អន្តរជាតិ
ការវាយប្រហារ​រឿង​ផ្ទាល់ខ្លួន​របស់​បេក្ខជន​ប្រធានាធិបតី​អាមេរិក​មាន​លក្ខណៈ​ស្រដៀង​ខ្លះ​នឹង​នយោបាយ​កម្ពុជា​
12, Oct 2016 , 9:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ព្រឹត្តិការណ៍​ជជែក​ដេញដោល​រវាង​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ដែល​ធ្វើឡើង​រយៈពេល​១​ម៉ោង​កន្លះ កាល​យប់​ថ្ងៃអាទិត្យ​ដែល​ត្រូវ​នឹង​ព្រឹក​ថ្ងៃ​ច័ន្ទ​នៅ​កម្ពុជា ទទួលបាន​ការចាប់អារម្មណ៍​ពី​សំណាក់​អ្នកនយោបាយ និង​អ្នកតាមដាន​ស្ថានការណ៍​សង្គម​កម្ពុជា​ផងដែរ​។​



​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Donald Trump និង​លោកស្រី Hillary Clinton បាន​ជួបគ្នា​ជា​លើក​ទី​២ នៅ​សាកលវិទ្យាល័យ Washington University in St. Louis ក្នុង​ទីក្រុង St. Louis រដ្ឋ Missouri ភាគ​កណ្តាល​សហរដ្ឋអាមេរិក ដើម្បី​ជជែក​ដេញដោល​គ្នា​លើ​គោលនយោបាយ​គ្រប់គ្រង​ជាតិ​របស់​គណបក្ស​នីមួយៗ​។ ការជជែក​ដេញដោល​របស់​បេក្ខជន​ប្រធានាធិបតី​នៃ​ប្រទេស​មហាអំណាច​នេះ មានការ​ផ្សាយ​ផ្ទាល់​ទូទាំង​សាកលលោក​តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត រួមទាំង​បណ្ដាញ​សង្គម​ដូចជា Facebook, Twitter និង Youtube ជាដើម​។​

​នៅ​កម្ពុជា អ្នកនយោបាយ និង​អ្នកតាមដាន​ស្ថានការណ៍​សង្គម ដែល​បាន​តាមដាន​ព្រឹ​តិ្ត​ការណ៍​នេះ បាន​យល់ឃើញ​ខុសៗ​គ្នា​លើ​ការជជែក​ដេញដោល​រវាង​បេក្ខជន​ទាំងពីរ ដោយ​ភាគច្រើន​បង្ហាញ​អំពី​ការយល់ឃើញ​នូវ​អត្ត​ច​រិ​ក​របស់​បេក្ខជន​ប្រធានាធិបតី​ក្នុងការ​ជជែក​ដេញដោល និង​ការប្រៀបធៀប ភាពខុសគ្នា​ស្រឡះ​រវាង​នយោបាយ​អាមេរិកកាំង​និង​នយោបាយ​ប្រទេស​កម្ពុជា​។​

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់អំណាច​ក្នុងប្រទេស​កម្ពុជា​ជិត​៤០​ឆ្នាំ បាន​ប្រាប់ VOA ថា បើទោះបី​លោក​ពុំបាន​តាមដាន​ការជជែក​ដេញដោល​គ្នា​រវាង​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ឲ្យ​បាន​ដិតដល់​ក៏ដោយ ក៏​លោក​យល់ថា ការដេញដោល​នេះ​ហាក់ដូចជា​មានការ​ប្រាស់ចាក​ពី​ក្រមសីលធម៌ ដោយសារតែ​ពាក្យសម្តី​អសុរ​ស​របស់​បេក្ខជន​ពី​គណបក្ស​សាធារណរដ្ឋ​គឺ​លោក Donald Trump​។ អ្នកនាំពាក្យ​រូបនេះ​ក៏បាន​បញ្ជាក់ទៀតថា គណបក្សនយោបាយ​ណា​ដែល​ប្រឹង​យកឈ្នះ​លើ​គូប្រកួត​ប្រជែង​ដោយ​ការលើកឡើង​នូវ​ចំណុចខ្សោយ​របស់គេ​ជា​គណបក្សនយោបាយ​ដែល​អន់​។​

«​ការ Debate (​ជជែក​ដេញដោល​) របស់​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ហ្នឹង ក៏​ត្រូវតែ​ប្រកាន់យក​ក្រមសីលធម៌​ដែរ​។ អ្នក​ដែល​មិន​ប្រកាន់​ក្រមសីលធម៌ មិន​ទទួល​ការគាំទ្រ​ពី​មហាជន​ទេ​។ ជាក់ស្តែង ដូច​លោក Trump ចេះតែ​និយាយ​តាមចិត្ត​គាត់ បែប​ធ្លាក់​ប្រជាប្រិយភាព​មិនតិច​ទេ​។ ការឃោសនា​របស់​គណ​បក្ស​នីមួយៗ គេ​ត្រូវ​លើក​គុណសម្បត្តិ​ខ្លួន​។ គេ​មិន​ត្រូវយក​ចំណុចខ្សោយ​របស់​គូប្រកួត​ប្រជែង​មក​ធ្វើ​គុណសម្បត្តិ​ខ្លួនឯង​ទេ វា​អន់​ជាង​ផ្សាយពាណិជ្ជកម្ម​ទំនិញ​ទៅទៀត​»​។​

