញ បរិវេណ​សាលាក្ដី​ខ្មែរក្រហម ហើយ រំខាន​ដល់​ការធ្វើដំណើរ​របស់​មន្ត្រី​បុគ្គលិក នៃ​សាលាក្ដី​ខ្មែរក្រហម ក្នុងការ​បំពេញការងា​រ​របស់​ពួកគេ​។ យ៉ាងណាក៏ដោយ លោក​ថា សាលាក្ដី​កំពុង​រៀបចំ​សាងសង់​ស្ពានឈើ​សម្រាប់​ប្រើប្រាស់​ជា​បណ្តោះអាសន្ន ដើម្បី​បន្តដំណើរ​ការកាត់ទោស​មេ​ដឹក​ខ្មែរក្រហម​។​
 
​លោក នេត្រ ភ័​ត្ត្រា​បន្តថា​៖ «​សាលាក្ដី​មាន​កម្រិត​ទឹក​ខ្ពស់​ឡើង​ខ្លាំង​ដែល​រំខាន​ការធ្វើដំណើរ​ដល់​មន្ត្រី​បុគ្គលិក​នៅ​សាលាក្ដី​ខ្មែរក្រហម​ចូលមក​បំពេញការងារ​ដែល​លិច​ទឹក​តាំងពី​ថ្ងៃទី​២៩ ខែ​៩​មក​។​ហើយ​តាំងពី​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​មក មន្ត្រី​បុគ្គលិក​ត្រូវ​មក​ធ្វើការ​វិញ​តាំងពី​ថ្ងៃទី​០៤​មកម្ល៉េះ ក៏ប៉ុន្តែ​ដោយសារ​កម្រិត​ទឹក​នេះ​មិនទាន់​ថយចុះ ហើយ​ភ្លៀង​មាន​ជា​បន្តបន្ទាប់​ធ្វើ​ឲ្យ​ដំណើរការ​តុលាការ​ត្រូវបាន​អាកខាន​។ ហើយ​សំណុំរឿង​០០២ វគ្គ​ពីរ​ក៏ត្រូវ​ផ្អាក​តាម​ហ្នឹង​ដែរ​»​។​
 
​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​ផ្អាក​ដំណើរការ​លើ​សំណុំរឿង​០០២/០២ ចាប់តាំងពី​ថ្ងៃទី​២៩​ខែកញ្ញា​មកម្ល៉េះ ពោលគឺ​ចាប់តាំងពី​ពេល​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ ដោយសារតែ​ជំនន់​ទឹកភ្លៀង​ដែលមាន​កម្រិត​ខ្ពស់​។ សំណុំរឿង​០០២/០២ ដែល​កំពុង​ដំណើរ​ក្នុង​សាលាក្តី​ខ្មែរក្រហម គឺ​ផ្តោតលើ​ការរៀប​ការ​ដោយ​បង្ខំ ការរំលោភ​ផ្លូវភេទ និង​ប្រល័យពូជសាសន៍​លើ​ជនជាតិ​វៀតណាម​និង​ជនជាតិ​ចាម​ជាដើម​។ សព្វថ្ងៃនេះ​មានតែ អតីត​មេដឹកនាំ​របប​ខ្មែរក្រហម វ័យ​ជរា​ពីររូប​តែប៉ុណ្ណោះ ដែល​ប្រឈម​នឹង​ការកាត់ទោស គឺ​នួន ជា អតីត​ប្រធានរដ្ឋសភា និង​ខៀវ សំផន​ប្រមុខរដ្ឋ​នៃ​របប​ខ្មៅ​ងងឹត​នោះ​។​
 
​ការផ្អាក​ដំណើរការ​នៃ​អង្គជំនុំជម្រះ​ក្តី​របស់​តុលាការ​កូនកាត់​នេះ បានធ្វើ​ឲ្យ​អ្នកឃ្លាំមើល តុលាការ​កាត់ទោស​សាលាក្ដី​ខ្មែរក្រហម​និង​តំណាង​ដើមបណ្ដឹង​រដ្ឋប្បវេណី មានការ​បារម្ភ ចំពោះ​ភាពយឺតយ៉ាវ​នៃ​ការរក​យុត្តិធម៌​ជួន​ជនរងគ្រោះ​ក្នុង​របប​ដ៏​ឃោ​ឃៅ​នេះ​។​
 
