អន្តរជាតិ
អាមេរិក​-​ជប៉ុន ត្រៀម​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​ជា​លើកដំបូង ខណៈ​ស្ថានភាព​អាស៊ី​បូព៌ា​កំពុងតែ​តានតឹង
22, Oct 2016 , 4:30 pm        
រូបភាព
សមាជិកកងទ័ពស្វ័យការពារជប៉ុន (Japan Times)
សមាជិកកងទ័ពស្វ័យការពារជប៉ុន (Japan Times)
ដោយ:
​ក្រសួងការពារជាតិ​ជប៉ុន បានប្រកាសថា កងទ័ព​ស្វ័យការពារ​ជប៉ុន (SDF) និង​កងទ័ព​អាមេរិក នឹងធ្វើ​សមយុទ្ធ​រួមគ្នា​ជា​លើកដំបូង​នៅ​ចុងខែ​តុលា​រហូតដល់​ដើមខែ​វិច្ឆិកា​ខាងមុខ​ដ៏​ខ្លី​នេះ ដោយយោង​តាមច្បាប់​សន្តិ​សុខ​ថ្មី​ដែល​បានអនុម័ត​នៅ​ឆ្នាំមុន​នោះ​។ សមយុទ្ធ​នេះ ក៏​រាប់បញ្ចូល​ទាំង​សមយុទ្ធ​យោធា​ប្រឆាំងនឹង​មី​ស៊ី​ល​បាលី​ស្ទីក​ផងដែរ​។



​កងទ័ព​ស្វ័យការពារ​ជប៉ុន និង​កងទ័ព​អាមេរិក នឹងធ្វើ​លំ​ហាត់​យោធា​រួម​ដែលមាន​ឈ្មោះថា «Keen Sword» ចាប់ពី​ថ្ងៃទី​៣០​ខែតុលា ដល់​ថ្ងៃទី​១១ ខែវិច្ឆិកា ដែល​នឹងមាន​ការចូលរួម​ដោយ​កងទ័ពជើងគោក ទ័ពជើងទឹក និង​ទ័ពអាកាស​ជប៉ុន សរុប​២៥០០០​នាក់ និង​ទ័ព​អាមេរិក ១១ ០០០​នាក់​។ Keen Sword គឺជា​ប្រភេទ​នៃ​លំ​ហាត់​យោធា​មួយ​របស់​អាមេរិក និង​ជប៉ុន ដែល​ត្រូវបាន​ធ្វើឡើង​ដើម្បី​ហ្វឹកហាត់​ពី​ការការពារ​ពី​ការឈ្លានពាន​ពី​ខាងក្រៅ​។  នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Japan Times នៅ​ថ្ងៃទី​២២ ខែតុលា​នេះ​។

​តាម​ប្រភពព័ត៌មាន​ដដែល លំ​ហាត់​យោធា​នោះ នឹង​ផ្តោតលើ​ការហ្វឹកហ្វឺន​ជាច្រើន​រួមមាន​ទាំង​ការសង្គ្រោះ និង​រុករក​បន្ទាន់ ការឆ្លើយតប​នឹង​សកម្មភាព​បន្ទាន់ និង​ជាពិសេស​នោះ កងទ័ព​ទាំងពីរ ក៏​នឹងធ្វើ​សមយុទ្ធ​យោធា​ក្នុងការ​ចាត់វិធានការ​ឆ្លើយតប​ទៅនឹង​មី​ស្ទីល​បាលី​ស្ទីក​ផងដែរ​។

​សូម​ជម្រាប​ផងដែរ​ថា តាមច្បាប់​សន្តិសុខ​ថ្មី​របស់​ជប៉ុន​ដែល​បានអនុម័ត​ជា​ផ្លូវការ​កាលពី​ឆ្នាំមុន កងទ័ព​ស្វ័យការពារ​របស់​ជប៉ុន (Self-Defense Forces) អាចមាន​លទ្ធភាព​ក្នុង​អនុវត្ត​ប្រតិបត្តិការ​យោធា​ជាច្រើន​រួមមាន​ទាំង​ភស្តុភា និង​ផ្គត់ផ្គង់​អាមេរិក​កងទ័ព​អាមេរិក និង​កងទ័ព​បរទេស និង​ប្រតិបត្តិ​ការសង្គ្រោះ និង​អន្តរាគមន៍​លើ​បញ្ហា​សន្តិសុខ​ក្រៅប្រទេស​ផងដែរ​។

​អ្វី​គួរកត់សម្គាល់​នោះ សមយុទ្ធ​យោធា​រវាង​ជប៉ុន និង​អាមេរិក​នេះ ត្រូវធ្វើឡើង​ស្របពេល​ដែល​ស្ថានភាព​នៅ​តំបន់​អាស៊ី​បូព៌ា​កំពុង​តែមាន​ភាព​តានតឹង​ស្រាប់​នោះ​។ ស្ថានភាព​តានតឹង​នោះ គឺ​ការបាញ់​សាកល្បង និង​ការអភិវឌ្ឍ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​នោះឯង​។ ក្នុង​ឆ្នាំ​២០១៦​នេះ កូរ៉េខាងជើង បាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ដែល​រួមទាំង​មី​ស៊ី​ល​បាលី​ស្ទីក​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​។ ក្នុងនោះ កូរ៉េខាងជើង ក៏​ធា្ល​ប់​បាញ់​សាកល្បង​មី​ស៊ី​ល ធ្លាក់ចូល​ដែនទឹក​របស់​ជប៉ុន ដែល​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ ចាត់ទុកថា​ជាស​កម្ម​ភាពព្រហើន និង​ព្រមាន​មិន​លើកលែង​ឲ្យ​វិញ​ផងដែរ​៕


Tag:
 ជប៉ុន​
  អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com