​ក្នុង​ការជជែក​ដេញដោល​រវាង​បេក្ខជន​ប្រធានាធិបតី​ទាំងពីរ គឺ​លោក Donald Trump និង​លោកស្រី Hillary Clinton អ្នកតាមដាន​ការផ្សាយ​ផ្ទាល់ នឹង​សារព័ត៌មាន​ក្នុងស្រុក​និង​អន្តរជាតិ បាន​ផ្តោតទៅលើ​ការដេញដោល​យ៉ាង​ក្តៅគគុក អំពី​រឿងអាស្រូវ​របស់លោក Donald Trump ដែល​ធ្លាប់​និយាយ​បៀតបៀន​ទៅលើ​ស្ត្រី​មួយរូប​កាលពី​ឆ្នាំ​២០០៥​។​

​ខ្សែ​វីដេអូ​មួយ​កាលពី​ឆ្នាំ​២០០៥ ដែល​ត្រូវបាន​គេ​ចែកចាយ​តាម​បណ្តាញសារព័ត៌មាន​មុនពេល​ការជជែក​ដេញដោល​លើក​ទី​២​នេះ​ឲ្យ​ដឹងថា លោក Trump និយាយ​រៀបរាប់​ពី​ការសោកស្តាយ​ដែល​មិនបាន​រួមភេទ​ជាមួយ​ស្ត្រី​ម្នាក់​ដែលមាន​ប្តី​រួចហើយ​។ វីដេអូ​នោះ​ត្រូវបាន​គេ​ថត ខណៈពេលដែល​លោក​ជិះ​ក្នុង​ឡាន​ជាមួយ​ពិធីករ​ទូរទស្សន៍​ម្នាក់ ហើយ​លោក​និយាយ​អួត​អំពី​ខ្លួន​ថា លោក​អាច​ជៀស​ផុតពី​«​បញ្ហា​គ្រប់យ៉ាង​» ព្រោះ​លោក​ជា​មនុស្ស​ដែល​ល្បីល្បាញ​។

​ក៏ប៉ុន្តែ​ភ្លាមៗ​ក្រោយមក មុនពេល​ការជជែក​ដេញដោល​នា​ល្ងាច​ថ្ងៃអាទិត្យ​នៅ​សហរដ្ឋអាមេរិក លោក Trump ក៏បាន​ផ្សាយ​វីដេអូ​មួយ​ផ្សេងទៀត​ដោយ​លោក​សុំទោស​ជា​សាធារណៈ​ចំពោះ​អ្វីដែល​លោក​និយាយ​កាលពី​ឆ្នាំ​២០០៥​នោះ​។​

​ក្នុងពេល​ការជជែក​ដេញដោល​លើក​ទី​២​នេះ លោក Donald Trump លើកឡើងថា គ្មាន​អ្នកណា​គោរព​មនុស្ស​ស្រី​ជាង​លោក​នោះទេ ហើយ​លោក​ក៏បាន​វាយបក​ទៅលើ​ស្វាមី​លោកស្រី Hillary Clinton គឺ​លោក Bill Clinton អំពី​រឿងអាស្រូវ​ស្នេហា​របស់​អតីត​ប្រធានាធិបតី​អាមេរិក​រូបនេះ​ជាមួយ​ស្ត្រី​ជាច្រើន​នាក់​។​

​លោក អេង ឆៃអ៊ាង មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រាប់ VOA ថា ការជជែក​ដេញដោល​ក្នុង​សហរដ្ឋអាមេរិក​នេះ គឺ​សបញ្ជាក់​ពី​ភាពខុសគ្នា​រវាង​ការអនុវត្ត​ល​ទិ្ធ​ប្រជាធិបតេយ្យ​ក្នុងប្រទេស​កម្ពុជា​។ ក៏ប៉ុន្តែ​លោក​ថា ក្នុងការ​ជជែក​នេះ​ក៏មាន​ករណី​ស្រដៀង​គ្នា​មួយចំនួន​ដែល​ទាក់ទង​នឹង​រឿង​ឯកជន​ភាព​របស់​អ្នកនយោបាយ​ផងដែរ តែ​លោក​ពុំបាន​និយាយ​ឲ្យ​ចំៗ​លើ​ករណី​ណា​ទេ​។​

