អន្តរជាតិ
អ្នក​ដាក់ទណ្ឌកម្ម​ហ្វីលីពីន «Duterte» សន្យា «​ឈប់​ប្រើពាក្យ​អសុរោះ និង​ជេរប្រមាថ​ទៀតហើយ​» ​
29, Oct 2016 , 8:39 pm        
រូបភាព
លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte
លោកប្រធានាធិបតីហ្វីលីពីន Rodrigo Duterte
ដោយ: ថ្មីៗ
​លោក​ប្រធានាធិបតី​ហ្វីលីពីន ដែល​គេ​ស្គាល់​ថា​មេដឹកនាំ​មាត់​គ្មាន​គម្រប រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​សន្យាថា លោក នឹង​ឈប់​ប្រើពាក្យ​ជេរប្រមាថ និង​អសុរោះ​ផ្សេងៗ​ទៀតហើយ​។ ការសន្យា​នេះ ត្រូវបាន​លោក ពន្យល់ថា ក្រោយពី​លោក​ទទួលបាន​សារ​ពី​ព្រះ ថាបើ​លោក មិន​បញ្ឈប់​ឥរិយាបថ​បែបនេះ​ទេ លោក អាច​នឹង​ជួប​រឿង​អកុសល​។


​នា​សន្និសីទកាសែត​ទាំងយប់​ថ្ងៃទី​២៧ ខែតុលា​កន្លងទៅ លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​ថ្លែងថា ខណៈពេលដែល​លោក​កំពុងតែ​សំឡឹង​ទៅ​មើល​ពពក​នៅលើ​យន្តហោះ​ក្នុង​ដំណើរ​មាតុភូមិ​និវត្ត​ក្រោយ​បញ្ចប់​ទស្សនកិច្ច​នៅ​ជប៉ុន ហើយ​អ្នក​អមដំណើរ​លោក កំពុងតែ​ដេក​លង់លក់​នោះ លោក បានលឺ​សំឡេង​និយាយថា «​ប្រសិនបើ​អ្នក​មិន​បញ្ឈប់ ការប្រើប្រាស់​ពាក្យ​អសុរោះ​នោះទេ​, ខ្ញុំ នឹងធ្វើ​ឲ្យ​យន្តហោះ​នេះ​ធា្ល​ក់​តែម្តង​»​។

លោក​ប្រធានាធិបតី​រូបនោះ បន្តថា ពេលនោះ លោក ក៏បាន​ឆ្លើយតប​ទៅនឹង​សំឡេង​នោះ​យ៉ាង​ដូច្នេះ​ថា «​អ្នកជា​នរណា​? គឺ​ព្រះ​ជា​ម្ចាស់​។ ខ្ញុំ សូម​សន្យា​ទៅកាន់​ព្រះ​ជា​ម្ចាស់​ថា ... នឹងមិន​ប្រើប្រាស់​ពាក្យ​ចម្លែកៗ អសុរោះ និង​ជេរប្រមាថ​ទៀតឡើយ​»​។ លោក ក៏បាន​បញ្ជាក់​បន្ថែមទៀត​ថា ប្រជាជន នឹង​លឺ​តែ​ពាក្យ​ដែល​ត្រឹមត្រូវ ដោយ​លោក​ពន្យល់ថា នោះ​ក៏​ព្រោះតែ​ការសន្យា​ជាមួយនឹង​ព្រះ ក៏​ជាការ​សន្យា​ទៅកាន់​ប្រជាជន​ហ្វីលីពីន​ដែរ​។

សូម​ជម្រាប​ផងដែរ​ថា លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​ឡើងកាន់​អំណាច​ជា​ប្រធានាធិបតី​ហ្វីលីពីន​ជា​ផ្លូវការ​ថ្ងៃទី​៣០ ខែមិថុនា​។ ទាំង​មុន និង​ក្រោយ​នៃ​ការ​ក្លាយជា​ប្រធានាធិបតី​ហ្វីលីពីន លោក​តែងតែ​ប្រើពាក្យ​អសុរោះ និង​ជេរប្រមាថ​ទៅនឹង​អ្វី ឬក៏​បុគ្គល​ណាមួយ​ដែល​ធ្វើ​ឲ្យ​លោក មិន​សប្បាយចិត្ត និង​ផ្ទុយទៅនឹង​អ្វីដែល​លោក​ចង់បាន​។ កន្លងមក​ទាំង​ស្ថាប័ន​កំពូល​អង្គការសហប្រជាជាតិ សហភាព​អឺរ៉ុប សម្តេច ប៉ាប ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​លោក បាន គី​មូ​ន ជាដើម​នោះ សុទ្ធសឹងតែ​ត្រូវបាន​រង​ការរិះគន់ និង​ជេរប្រមាថ​ដោយ​លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ​ទាំងអស់​៕


Tag:
 ហ្វីលីពីន​
  Rodrigo Duterte
© រក្សាសិទ្ធិដោយ thmeythmey.com