អន្តរជាតិ
​មន្ត្រីជាន់ខ្ពស់​អាមេរិក​៖ គេ​មិនគួរ​វាយតម្លៃ​គោលនយោបាយ​តុល្យភាព​អំណាច​អាមេរិក​មក​អា​ស៊ីថា​«​ជោគជ័យ​ឬ​បរាជ័យ​ឡើយ​»
27, Oct 2016 , 11:17 pm        
រូបភាព
លោកឧបការី Daniel Russel
លោកឧបការី Daniel Russel
ដោយ:
ការប្រកាស​ចែកផ្លូវ​របស់​រដ្ឋាភិបាល​ក្រុង​ម៉ានីល​ជាមួយនឹង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដែលជា​សម្ព័ន្ធមិត្ត​តាម​សន្ធិសញ្ញា បាន​បង្កើត​ឲ្យ​មានការ​ប្រែប្រួល​ខ្លាំង​នៃ​គោលនយោបាយ​ការបរទេស​ក្នុង​តំបន់ រហូតដល់​មានការ​លើកឡើងថា​គោលនយោបាយ​ការបរទេស​អាមេរិក​ម​ក​អាស៊ី បរាជ័យ​ទៀតផង​។ យ៉ាងណាក៏ដោយ ក្រុង​វ៉ាស៊ីនតោន បាន​ច្រានចោល និង​អះអាងថា​គោលនយោបាយ​របស់ខ្លួន​មិនគួរ​វាយតម្លៃ​បែបនេះ​ឡើយ ដ្បិត​នេះ​គឺជា​ការចូលរួម​របស់​អាមេរិក​ដើម្បី​កសាង​ការលូតលាស់​សេដ្ឋកិច្ច និង​ស្ថិរភាព​នៅក្នុង​តំបន់​នោះទេ​។




«​ត្រូវ​ចាំ​ថា ! ការធ្វើ​ឲ្យ​មាន​តុល្យភាព​នៃ​អំណាច​មកកាន់​តំបន់​អាស៊ី​របស់​អាមេរិក មិនមែនជា​អ្វីមួយ​សម្រាប់​ឲ្យ​យើង​វាយតម្លៃ​ដោយ​គ្មាន​មូលដ្ឋាន​នោះទេ​។ ផ្ទុយទៅវិញ វា គឺជា​ការផ្សារភ្ជាប់​បែប​យុទ្ធសាស្ត្រ​របស់​អាមេរិក​ដើម្បី​កសាង​ស្ថិរភាព និង​ការលូតលាស់​នៃ​តំបន់​អាស៊ី​ប៉ា​ហ្វិ​ក​នោះទេ​...»​។ នេះ​គឺជា​ការអះអាង​របស់លោក​ឧបការីទទួលបន្ទុក​កិ​​ច្ច​ការ​អា​ស៊ី​និង​ប៉ា​ស៊ី​ហ្វិក​នៃ​ក្រ​សួង​ការ​បរទេស​អា​មេរិក​ Daniel Russel ដែល​ឆ្លើយ​នឹង​សំណួរ​របស់​អ្នកសារព័ត៌មាន​ថ្មីៗ​ពាក់ព័ន្ធ​គោលនយោបាយ​ការបរទេស​មកកាន់​តំបន់​អាស៊ី​នា​សន្និសីទ​សារព័ត៌​មាននៅ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​នៅ​ថ្ងៃទី​២៧​ខែតុលា​នេះ​។

