អន្តរជាតិ
បើ​ចង់​រាប់អាន និង​ធ្វើការ​ជាមួយ​អ្នក​ដាក់ទណ្ឌកម្ម​ហ្វីលីពីន​«Duterte» កុំ​និយាយ​រឿង​សិទ្ធិមនុស្ស​?
28, Oct 2016 , 9:19 pm        
រូបភាព
លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គូ ឌើទើតេ (ប្រភពរូបភាព៖ chiangraitimes)
លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គូ ឌើទើតេ (ប្រភពរូបភាព៖ chiangraitimes)
ដោយ:
​គោលនយោបាយ​នៃ​ការ​បោសសម្អាត​បទល្មើស និង​គ្រឿងញៀន​ចេញពី​សង្គម​ហ្វីលីពីន​របស់លោក​ប្រធានាធិបតី Rodrigo Duterte បាននិងកំពុង​តែ​បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​កាន់តែខ្លាំង​ទៅៗ​ពី​សហគមន៍​អន្តរជាតិ ដ្បិត​ប្រតិបត្តិការ​នេះ បានសម្លាប់​មនុស្ស​យ៉ាងតិច​បី​ពាន់​នាក់​មកហើយ​។ ស្ថាប័ន​សិទ្ធិមនុស្ស រួមទាំង​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ សម្តែង​ការព្រួយបារម្ភ រិះគន់ និង​ថែមទាំង​ព្រមាន​ចាត់​វិធាន​ផ្លូវច្បាប់​ដោយ​ចោទថា​សកម្មភាព​នេះ​បំពាន​សិទ្ធមនុស្ស​។ សម្រាប់​រដ្ឋ​ដែល​ចង់​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ហ្វីលីពីន មិន​ហ៊ាន​និយាយ​រិះគន់​រដ្ឋបាល​ថ្មី​ហ្វីលីពីន​ឡើយ ដ្បិត​មិន​ចង់​មិន​បញ្ហា​ការទូត ដែល​ឈានដល់​ការចែក​ផ្លូវ​ដូច​សហរដ្ឋអាមេរិក​នោះ​។​



​គិត​ចាប់ពី​ថ្ងៃទី​៣០ ខែមិថុនា នៃ​ការឡើង​កាន់អំណាច​ជា​ផ្លូវការ​របស់លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ (Rodrigo Duterte) ជា​ប្រធានាធិបតី​ហ្វីលីពីន មាន​ជនសង្ស័យ និង​អ្នកជួញដូរ​គ្រឿងញៀន​ប្រមាណ​ជាង​បី​ពាន់​នាក់ ត្រូវបាន​សម្លាប់​ទាំង​ក្នុង​ប្រតិបត្តិការ​របស់​ប៉ូលិស​ដែល​ធ្វើតាម​បញ្ជា​របស់​ប្រធានាធិបតី និង​ទាំង​ក្នុងការ​សហការ​ក្រៅពី​ខាងក្រៅ ដែល​រួមមាន​ទាំង​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​ផងដែរ​នោះ​។ ចំនួន​អ្នកស្លាប់ បន្ត​កើន​ឡើងជា​បន្តបន្ទាប់​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ក្នុងស្រុក​ហ្វីលីពីន​។

