អន្តរជាតិ
របប​សឹក​ថៃ ថា ក្រុមហ៊ុន Google ជួយ​ដកចេញ​ខ្លឹមសារ​ពាក់ព័ន្ធ​ការនិយាយ​មិន​សមរម្យ​លើ​រាជានិយម​ថៃ
23, Oct 2016 , 6:40 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​របប​សឹក​ថៃ បាន​ជួប​ជាមួយនឹង​តំណាង​ក្រុមហ៊ុន Google ដើម្បី​ឲ្យ​ជួយ​ដកចេញ​នូវ​ខ្លឹមសារ​នានា​ពាក់ព័ន្ធ​នឹង​បរិការណ៍​នៃ​ការ​សោយ​ទិវង្គត​របស់​ព្រះមហាក្សត្រ​ថៃ Bhumibol Adulyadej​។ ជំនួប​នេះ ធ្វើឡើង​ស្រប​នឹង​ការព្រមាន​ចាត់​វិធាន​ផ្នែក​ច្បាប់​របស់​របប​សឹក​ថៃ ទៅលើ​ជន​ទាំងឡាយណា​ដែល​និយាយ​បង្ខូច​កេរ្តិ៍ឈ្មោះ ឬ​ប៉ះពាល់​ដល់​រាជានិយម​ថៃ​។



​លោក​ឧបនាយករដ្ឋមន្ត្រី​ថៃ Prajin Juntong នៅ​ថ្ងៃទី​២២ ខែតុលា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹងថា លោក បាន​ជួប​ជាមួយនឹង​តំណាង​ក្រុមហ៊ុន Google នៅ​រាជធានី​បាងកក​នៅ​ថ្ងៃទី​២១ ខែតុលា ដោយ​លោក បញ្ជាក់ដែរថា ក្រុម​Google ក៏បាន​សន្យា​ក្នុង​ការបន្ត​ជួយ​រដ្ឋាភិបាល​ថៃ​ក្នុងការ​ដកចេញ​ខ្លឹមសារ​នានា​ដែល​និយាយ​មិនល្អ​ពី​របបរាជានិយម​ថៃ ពី Youtube និង​កម្មវិធី​ពាក់ព័ន្ធ​ផ្សេងៗ​របស់​Google​។ នេះ​បើ​យោងតាម​សារព័ត៌មាន ABS-CBN​។

​សូម​ជម្រាប​ផងដែរ​ថា ការប្រមាថ​មហាក្សត្រ រជ្ជទាយាទ និង​សមាជិក​រាជវង្ស​របស់​រាជាណាចក្រ​ថៃ ត្រូវបាន​ចាត់ទុកជា​ទោសឧក្រិដ្ឋ ដែល​ត្រូវ​ជាប់ពន្ធនាគារ​រហូត​ដល់​៣០​ឆ្នាំ​ឯណោះ​។ ប៉ុន្តែ​នៅក្រោយ​ការ​សោយ​ទិវង្គត​របស់​មហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត នៅ​ថ្ងៃទី​១៣ ខែតុលា មក​នោះ ករណី​ប្រមាថ​ស្ថាប័ន​មហាក្សត្រ​នេះ បាន​កើនឡើង​យ៉ាងខ្លាំង ហើយ​រដ្ឋាភិបាល​ថៃ ក៏បាន​ស្នើសុំ​កិច្ចសហប្រតិបត្តិការ​ពី​ប្រទេស​នានា ដើម្បី​នាំយក​ជនល្មើស​មក​ផ្តន្ទាទោស​ទៀតផង​។​

​ការបង្ក្រាប​លើ​ករណី​ប្រមាថ​មហាក្សត្រ បាន​កើនឡើង​ខ្លាំង ចំ​ពេលដែល​ប្រជាជន​ថៃ​កំពុងតែ​សោកសៅ​នឹង​ការបាត់បង់​មហាក្សត្រ​ជាទី​ស្រឡាញ់​របស់​ពួកគេ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ ចាប់តាំងពី​របប​យោធា​ឡើងកាន់​អំណាច​ជាង​២​ឆ្នាំ​មកនេះ មាន​ករណី​ប្រមាថ​មហាក្សត្រ​តែ​៧០​ដង​ប៉ុណ្ណោះ​។ ប៉ុន្តែ​ពេលនេះ រយៈពេល​មិន​មួយ​សប្ដាហ៍​ផង មាន​ករណី​ដូចគ្នា​ចំនួន​១២​ទៅហើយ​។​

​ជាមួយគ្នា​នោះ រដ្ឋាភិបាល​ថៃ ក៏​ស្នើ​ឲ្យ​មាន​ការធ្វើ​បត្យាប័ន​រាល់​ពលរដ្ឋ​ដែល​នៅ​បរទេស​ដែល​បាន​ប្រមាថ​ព្រះ​ចេស្តា​ព្រះមហាក្សត្រ​ថៃ​កាលពី​ថ្មីៗ​នេះ​។ ហើយ​របប​សឹក​ក៏បាន​ដាក់សំណើ​ទៅ​ឲ្យ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍​ទាំងឡាយ ដើម្បី​ស្នើ​ឲ្យ​អ្នកប្រើប្រាស់​ប្រព័ន្ធ​ទូរ​សព្ទ​ទាំងអស់ រាយការណ៍​ពី​ករណី​ប្រមាថ​ស្ដេច​នៅលើ​គេហទំព័រ ឬ​បណ្ដាញ​សង្គម​នានា​។ មិនតែប៉ុណ្ណោះ រដ្ឋាភិបាល​ថៃ ក៏​ស្នើ​ឲ្យ​អ្នកផ្គត់ផ្គង់​សេវាកម្ម​អ៊ីនធឺណិត​ទាំងអស់ តាមដាន​បណ្ដាញ​សង្គម Facebook Twitter និង YouTube ជាដើម ដើម្បី​ហាមឃាត់​សកម្ម​ភាពមិន​សមរម្យ​ទាំងនោះ ហើយ​បើ​មិន​ធ្វើតាម​នោះ នឹងត្រូវ​ចាត់ទុកជា​ទោសឧក្រិដ្ឋ​មិន​ខាន​។​

​មហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត បាន​សោយ​ទិវង្គត​នៅ​ថ្ងៃទី​១៣ ខែតុលា បន្ទាប់ពី​សោយរាជ្យ​អស់​រយៈពេល​៧០​ឆ្នាំ​នោះ​។ ព្រះ​អង្គជា​ស្ដេច​សោយរាជ្យ​យូរ​ជាងគេ​លើ​ពិភពលោក ហើយក៏​ទំនងជា​ស្ដេច​មានទ្រព្យ​សម្បត្តិ​ច្រើនជាងគេ​ដែរ​។ រជ្ជទាយាទ Maha Vajiralongkorn នឹងត្រូវ​ឡើ​សោយរាជ្យ​បន្ត តែ​បានប្រកាស​ពន្យារ​សិន ដែល​នាំ​ឲ្យ​ប្រធាន​ឧ​ត្ត​ម​ប្រឹក្សា​ស្ដេច Prem Tinsulanon ធ្វើជា​ស្ដេច​រា​ជានុ​សិទ្ឋិ​៕


Tag:
 ថៃ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com