អន្តរជាតិ
តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ មិនមែន​បង្កើត​ដើម្បី​ប្រឆាំង​រដ្ឋ​ណាមួយ​ឡើយ តែ​ដើម្បី​រក​យុត្ត​ធម៌​នៅពេល​...
01, Nov 2016 , 7:39 pm        
រូបភាព
ដោយ:
​ប្រធាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅ​ថ្ងៃទី​៣១ ខែតុលា បាន​ថ្លែង​ទៅកាន់​មហាសន្និបាត​អង្គការសហប្រជាជាតិ​ពី​សមិទ្ធផល និង​សកម្មភាព​របស់ខ្លួន​ដែល​បានសម្រេច​នៅ​ឆ្នាំ​២០១៥-២០១៦​កន្លងមក​។ ប្រធាន​តុលាការ បាន​អះអាងថា តុលាការ សម្រេចបាន​សមិទ្ធផល​គួរ​ឲ្យ​កត់សម្គាល់ និង ថែមទាំង​ផ្ញើ​សារ​ទៅកាន់​រដ្ឋ​ភាគី​នៃ​សន្ធិសញ្ញា​ក្រុង​រ៉ូម​ដែល​កំពុងតែ​ចង់​ចាក​ចេញពី​តុលាការ​ឲ្យ​គិតពី​សារសំខាន់​នៃ​តុលាការ​នេះ​ផងដែរ​។



​នាឱកាស​នៃ​ការធ្វើ​បទ​បង្ហាញ​របាយការណ៍​ប្រចាំឆ្នាំ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ លោកស្រី Silvia Fernández de Gurmendi ប្រធាន​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បាន​ថ្លែងថា តាំងពី​តុលាការ​បាន​បង្កើត​មក តុលាការ បានសម្រេច​បាន​នូវ​សមិទ្ធផល​យ៉ាងសំខាន់​ក្នុងការ​ឆ្លើយតប​បទល្មើស​ដែលជា​ក្តីបារម្ភ​របស់​សហគម​ន៍​អន្តរជាតិ​ដូចជា​ការប្រើប្រាស់​កុមារ​ក្នុង​វិស័យ​យោធា ហិង្សា​ផ្លូវភេទ ការវាយប្រហារ​លើ​ជន​ស៊ីវិល និង​ការបំផ្លាញ​ទ្រព្យសម្បត្តិ​វប្បធម៌​ជាដើម​។

​លោកស្រី​ប្រធាន បាន​បន្ថែមថា ការបង្កើត​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ បានផ្តល់​សំឡេង​មួយ​សម្រាប់​ជនរងគ្រោះ ដែលមាន​លទ្ធភាព​ក្នុងការ​ចូលរួម​នីតិវិធី​តុលាការ និង​ស្នើ​ឲ្យ​មានការ​ផ្តល់​សំណង​វិញ​ផងដែរ​នោះ​។ តែ​យ៉ាងណាក៏ដោយ ប្រធាន​តុលាការ​រូបនោះ ក៏បាន​សង្កត់ធ្ងន់​ផងដែរ​ថា ដើម្បី​នាំយក​ឧក្រិដ្ឋជន​មកកាន់​ទោស និង​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ជុំវិញ​ពិភពលោក​នោះ តុលាការ ក៏ត្រូវ​ធានា​ពី​ភាព​ស្ថិត​ស្ថិរ និង​ភាព​រីក​ទៅមុខ​របស់ខ្លួន​ដែរ​។ នេះ មានន័យថា វា​ទាមទារ​ឲ្យ​មាន​ការចូល​សហការ​ពី​គ្រប់​បណ្តា​ភាគី​នៃ​សន្ធិសញ្ញា​ក្រុង​រ៉ូម និង​ភាគី​ផ្សេងទៀត​ដែល​មិនទាន់​ក្លាយជា​សមាជិក​ផ្លូវការ​។

