អន្តរជាតិ
ការប្រយុទ្ធ​គ្នា​ជាថ្មី​និង​ការផ្លាស់​ទីលំនៅ​បង្ហាញ​ពី​ភាព​មាន​កម្រិត​នៃ​ដំណើរការ​សន្តិភាព​នៅ​មី​យ៉ាន់​ម៉ា​
13, Oct 2016 , 7:39 am        
រូបភាព
ដោយ: VOA
​រ៉ង់​ហ្គូ​ន​៖ សកម្មជន​ការពារ​ជនជាតិភាគតិច និង​មេដឹកនាំ​សហគមន៍​មកពី​ភាគ​ខាងជើង​និង​ភាគ​អាគ្នេយ៍​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​បានធ្វើការ​ថ្កោលទោស​ចំពោះ​ការផ្ទុះ​ឡើង​នៃ​ការ​វាយ​ប្រយុទ្ធ​គ្នា ការផ្លាស់​ទីលំនៅ​ជា​ទ្រង់ទ្រាយ​ធំ និង​ព័ត៌មាន​ដែល​ចោទថា​មានការ​រំលោភបំពាន​សិទ្ធិមនុស្ស​នៅក្នុង​តំបន់​របស់​ពួកគេ​នាពេល​ថ្មីៗ​នេះ​។​



​ថ្លែង​នៅឯ​សន្និសីទកាសែត​ដាច់ដោយឡែក​ពីគ្នា​នៅក្នុង​ទីក្រុង Yangon កាលពី​ចុងខែ​កញ្ញា សកម្មជន​ការពារ​ជនជាតិភាគតិច Ta'ang មកពី​រដ្ឋ Shan និង​សកម្មជន​ការពារ​ជនជាតិភាគតិច​មកពី​រដ្ឋ Karen បាន​ថ្លែងថា អំពើហិង្សា​នាពេល​ថ្មីៗ​នេះ​បង្ហាញថា​ជោគជ័យ​នៃ​ដំណើរការ​សន្តិភាព​ក្នុងពេល​កន្លងមក​នៅមាន​កម្រិត​។​

​អ្នកខ្លះ​ក៏បាន​អះអាង​ដែរ​ថា ប្រតិបត្តិការ​យោធា​ក្នុងការ​ការពារ​តំបន់​ទំនប់​វា​រី​អគ្គិសនី​ដ៏​ចម្រូងចម្រាស​កំពុងតែ​ធ្វើ​ឲ្យ​ជម្លោះ​កាន់តែ​មាន​សភាព​យ៉ាប់យ៉ឺន​ឡើង​។​

​ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​យោធា​រំដោះជាតិ Ta'ang (TNLA) និង​យោធា​មី​យ៉ាន់​ម៉ា បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រដ្ឋ Shan ភាគ​ខាងជើង​តាំងពី​ឆ្នាំ​២០១១ ប៉ុន្តែ​លោក Mai Cyruk នៃ​អង្គការ​និស្សិត​និង​យុវជន Ta'ang បាន​ថ្លែងថា​៖ «​ជម្លោះ​មាន​សភាព​កាន់តែ​អាក្រក់​ឡើង បន្ទាប់ពី​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា​នៅ​ទូទាំងប្រទេស (NCA) ត្រូវបាន​ចុះហត្ថលេខា​រវាង​រដ្ឋាភិបាល​យោធា​និង​ក្រុម RCSS»​។​

​កាលពី​ខែតុលា ឆ្នាំ​២០១៥ រដ្ឋាភិបាល​មុន​បាន​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​បទ​ឈប់​បាញ់​គ្នា​នៅ​ទូទាំងប្រទេស (NCA – Nationwide Ceasefire Accord) ជាមួយនឹង​ក្រុម​បះបោរ​ចំនួន​៨ រួមទាំង​ក្រុម RCSS ផងដែរ​។​

