អន្តរជាតិ
រុស្ស៊ី​៖ សមាជិក UNSC ចាប់ផ្តើម​គាំទ្រ​ការបែងចែក​រវាង​ភេរវជន និង​ក្រុម​ឧទ្ទាម​នៅ​ស៊ី​រី
01, Nov 2016 , 8:39 pm        
រូបភាព
ដោយ: ថ្មីៗ
​តំណាង​អចិន្ត្រៃយ៍​របស់​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ អះអាងថា​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ចាប់ផ្តើម​យល់ច្បាស់​ពី​សារសំខាន់​នៃ​ការ​បំបែក​ក្រុម​ឧទ្ទាម​ពី​ក្រុម​ភេរវជន​នៅ​ស៊ី​រី​ហើយ​។ ហើយ​បច្ចុប្បន្ន​រុស្ស៊ី​ក៏​កំពុង​ជំរុញ​ឲ្យ​សមាជិក​ចាត់វិធានការ​រួមគ្នា​ប្រឆាំង​មនោគមន៍វិជ្ជា​ជ្រុលនិយម​របស់​ក្រុម​ភេរវជន​នៅ​ស៊ី​រី​ផងដែរ​។​



​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ចាប់ផ្តើម​យល់​ពី​ជំហរ​របស់​រុស្ស៊ី​ក្នុងការ​បែងចែក​ឲ្យ​ដាច់​គ្នា​រវាង​ក្រុម​ភេរវជន​និង​ក្រុម​ឧទ្ទាម​នៅ​ស៊ី​រី​។ ហើយ​វា​ជា​សញ្ញា​វិជ្ជមាន​មួយ​ក្នុងការ​ឈានទៅ​ដោះស្រាយ និង​កម្ចាត់​ក្រុម​ភេរវជន​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​នោះ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS បេស​សក​ជន​ពិសេស​របស់​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ Vitaly Churkin បាន​ថ្លែង​ប្រកបដោយ​សុទិដ្ឋិនិយម​ថា សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ចាប់ផ្តើម​យល់ច្បាស់​ពី​សារសំខាន់​នៃ​ការបែងចែក​រវាង​ភេរវជន​និង​ក្រុម​ឧទ្ទាម ហើយ ទោះជា​មិនទាន់មាន​ការឯកភាព​គ្នា​ពេញលេញ​ក្នុងការ​ដោះស្រាយ​បញ្ហា​ស៊ី​រី​ក៏ដោយ​។

​លោក​ថ្លែងថា​៖ «​វា​មិនទាន់មាន​សំឡេង​រួមគ្នា​ជុំវិញ​វិបត្តិ​នៅ​ទីក្រុង Aleppo ក៏ដោយចុះ ខ្ញុំ​ជឿជាក់ថា ការយល់ដឹង​ពី​ភាពចាំបាច់​ក្នុងការ​បែងចែក​ឲ្យ​ដាច់ស្រឡះ​រវាង​ភេរវជន និង ក្រុម​ឧទ្ទាម មានការ​កើនឡើង​ក្នុងចំណោម​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​»​។​

​អ្នកការទូត​រូបនេះ​ពន្យល់ថា វា​មិនមែនជា​សកម្មភាព​ដែល​ធ្វើឡើង​ដើម្បី​បំពេញតម្រូវការ​រដ្ឋ​ណាមួយ​ទេ ប៉ុន្តែ​វា​ជា​កាតព្វកិច្ច​មួយ​ដែល​ត្រូវបាន​កំណត់ដោយ​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​ក្រុម​អន្តរជាតិ​គាំទ្រ​ស៊ី​រី​តែប៉ុណ្ណោះ ដែល​ត្រូវ​បែងចែក​ដូច្នេះ​។​

​មកដល់ពេលនេះ រុស្ស៊ី និង​អាមេរិក រួមទាំង​ប្រទេស​ក្នុង​តំបន់​ជាច្រើន​ផង​នោះ​កំពុង​ជជែក​ពិភាក្សា​លើ​គម្រោង​បែងចែក​ឲ្យ​ដាច់​រវាង​ក្រុម​ភេរវជន​និង​ក្រុមប្រឆាំង​រដ្ឋាភិបាល​។ ប៉ុន្តែ វា​មិនទាន់មាន​ការសម្រេច​ចេញ​ជា​លទ្ធផល​ចុងក្រោយ​នោះឡើយ​។​

