អន្តរជាតិ
ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា​គំរាម​ចាប់​សមាជិក​បក្សប្រឆាំង​ដាក់គុក បើ​ហ៊ាន​ប្រឆាំង​លោក​
29, Oct 2016 , 9:39 pm        
រូបភាព
លោកប្រធានាធិបតីវេណេស៊ុយអេឡា Nocolas Maduro
លោកប្រធានាធិបតីវេណេស៊ុយអេឡា Nocolas Maduro
ដោយ: ថ្មីៗ
ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា​លោក នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ (Nocolas Maduro) បាន​ព្រមាន​ចាប់ខ្លួន​រាល់​សមាជិក​បក្សប្រឆាំង​ដាក់គុក ប្រសិនជា​ពួកគេ​ហ៊ាន​ប្រើ​អំណាចនីតិបញ្ញត្តិ​ដើម្បី​ដកហូត​តំណែង​លោក​។ ប្រធានាធិបតី​រូបនេះ​អះអាងថា វា​ជា​អំពើ​រំលោភ​រដ្ឋធម្មនុញ្ញ​ដែល​បក្សប្រឆាំង​ចង់​ប្រើប្រាស់​សវនាការ​នយោបាយ​កាត់ទោស​លោក​នោះ​។


សមាជិក​បក្ស​ប្រឆាំងនឹង​ត្រូវ​ចាប់ខ្លួន​ដាក់ពន្ធនាគារ បើសិនជា​ពួកគេ​ហ៊ាន​ប្រើប្រាស់​ស្ថាប័ន​នីតិបញ្ញត្តិ​ជា​ផ្លូវ​ដើម្បី​ដក​ហួត​តំណែង​របស់​ប្រធានាធិបតី​។ លោក​ប្រធានាធិបតី​វេ​ណេ​ស៊ុយ​អេ​ឡា​ដែលជា​អ្នកនយោបាយ​សង្គមនិយម នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ បានលើកឡើង​បែបនេះ​នៅ​ថ្ងៃ​សុក្រ​ទី ២៨ តុលា​។

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP  ប្រធានាធិបតី​រដ្ឋ​អាមេរិក​ឡាទីន​រូបនេះ​បាន​ព្រមាន​រាល់​សមាជិក​គណបក្សប្រឆាំង​រួមទាំង​បណ្តា​សមាជិកសភា​ផងដែរ ពេលដែល​ពួកគេ​មាន​ចេតនា​ទម្លាក់​លោក​ពី​តំណែង​។ លោក​អះអាងថា ការប្រើប្រាស់​អំណាច​នីតិ​បញ្ហា​ដកតំណែង​លោក គ្មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ទេ​។​

«​ប្រសិន​ពួកគេ​ចាប់ផ្តើម​សវនាការ​នយោបាយ ដែល​មិនមាន​កំណត់​ក្នុង​រដ្ឋធម្មនុញ្ញ ស្ថាប័នរដ្ឋ​អាជ្ញា​ក៏មាន​សិទ្ធិ​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ​និង​ចាប់ខ្លួន​ពួកគេ​ដាក់គុក ព្រោះ​ពួកគេ​រំលោភ​រដ្ឋធម្មនុញ្ញ​។ ចាប់ខ្លួន​ទាំងអស់ ទោះជា​ពួកគេ​ជា​សមាជិកសភា​ក៏ដោយ​»​។​នេះ​ជា​សារ​ព្រមាន​របស់លោក ម៉ា​ឌុយ​រ៉ូ ផ្ញើ​ទៅ​បក្សប្រឆាំង​និង​អ្នក​ដែល​ប្រឆាំង​លោក​គ្រប់គ្នា​។​

ការព្រមាន​នេះ​ធ្វើឡើង​ស្របពេល​ដែល បក្សប្រឆាំង​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ចូលរួម​ដាក់​សម្ពាធ​លើ​ប្រធានាធិបតី​ដើម្បី​បង្ខំ​ឲ្យ​លោក​ចុះ​ចេញពី​តំណែង​។ ហើយ​នៅ​ថ្ងៃ​សុក្រ​នេះ គេ​ឃើញ​មាន​ចលនា​កូដកម្ម​កើតឡើង​ដែរ ដោយ​ចលនា​នេះ​ធ្វើឡើង​ក្រោយ​ពេលដែល​រដ្ឋាភិបាល​ហាមផ្តាច់​មិន​ឲ្យ​មាន​ការធ្វើប្រជាមតិ​ដើម្បី​ដកហូត​តំណែង​លោក ម៉ា​ឌុយ​រ៉ូ​នោះ​។ ក្រុមប្រឆាំង​កន្លងមក បាន​ដើរ​ប្រមែរ​ប្រមូល​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ពី​ការមិន​ពេញចិត្ត​ចំពោះ​ការដឹកនាំ​របស់​ប្រធានាធិបតី​បច្ចុប្បន្ន ព្រោះ​រដ្ឋាភិបាល​មិនបាន​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ប្រជាជន​ឡើយ​។​