​មួយខែ​ក្រោយមក ក្រុម​ប្រយុទ្ធ RCSS បាន​ផ្លាស់​ទី​ទៅ​ភាគ​ខាងជើង​ទៅកាន់​តំបន់​កាន់កាប់​ដោយ​ចលនា TNLA របស់​ជនជាតិ Ta'ang ដូចជា​ក្រុង Namkham ក្រុង Namsan ក្រុង Mong Kung និង​ក្រុង Kutkhai ហើយ​ប៉ះទង្គិច​ជាមួយនឹង​ក្រុម​ប្រយុទ្ធ Ta'ang ដែល​អះអាងថា​ក្រុម RCSS ធ្វើ​ប្រតិបត្តិការ​ដោយមាន​ការគាំទ្រ​ពី​កងទ័ព​យោធា​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​។​

​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការរំលោភបំពាន​ដោយ​ក្រុម​ទាហាន​និង​ក្រុម​បះបោរ​
​លោក Mai Cyruk បាន​ថ្លែងថា ឆ្នាំនេះ ក្រុម​សកម្មជន​បាន​រកឃើញ​និង​ចងក្រង​ឯកសារ​នូវ​ករណី​ជាច្រើន​នៃ​ការបាញ់​ផ្លោង​ដោយ​មិន​រើសមុខ ការធ្វើ​ទារុណកម្ម ការរំលោភ​សេពសន្ថវៈ ការកាប់សម្លាប់ ការចាប់​កេណ្ឌ​ជន​ស៊ីវិល​ជនជាតិ Ta’ang បង្ខំ​ឲ្យ​ចូល​ជា​ធ្វើជា​ទ័ព​ក្រុម​ខ្លួន និង​ធ្វើការ​ឲ្យ​ខ្លួន ដោយ​ពួក​ទាហាន​និង​ក្រុម​ប្រយុទ្ធ RCSS​។​

​យោងតាម​អង្គការសហប្រជាជាតិ ជន​ស៊ីវិល​ប្រមាណ ១២.០០០​នាក់​ត្រូវបាន​ផ្លាស់​ទីលំនៅ​ដោយ​ការ​វាយ​ប្រយុទ្ធ​នៅ​រដ្ឋ Shan ដែលជា​រដ្ឋ​ភាគ​ខាងជើង នៅ​ពាក់កណ្តាល​ដើមឆ្នាំ​២០១៦​។​

​លោក Mai Aung Kham ប្រធាន​គណបក្ស​ជាតិ Ta’ang (TNP) ប្រចាំ​ក្រុង Mong Kung ដែលមាន​អាសនៈ​ជាច្រើន​នៅក្នុង​សភា បាន​ថ្លែង​កាលពី​ខែកក្កដា​ថា ក្រុម RCSS បាន​ចាប់ខ្លួន​លោក ឪពុក​របស់លោក ពូ​របស់លោក និង​និស្សិត​ពីរ​នាក់ ដែល​អ្នក​ទាំងនោះ​សុទ្ធតែជា​សមាជិក​របស់​បក្ស​។​

​លោក​បាន​ប្រាប់​សន្និសីទកាសែត​ថា​៖ «​ក្រុម RCSS បាន​គំរាម​ខ្ញុំ ដោយ​និយាយថា ប្រសិនបើ​ខ្ញុំ​មិន​លុបចោល​ពាក្យស្លោក​របស់​បក្ស TNP របស់ខ្ញុំ​នោះទេ ខ្ញុំ​នឹងត្រូវ​បាន​បង្ខំ​ឲ្យ​ចូលរួម​ក្នុង​ក្រុម RCSS រយៈពេល​៥​ឆ្នាំ​។ ឪពុក​និង​ពូ​របស់ខ្ញុំ​នៅតែ​ត្រូវបាន​ចាប់ខ្លួន​»​។​

​ការប៉ះទង្គិច​គ្នា​រវាង​ក្រុម​ឧទ្ទាម Ta’ang និង​ក្រុម Shan បានធ្វើ​ឲ្យ​មេដឹកនាំ​ជនជាតិភាគតិច​ជាច្រើន​មានការ​ភ្ញាក់ផ្អើល ហើយ​ហេតុផល​ពិតប្រាកដ​នៅតែ​មិនមាន​ភាពជាក់លាក់​។ VOA មិនអាច​ទាក់ទង​ក្រុម RCSS ដើម្បី​សុំ​អត្ថាធិប្បាយ​បាន​នោះទេ ប៉ុន្តែ​ក្រុម​នេះ​បាន​ប្រាប់​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក ដោយ​បដិសេធថា​មិនបាន​រំលោភបំពាន​ទេ​។​

