អន្តរជាតិ
មេដឹកនាំ​អឺរ៉ុប​ជួបប្រជុំគ្នា តែ​មិនសូវ​ខ្វល់​ពី​ការចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​
21, Oct 2016 , 7:39 pm        
រូបភាព
បណ្ដាមេដឹកនាំអឺរ៉ុប នាកិច្ចប្រជុំកំពូលនៅក្រុងព្រុចសែល (រូបភាព BBC)
បណ្ដាមេដឹកនាំអឺរ៉ុប នាកិច្ចប្រជុំកំពូលនៅក្រុងព្រុចសែល (រូបភាព BBC)
​បណ្ដា​មេដឹកនាំ​អឺរ៉ុប នៅ​ថ្ងៃទី​២០ ខែតុលា បាន​ជួបប្រជុំគ្នា​នៅ​ទីក្រុង​ព្រុ​ច​សែ​ល​សម្រាប់​ជំនួប​កំពូល​របស់ខ្លួន​។ នាយករដ្ឋមន្ត្រី​អង់គ្លេស លោកស្រី Theresa May ក៏មាន​វត្តមាន​ក្នុងចំណោម​មេដឹកនាំ​អឺរ៉ុប ដែល​នោះ​ជា​លើកដំបូង​លោកស្រី​ជួប​ដៃគូ​មេដឹកនាំ​អឺរ៉ុប ចាប់តាំងពី​អង់គ្លេស​ធ្វើ​ប្រជាមតិ​ចាក​ចេញពី​អង្គការ​តំបន់​នេះ​មក​។ នាយករដ្ឋមន្ត្រី​អង់គ្លេស ក៏បាន​ប្រាប់​មេដឹកនាំ​អឺរ៉ុប​ថា អង់គ្លេស​នឹង​នៅតែ​ជា​ផ្នែក​មួយ​របស់​អឺរ៉ុប រហូតដល់​ការចាកចេញ​ផ្លូវការ តែ​មេដឹកនាំ​អឺរ៉ុប​ព្រមាន​វិញ​ថា ការចរចា​នឹង​មិនមែនជា​រឿង​ងាយស្រួល​ឡើយ​។​



សូមស្ដាប់ព័ត៌មានលម្អិត៖




​នាយករដ្ឋមន្ត្រី​អង់គ្លេស លោកស្រី Theresa May បាន​ជួប​ជាមួយ​មេដឹកនាំ​រដ្ឋ​សមាជិក​អឺរ៉ុប​ទាំង​២៧ ផ្សេងទៀត នៅ​ក្រុង​ព្រុ​ច​សែ​ល​។ នេះ​ជា​ជំនួប​លើកទីមួយ​របស់​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ជាមួយ​បណ្ដា​មេដឹកនាំ​អឺរ៉ុប ដែល​ចង់​ឲ្យ​អង់គ្លេស​ចាកចេញ​ឲ្យ​បាន​ឆាប់ៗ​នោះ​។ បើទោះជា​បញ្ហា​នៃ​ការចាកចេញ​របស់​អង់គ្លេស​មិនមែនជា​របៀបវារៈ​សំខាន់​ក្ដី លោកស្រី Theresa May ក៏​ឆ្លៀត​ពេលនោះ​ប្រាប់​មេដឹកនាំ​អឺរ៉ុប​ពី​ជំហរ​របស់​អង់គ្លេស ពាក់ព័ន្ធ​នឹង​ការចរចា​លែងលះ​រវាង​អឺរ៉ុប និង​ចក្រភព​អង់គ្លេស​។​

​នៅពេល​ចាប់ផ្ដើម​នៃ​កិច្ចប្រជុំ លោកស្រី Theresa May បាន​ប្រាប់​មេដឹកនាំ​រដ្ឋ​សមាជិក​អឺរ៉ុប​ទាំង​២៧ ថា លោកស្រី នឹងមិន​យល់ព្រម​លើ​ការសម្រេច​ណាមួយ​របស់​សហភាព​ងឺ​រ៉ុ​ប ដែល​មិនមាន​ការចូលរួម​រប​ស់​ចក្រភព​អង់គ្លេស​ឡើយ​។ នាយករដ្ឋមន្ត្រី​អង់គ្លេស​បញ្ជាក់ថា ចក្រភព​អង់គ្លេស​នៅតែ​ជា​សមាជិក​អឺរ៉ុប និង​ចូលរួម​ក្នុងការ​សម្រេចចិត្ត​លើ​បញ្ហា​ទាក់ទង​នឹង​ផលប្រយោជន៍​រួម​សមាជិក​សហភាព​អឺរ៉ុប​ទាំង​២៨​ប្រទេស​។​

