អន្តរជាតិ
Duterte សារភាពថា​«​តាំងពីដើម​រហូតដល់​ពេល​លោក​ក្លាយជា​ប្រធានាធិបតី ហ្វីលីពីន​តែង​ធ្វើតាម​ការចង្អុល​ពី​អាមេរិក​»
22, Oct 2016 , 10:30 am        
រូបភាព
ដោយ:
​លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ (Rodrigo Duterte) បាន​បកស្រាយ​ពី​សេចក្តីថ្លែងការណ៍​នៃ​ការចែក​ផ្លូវ​រវាង​ហ្វីលីពីន និង​អាមេរិក​របស់លោក​ដែល​បានប្រកាស​នៅក្នុង​ក្រុង​ប៉េកាំង «​មិនមែន​មានន័យ ថា ហ្វីលីពីន កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយនឹង​អាមេរិក​ឡើយ​»​។ លោក អះអាងថា ការប្រកាស​នោះ គ្រាន់តែ​ចង់បង្ហាញ​ពី​គោលនយោបាយ​ការបរទេស​ឯករាជ្យរ​បស់​លោក​តែប៉ុណ្ណោះ​។



​នា​សន្និសីទ​សារព័ត៌មាន​ទាំង​ពាក់កណ្តាល​អា​ធ្រា​តនៃ​ថ្ងៃទី​២១ ខែតុលា លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​យ៉ាង​ដូច្នេះ​ថា «​អ្នក​ត្រូវ​យល់​ពាក្យសម្តី​របស់ខ្ញុំ​នៅតាម​បរិបទ​នៃ​អ្វីដែល​ខ្ញុំ​និយាយ ! វា (​ការប្រកាស​របស់លោក​) មិនមែន​ជាការ​កាត់ផ្តាច់​ចំណង​នោះ ព្រោះ​ប្រសិន​ការ​កាត់​ផ្តាច់ចំណង គឺ​ស្មើនឹង​ការ​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​យ៉ាង​ដូច្នេះ​ឯង​។ ខ្ញុំ មិនអាច​ធ្វើ​យ៉ាង​ដូច្នោះ​ទេ​»​។

​នា​សន្និសីទ​ទាំង​តក់ក្រហល់​ក្រោយ​បញ្ចប់​ទស្សនកិច្ច​បួន​ថ្ងៃ​នៅ​ចិន​នោះដែរ លោក​ប្រធានាធិបតី​រូបនោះ ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា «​ការចែក​ផ្លូវ ដែល​លោក​ចង់​សំដៅ​នោះ​គឺ ការចែក​ផ្លូវ​នៃ​គោលនយោបាយ​ការបរទេស​នោះទេ​»​។ លោក​ថែមទាំង​និយាយ​ត្រង់ៗ​ថា តាំងពីដើម​រហូតដល់​លោក​ក្លាយជា​ប្រធានាធិបតី ហ្វីលីពីន តែងតែ​ដើរ​តាម​ការចង្អុលបង្ហាញរ​បស់​អាមេរិក​ប៉ុណ្ណោះ​។ 

​សូម​រម្លឹក​ផងដែរ​ថា នៅ​ថ្ងៃទី​២០ ខែតុលា​កន្លងទៅ​ថ្មីៗ​នេះ លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បានប្រកាស​យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ សូម​ប្រកាស​ពី​ការចាកចេញ​ពី​សហរដ្ឋ​អាមេរិក​ទាំង​លើ​វិស័យ​យោធា និង​សេដ្ឋកិច្ច​...»​។ លោក​ប្រធានាធិបតី​រូបនោះ ថែមទាំង​បន្ថែមថា លោក ជឿជាក់​លើ​លំហូរ​នៃ​មនោគមន៍​របស់​ចិន ហើយ លោក នឹង​បំពេញ​ទស្សនកិច្ច​ទៅកាន់​រុស្ស៊ី​ដើម្បី​ជជែក​ជាមួយនឹង​លោក ពូ​ទីន​ផងដែរ​។ លោក​បញ្ជាក់​យ៉ាង​ដូច្នេះ « នឹងមាន​ប្រទេស​គឺ ចិន រុស្ស៊ី និង​ហ្វីលីពីន​ប្រឆាំងនឹង​ពិភពលោក​»​។​