​គណបក្ស TNLA មិនបាន​ចុះហត្ថលេខា​លើ​ព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា​នៅ​ទូទាំងប្រទេស NCA នោះទេ ហើយ​ជាមួយនឹង​ក្រុម​បះបោរ Kokang និង Rakhine ដែល​ត្រូវ​យោធា​មី​យ៉ាន់​ម៉ា​ដែល​នៅតែ​មានអំណាច​នោះ រារាំង​ពី​ដំណើរការ​សន្តិភាព​។ គោលជំហរ​នេះ​ទំនងជា​ឧបសគ្គ​ដ៏​ធំ​មួយ​សម្រាប់​គម្រោង​របស់​លោកស្រី Aung San Suu Kyi ក្នុងការ​បង្កើត​បទ​ឈប់​បាញ់​គ្នា​នៅ​ទូទាំងប្រទេស​។​

​លោក Mai Cyruk បាន​ថ្លែងថា សម្រាប់​ក្រុម​ជនជាតិភាគតិច​ដែលជា​ក្រុម​តូចៗ​និង​មិន​ឲ្យ​ចូលរួម ដូចជា​ក្រុម Ta’ang គឺ​ដំណើការ​សន្តិភាព​មិនអាច​ជឿជាក់​បាន​នោះទេ​។​

​លោក​ថ្លែងថា​៖ «​ខ្ញុំ​ចង់​ស្នើ​ឲ្យ​អ្នកស្រី Aung San Suu Kyi គួរ​បង្ហាញ​និង​និយាយ​ឲ្យ​បាន​ច្រើនជាង​នេះ អំពី​ជនជាតិភាគតិច​។ ប្រសិនបើ​មិនមាន​សិទ្ធិ​ស្មើគ្នា​សម្រាប់​ជនជាតិភាគតិច​ក្រុម​តូចៗ​ទាំង​នោះទេ ពួកយើង​មិនអាច​ទទួលបាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​នោះទេ​»​។​

​ជនជាតិ Karen រាប់ពាន់នាក់​ភៀសខ្លួន​
​ជ័យជម្នះ​នៃ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា​កាលពី​ឆ្នាំមុន ក៏បាន​ចោទ​ជា​សំណួរ​បន្ថែមទៀត​នៅក្នុង​ខែ​នេះ បន្ទាប់ពី​ទាហាន​មី​យ៉ាន់​ម៉ា និង​អ្នកគាំទ្រ​កងជីវពល​មួយ​បានចាប់ផ្តើម​ប្រតិបត្តិការ​ប្រឆាំងនឹង​ក្រុម​បះបោរ​តូច​មួយ​នៅក្នុង​ក្រុង Hlaingbwe នៃ​រដ្ឋ Karen​។​

​សហភាព​ជាតិ Karen (KNU) ដែលជា​ក្រុម​បះបោរ​ដ៏​ធំ​មួយ​ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​គ្នា​នៅ​ទូទាំងប្រទេស ហើយ​ជា​ក្រុម​ដែលមាន​មូលដ្ឋាន​នៅក្បែរ​តំបន់​វាយ​ប្រយុទ្ធ​គ្នា​នោះ បាន​ព្រមាន​កងទ័ព​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឲ្យ​បញ្ចប់​ប្រតិបត្តិការ​យោធា ដោយសារ​ប្រតិបត្តិការ​នេះ​បាន​«​បង្ក​ការខូចខាត​ដល់​ស្ថិរភាព​និង​សន្តិភាព​នៅក្នុង​តំបន់​»​។ ទោះជា​យ៉ាងនេះ​ក្តី ប្រតិបត្តិការ​យោធា​ទាំងនោះ​នៅតែ​បន្ត​។​