១. មាន​ស្ថាប័ន ឬ​ប្រទេស​ណាខ្លះ​ហើយ​ដែល​ហ៊ាន​ថ្លែង​រិះគន់​ចំណាត់ការ​ហ្វីលីពីន​?
​មិនមាន​ប្រទេស ឬ​ស្ថាប័ន​ច្រើន​នោះទេ ដែល​ហ៊ាន​ចេញមុខ​សម្តែង​ការព្រួយបារម្ភ និង​ចេញ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​យុទ្ធ​ការ​នេះ​។ កន្លងមក គេ​សង្កេតឃើញ​មានតែ ដូចជា​មន្ត្រី​ទទួលបន្ទុក​អង្គការសហប្រជាជាតិ សហភាព​អឺរ៉ុប តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​(ICC) និង​សហរដ្ឋអាមេរិក​ដែលជា​សម្ព័ន្ធ​តាម​សន្ធិសញ្ញា​របស់​ហ្វីលីពីន​ប៉ុណ្ណោះ​នោះទេ ដែល​បានចេញ​សេចក្តីថ្លែងការណ៍​ដោយបាន​ព្រមាន​ពី​យុទ្ធនាការ​នេះ ថា​បាន​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នោះ​។ តែ​ការ​ហ៊ាន​និយាយ​ចំៗ​នេះ មិនបាន​ធ្វើ​ឲ្យ​ប្រធានាធិបតី​រូបនោះ ថមថយ​សកម្មភាព ឬ​យុទ្ធ​ការ​របស់ខ្លួន​ឡើយ ហើយ​លោក​ប្រធានាធិបតី​រូបនោះ បាន​ប្រើពាក្យ​អសុរោះ ជេរប្រមាថ និង​ថ្លែង​រិះគន់​ពី​អសមត្ថភាព​នៃ​ស្ថាប័ន​នោះ​ទៅវិញ​។​

​លោក​ឌើ​ទេ​តេ បាន​ប្រតិកម្ម​តប​នឹង​ការរិះគន់​របស់​ស្ថាប័ន​ធំៗ ថា មិនដែល​ហ៊ាន​រិះគន់ ទៅលើ​បណ្តា​ប្រទេស​មហាអំណាច​មួយចំនួន​ដែល​បាននិងកំពុង​តែ​បង្ក​ភាពលំបាក និង​សង្គ្រាមស៊ីវិល ជាក់ស្តែង​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​នោះ​។ លោក​ប្រធានាធិបតី​រូបនោះ បាន​ពន្យល់ ថា​សកម្មភាព​របស់លោក គឺជា​ការ​បោសសម្អាត​បទល្មើស និង​ឧក្រិដ្ឋជន​នោះទេ​។ លោក អះអាងថា បើសិន​លោក មិន​កម្ចាត់ និង​បោសសម្អាត​បញ្ហា​នេះ​នោះទេ នោះ​មនុស្ស​ជំនាន់​ក្រោយ​របស់លោក នឹង​ប្រឈម​នឹង​សង្គម​មួយ​ដែល​អាណាធិបតេយ្យ​ហើយ​។

​តែ​សួរថា​តើ​លោក ខ្លាច​ការកាត់ទោស ឬ​ការស៊ើបអង្កេត​ពី​ស្ថាប័ន​អន្តរជាតិ​ឬទេ​? ចម្លើយ​នោះ​គឺ លោក មិនមាន​ការខ្លាច​រអា​រ​អ្វី​ឡើយ​។ លោក បាន​អញ្ជើញ​មន្ត្រី​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ និង​បើកចំហរ​ចំពោះ​ការចង់​ស៊ើបអង្កេត និង​វាយតម្លៃ​ផ្សេងៗ​ចំពោះ​ចេតនា​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ដែល​ចង់​កាត់ទោស​ពាក់ព័ន្ធ​យុទ្ធនាការ​នេះ​ផងដែរ​។

​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ សម្ព័ន្ធភាព​រវាង​អាមេរិក​-​ហ្វីលីពីន ដែល​សន្សំទុក​ជាង​៧០​ឆ្នាំ​ហើយ​នោះ បាន​ដើរ​ដល់​ចំណុច​ចែកផ្លូវ​មួយ ដែល​ពិបាក​នឹង​កសាង​ឡើងវិញ​នៅក្នុង​រដ្ឋបាល​ហ្វីលីពីន​បច្ចុប្បន្ន​។ ហើយ​នោះ​ក៏​ព្រោះតែ ក្រោយពី​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន បាន​សម្តែង​ការព្រួយបារម្ភ និង​ថ្លែង​រិះគន់​ពី​ការបង្ក្រាប​នោះ​ថា​ប៉ះពាល់​ដល់​សិទ្ធិ​មនុស្សលោក ឌើ​ទើ​តេ បានប្រកាស​ចែកផ្លូវ​ទំនាក់ទំនង​ដោយ​រួមទាំង​ផ្នែក​យោធា​និង​សេដ្ឋកិច្ច​ទៀត​។ រាល់​កិច្ចព្រមព្រៀង​ការពារជាតិ​ដែល​អាមេរិក និង​ហ្វីលីពីន បាន​កសាង​កន្លងមក លោក ឌើ​ទើ​តេ មិន​ផ្តល់​តម្លៃ​ឡើយ​។

