អន្តរជាតិ
លោក ពូ​ទីន ថា​លោក ត្រាំ តំណាង​ឲ្យ​ប្រយោជន៍​ប្រជាជន​ដែល​ស្អប់​សង្គម​អភិជន​
28, Oct 2016 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
«​លោក ដូ​ណា​ល់ ត្រាំ ជា​បេក្ខជន​ម្នាក់​ដែល​តំណាង​ឲ្យ​ប្រយោជន៍​ប្រជាជន​អាមេរិក​ដែល​ធុញទ្រាន់​នឹង​ក្រុម​អភិជន​ដែល​ក្តោប​ក្តាប់​អំណាច​រាប់​ទសវត្សរ៍ ហើយ​លោក​ជា​តំណាង​ឲ្យ​ប្រជាជន​ទូទៅ​»​។ នេះ​ជា​ពាក្យសម្តី​កោតសរសើរ​របស់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន ចំពោះ​លោក ដូ​ណា​ល់ ត្រាំ ក្នុង​វេទិកា Valdai club ដែល​ប្រារព្ធ​ឡើង​នៅក្នុង​ទីក្រុង Sochi ថ្ងៃ ២៧ តុលា​។​



​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ឆ្លៀតឱកាស​កោតសរសើរ​បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ ក្នុងការ​ទាក់ទាញ​ការគាំទ្រ ក្នុងពេលដែល​លោក​ផ្តល់​សុន្ទរកថា​នៅ​វេទិកា Valdai club នាទី​ក្រុង Sochi​។ 

​យោងតាម​សារព័ត៌មាន​រុស្ស៊ី RT លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ក៏​យល់ឃើញថា លោក ដូ​ណា​ល់ ត្រាំ ជា​អ្នកនយោបាយ​ដែលមាន​យុទ្ធសាស្ត្រ​ពិសេស​ក្នុងការ​ទាក់ទាញ​បេះដូង​អ្នកគាំទ្រ ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ​លោក​ជឿជាក់ថា លោក ដូ​ណា​ល់ ត្រាំ ជា​អ្នកនយោបាយ​ម្នាក់​ដែល​តំណាង​ឲ្យ​ផលប្រយោជន៍​ប្រជាជន​អាមេរិក​ទូទៅ​ផង​។​

«​លោក ដូ​ណា​ល់ ត្រាំ ជ្រើសរើស​វិធីសាស្ត្រ​មួយ​ដែល​ឈោង​ចាប់​បេះដូង​អ្នកបោះឆ្នោត​។ គាត់​តំណាង​ឲ្យ​ផលប្រយោជន៍​សង្គម​អាមេរិក​និង​អ្នក​ដែល​ធុញទ្រាន់​និង​ក្រុម​អភិជន​ដែល​កាន់អំណាច​រាប់​ទសវត្ស​រ៍​មកហើយ​នោះ​។ គាត់​ជា​អ្នកនយោបាយ​ដែល​តំណាង​ឲ្យ​មនុស្ស​ទូទៅ ហើយ​លោក​ជា​មនុស្ស​សាមញ្ញ​»​។

​តាមពិតទៅ​លោក ដូ​ណា​ល់ ត្រាំ ក៏បាន​លើក​ឡើងជា​ញឹកញយ​ផងដែរ​ថា លោក​អាចធ្វើ​ការងារ​ជាមួយ​លោក ពូ​ទីន បាន ហើយ​លោក​ក៏មាន​ឆន្ទៈ​ចង់​សហការ​ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី​ផងដែរ ក្នុងពេលដែល​លោក​ក្លាយជា​ប្រធានាធិបតី​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ កន្លងមក​មក លោក ដូ​ណា​ល់ ត្រាំ ធ្លាប់​លើកឡើងថា លោក​នឹង​ទទួលស្គាល់​ទឹកដី Crimea ជា​ផ្នែក​មួយ​របស់​រុស្ស៊ី ក្នុងពេល​លោក​ជាប់ឆ្នោត ដោយ​លោក​មិន​អើពើ​ចំពោះ​ការរំលោភច្បាប់​អន្តរជាតិ​របស់​រុស្ស៊ី​ឡើយ​។ 

​ដូច្នេះហើយ គេ​រំពឹងថា​បើសិនជា​លោក ដូ​ណា​ល់ ត្រាំ ជាប់ឆ្នោត​វិញ​នោះ ស្ថានភាព​ទំនាក់ទំនង​រវាង​អាមេរិក​ជាមួយ​រុស្ស៊ី​ប្រហែលជា​ប្រែប្រួល​ច្រើន ហើយ​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ មហាអំណាច​ទាំងពីរ​ក៏​ប្រហែលជា​នឹង​អាច​ចាប់ដៃគ្នា​ដោះស្រាយ​បញ្ហា​សាកលលោក​ផ្សេងទៀត​ជាច្រើន​ផងដែរ​។

​ផ្ទុយស្រឡះ បើសិន​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ជាប់ឆ្នោត​វិញ ទំនាក់ទំនង​រវាង​អាមេរិក​និង​រុស្ស៊ី ប្រហែលជា​អាក្រក់​ជា​ពេលបច្ចុប្បន្ន​ទៅទៀត​។ លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ប្រៀបដូចជា​សត្រូវ​ស៊ីសាច់ហុតឈាម​គ្នា​ដូច្នេះ​ដែរ​។ លោកស្រី​បេក្ខជន​ប្រធានាធិបតី​នេះ តែង​ទិតៀន​មិន​សំចៃមាត់​ចំពោះ​លោកពូ​ទីន និង​គោលនយោបាយ​រុស្ស៊ី តាំងពីដើម​មក​។ ក្នុង​ឆ្នាំ ២០១២ លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន បាន​ចោទប្រកាន់ថា​លោក ពូ​ទីន គេង​បន្លំ​សន្លឹកឆ្នោត​ប្រធានាធិបតី ហើយ​ដល់​ឥឡូវនេះ​លោក​ស្រ​ក៏​បន្ត​ចោទប្រកាន់​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​ថា បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​សង្គ្រាម​នៅ​ក្រុង Aleppo ប្រទេស​ស៊ី​រី ថែមទៀត​៕


Tag:
 ដូ​ណា​ល់ ត្រាំ​
  វ្ល៉ា​ឌី​មៀ ពូ​ទីន
© រក្សាសិទ្ធិដោយ thmeythmey.com