​អ្នកស្រី Naw Dah Dah នៃ​អង្គការ​ស្ត្រី​នៅ​រដ្ឋ Karen បាន​ប្រាប់​នៅក្នុង​សន្និសីទ​ព័ត៌មាន​ថា អ្នកភូមិ​ប្រមាណ ៥.០០០​នាក់​ឥឡូវនេះ បាន​ភៀសខ្លួន​ទៅ​ក្រុង​ដែលមាន​សុវត្ថិភាព​ជាង​នេះ ក្នុងខណៈ​ពេលដែល​អ្នក​ភូមិ​ប្រមាណ ១.០០០​នាក់​បាន​ឆ្លងដែន​ទៅកាន់​ប្រទេស​ថៃ​។​

​អ្នកស្រី​បាន​ថ្លែងថា​៖ «​ភាគច្រើន​គឺជា​ស្ត្រី​និង​កុមារ​។ ពួកគេ​ត្រូវ​រត់គេចខ្លួន​ដោយ​ឆ្លងកាត់​ព្រៃ ដោយសារតែ​ពួកគេ​មានការ​ភ័យខ្លាច​ក្នុងការ​ប្រើប្រាស់​ផ្លូវថ្នល់​»​។ អ្នកស្រី​បន្ថែមថា មាន​សេចក្តីរាយការណ៍​មក​ថា មាន​មីន​បង្កប់​នៅតាម​ដងផ្លូវ ដែល​បាន​បណ្តាល​ឲ្យ​ជន​ស៊ីវិល​ពីរ​នាក់​រងរបួស ហើយ​បានធ្វើ​ឲ្យ​មនុស្ស​ម្នាក់​បាត់បង់​ជីវិត​កាលពី​ថ្ងៃទី​១២ ខែកញ្ញា កន្លងទៅនេះ​។​

​អង្គការក្រៅរដ្ឋាភិបាល​ជាច្រើន​នៅក្នុង​រដ្ឋ Karen រួមមាន​ទាំង​អង្គការ​បណ្តាញ​បរិស្ថាន​និង​សកម្មភាព​សង្គម Karen បាន​ឲ្យ​ដឹងថា កងកម្លាំង​រដ្ឋាភិបាល​បាន​ឈាន​ទៅមុខ​កាន់តែ​កៀក​ទៅនឹង​គម្រោង​ទំនប់​វា​រី​អគ្គិសនី Hatgyi ដែលមាន​តម្លៃ ២,៦​ពាន់​លាន​ដុល្លារ នៅតាម​បណ្តោយ​ទន្លេ Salween ក្នុងអំឡុង​ពេលធ្វើ​ប្រតិបត្តិការ​ប្រឆាំងនឹង​ក្រុម​បះបោរ​តូចៗ​។ ពួកគេ​ជឿថា ប្រតិបត្តិការ​ទាំងនោះ​អាចជា​លេស​មួយ​សម្រាប់​ទាហាន​ទាំងនោះ​ដើម្បី​ចាប់យក​តំបន់​នោះមក​កាន់កាប់​។​

​ក្រុម​សកម្មជន​បាន​ថ្លែងថា កង​ជី​ពល​របស់​រដ្ឋាភិបាល​មួយ បានស្នើ​ចូលទៅក្នុង​តំបន់​មាត់ទន្លេ​ត្រើយ​ខាងលិច​ដែល​កាន់កាប់​ដោយ​ក្រុម KNU ដែល​ស្ថិត​នៅក្បែរ​តំបន់​ទំនប់​វា​រី​អគ្គិសនី ប៉ុន្តែ​សំណើ​នេះ​ត្រូវបាន​ច្រានចោល​។ ក្រុម​អង្គការក្រៅរដ្ឋាភិបាល​បាន​ដកស្រង់​សម្តី​របស់​មេបញ្ជាការ​ក​ង​ទ័ព លោក Saw Johnny នៃ​ក្រុម KNU ដែល​បាន​ថ្លែងថា​៖ «​ប្រសិនបើ​ពួកគេ​គ្រោង​នឹង​សាងសង់​ទំនប់​វា​រី​អគ្គិសនី ពួកយើង​នឹង​ប្រឆាំងនឹង​គម្រោង​នោះ​»​។​