​ការ​ថ្លែង​បែបនេះ​នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់​ប្រធាន​តុលាការ​រូបនោះ ក៏​ស្របពេល​តុលាការ​កំពុងតែ​ប្រឈម​នឹង​បណ្តា​ប្រទេស​សមាជិក​នៅ​តំបន់​អាហ្វ្រិក​មួយចំនួន កំពុងតែ​ប្រកាស​បញ្ចប់​សមាជិកភាព​របស់​ពួកគេ ក្រោយ​តុលាការ ចេញ​សារ​ព្រមាន​ក្នុងការ​កាត់ទោស​មេដឹកនាំ​នយោបាយ​ធំៗ​ទាំងនោះ​ពាក់ព័ន្ធ​ការបំពាន​បញ្ហា​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នោះ​។ ប្រទេស​ទាំងនោះ​រូ​ម​មាន​ប៊ូ​រុន​ឌី អាហ្វ្រិក​ខាងត្បូង និង​ហ្កំ​ប៊ី បានដាក់​សំណើ​បញ្ចប់​សមាជិក​ភា​ពី​ពី​តុលាការ​ក្រោម​ហេតុផល​ស្រដៀងៗ​គ្នា គឺ ថា​តុលា​ការដាក់​ទិសដៅ​តែ​ប្រទេស​តំបន់​អាហ្វ្រិក​ប៉ុណ្ណោះ​។

​តែ​យ៉ាងណាក៏ដោយ លោកស្រី​ប្រធាន​តុលាការ នៅតែ​លើក​ពី​សារៈសំខាន់​នៃ​ការ​ក្លាយជា​ភាគី​នៃ​លក្ខន្តិកៈ​នៃ​សន្ធិសញ្ញា​ក្រុង​រ៉ូម និង​ទទូច​ឲ្យ​បណ្តា​រដ្ឋ​ក្នុងការ​សហការ​ជាមួយនឹង​តុលាការ​ដើម្បី​ប្រឆាំង​ឧក្រិដ្ឋជន ដែល​តែងតែ​ប្រើប្រាស់​អភ័យឯកសិទ្ធិ និង​បុព្វសិទ្ធិ​ខ្លួន​ដើម្បី​គេចវេស​ពី​សំណាញ់​ច្បាប់​នោះ​។​

​ជាងនេះទៅទៀត​នោះ លោកស្រី ថែមទាំង​បញ្ជាក់​ធ្ងន់​ទៀតថា «​តុលាការ​បង្កើត​មក​មិនមែន​ដើម្បី​ជំនួស ឬ​ប្រកួតប្រជែង​ជាមួយនឹង​រដ្ឋ​ណាមួយ​ឡើយ​។ ផ្ទុយទៅវិញ រដ្ឋ មានកា​ត្វ​កិច្ច និង​សិទ្ធិ​ក្នុងការ​ស៊ើបអង្កេត និង​កាត់ទោស​លើ​ឧក្រិដ្ឋជន​ដោយ​ខ្លួន​។ តួនាទី​របស់​តុលាការ គឺជា​ផ្តល់​យុត្តិធម៌​តែ​នៅពេលដែល រដ្ឋ​គ្មាន​សមត្ថភាព​កាត់ទោស​ឧក្រិដ្ឋជន​ប៉ុណ្ណោះ​»​។

​សូម​ជម្រាប​ផងដែរ​ថា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ត្រូវបាន​បង្កើត​ឡើងជា​ផ្លូវការ​តាមរយៈ​លក្ខន្តិកៈ​ទីក្រុង​រ៉ូម នៅ​ឆ្នាំ​២០០២ ក្រោយពី​លក្ខន្តិកៈ​នោះ បានអនុម័ត​ដោយ​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​ឆ្នាំ​១៩៩៨​។ តុលាការ​នេះ មាន​យុត្តាធិការ​លើ​សំណុំរឿង​ចំនួន​បួន មានដូចជា បទឧក្រិដ្ឋ​សង្គ្រាម​, បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​, ប្រល័យពូជសាសន៍ និង​បទឧក្រិដ្ឋ​ឈ្លានពាន​។
 
​ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ រដ្ឋ​អាហ្វ្រិក​បាន​ចោទប្រកាន់​តុលាការ​នេះ​ថា​ជា​តុលាការ​ចក្រពត្តិ​ដែល​បង្កើត​មក​កាត់ទោស​តែ​។ ហើយ​ប្រទេស​ជាច្រើន​បាន​បន្តកន្ទុយ​គ្នា​ដើរ​ចេញពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នេះ​ទៀត ក្នុងនោះ​មាន​ប៊ូ​រុន​ឌី​, អាហ្វ្រិក​ខាងត្បូង​ជាដើម​។ ហើយ​ប្រទេស​កេ​ន​យ៉ា​, អ៊ូ​ហ្ក​ង់​ដា និង ណា​មី​ប៊ី ក៏​សុទ្ធ​តែមាន​គម្រោង​ចង់​ដើរ​ចេញពី​តុលាការ​នេះដែរ​៕


Tag:
 ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​
  អាហ្វ្រិក
© រក្សាសិទ្ធិដោយ thmeythmey.com