​លោកស្រី May បន្តថា អង់គ្លេស នឹង​នៅតែ​ចូលរួម​ក្នុងជំនួប​កំពូល​អឺរ៉ុប និង​ការចរចា​នានា​របស់​អឺរ៉ុប ដ្បិត​បើ​ការចរចា​ពី​ការចាកចេញ​មិនទាន់​បញ្ចប់​ទេ ចក្រភព​អង់គ្លេស​នឹង​នៅតែ​ជា​ផ្នែក​មួយ​របស់​សហភាព​អឺរ៉ុប​ដដែល​។ នាយករដ្ឋមន្ត្រី​អង់គ្លេស​រូបនេះ​ធ្លាប់​ប្រកាស​ហើយ​ថា លោកស្រី នឹង​អនុវត្តតាម​មាត្រា​៥០ សន្ធិសញ្ញា Lisbon នៅ​ឆ្នាំ​២០១៧ ដែល​នេះ​មានន័យថា អង់គ្លេស​នឹង​ចាក​ចេញពី​អឺរ៉ុប​ផ្លូវការ​យ៉ាងហោចណាស់​ក៏​ឆ្នាំ​២០១៩​ដែរ​។​

១. បារាំង ព្រមាន​អង់គ្លេស​ថា ការចរចា​នឹង​ពិបាក បើ​អង់គ្លេស​ជ្រើស​ការចាកចេញ​តែ​បន្ត​ប្រើ​ទីផ្សារ​អឺរ៉ុប​
​នៅក្នុង​ជំនួប​កំពូល​នៅ​ក្រុង​ព្រុ​ច​សែ​ល បណ្ដា​មេដឹកនាំ​អឺរ៉ុប បានបង្ហាញ​ជំហរ​រឹងត្អឹង​ទាក់ទង​នឹង​ការចរចា​ជាមួយ​ចក្រភព​អង់គ្លេស និង​ជំហរ​របស់​ប្រទេស​នេះ​។ មេដឹកនាំ​អឺរ៉ុប​ភាគច្រើន មិន​ពេញ​ចិត្តនឹង​ការចង់បាន​របស់​នាយ​ក​រដ្ឋមន្ត្រី Theresa May ដែល​ចង់​បន្ត​ការប្រើប្រាស់​ទីផ្សារ​រួម​របស់​សហភាព​អឺរ៉ុប  នៅពេលដែល​ខ្លួន​ចាកចេញ​លែង​ជា​សមាជិក​សហភាព​អឺរ៉ុប​ជា​ផ្លូវការ​នោះ​។​

​ជាមួយគ្នា​នោះដែរ ប្រធានាធិបតី​បារាំង ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ (Francois Hollande) ក៏បាន​ព្រមាន​នាយករដ្ឋមន្ត្រី​អង់គ្លេស​ជុំវិញ​បញ្ហា​នេះដែរ​។ អង់គ្លេស នឹង​ប្រឈមមុខ​ជំហរ​តឹងតែង​របស់​អឺរ៉ុប បើ​អង់គ្លេស​ប្រកាន់​ជំហរ​តឹងតែង​ក្នុង​ការចរចា ដែល​ចាប់ផ្ដើម​នៅ​ឆ្នាំក្រោយ​នោះ​។ លោក ហូ​ឡង់ បញ្ជាក់​ច្បាស់​ថា លោកស្រី Theresa May មក​ប្រជុំ​នៅ​ព្រុ​ច​សែ​ល ក្នុងនាម​ជា​សមាជិក​ក្រុមប្រឹក្សា​អឺរ៉ុប​។

​ប្រធានាធិបតី​បារាំង​និយាយទៀតថា នាយករដ្ឋមន្ត្រី Theresa May មិនទាន់ ប្រកាស អនុវត្តតាម​មាត្រា​៥០ សន្ធិសញ្ញា Lisbon នៅឡើយ​ទេ ដូច្នេះ​លោកស្រី​នឹង​នៅតែ​ជា​ផ្នែក​នៃ​ការពិភាក្សា​របស់​អឺរ៉ុប​ដដែល ហើយ​ដរាបណា​អង់គ្លេស​មិនទាន់​ចាកចេញ អង់គ្លេស​គឺ​នៅ​ជា​សមាជិក​សហភាព​អឺរ៉ុប​។ ប៉ុន្តែ​លោក​ព្រមាន​ថា ប្រសិនបើ​អង់គ្លេស​ចង់បាន​ការចាក​ចេញ​ដ៏​តឹងតែង​នោះ ការចរចា​លើ​ការចាកចេញ​នេះ ក៏​មិន​ស្រួល​នោះដែរ​។

​នាយករដ្ឋមន្ត្រី​អង់គ្លេស​ធ្លាប់បាន​បង្ហាញ​សញ្ញា​ថា លោកស្រី​ពិចារណា​ដក​សមាជិកភាព​របស់​ចក្រភព​អង់គ្លេស​ពី​ទីផ្សារ​រួម និង​តំបន់​ពន្ធ​រួមគ្នា​របស់​អឺរ៉ុប សម្រាប់​ជា​ផ្នែក​មួយ​នៃ​ការចាកចេញ​។ ជំនួស​មកវិញ​នោះ អង់គ្លេស អាចមាន​សិទ្ធិ​គ្រប់គ្រង​លើ​ការងារ​ព្រំដែន​របស់ខ្លួន ក៏ដូចជា​គោលនយោបាយ​អន្តោប្រវេសន៍​ដែរ​។ លើសពីនោះ អង់គ្លេស ក៏បាន​សិទ្ធិ​ដើម្បី​ធ្វើ​ពាណិជ្ជកម្ម​ដោយ​សេរី​ជាមួយ​ប្រទេស​មិនមែន​សមាជិក​អឺរ៉ុប​ដែរ​។​