​មន្ត្រី​គណបក្សប្រឆាំង​រូបនេះ​ថ្លែងថា​៖ «​សម្រាប់​នៅ​ស្រុក​គេ គេ​លើក​រឿង​ហ្នឹង​មក​ផ្ចាញ់ផ្ចាល​គ្នា​ក្នុង​ហេតុផល​នយោបាយ​។ គេ​អត់​មាន​ដេញ​ទៅដល់​ឲ្យ​ទៅ​មានការ​ចូលក្នុង​ផ្លូវ​តុលាការ​ដូច​នៅ​ស្រុក​ខ្មែរ​ទេ​។ ហើយ​អ្វីដែល​សំខាន់​ហ្នឹង​គេ​ទុក្ខ​ឲ្យ​អ្នកបោះឆ្នោត​ជា​អ្នកធ្វើការ​សម្រេចចិត្ត​។ គេ​មិនមែន​ឲ្យ​ស្ថាប័ន​តុលាការ​ធ្វើការ​សម្រេច​ផ្ដេសផ្ដាស​ទេ​។​»

​ជាមួយគ្នានេះដែរ លោកស្រី ធីតា ឃឹះ ប្រធាន​អង្គការ​សីល​ការដែល​ធ្វើការ​លើកកម្ពស់​សិទ្ធិ​ស្ត្រី​ក្នុងប្រទេស​កម្ពុជា ក៏បាន​តាមដាន​ការជជែក​ដេញដោល​របស់​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ផងដែរ​។ លោកស្រី​បានបង្ហាញ​ពី​ភាពមិន​ពេញចិត្ត​ដែល​លោក Trump យក​កិត្តិយស​របស់​ស្ត្រី​ចូលទៅក្នុង​ការឃោសនា​ន​យោ​បាយ​របស់លោក​។ លោកស្រី ធីតា ឃឹះ បញ្ជាក់ប្រាប់ VOA ថា អ្នកនយោបាយ​ទាំងអស់​រួមទាំង​អ្នកនយោបាយ​ក្នុងប្រទេស​កម្ពុជា​គួរតែ​ព្យាយាម​ការពារ ជំរុញ​និង​លើកកម្ពស់​សិទ្ធិ​របស់​ស្ត្រី​ក្នុងការ​ចូលរួម និង​អភិវឌ្ឍ​សង្គម ជាជាង​យក​ស្ត្រី​ធ្វើជា​ឧបករណ៍​នយោបាយ​ទៅវិញ​។​

​លោកស្រី​មានប្រសាសន៍ថា​៖ «​ទាំង​សង្គម​អាមេរិកាំង ទាំង​សង្គម​ខ្មែរ​បច្ចុប្បន្ន គេ​(​អ្នកនយោបាយ​) យក​ស្ត្រី​មក​ធ្វើជា​ឈ្នាន់​ដើម្បី​ជា​មធ្យោបាយ​ក្នុង​ការលេង​បក​ចុះ​បក​ឡើង​ទៅលើ​បេក្ខជន​នាយករដ្ឋមន្ត្រី ឬ​អ្នកនយោបាយ​កំពូលៗ​ក្នុង​គណបក្ស​នីមួយៗ​។ នេះ​ធ្វើ​ឲ្យ​មានការ​រើសអើង និង​រំលោភ​លើ​ស្ត្រី​ច្រើន ហើយ​វា​ជាការ​ដែល​ធ្វើ​ឲ្យ​ស្ត្រី​រងគ្រោះ​ដោយ​ការរំលោភ (​សិទ្ធិ​) គ្រប់បែបយ៉ាង​»​។​

​លោកស្រី​បន្ថែមទៀតថា ទាំង​បុរស​និង​ស្ត្រី​គួរ​គិតគូរ​ពិចារណា​លើ​បញ្ហា​នេះ ព្រោះ​ការលើកឡើង​នូវ​ដោយ​អ្នកនយោបាយ​បែបនេះ​មិន​ឆ្លុះបញ្ចាំង​ពី​ការ​ឆន្ទៈ​ដឹកនាំ​វិជ្ជមាន​ទេ ហើយ​ប៉ះពាល់​មិន​ត្រឹមតែ​ដល់​តម្លៃ ទឹកចិត្ត និង​សិទ្ធិអំណាច​ស្ត្រី​ទេ គឺ​ប៉ះពាល់​ដល់​ការអភិវឌ្ឍ​សង្គម​ទាំងមូល​។​

​បេក្ខជន​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump និង​លោកស្រី Hillary Clinton ក៏​គ្រោង​ជួប​ជជែក​ដេញដោល​គ្នា​មួយ​លើកចុងក្រោយ​ទៀត​នៅ​យប់​ថ្ងៃទី​១៩ ខែតុលា (​ព្រឹក​ថ្ងៃទី​២០ នៅ​កម្ពុជា​) មុនពេល​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​របស់​ប្រទេស​មហាអំណាច​មួយ​នេះ​ឈានចូល​មកដល់​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា​ខាងមុខនេះ​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com