អន្តរជាតិ
ប្រមុខ​អង្គការសហប្រជាជាតិ ខកចិត្ត និង​ចង់​ឲ្យ​អាហ្វ្រិក​ខាងត្បូង​ពិចារណា​ឡើង​វិ​ញ​ពី​ការចាកចេញ​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​
01, Nov 2016 , 4:01 pm        
រូបភាព
លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ
លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ
ដោយ:
​ការតម្រង់​ជួរ​គ្នា​ដើរ​ចេញពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​របស់​ប្រទេស​តំបន់​អាហ្វ្រិក បានធ្វើ​ឲ្យ​ពិភពលោក​មើលឃើញ​ពី​កម្សោយ​នៃ​ស្ថាប័ន​នោះ​។ ដោយសារតែ​បញ្ហា​នេះ ក៏បាន​ធ្វើ​ឲ្យ​ប្រមុខ​អង្គការសហប្រជាជាតិ​លោក បាន គី​មូ​ន មិន​សប្បាយចិត្ត​ប៉ុន្មាន​នោះទេ​។ លោក បាន គី​មូ​ន ថែមទាំង​បាន​ទូរ​សព្ទ​ទៅ​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង​ដើម្បី​ឲ្យ​ពិចារណា​ឡើងវិញ​ចំពោះ​ចេតនា​ការចាកចេញ​ពី​តុលាការ​នោះ​ទៀតផង​។



​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ជិត​ផុត​អាណត្តិ លោក បាន គី​មូ​ន បាន​ទូរ​សព្ទ​ទៅ​លោក​ប្រធានាធិបតី​អាហ្វ្រិក​ខាងត្បូង ជេ​កខ​ប ហ្ស៊ូ​ម៉ា (Jacob Zuma) ។ ក្នុង​កិច្ច​ស​ន្ទ​ន​នោះ លោក បានទទួល​ស្គាល់​ពី​ភាព​ដឹកនាំ​របស់​អាហ្វ្រិក​ខាងត្បូង ក្នុងការ​ដោះស្រាយ​លើ​បញ្ហា​ប្រឈម​សកល ជាពិសេស​ពាក់ព័ន្ធ​នឹង​សន្តិភាព និង​សន្តិសុខ​នៅ​អាហ្វ្រិក និង​កិច្ចព្រមព្រៀង​បម្រែបម្រួល​អាកាស​ផងដែរ​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​ដែល​ចេញផ្សាយ​ដោយ​ការិយាល័យ​របស់លោក​អគ្គ​លេខាធិការ​រូបនោះ​នៅ​ថ្ងៃទី​៣០ ខែតុលា​កន្លងទៅ​។

​ទន្ទឹមនឹង​ការទទួលស្គាល់​ពី​តួនាទី​របស់​អាហ្វ្រិក​ខាងត្បូង លោក បាន គី​មូ​ន ក៏​ប្រា​ប់លោក​ប្រធានាធិបតី Jacob Zuma ថា លោក ពិតជា​សោកស្តាយ​ចំពោះ​ការសម្រេចចិត្ត​របស់រ​ដ្ឋា​ភិ​បាល​អាហ្វ្រិក​ខាងត្បូង​ក្នុងការ​ដកខ្លួន​ចេញពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដោយ​លោក បានលើកឡើង​ពី​កិច្ចប្រឹងប្រែង​របស់​អាហ្វ្រិក​ខាងត្បូង​ក្នុងការ​ដឹកនាំ​ការចរចា​ដើម្បី​អនុម័ត​លក្ខន្តិកៈ​ក្រុង​រ៉ូម និង​ជា​ហត្ថលេខី​ដំបូង​គេ​នៃ​កិច្ចព្រមព្រៀង​នោះ​ផងដែរ​នោះ​។

​ប្រមុខ​អង្គការសហប្រជាជាតិ​រូបនោះ ក៏​សង្ឃឹមថា អាហ្វ្រិក​ខាងត្បូង នឹង​ពិចារណា​ឡើងវិញ​ចំពោះ​សេចក្តីសម្រេច​របស់ខ្លួន មុនពេល ដែល​សេចក្តីសម្រេច​នោះ ចូល​ជា​ធរមាន​នៅក្នុង​រយៈពេល​១២​ខែក្រោយ​។

​សូម​ជម្រាប​ផងដែរ​ថា នៅ​ថ្ងៃទី​២១ ខែតុលា​កន្លងទៅ រដ្ឋមន្ត្រី​យុត្តិធម៌​អាហ្វ្រិក​ខាងត្បូង​លោក Michael Masutha បាន​អះអាងថា រដ្ឋាភិបាល​លោក បានដាក់​សេចក្តីព្រាងច្បាប់​ទៅកាន់​សភា​ដើម្បី​អនុម័ត​ពី​ការចាកចេញ​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដោយ​លោក បញ្ជាក់​ហេតុផល​ថា តុលាការ មិន​គោរព​បុព្វសិទ្ធិ​ការទូត​របស់​ប្រទេស​សមាជិក ក៏ដូចជា​តុលាការ កាត់ទោស​តែ​មេដឹកនាំ​អាហ្វ្រិក​ប៉ុណ្ណោះ​។​

​ផែនការ​របស់​អាហ្វ្រិក​ខាងត្បូង ត្រូវបាន​ធ្វើឡើង​ក្រោយ​ប៊ូ​រុន​ឌី ដែលជា​ប្រទេស​តំបន់​អាហ្វ្រិក​ដូចគ្នា​នោះ បានអនុម័ត​ច្បាប់​ចាក​ចេញពី​តុលាការ​រួចទៅហើយ​។ សភាជាតិ​ប៊ូ​រុន​ឌី បាន​បោះឆ្នោត​ផ្ទៃក្នុង​ដើម្បី​សម្រេចចិត្ត​ដើរចេញ​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ដែល​បាននិងកំពុង​តែបើ​ក​ការស៊ើបអង្កេត​លើ​រដ្ឋាភិបាល​ប៉ូ​រុន​ឌី​លើ​ការបំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នោះ​។ ការសម្រេច​បោះឆ្នោត​ដើរចេញ​នេះ ក៏​ស្រប​នឹង​ហេតុផល​របស់​រដ្ឋាភិបាល​ប្រទេស​អាហ្វ្រិក​ខាងកើត​មួយ​នេះ អះអាងថា តុលាការ​ដាក់​គោលដៅ​កាត់ទោស​តែ​ប្រទេស​តំបន់​អាហ្វ្រិក​ប៉ុណ្ណោះ​៕


Tag:
 ​អាហ្វ្រិក​ខាងត្បូង​
  តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com