វេ​ណេ​ស៊ុយ​អេ​ឡា​កំពុង​ប្រឈម​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ ហើយ​តម្លៃ​ប្រេង​ធ្លាក់ចុះ​ខ្លាំង​ក៏​រឹតតែ​ធ្វើ​ឲ្យ​រដ្ឋ​អាមេរិក​ឡា​ទីមួយ​នេះ​រងគ្រោះ​ទ្វេដង​។ តម្លៃ​ទំនិញ​ឡើងថ្លៃ ចំណីអាហារ​ខ្វះខាត ហើយ​ចលនា​បាតុកម្ម​របស់​ប្រជាជន​កើត​ឡើងជា​បន្តបន្ទាប់​។  អត្រា​អតិផរណា​នៅត្រឹម​ឆ្នាំ នេះ​កើន​ឡើងដល់ ៤៧៥ ភាគរយ ហើយ​គេ​វាយតម្លៃថា វា​នឹង​កើនឡើង​ដល់ ១៦៦០​ភាគរយ​នៅ​ឆ្នាំ​ក្រោយនេះ​។​

ទាក់ទិន​នឹង​វិបត្តិ​ន​នេះ​ប្រធានាធិបតី​បច្ចុប្បន្ន​បាន​ចោទថា  វិបត្តិ​ដែល​កើតឡើង​សុទ្ធតែជា​ផែនការ​កខ្វក់​របស់​ក្រុម​មាន​និន្នាការ​ទៅរក​របប​មូលធននិយម ប៉ុន្តែ​ក្រុមប្រឆាំង​បាន​បន្ទោស​ថា វា​មកពី​គោលនយោបាយ​សេដ្ឋកិច្ច​របស់​ប្រធានាធិបតី​ទៅវិញ​។ ហើយ​កាលពីដើម​សប្តាហ៍ សភា​វេ​ណេ​ស៊ុយ​អេ​ឡា បាន​បើក​កិច្ចប្រជុំ​ពិសេស​មួយ ដើម្បី​ដាក់​សម្ពាធ​លើ​ប្រធានាធិបតី Nicolas Maduro ដោយ​គេ​ចោទប្រកាន់ថា លោក​បាន​រំលោភបំពាន​ប្រជាធិបតេយ្យ និង​បំពាន​ច្បាប់​ប្រទេស​។ សភា​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ដែល​ដឹកនាំ​ដោយ​បក្សប្រឆាំង ក៏បាន​អនុម័ត​សេចក្ដីសម្រេច​មួយចំនួន​ដែល​ស្នើ​ឲ្យ​សហគមន៍​អន្តរជាតិ​គាំទ្រ​ក្រុម​បក្សប្រឆាំង​ដែលមាន​ចេតនា​ទម្លាក់​លោក Maduro ពី​តំណែង​នោះ​។​

តាមពិតទៅ​វិបត្តិ​សេដ្ឋកិច្ច​ជា​រឿង​មួយ តែ​នយោបាយ​ធ្លាក់​ក្នុង​ភាពចលាចល​ក្រោយពេល​ពេល​ក្រុមប្រឆាំង​ឈ្នះឆ្នោត​សភា​កាលពី​ចុង​ឆ្នាំមុន​។ ជ័យជម្នះ​របស់​ក្រុមប្រឆាំង​បង្ខំ​ឲ្យ​ប្រធានាធិបតី​ចែករម្លែក​អំណាច​ខ្លះ​ឲ្យ​សភា​ដែល​កាន់កាប់​ដោយ​បក្សប្រឆាំង ដែល​វា​ជា​រឿង​ដំបូង​បំផុត​មិន​ធ្លាប់មាន​ចាប់ពី​អតីត​មេដឹកនាំ​សង្គមនិយម Hugo Chavez ឡើងកាន់​អំណាច​ឆ្នាំ ១៩៩៩​មក​នោះ​៕


Tag:
 វេ​ណេ​ស៊ុយ​អេ​ឡា​
  Nocolas Maduro
© រក្សាសិទ្ធិដោយ thmeythmey.com