អន្តរជាតិ
ជប៉ុន ពន្យារពេល​៣​ខែ​ទៀត​ក្នុងការ​អនុវត្ត​បទបញ្ជា​ស្វ័យការពារ​ដើម្បី​ត្រៀម​បាញ់​ស្ទាក់​មី​ស៊ី​ល​កូរ៉េខាងជើង
01, Nov 2016 , 9:59 pm        
រូបភាព
ប្រព័ន្ធស្វ័យការពារជប៉ុន (ប្រភពរូបភាព៖ Kyodo)
ប្រព័ន្ធស្វ័យការពារជប៉ុន (ប្រភពរូបភាព៖ Kyodo)
ដោយ:
​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ បាន​បន្ថែម​រយៈពេល​បី​ខែ​ទៀត​ក្នុងការ​អនុវត្ត «​បទបញ្ជា​នៃ​ការប្រើប្រាស់​កងកម្លាំង​ស្វ័យការពារ​»​ដើម្បី​បាញ់​ស្ទាក់ ឬ​កម្ទេចចោល​រាល់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ទាំងឡាយណា ដែល​បាញ់​ចេញពី​កូរ៉េខាងជើង​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ជប៉ុន Kyodo នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា​នេះ ដែល​បាន​ចុះផ្សាយ​ដោយយោង​តាម​ប្រភព​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​។



​សារព័ត៌មាន​ដដែល​នោះ បាន​បញ្ជាក់ថា ការសម្រេច​បន្ថែម​ពេលនោះ ធ្វើឡើង​ដើម្បី​រក្សា​សមត្ថភាព​បាញ់​ស្ទាក់​គ្រប់ពេល​របស់​កងកម្លាំង​ស្វ័យការពារ​របស់ខ្លួន ខណៈ សកម្មភាព​កូរ៉េខាងជើង នា​រយៈពេល​ចុងក្រោយ​នេះ ត្រូវបាន​គេ​សង្ស័យថា កំពុងតែ​ចល័ត​មី​ស៊ី​ល​បាលី​ស្ទីក ដែល​នឹង​បាញ់​សាកល្បង​គ្រប់ពេល​ផងដែរ​។

​សូម​ជម្រាប​ផងដែរ​ថា នៅ​ខែសីហា​កន្លងទៅ រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន លោកស្រី Tomomi Inada បានសម្រេច​ដំឡើង និង​ដាក់​បញ្ជា​ដល់​កងកម្លាំង​ស្វ័យការពារ (SDF) ក្នុង​គោលដៅ ដើម្បី​ធានាថា កងកម្លាំង​ខ្លួន បាន​ត្រៀមលក្ខណៈ​រួចជាស្រេច​ក្នុង​ការបាញ់​ស្ទាក់​រាល់​បំណែក​ដែល​ចេញពី​ការបាញ់​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​នោះ​។

​ក្នុង​រយៈពេល​ជិត​មួយឆ្នាំ​នេះ កូរ៉េខាងជើង បាន​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ ដែល​រួមទាំង​មី​ស៊ី​ល​បាលី​ស្ទីក​ជាច្រើនលើក​ច្រើនសារ​មក​ហើយ​។ ក្នុងនោះ កូរ៉េខាងជើង ក៏​ធា្ល​ប់​បាញ់​សាកល្បង​មី​ស៊ី​ល ធ្លាក់ចូល​ដែនទឹក​របស់​ជប៉ុន ដែល​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ ចាត់ទុកថា​ជាស​កម្ម​ភាពព្រហើន និង​ព្រមាន​មិន​លើកលែង​ឲ្យ​វិញ​ផងដែរ​៕


Tag:
 ជប៉ុន​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com