អន្តរជាតិ
លោកពូ​ទីន​៖ លោកខាងលិច​ទទួលខុស​ត្រូវ​ចំពោះ​អស្ថិរភាព​នៅ​មជ្ឈិមបូព៌ា​និង​ភេរវកម្ម​នៅ​អឺរ៉ុប
13, Oct 2016 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​អះអាងថា លោកខាងលិច​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​អស្ថិរភាព​ដែល​កំពុង​កើតមានឡើង​នៅ​ម​ជ្ឈ​បូព៌ា និង​ចលនា​ភេរវកម្ម​ដែល​កំពុង​អុកឡុក​អឺរ៉ុប​ថែម​ទៀតផង​។ លោក​លើកឡើង​បែបនេះ​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​បារាំង ក្រោយ​លោក​លុបចោល​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​បារាំង​នោះ​។



​ក្នុង​បទសម្ភាសន៍​ជាមួយ​ទូរទស្សន៍​បារាំង TF1 ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​លើកឡើងថា លោកខាងលិច​ជា​អ្នកទទួលខុសត្រូវ​រាល់​បញ្ហា​អស្ថិរភាព​នៅ​មជ្ឈិមបូព៌ា និង​ចលនា​ភេរវកម្ម​ដែល​រំខាន​អឺរ៉ុប​រាល់ថ្ងៃ​។

​យោងតាម​បទសម្ភាសន៍ លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ជាមួយ​ទូ​ទស្សន៍​បារាំង TF1 ដែល​ចុះផ្សាយ​នៅក្នុង​គេហទំព័រ​ប្រធានាធិបតី​រុស្ស៊ី​ថ្ងៃ ១២ តុលា លោក ពូ​ទីន​បាន​ថ្លែងថា​៖« ខ្ញុំ​ជឿជាក់ថា ការទទួលខុសត្រូវ​មួយចំនួន​ចំពោះ​បញ្ហា​ដែល​កើតមានឡើង​នៅ​មជ្ឈិមបូព៌ា​និយាយ​ឲ្យ​ចំ​ស៊ី​រី​ជា​របស់​ដៃគូ​របស់លោក​ខាងលិច​មាន​អាមេរិក​និង​សម្ព័ន្ធមិត្ត​ដូចជា​មេដឹកនាំ​អឺរ៉ុប​មួយចំនួន​ផង​។ ចាំ​ទេ នៅពេលដែល​ប្រទេស​ទាំងនេះ ប្រញាប់​នាំគ្នា​គាំទ្រ ចលនា​និ​ទាឃ​រដូវ​នៅ​អារ៉ាប់​? តើ​វា​បញ្ចប់​យ៉ាងម៉េច​? ហើយ​ឯណា​ទៅ​សុទិដ្ឋិនិយម​នោះ​? មាន​ចាំ​ទេ ថា​អ៊ីរ៉ាក់ និង​លី​ប៊ី វា​ស្ថិតក្នុង​ស្ថានភាព​បែបណា​មុនពេល​អាមេរិក​និង​សម្ព័ន្ធមិត្ត​បំផ្លិចបំផ្លាញ​ប្រទេស​ទាំង​នេះនោះ​?»​។

​ក្រៅពី​បញ្ជាក់​ពី​បញ្ហា​មជ្ឈិមបូព៌ា លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ក៏​ឆ្លៀតឱកាស​ភ្ជាប់​សកម្មភាព​បំពាន​ច្បាប់​អន្តរជាតិ​របស់លោក​ខាងលិច​ទៅនឹង​ការកើនឡើង​នៃ​ចលនា​ភេរវកម្ម​ដែល​អុកឡុក​នៅ​អឺរ៉ុប​ដែរ​។ 

«​មុនពេល​ចលនា​និទាឃៈ​រដូវ​អារ៉ាប់​កើតឡើង បណ្តា​ប្រទេស​នៅ​មជ្ឈិមបូព៌ា​មិនមាន​ចលនា​ភេរវកម្ម​និង​មិនមែនជា​គ្រោះថ្នាក់​សម្រាប់​រដ្ឋ​អឺរ៉ុប​ឡើយ​។ ប៉ុន្តែ​ឥឡូវនេះ ប្រទេស​ទាំងនេះ​ប្រែក្លាយជា​សំបុក​ភេរវជន​ដែល​គំរាមកំហែង​សន្តិសុខ​យើង​គ្រប់គ្នា​។ គោល​ដោរ​បស់​យើង​នៅពេលនេះ គឺ​ធ្វើយ៉ាងណា​ទប់ស្កាត់​កុំ​ឲ្យ​ស៊ី​រី​ក្លាយជា​សំបុ​ក្រ​ភេរវជន​ដូច​ដូច​លី​ប៊ី​និង​អ៊ីរ៉ាក់​ទៀត​»​។​