​លោក ឡា​ត់ គី មន្ត្រី​អង្គការ​អាដហុក ដែល​ឃ្លាំមើល​ការកាត់ទោស​នៅ​សាលាក្ដី​ខ្មែរក្រហម ទទួលស្គាល់ថា បញ្ហា​ទឹកជំនន់​នេះ គឺជា​ហានិភ័យ​មួយ​រំខាន​ដល់​ដំណើរការ​តុលាការ ស្ដង់ដារ​អន្តរជាតិ​នេះ​។ ក៏ប៉ុន្តែ​លោក ឡា​ត់ គី ទទូច​ឲ្យ​មានការ​ព​ន្លឿ​ន​ដំណើរការ និង​នីតិវិធី​នៃ​សំណុំ​រឿងនេះ ដោយសារតែ​លោក​យល់ថា ដំណើរការ​តុលាការ​ហាក់​មាន​ភាពយឺត​យ៉ាវ​ខ្លាំង​។​
 
«​ដូច​ដឹង​ស្រាប់​ហើយ ដំបូង​សាលាក្ដី​បានកំណត់​ផែនការ​យុទ្ធសាស្ត្រ​របស់ខ្លួន​ត្រឹមតែ​រយៈពេល​បី​ឆ្នាំ​ប៉ុន្តែ​មកទល់​ពេលបច្ចុប្បន្ន​នេះ​វា​ជាង​១០​ឆ្នាំ​ហើយ នៅតែ​សាលាក្ដី​មិនអាច​ពន្យា​ពេល​ក៏​ធ្វើ​ឲ្យ​ដើមបណ្ដឹង​រដ្ឋប្បវេណី​ក៏ដូចជា​ជនរងគ្រោះ​ភាគច្រើន​គាត់​រង់ចាំ គេ​ហៅថា ការបញ្ចប់​សាលាក្ដី​នេះ​ទៅ គាត់​ហាក់បីដូចជា ពន្យា​ពេល​ហ្នឹង ចេះតែ​យូរ​ទៅៗ ជា​ចេតនា​អវិជ្ជមាន នេះ​ជាការ​រិះគន់​ពី​មហាជន ប៉ុន្តែ​សម្រាប់​យើងខ្ញុំ ខ្ញុំ​យល់ឃើញថា ជា​ចំណែក​មួយ​ខ្លះ​ទេ ប៉ុន្តែ​សម្រាប់​ដំណើរការ​នីតិវិធី​ទើប​ជា​អ្វីមួយ​ដែល​យើង​ចង់បាន​»​។​
 
​ដូចគ្នានេះដែរ លោក​ប៊ូ ម៉េង ជា​ជនរងគ្រោះ និង​ជាដើម​បណ្ដឹង​នៃ​សំណុំរឿង​០០២/០២ ក៏​បង្ហាញ​ពី ក្តីកង្វល់​របស់លោក ចំពោះ​ភាពយឺតយ៉ាវ​នៃ​ដំណើរការ​កាត់ក្ដី​នេះ​។ «​បាទ​! បារម្ភ​តែ​អា​រឿង​រដិបរដុប រ​ទេ​រតូត មើលទៅ វា​មិនរ​លួ​ន​សោះ​ហ្នឹង​ហ្មង៎​។ មើលទៅ​ផ្លូវ​យើង​ដូចជា​រលាក់​ណាស់​។ បាទ ខ្ញុំ​វា​ចាស់​ណាស់​ហើយ ហើយ​អ្នក​ដែល​ជន​ត្រូវ​ចោទ​ក៏​វា​ចាស់​ហើយ​ហ្នឹង​។​អ្នករងគ្រោះ​ក៏​សុទ្ធតែ​ចាស់ៗ​»​។​
​យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​សាលាក្ដី​ខ្មែរក្រហម លោក​នេត្រ ភ័​ត្ត្រា អះអាងថា តុលាការ​បាន​ខិតខំ​ប្រឹងប្រែង​ដើម្បី​បំពេញការងារ របស់ខ្លួន ក៏ប៉ុន្តែ​លោក​ថា ដំណើរការ​របស់​តុលាការ​ត្រូវធ្វើឡើង​ទៅតាម​នីតិវិធី​ច្បាប់​។​
 