​កន្លងមក​រុស្ស៊ី​តែង​តែង​រង​ការចោទប្រកាន់​ពី​សំណាក់​លោកខាងលិច​ពាក់​ព័ន្ធ​ការវាយប្រហារ​តាមផ្លូវ​អាកាស​របស់ខ្លួន​។ អាមេរិក​ថា រុស្ស៊ី​យក​លេស​អន្តរាគមន៍​នៅ​ស៊ី​រី​ដើម្បី​វាយ​សំពោង​ក្រុម​ឧទ្ទាម តែ​រុស្ស៊ី​ថា ខ្លួន​វាយប្រហារ​ក្រុម​ភេរវជន​ប៉ុណ្ណោះ​។ រុស្ស៊ី​ក៏​រិះគន់​អាមេរិក​វិញ​ដែរ ព្រោះ​អាមេរិក​ស្ទាក់ស្ទើរ​ក្នុងការ​ចាត់វិធានការ​ប្រឆាំង​ក្រុម​ភេរវជន​នៅក្នុង​ទឹកដី​ស៊ី​រី​។ ដូច្នេះ​បើ​មានការ​បែងចែក​ច្បាស់​រវាង​ក្រុម​ឧទ្ទាម​និង​ក្រុម​ភេរវជន វា​នឹង​ជួយ​សម្រួល​ដល់​ប្រតិបត្តិ​ការប្រឆាំង​ភេរវកម្ម​។

​ក្រៅពី​ជំរុញ​ឲ្យ​មានការ​ទទួលស្គាល់​ពី​ភាពចាំបាច់​នៃ​ការបែងចែក​ឲ្យ​ដាច់​រវាង​ភេរវជន​និង​ក្រុម​ឧទ្ទាម​នេះ រុស្ស៊ី​ក៏​បន្ត​កៀងគោ​ឲ្យ​មានការ​ពិភាក្សាគ្នា​ពី​សេចក្តី​ដំណោះស្រាយ​ដែល​រុស្ស៊ី​ស្នើឡើង​ពាក់ព័ន្ធ​ការប្រឆាំង​មនោគមន៍វិជ្ជា​ជ្រុលនិយម​ផងដែរ​។​

​លោក Vitaly Churkin បាន​ពន្យល់ថា ដំណោះស្រាយ​របស់​រុស្ស៊ី​គឺ​ផ្តោត​សំខាន់​លើ​ប្រព័ន្ធ​ឃោសនា​ការដែល​ប្រឆាំង​ការផ្សព្វផ្សាយ​មនោគមន៍​វិជ្ជា​ជ្រុលនិយម និង​រាល់​សកម្មភាព​ទាំងឡាយ​ដែល​ជំរុញ​ឲ្យ​មាន​ភេរវកម្ម​កើតឡើង​។ ថ្វីបើ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ឬ​ក្រុម​ដែ​ស្ហ​ថមថយ​ឥទ្ធិពល​នៅ​ស៊ី​រី​និង​អ៊ីរ៉ាក់​ក្តី ក្រុម​នេះ​នៅតែ​អាច​អូសទាញ​ក្រុម​សកម្មប្រយុទ្ធ​ថ្មី​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ផ្សព្វផ្សាយ​មនោគមន៍វិជ្ជា​របស់ខ្លួន​។

​តំណាង​ក្រុង​មូ​ស្គូ​រូបនេះ​បាន​បន្តថា ប្រទេស​ជា​សមាជិក​គួរ​យកចិត្តទុកដាក់​លើ​បណ្តា​អ៊ិន​ធឺ​ណែ​ត និង​រាល់​បណ្តាញ​សង្គម​នានា ព្រោះ​វា​ជាទី​កន្លែង​ដែល​មនោគមន៍វិជ្ជា​ជ្រុលនិយម​ត្រូវបាន​គេ​ផ្សព្វផ្សាយ​។ ហើយ​ភាពទំនើប​នៃ​បច្ចេកវិទ្យា​ពិភពលោក នេះ​ក៏​រឹតតែ​ធ្វើ​ឲ្យ​ការ​សាយភាយ​នៃ​មនោគមន៍វិជ្ជា​កាន់តែ​កើនឡើង​ខ្លាំង​ថែម​ទៀតផង​៕


Tag:
 Vitaly Churkin
  ​រុស្ស៊ី​
  ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com