អន្តរជាតិ
នាវា​ល្បាត​ចិន ចាក​ចេញពី​តំបន់​វិវាទ​ជាមួយនឹង​ហ្វីលីពីន ក្រោយ​មេដឹកនាំ​ទាំងពីរ​ចរចា​ត្រូវ​គ្នា ​
29, Oct 2016 , 3:52 pm        
រូបភាព
លោកប្រធានាធិបតីហ្វីលីពីន(ខាងឆ្វេង) ចាប់ដៃលោកប្រធានាធិបធិបតីចិន(ខាងស្តាំ) (រូបភាពដោយ៖ Xinhua)
លោកប្រធានាធិបតីហ្វីលីពីន(ខាងឆ្វេង) ចាប់ដៃលោកប្រធានាធិបធិបតីចិន(ខាងស្តាំ) (រូបភាពដោយ៖ Xinhua)
ដោយ: ថ្មីៗ
រដ្ឋាភិបាល​ក្រុង​ម៉ានីល បាន​អះអាងថា នាវា​ល្បាត​សមុទ្រ​របស់​ចិន បាន​ចាក​ចេញពី​តំបន់​ជម្លោះ​ថ្ម​ប៉ប្រះ​ទឹក Scarborough នៃ​សមុទ្រ​ចិន​ខាងត្បូង​អស់ហើយ​។ អវត្តមាន​នៃ​នាវា​ល្បាត​ទាំងនោះ ត្រូវបាន​មើលឃើញថា កើតឡើង​ក្រោយ​មានការ​ចរចា​គ្នា​រវាង​មេដឹកនាំ​កំពូល​ចិន និង​ហ្វីលីពីន នា​ពេលដែល​ប្រធានាធិបតី​ហ្វីលីពីន​បំពេញ​ទស្សនកិច្ច​ទៅកាន់​ចិន​កាលពីពេល​ថ្មីៗ​នេះ​។​


«​អ្វីដែល​ខ្ញុំ​អាច​និយាយ​នៅពេលនេះ នោះ​គឺ យើង​អង្កេត​ឃើញថា មិនមាន​ក្រុម​នាវា​ល្បាត​របស់​ចិន​នៅក្នុង​តំបន់​ជម្លោះ Scarborough នៃ​សមុទ្រ​ចិន​ខាងត្បូង​ទៀតឡើយ​»​។ នេះ​គឺជា​សេចក្តីថ្លែងការណ៍​របស់​អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន Ernesto Abella នា​សន្និសីទ​សារព័ត៌​នៅ​ថ្ងៃទី​២៨ ខែតុលា​ម្សិលមិញ​នេះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន AFP​។

សូម​ជម្រាប​ផងដែរ​ថា តំបន់​ថ្ម​ប៉ប្រះ​ទឹក Scarborough ត្រូវបាន​ចិន​ចូលទៅ​កាន់កាប់ និង​ល្បាត​ជានិច្ច​ដោយ​មិន​ឲ្យ​អ្នកណា​ចូលទៅ​បានឡើយ ចាប់តាំងពី​ឆ្នាំ​២០១២​មក​។ សូម្បីតែ​សកម្មភាព​នេសាទ​តាមបែប​ប្រពៃណី​ក៏​ចិន​មិន​អនុញ្ញាត​ឲ្យ​ចូលទៅ​ដែរ​។ ការណ៍​ដែល​ចិន ធ្វើបែបនេះ ក្រោយ​មាន​ភាព​តានតឹង​ជាមួយនឹង​ហ្វីលីពីន​នៅក្នុង​ឆ្នាំ​២០១២ ដោយ​ហ្វីលីពីន ទាមទារ​ដាក់​តំបន់​វិវាទ​នេះ​ស្ថិត​ក្រោយ​អធិបតេយ្យ​របស់ខ្លួន ខណៈ​ចិន ក៏​ចាត់ទុក​តំបន់​នោះ​ថា​ជា​កម្មសិទ្ធិ​របស់ខ្លួន​ផងដែរ​នោះ​។

អ្វី​គួរកត់សម្គាល់​នោះ អវត្តមាន​របស់​ក្រុម​នាវា​ល្បាត​សមុទ្រ​របស់​ចិន​នៅក្នុង​តំបន់​វិវាទ​នោះ ក៏​មិនមែនជា​រឿង​ចៃដន្យ​ដែរ ពោលគឺ នោះ ក៏​ព្រោះតែ​រដ្ឋបាល​ថ្មី​របស់លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ដែល​បាន​កាន់អំណាច​ចាប់ពី​ថ្ងៃទី​៣០​ខែមិថុនា​មក បាន​បន្ទន់ឥរិយាបថ​ទៅរក​ចិន​។ ហើយ​អវត្តមាន​កង​ល្បាត​របស់​ចិន​នេះដែរ ក៏​អាចជា​ការផ្តល់​លទ្ធភាព​សម្រាប់​ឲ្យ​អ្នកនេសាទ​ហ្វីលីពីន អាច​ចូលទៅ​នេសាទ​តាមបែប​ប្រពៃណី​នៅក្នុង​តំបន់​នោះ​ឡើងវិញ​ផងដែរ​។​

នេះ ក៏​ជា​លទ្ធផល​ផ្លែផ្កា​មួយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ទៅកាន់​ចិន ដែលជា​កន្លែង​ដែល​លោក ចរចា​រក​ផលប្រយោជន៍​នៃ​សមុទ្រ​ចិន​ខាងត្បូង​ផងដែរ​។ ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​ជួបពិភាក្សា​ជាមួយនឹង​លោក​ប្រធានាធិបតី​ស៊ី ជិន​ពីង​ក្នុងអំឡុង​ទស្សនកិច្ច​ទៅកាន់​ក្រុង​ប៉េកាំង​រយៈពេល​៤​ថ្ងៃ​នាពេល​ថ្មីៗ​នេះ ដោយ​ភាគី​ទាំងពីរ​បាន​ព្រមព្រៀង​បន្ត​ចរចា​គ្នា តែ​មិនបាន​លម្អិត​ថា​តើ​មាន​កិច្ចព្រមព្រៀង​ណាខ្លះ ត្រូវ​បានសម្រេច​ពាក់ព័ន្ធ​នឹង​សមុទ្រ​ចិន​ខាងត្បូង​នោះទេ​។

តែ​អ្វីដែល​គេ​នៅចាំ​នោះ មុនពេល​ចាកចេញ​ទៅកាន់​ក្រុង​ប៉េកាំង លោក​ប្រធានាធិបតី​ហ្វីលីពីន ដែលមាន​រហ័ស​នាម​ថា ជា​«​អ្នក​ដាក់ទណ្ឌកម្ម​» ក៏​ធ្លាប់​ឲ្យ​ដឹង​ពី​របៀបវារៈ​របស់លោក​ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះដែរ​។ នាពេលនោះ​លោក Duterte បាន​បញ្ជាក់ដែរថា លោក នឹង​ស្នើ​ឲ្យ​ចិន​អនុញ្ញាត​ឲ្យ​អ្នកនេសាទ​ហ្វីលីពីន​អាច​បន្តសកម្មភាព​នេសាទ​តាមបែប​ប្រពៃណី​របស់​ពួកគេ​ឡើងវិញ​នៅក្នុង​នៅក្នុង​តំបន់​កោះ Scarborough៕


Tag:
 ​ហ្វីលីពីន​
  ចិន​
  សមុទ្រ​ចិន​ខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com