«​អ្វីដែល​តុលាការ​បានធ្វើ គឺ​យើង​មាន​ផែនការ​សកម្មភាព​រប​ស់​ខ្លួន​។ អ្វីដែល​ពួកគាត់​លើកឡើង​គឺជា​អ្វីដែល​តុលាការ​កំពុង​ធ្វើ​។ ហើយ​តុលាការ នឹង​ព​ន្លឿ​ន​នីតិវិធី​របស់ខ្លួន​។ យើង​យល់​អំពី​ការទន្ទឹងរង់ចាំ​យុត្តិធម៌​របស់​ជនរងគ្រោះ និង​ការជំនុំជម្រះ​ក្តី​ឲ្យ​បាន​ឆាប់រហ័ស​របស់​ជនជាប់ចោទ ដែលជា​ការចង់បាន​ពី​គ្រប់ភាគី​។ ការ​ដំណើរការ​យើង​ធ្វើ​ឲ្យ​បាន​លឿន ក៏ប៉ុន្តែ​ត្រូវគោរព​នីតិវិធី​ច្បាប់​»​។​
 
​របប​ខ្មែរក្រហម​ត្រូវបាន​គេ​ស្តីបន្ទោស​ថា បានសម្លាប់​ពលរដ្ឋ​ខ្មែរ​ជាង​១​លាន​៧​សែន​នាក់​ចន្លោះ​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩​។ សាលាក្តី​កូនកាត់​មួយ​នេះ ទើបតែ​កាត់ទោស​បាន​ជនជាប់ចោទ​ម្នាក់​ដែលជា​អតីត​ប្រធាន​គុក​ទួលស្លែង​គឺ កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ​ឌុ​ច​។ រីឯ​ជនជាប់ចោទ​ដទៃទៀត​បា​ន​ស្លាប់ មុន​ការកាត់ទោស​ជា​បន្តបន្ទាប់​។ ហើយ​សព្វថ្ងៃ​នៅសល់តែ​មេដឹកនាំ​របប​នេះ តែ​ពីររូប​តែប៉ុណ្ណោះ ដែល​ប្រឈម​នឹង​ការកាត់ទោស គឺ នួន ជា អតីត​បងធំ​ទី​២ និង ខៀវ សំផន អតីត​ប្រមុខរដ្ឋ​ខ្មែរក្រហម ដែល​ស្ថិតក្នុង​សំណុំរឿង​០០២​។​
 
​នាពេល​បច្ចុប្បន្ននេះ សាលាក្ដី​កំពុងដំណើរការ​សំណុំរឿង ០០២/០១ ផ្តោត​សំខាន់​ទៅលើ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ទាក់ទង​នឹង​ការផ្លាស់​ទីលំនៅ​ប្រជាជន​ដោយ​បង្ខំ​ចេញពី​ទីក្រុង​ភ្នំពេញ​។ រីឯ​ក្នុង​សំណុំរឿង​០០២/០២ បាន​កាត់ទោស​លើ​ជនជាប់ចោទ​ដដែល ពីបទ​ការរៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ និង​ការរំលោភ​សេពសន្ថវៈ​។ សាលាក្តី​ខ្មែរក្រហម ក៏​កំពុងតែធ្វើការ​សំណុំរឿង​០០៣ និង​០០៤​ប្រឆាំងនឹង​មេដឹកនាំ​ថ្នាក់ក្រោម ឬ​ថ្នាក់​តំបន់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com