​ការបាញ់​ផ្លោង​ដោយ​កងទ័ព​រដ្ឋាភិបាល​បានសម្លាប់​កុមារ​ជាតិ Kachin​នៅក្នុង​រដ្ឋ Kachin ការ​វាយ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​និង​ទាហាន​ឯករាជ្យ​នៃ​រដ្ឋ Kachin ក៏បាន​កើនឡើង​នៅ​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ដោយ​នេះ​បាន​រារាំង​និង​កាត់បន្ថយ​ជំនួយ​សប្បុរសធម៌​ដល់​ជន​ស៊ីវិល​ដែល​ត្រូវបាន​ផ្លាស់​ទីលំនៅ​នៅក្នុង​តំបន់​ដែល​កាន់កាប់​ដោយ​ក្រុម​បះបោរ​។​

​កាលពីដើម​ខែតុលា កងទ័ព​បាន​បាញ់​ផ្លោង​ទៅលើ​ភូមិ Kachin មួយ​ដែល​ស្ថិតនៅ​ភាគ​ខាងជើង​នៃ​រដ្ឋ Shan ដោយបាន​សម្លាប់​កុមារ​អាយុ ២​ឆ្នាំ​ម្នាក់ និង​បានធ្វើ​ឲ្យ​កុមារ​អាយុ ៥​ឆ្នាំ​ម្នាក់ និង​៦​ឆ្នាំ​ម្នាក់​ឲ្យ​រងរបួស ដែល​អ្នក​ទាំងពីរ​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​នៅក្បែរ​ប្រទេស​ចិន នេះ​បើ​យោងតាម​សកម្មជន​រដ្ឋ Kachin លោក Khon Ja​។ ឧបទ្ទវ​ហេតុដែល​បាន​បង្ក​ឲ្យ​មាន​បាតុកម្ម​ធំ​នៅក្នុង​រដ្ឋធានី Myitkyina នៃ​រដ្ឋ Kachin កាលពី​ថ្ងៃ​ច័ន្ទ ទី​៣ ខែតុលា កន្លងទៅនេះ​។​

​ស្ថានទូត​អាមេរិក​ប្រចាំ​នៅក្នុង​ទីក្រុង Yangon បាន​ឲ្យ​ដឹងថា កាលពី​សប្តាហ៍​មុន ខ្លួន​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ដោយសារតែ​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅក្នុង​រដ្ឋ Kachin ហើយ​បាន​ព្រមាន​ថា ការ​វាយ​ប្រយុទ្ធ​គ្នា​នេះ​អាច​នឹងធ្វើ​ឲ្យ​«​ប៉ះពាល់​ដល់​ដំណើរការ​និង​សុ​ឆន្ទៈ​ដែល​បង្កើតឡើង​ដោយ​សន្និសីទ​សន្តិភាព​ស​ហ​ភាព​កាលពីពេល​ថ្មីៗ​នេះ​»​។​

​សមាជិក​ជាច្រើន​នៃ​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ NLD មានការ​ស្ទាក់ស្ទើរ​ក្នុងការ​ពិភាក្សា​ទៅលើ​ការកើនឡើង​នៃ​ការ​វាយ​ប្រយុទ្ធ​គ្នា ហើយ​បាន​បង្វែរ​សំណួរ​ទាក់ទង​នឹង​ដំណើរការ​សន្តិភាព​នេះ​ទៅ​មន្ត្រី​រដ្ឋាភិបាល​វិញ ប៉ុន្តែ​ពួកគេ​មិនអាច​ទាក់ទង​បាន​។​

​អ្នកស្រី Susanna Hla Hla Soe អ្នកតំណាងរាស្ត្រ​មកពី​គណបក្ស NLD និង​ជា​សកម្មជន​ជនជាតិ Karen មួយរូប​បាន​ថ្លែងថា​៖ «​នៅពេលដែល​មានការ​ប្រយុទ្ធ​គ្នា​កើតមានឡើង ស្ត្រី​និង​កុមារ​តែងតែ​រងគ្រោះ​។ ថ្នាក់ដឹកនាំ​របស់​យើង​ថា​ពួកគេ​ពិតជា​ចង់​កសាង​សន្តិភាព ប៉ុន្តែ​ការ​វាយ​ប្រយុទ្ធ​គ្នា​នៅតែ​កើតមានឡើង​»៕
​ប្រែ​សម្រួល​ដោយ ស្រេង លក្ខិណា​

​សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com