អន្តរជាតិ
De Pecol នឹង​ក្លាយជា​មនុស្ស​ទី​១​ដែល​ទស្សនា​បាន​១៩៦​ប្រទេស​ក្នុង​រយៈពេល​លឿន​បំផុត​
02, Nov 2016 , 7:39 am        
រូបភាព
ដោយ: ធីតា
 
 
​ចាប់ផ្តើម​តាំងពី​ខែកក្កដា ឆ្នាំ​២០១៥ កញ្ញា Cassie De Pecol បានដាក់​ទិសដៅ​ទស្សនា​ឲ្យ​បាន​១៩៦​ប្រទេស​នៅលើ​ពិភពលោក​។ រយៈពេល​១៥​ខែ​កន្លងមក យុវតី​វ័យ​២៧​ឆ្នាំ​ដែល​មកពី​ក្រុង Connecticut សហរដ្ឋអាមេរិក​រូប​នេះ បានធ្វើ​ដំណើរ​ទេសចរ​ណ៍​ទៅកាន់​ប្រទេស​ចំនួន​១៨០​រួចហើយ ដែល​ក្នុងនោះ មាន​កម្ពុជា​ផងដែរ​។​

 
​ជាង​មួយខែ​ទៀត​ប៉ុណ្ណោះ កញ្ញា Cassie De Pecol ជនជាតិ​អាមេរិក​វ័យ​២៧​ឆ្នាំ នឹង​ក្លាយជា​មនុស្ស​តំបូង​ដែល​បាន​ទស្សនា​ប្រទេស​ចំនួន​១៩៣​ដែលជា​សមាជិក​អង្គការសហប្រជាជាតិ រួមទាំង​កោះ​តៃវ៉ាន់ កូ​សូ​វូ និង​ប៉ា​ឡេ​ស្ទី​ន ។ វា​ដំណើរ​ទេសចរណ៍​ក្នុង​រយៈពេល​ដ៏​លឿន​បំផុត បើ​គិត​ចាប់តាំងពី​នាង​ចាប់ផ្តើម​នៅ​ខែកក្កដា ឆ្នាំ​២០១៥​មក​។​
 
​ក្នុង​រយៈពេល​១៥ ខែ De Pecol បាន​ឆ្លងកាត់​ដំណើរ​ទេសចរណ៍​នៅ​ប្រទេស​ចំនួន​១៨០​រួចទៅហើយ​។ ដំណើរ​ទេសចរណ៍​រប​ស់ De Pecol ធ្វើឡើង​ក្រោម​គម្រោង «Expedition 196» ដោយមាន​ការចូលរួម​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ជាច្រើន ជាពិសេស​សម្រាប់​ការចាយវាយ​លើ​ការធ្វើដំណើរ និង​ការ​ស្នាក់នៅ​។​
 
​រយៈពេល​១៥​ខែ De Pecol បាន​ចំណាយ​ប្រមាណ​១៩៨ ០០០​ដុល្លារ​អាមេរិក ដោយ​ឆ្លងកាត់​ការហោះហើរ​ចំនួន​២៥៤​លើក​។ បេសកកម្ម​របស់ De Pecol គឺ​ក្នុងនាម​ជា​ទូត​សន្តិភាព​របស់​វិទ្យាស្ថាន​សន្តិភាព​អន្តរជាតិ ដែល​ធ្វើឡើង​ក្នុង​គោលបំណង​លើកកម្ពស់​បរិស្ថាន សន្តិភាព តាមរយៈ​វិស័យ​ទេសចរណ៍​។ នាង​ប្រើប្រាស់ Instagram របស់ខ្លួន​ដើម្បី​ផ្សព្វផ្សាយ​ពី​គោលដៅ​នានា​ដែល​ខ្លួន​ទៅដល់​។​
 
​ជាទូទៅ De Pecol ចំណាយពេល​ស្នាក់នៅ​ពី​២ ទៅ​៥​ថ្ងៃ​ក្នុងប្រទេស​នីមួយៗ ដោយ​កាន់​លិខិតឆ្លងដែន​ចំនួន​៤​នៅជាប់​ជាមួយ​។​
 
​កាលពី​ឆ្នាំ​២០១៤ លោក Graham Hughes ក្លាយជា​មនុស្ស​ទីមួយ​ដែល​បានបញ្ចប់​ការ​ទស្សនា​រាល់​ប្រទេស​ទាំងអស់​លើ​ពិភពលោក​ក្នុង​រយៈពេល​ក្រោម​៤​ឆ្នាំ​៕
 





Tag:
 ​ទេសចរណ៍​
  សន្តិភាព
© រក្សាសិទ្ធិដោយ thmeythmey.com