២. ចង់​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ហ្វីលីពីន ស្ថាប័ន​ឬ​រដ្ឋ​នានា​ត្រូវ​បិទ​ភ្នែក​ឬ​ច្រមុះ​ពី​ការ​បោសសម្អាត​គ្រឿងញៀន​?
​បើទោះបីជា​មានការ​សម្តែង​ការព្រួយបារម្ភ​ពី​សំណាក់​អង្គការសហប្រជាជាតិ ឬ​សហភាព​អឺរ៉ុប​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​ហ្វីលីពីន​ក៏ដោយ ទាំង​ស្ថាប័ន​អាស៊ាន និង​រដ្ឋ​សមាជិក​អាស៊ាន ហាក់ដូចជា​នៅ​ស្ងៀម​ទ្រឹង មិន​និយាយ​អ្វី​សោះ​។ ហើយ​នោះ ក៏​ព្រោះតែ គោលការណ៍​នៃ​ការមិន​ជ្រៀតជ្រែក​បញ្ហា​ផ្ទៃក្នុង​នៃ​ប្រទេស​រដ្ឋ​សមាជិក​ដែល​បានកំណត់​នៅក្នុង​ធម្មនុញ្ញ​អាស៊ាន​នោះ​។

​សម្រាប់ ចិន និង​ជប៉ុន ដែលជា​មហាអំណាច​នៅ​អាស៊ី ក៏​មិនមាន​សេចក្តី​ថ្លែង​ព្រួយបារម្ភ​អ្វី​ឡើយ​ជុំវិញ​បញ្ហា​នេះ​។ ផ្ទុយទៅវិញ ជប៉ុន និង​ចិន បែរជា​គាំទ្រ និង​សន្យា​ជួយ​ជ្រោមជ្រែង​ចំណាត់ការ​នេះ​ទៅវិញ​។ ចិន ដែល​ត្រូវបាន​គេ​មើលឃើញថា​អ្នក​ឆក់យក​ឱកាស​ខណៈដែល​ហ្វីលីពីន​កំពុង​មានរឿង​រង្គោះរង្គើ​រ​ជាមួយនឹង​អាមេរិក​នោះ បានប្រកាស​គាំទ្រ​ជាមួយនឹង​ហេតុផល​ថា បញ្ហា​គ្រឿងញៀន​គឺជា​បញ្ហា​សកល​ដែល​កំពុងតែ​បារម្ភ​។ សម្រាប់​ជប៉ុន​ឯណោះ​វិញ ទំនងជា​ខ្លាច​បែកបាក់​ទំនាក់ទំនង​ជាមួយនឹង​ហ្វីលីពីន​ដូច​សម្ព័ន្ធមិត្ត​ខ្លួន​អាមេរិក​ហើយ ទើប​គ្មាន​សេចក្តីថ្លែងការណ៍​រិះគន់​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ហ្វីលីពីន​ទៅកាន់​ជប៉ុន​នៅ​ថ្ងៃទី​២៦​ខែតុលា​កន្លងទៅ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ ថា​លោក​គាំទ្រ​ចំណាត់ការ​នៃ​ការបង្ក្រាប​គ្រឿងញៀន​រប​ស់​ប្រធានាធិបតី​ហ្វីលីពីន ហើយ​លោក ថែមទាំង​សន្យា​ជួយ​ជ្រៀម​ជ្រែង​ដល់​កម្មវិធី​ស្តារនីតិសម្បទា​ដល់​ជនរងគ្រោះ​នៃ​ថ្នាំញៀន​ទៀតផង​៕


Tag:
 ​ហ្វីលីពីន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com