២. ការចាកចេញ​របស់​អង់គ្លេស មិនមែនជា​របៀបវារៈ​សំខាន់​
​ថ្វីបើ​ប្រធានបទ​នៃ​ការចាកចេញ​របស់​ចក្រ​ភព​អង់គ្លេស​ត្រូវបាន​លើកឡើង​ក្នុងជំនួប​កំពូល​មេដឹកនាំ​អឺរ៉ុប បញ្ហា​នេះ​ក៏​មិនមែនជា​របៀបវារៈ​សំខាន់ ដែល​ត្រូវ​ឲ្យ​មេដឹកនាំ​ប្រទេស​អឺរ៉ុប​ទាំង ២៧​ប្រទេស​ពិភាក្សា​ផុលផុស​ដែរ​។ ចំណែក​អធិការបតី​អាល្លឺម៉ង់ លោកស្រី Angela Merkel ក៏បាន​បញ្ជាក់ដែរថា ការចាកចេញ​របស់​ច​ក្រ​ភព​អង់គ្លេស គឺជា​ប្រធានបទ​តូចតាច​ប៉ុណ្ណោះ អំឡុងពេល​នៃ​កិច្ចប្រជុំ​កំពូល​មេដឹកនាំ​អឺរ៉ុប​។  

​ទន្ទឹមគ្នា​នោះ សារព័ត៌មាន Express ផ្សាយ​ថា ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប លោក Donald Tusk ក៏​ចាត់ទុក​ជំនួប​កំពូល​នេះ មិនមែនជា​ពេលវេលា​សក្តិសម​ដើម្បី​ចាប់ផ្ដើម​ការចរចា​ឡើយ​។ លោក​អះអាងថា នេះ​ជា​សំណើ​របស់​នាយករដ្ឋមន្ត្រី​អង់គ្លេស​ខ្លួនឯង​ផ្ទាល់ ដែល​ចង់​ត្រឹម​ប្រើ​កិច្ចប្រជុំ​នេះ ដើម្បី​បង្ហាញ​ជំហរ​របស់លោក​ស្រី​លើ​ការចាកចេញ មិនមែន​ចាប់ផ្ដើម​ការចរចា​អ្វី​ឡើយ​។​

​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​រូបនេះ​បន្តថា គេ​ត្រូវ​រង់ចាំ​រហូតដល់​អង់​គ្លេ​ស ប្រកាស​អនុវត្តតាម​មាត្រា​៥០ សន្ធិសញ្ញា Lisbon សិន ទើប​ការចរចា​ណាមួយ​អាច​ចាប់ផ្ដើមបាន​។ បើ​ដូច្នេះ​មែន គេ​ប្រហែលជា​ត្រូវ​ចាំ​ដល់​ឆ្នាំ​២០១៧ ទើប​ការចរចា​ផ្លូវការ​រវាង​សហភាព​អឺរ៉ុប និង​ចក្រភព​អង់គ្លេស​លើ​ការចាកចេញ ចេញដំណើរ​បាន ហើយ​ការចរចា នឹងត្រូវ​ប្រើពេល​ពីរ​ឆ្នាំ ដែល​អាច​បញ្ចប់​នៅ​ឆ្នាំ​២០១៩​។

​ជាការ​ពិត ទាំង​អឺរ៉ុប និង​ចក្រភព​អង់គ្លេស កំពុង​យកចិត្តទុកដាក់​លើ​លក្ខខណ្ឌ​ដែល​ត្រូវ​ប្រើ​ក្នុង​ការចរចា ដោយ​ភាគី​ទាំងពីរ​សុទ្ធតែ​អះអាង​ការពារ​ផលប្រយោជន៍​រៀងៗ​ខ្លួន​។ អង់គ្លេស ចង់​បន្ត​សិទ្ធិ​ប្រើប្រាស់​ទីផ្សារ​រួម​របស់​អឺរ៉ុប និង​ចង់​ធ្វើ​រកស៊ី​ជាមួយ​ប្រទេស​ដទៃ តែ​អឺរ៉ុប​ចង់​ឲ្យ​អង់គ្លេស​ចេញ​ឲ្យ​ផុត​។ ជំហរ​ផ្សេងគ្នា​នេះ គឺ​បញ្ហា​ដែល​អាច​រាំងស្ទះ​ការចរចា​នៅពេល​ខាងមុខ​៕


Tag:
 ​អឺរ៉ុប​
  Brexit
  Theresa May
© រក្សាសិទ្ធិដោយ thmeythmey.com