​លោក​ឧបការី នាឱកាស​នោះ ក៏បាន​ពន្យល់​ដែរ​ថា មាន​មូលហេតុ​ចំនួន​បី​ដែល​រដ្ឋាភិបាល​ក្រុង​វ៉ា​ស៊ិន​តោន​តែង​ឲ្យ​តម្លៃ​តំបន់​អាស៊ី​តាមរយៈ​«​គោលនយោបាយ​នៃ​ការធ្វើ​ឲ្យ​មាន​តុល្យភាព​នៃ​អំណាច​នៅ​អាស៊ី ឬ Rebalancing to Asia​។ ហេតុផល​ទី​១ លោក អះអាងថា ក៏​ព្រោះតែ​អាមេរិក ក៏​ស្ថិតនៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ ទី​២ សេដ្ឋកិច្ច​នៅក្នុង​តំបន់​នេះ ក៏​ផ្សារភ្ជាប់​ទៅនឹង​សេដ្ឋកិច្ច​របស់​អាមេរិក និង​ចុងក្រោយ​នោះ​លោក បញ្ជាក់ថា ការចូល​រួមរក្សា​សន្តិសុខ និង​ស្ថិរភាព​នៅ​អាស៊ី​ប៉ាស៊ីហ្វិក​មិន​ត្រឹមតែ​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​នៅក្នុង​តំបន់​នោះ​តែ ក៏​រាប់បញ្ចូល​ទាំង​ប្រជាជន​របស់​អាមេរិក​ផងដែរ​។

​មន្ត្រីជាន់ខ្ពស់​រូបនោះ ក៏បាន​បញ្ជាក់​បន្ថែមទៀត ការធ្លាក់ចុះ​នៃ​ទំនាក់ទំនង​ទ្វេភាគី មិនអាច​ត្រូវបាន​យកមក​វាយតម្លៃ​លើ​គោលនយោបាយ​ការបរទេស​របស់​អាមេរិក​ក្នុង​ផ្សារភ្ជាប់​ទំនាក់ទំនង​នៅក្នុង​តំបន់​ជារួម​ឡើយ​។ ជាក់ស្តែង​នោះ លោក ក៏បាន​លើក​ពី​ទំនាក់ទំនង​រវាង​អាមេរិក​និង​ហ្វីលីពីន នៅក្នុង​រយៈពេល​ចុងក្រោយ​នោះ​។ ថ្មីៗ​នេះ រដ្ឋាភិបាល​ថ្មី​ហ្វីលីពីន បានប្រកាស​ចែកផ្លូវ​ទាំង​ផ្នែក​យោធា និង​សេដ្ឋកិច្ច​ពី​អាមេរិក និង​ថែមទាំង​ចង់​ឲ្យ​កងទ័ព​អាមេរិក​ទាំងអស់​ចាកចេញ​ពី​ទឹកដី​ហ្វីលីពីន​ផងដែរ​។​

​យ៉ាងណា​ក៏ដោយចុះ លោក Russel បាន​សង្កត់ធ្ងន់ថា «​ការធ្វើ​ឲ្យ​មាន​តុល្យភាព​នៃ​អំណាច មិនមែនជា​បញ្ហា​ដែល​គួរ​ត្រូវបាន​យកមក​វាយតម្លៃថា​តើ​ជោគជ័យ ឬ​បរាជ័យ​ឡើយ អ្វីដែល​គួរតែ​ចាប់អារម្មណ៍​នោះ​គឺ អាមេរិក អាច​ត្រលប់មក​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ដៃគូ​របស់ខ្លួន​នៅក្នុង​តំបន់​នោះទេ​»​។

​សូម​ជម្រាប​ផងដែរ​ថា «​គោលនយោបាយ​របស់​អា​មេ​រិ​ក​ក្នុងការ​ត្រឡប់មក​ពង្រឹង​ឥទ្ធិពល​នៅ​តំបន់​អាស៊ី​ឡើងវិញ​» ត្រូវបាន​អនុវត្ត​ក្រោម​រដ្ឋបាល​របស់លោក​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា​។ គោលនយោបាយ​នេះ ក៏​ត្រូវបាន​មើលឃើញថា​ធ្វើឡើង​ស្រប​ពេលដែល​មហាអំណាច​អាស៊ី​ចិន ក៏បាន​និង​កំពុងតែ​ពង្រឹង និង​ពង្រីក​អំណាច​របស់ខ្លួន​នៅក្នុង​តំបន់​អាស៊ី​ផងដែរ ពោលគឺ ការវិល​ត្រលប់​របស់​អាមេរិក ក៏​និយាយបានថា​ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​ជាមួយនឹង​ចិន​៕



Tag:
 ​អាមេរិក​
  អាស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com