​ជុំវិញ​នៃ​ការប្រកាស​ចែកផ្លូវ​នេះដែរ ក៏ត្រូវ​បានធ្វើ​ក្រោយពី​ក្រុង​វ៉ាស៊ីនតោន បានប្រកាស​ឲ្យ​មានការ​បកស្រាយ​ឲ្យ​បានច្បាស់លាស់ ដ្បិត ក្រុង​វ៉ាស៊ីនតោន មិនសូវ​ដាក់​ទម្ងន់​លើ​ពាក្យសម្តី​របស់លោក​ប្រធាន​ធិបតី​ហ្វីលីពីន​ថ្មី​រូបនេះ​ប៉ុន្មាន​នោះទេ ហើយ​នោះ ក៏​ព្រោះតែ លោក តែងតែ​និយាយ​អ្វី​តាមតែ​កំហឹង​លោក​ប៉ុណ្ណោះ​។

​នៅ​ថ្ងៃ​ដែល​លោក​ប្រធានាធិបតី​ហ្វីលីពីន​ប្រកាស​ចែកផ្លូវ ក្រសួងការបរទេស​អា​មេ​រិ​ក ក៏បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​មួយ​ស្តីពី​ទំនាក់ទំនង​រវាង​អាមេរិក និង​ហ្វីលីពីន​ផងដែរ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក លោក John Kirby បាន​ថ្លែងថា អាមេរិក នឹង​រង់ចាំ​ការបកស្រាយ​អ្វី​ឲ្យ​ប្រាកដ​ចំពោះ​សុន្ទរកថា​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន ដែល​និយាយថា «​ចែកផ្លូវ​ពី​អាមេរិក​»​នោះ​។ លោក បន្ថែម ថា វា​ហាក់ដូចជា​មិន​ច្បាស់​សោះ​សម្រាប់​អាមេរិក​ពី​ការផ្តល់​សុន្ទរកថា​បែបនេះ​។

​អ្នកនាំពាក្យ​រូបនោះ បានបញ្ជាក់​ធ្ងន់​ជាមួយនឹង​អ្នកសារព័ត៌មាន​យ៉ាង​ដូច្នេះ​ថា «​យើង នៅតែ​មិនមាន​ការប្រែប្រួល​ចំពោះ​ការប្តេជ្ញាចិត្ត​របស់​យើង​នៅក្នុង​សន្ធិសញ្ញា​ការពារជាតិ ដែល​យើង​មាន​ជាមួយនឹង​ហ្វីលីពីន​នោះ​។ វា​(​កិច្ចព្រមព្រៀង​)​គ្មានអ្វី​ផ្លាស់ប្តូរ​ឡើយ​។​

​សូម​ជម្រាប​ផងដែរ​ថា ទំនាក់ទំនង​ស្អិតល្មួត​ដែល​សន្សំទុក​អស់​រយៈពេល​ជាង​៧​ទសវត្សរ៍​រវាង​ប្រទេស​ទាំងពីរ ស្រាប់តែ​ធ្លាក់ចុះ​ស្ទើរតែ​ដល់​កម្រិត​សូន្យ ដោយសារតែ​ការរិះគន់​របស់​ក្រុង​វ៉ាស៊ីនតោន​លើ​បញ្ហា​សិទ្ធិមនុស្ស ជាពិសេស​នោះ យុទ្ធនា​ការណ៍​បង្ក្រាប​គ្រឿង​ញៀន​របស់​ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ​។ លោក​ប្រធានាធិបតី ឌើ​ទើ​តេ បាន​កាន់តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន​ទី​១៦​ជា​ផ្លូវការ​នៅ​ថ្ងៃទី​៣០ ខែមិថុនា​។​

​ក្រោម​រដ្ឋបាល​របស់លោក ឌើ​ទើ​តេ មាន​អ្នកញៀន​ថ្នាំ និង​អ្នកពាក់ព័ន្ធ​គ្រឿងញៀន ប្រមាណ​ជាង​បី​ពាន់​នាក់ ត្រូវបាន​សម្លាប់​ទាំង​ក្នុង​ប្រតិបត្តិការ​ប៉ូលិស និង​ការសហការ​ក្រៅ​ប្រព័ន្ធតុលាការ ដែល​ចំណាត់​នេះ បាន​រង​ការរិះគន់​ង​មិន​ត្រឹមតែ​ពី​អាមេរិក​នោះទេ តែ​ពី​អង្គការសហប្រជាជាតិ និង​ស្ថាប័ន​ធំៗ​ផ្សេងទៀត​ផងដែរ​។ តែ​តប​នឹង​ការរិះគន់​នេះ លោក​ប្រធានាធិបតី ឌើ​ទើ​តេ បាន​ព្រមាន​បញ្ចប់​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​អាមេរិក និង​ថែមទាំង​ជេរប្រមាថ​លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា​ទៀតផង​៕


Tag:
 ​ហ្វីលីពីន​
  អាមេរិក​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com