អន្តរជាតិ
មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់អាមេរិក នឹងបំពេញទស្សនកិច្ចនៅហ្វីលីពីន ថៃ និងកម្ពុជាដើម្បីជជែកពីទំនាក់ទំនងទ្វេភាគី ![លោកឧបការី Danial R. Russel](https://image.thmeythmey.com/pictures/2016/10/22/danial_r__russel.jpg)
លោកឧបការី Danial R. Russel
×![]()
ឧបការីទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel R. Russel នឹងបំពេញទស្សកិច្ចនៅក្នុងប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួនបី រួមមានហ្វីលីពីន ថៃនិងកម្ពុជា ដែលត្រូវចាប់ផ្តើមពីថ្ងៃទី២១ដល់ថ្ងៃទី២៨ ខែតុលានេះ។ ដំណើរទស្សនកិច្ចរបស់លោក ត្រូវបានធ្វើឡើង ស្របពេលដែលស្ថានភាពទំនាក់ទំនងអាមេរិក និងហ្វីលីពីន កំពុងតែមានភាពល្អក់កករជាមួយនឹងគ្នាផងដែរ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិក លោកឧបការី Daniel R. Russel នឹងបំពេញទស្សនកិច្ចនៅក្នុងក្រុងម៉ានីលនៃប្រទេសហ្វីលីពីននៅថ្ងៃទី២២-២៥ ខែតុលា ដើម្បីជួបពិភាក្សាជាមួយនឹងរដ្ឋាភិបាលហ្វីលីពីន និងយុវជននៃគំនិតផ្តួចផ្តើម YSEALI។
មន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនរូបនោះ នឹងបន្តដំណើរទៅកាន់ថៃនៅថ្ងៃទី២៥-២៦ ដោយលោក នឹងចូលរួមគោរពវិញ្ញាណក្ខន្ធព្រះមហាក្សត្រថៃ Bhumibol Adulyadej ក៏ដូចជាជជែកពីទំនាក់ទំនងទ្វេភាគី និងបញ្ហាក្នុងតំបន់ជាមួយនឹងរដ្ឋាភិបាលក្រុងបាងកកផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានដដែល ដែលបានបន្តទៀតថា លោកឧបការី នឹងឆ្ពោះមកកាន់កម្ពុជាដែលជាទិសដៅចុងក្រោយនៃដំណើរទស្សកិច្ចនៅក្នុងតំបន់នៅថ្ងៃទី២៧ ខែតុលា ដោយលោក ក៏ជួបពិភាក្សាជាមួយនឹងរដ្ឋាភិបាលកម្ពុជា និងមន្ត្រីបក្សប្រឆាំង ក៏ដូចជាសង្គមស៊ីវិលជាដើមផងដែរនោះ។
អ្វីគួរកត់សម្គាល់នោះ ដំណើរទស្សនកិច្ចរបស់លោកឧបការីអាមេរិករូបនោះទៅកាន់ហ្វីលីពីន ស្របពេលទំនាក់ទំនងប្រទេសទាំងពីរកំពុងតែ មានភាពល្អក់កករខ្លាំង ដ្បិតប្រធានាធិបតីហ្វីលីពីនថ្មី លោក រ៉ូឌ្រីហ្គូ ឌើទើតេ បានប្រកាសជំហរប្រឆាំងនឹងអាមេរិក និងជេរប្រមាថប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ផងដែរ។ ហើយនៅថ្ងៃទី១៩ ខែតុលាកន្លងទៅ ក៏មានក្រុមបាតុករហ្វីលីពីនជាច្រើននាក់ បានផ្ទុះបាតុកម្មនៅមុខស្ថានទូតអាមេរិកប្រចាំក្រុងម៉ានីលដើម្បីទាមទារឲ្យកងទ័ពអាមេរិកចាកចេញពីប្រទេសរបស់ពួកគេទៀតផង។
តែយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក Jonh Kirby បានបញ្ជាក់នាសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅថ្ងៃទី២០ខែតុលាកន្លងទៅថា ដំណើរទស្សនកិច្ចរបស់លោក Daniel R. Russel នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ជាពិសេសនៅហ្វីលីពីន គឺស្របតាមផែនការដែលគ្រងទុកជាច្រើនខែមកហើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com