​ទាក់ទិន​វិបត្តិ​នៅ​មជ្ឈិមបូព៌ា ប្រធានាធិបតី​រុស្ស៊ី​រូបនេះ​ក៏​អះអាង​ផងដែរ​ថា លោកខាងលិច​មិនសូវ​ផ្តោត​សំខាន់​លើ​ការដោះស្រាយ​បញ្ហា​ជម្លោះ​ស៊ី​រី​ទេ តែ​ប្រទេស​ទាំងនេះ​ព្យាយាម​ប្រើប្រាស់​សង្គ្រាម​នេះ​ជា​ល្បែង​នយោបាយ​ដើម្បី​ទាញយក​ផលចំណេញ​ទៅវិញ​។ បើសិនជា​ពួកគេ​មាន​ឆន្ទៈ​ជួយ​ដោះស្រាយ​និង​បញ្ចប់​បញ្ហា​នៅ​ស៊ី​រី ម្ល៉េះ​បញ្ហា​មិន​ធ្លាក់​ដល់​ដំណាក់កាល​នេះ​ទេ​។ តែ​លោក​សង្កត់ធ្ងន់ថា លោក​នៅតែ​បើកទ្វារ​ស្វាគមន៍​ការជជែក​ពិភាក្សា​និង​សហការ​ដើម្បី​ដោះស្រាយ​ជម្លោះ​ស៊ី​រី​ក្រោម​ឆ័​ត្រ​អង្គការ​សហ​ប្រជា​តិ​ដែរ​។

​ទំនាក់ទំនង​លោកខាងលិច​និង​រុស្ស៊ី​ធ្លាក់ចុះ​ខ្លាំង​រយៈពេល​ចុងក្រោយ ពោលគឺ​ក្រោយ​បទ​ឈប់​បាញ់​ទី​ពីរ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​អាមេរិក និង​រុស្ស៊ី​នៅ​ដើមខែ​កញ្ញា​នោះ​បរាជ័យ​ក្រោយ​អនុវត្តបាន​ត្រឹម​មួយ​សប្តាហ៍​ប៉ុណ្ណោះ​។ ហើយ​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ ហេតុផល​ដែល​បណ្តាល​ឲ្យ​បទ​ឈប់​បាញ់​នេះ​បរាជ័យ ដោយសារ​អាមេរិក​វាយ​ប្រហារ​លើ​ទាហាន​លោក បា​សា អាសាដ កាលពី ដោយ​សម្លាប់​ទាហាន​ទាំងនោះ​អស់​ប្រហែល ជាង​៦០​នាក់​និង​បណ្តាល​ឲ្យ​ជាង​១០០​នាក់​ផ្សេងទៀត​រងរបួស​ផងដែរ​។ ប៉ុន្តែ​អាមេរិក​ខំ​អះអាងថា កងទ័ព​ខ្លួន​ភាន់ច្រឡំ​ដោយសារ​តែមាន​បញ្ហា​បច្ចេកទេស​ប៉ុណ្ណោះ​។ ដូច្នេះហើយ​ទើប​រដ្ឋាភិបាល​ស៊ី​រី​សម្រេច​បញ្ឈប់​ការអនុវត្ត​បទ​ឈប់​បាញ់​ជា​លក្ខណៈ​ឯកតោភាគី​។​

​រឿង​រឹតតែ​ស្មុគស្មាញ​នៅពេលដែល ប្រធានាធិបតី​បារាំង​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់​,  រដ្ឋមន្ត្រីការបរទេស​អង់គ្លេស Boris Johnson និង​រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ច​ន ឃែ​រី នាំគ្នា​ចោទប្រកាន់​រុស្ស៊ី​ពាក់ព័ន្ធ​ការប្រព្រឹត្ត​បទឧក្រិដ្ឋ​សង្គ្រាម​នៅ​ស៊ី​រី​ដោយ​ការទម្លាក់​គ្រាប់បែក​ប្រឆាំង​ជន​ស៊ីវិល​។ ហើយ​ប្រទេស​បណ្តា​មហាអំណាច​ទាំងនេះ​បានស្នើ​ស​ឲ្យ​មានការ​ស៊ើបអង្កេត​បទ​ឧក្រិដ្ឋ​សង្គ្រាម​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com