អន្តរជាតិ
ចិន ប្រាប់​ជប៉ុន ថា «​មិន​ចង់​និយាយ​ដដែល​ថា​សកម្មភាព​ខ្លួន​នៅ​សមុទ្រ​ខាង​កើតជា​សកម្ម​ភាពស្រប​ច្បាប់​នោះទេ​»
02, Nov 2016 , 2:56 pm        
រូបភាព
លោកស្រីអ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying
លោកស្រីអ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying
ដោយ:
​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ បាន​ដេក​មិន​លក់ បក់​មិន​ល្ហើយ ក្រោយ​នាវា​ល្បាត​ក្រុង​ប៉េកាំង បាន​បើក​ឆ្លងកាត់ និង​ឆ្វែល​ក្បែរ​តំបន់​រុករក​ប្រេង និង​ហ្គាស​នៃ​តំបន់​ចម្រូងចម្រាស​សមុទ្រ​ខាងកើត ដែល​ជប៉ុន​ចាត់ទុកថា​ស្ថិតក្រោម​អធិបតេយ្យ​របស់ខ្លួន​ដែរនោះ​។ តែ​ក្រុង​ប៉េកាំង ក៏បាន​ប្រាប់​ទៅ​ក្រុង​ត្យូ​ក្យូ ថា ចិន មិន​ចង់​និយាយ​ដដែលៗ​នោះ​ថា សកម្មភាព​ខ្លួន​ស្របច្បាប់ ហើយ​ធ្វើឡើង​ក្នុង​តំបន់​ដែល​គ្មាន​ជម្លោះ​អ្វី​នោះទេ​។



​ឆ្លើយតប​នឹង​សំណួរ​អ្នកសារព័ត៌មាន ថា​តើ​ចិន ប្រតិកម្ម​បែបណា​ចំពោះ​ការតវ៉ា​របស់​ជប៉ុន​ជុំវិញ​សកម្មភាព​នាវា​ល្បាត​ចិន​នៅ​សមុទ្រ​ខាងកើត លោកស្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន Hua Chunying បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​យើង​បាន​និយាយ​ពី​ជំហរ​របស់​យើង​ច្រើនដង​មកហើយ​។ សកម្មភាព​រុករក​ប្រេង និង​ហ្គាស​របស់​ចិន នៅ​សមុទ្រ​ខាងកើត​ទាំងអស់ ធ្វើឡើង​នៅក្នុង​ដែនទឹក​ក្រោម​យុត្តាធិការ​របស់​ចិន​សុទ្ធសាធ​»​។​

​នា​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា​ម្សិលមិញ លោកស្រី​អ្នកនាំពាក្យ​រូបនោះ ក៏បាន​អះអាងថា ចិន សង្ឃឹមថា ជប៉ុន អាច​គោរព​សិទ្ធិ​អធិបតេយ្យ និង​យុត្តាធិការ​របស់​ចិន ជំនួស​ដោយ​ការធ្វើការ​អធិប្បាយ​មិន​សមរម្យ​លើ​សកម្មភាព​ស្របច្បាប់រ​បស់​ចិន​នោះ​។​

​សូម​ជម្រាប​ផងដែរ​ថា នៅ​ថ្ងៃទី​០១ ខែវិច្ឆិកា ដដែល​នោះដែរ រដ្ឋមន្ត្រីការបរទេស​ជប៉ុន លោក Fumio Kishida បានចេញ​សេចក្តីថ្លែងការណ៍​ប្រតិកម្ម និង​តវ៉ា​ចំពោះ​សកម្មភាព​ចិន​នៅ​សមុទ្រ​ខាងកើត​។ សេចក្តីថ្លែងការណ៍ បាន​និ​យា​យា​ថា «​វា គឺជា​រឿង​ដែល​គួរ​ឲ្យ​សោកស្តាយ​ណាស់ ដែល​ចិន កំពុងតែបន្ត​សកម្មភាព​នៅក្នុង​តំបន់​អភិវឌ្ឍន៍​ជា​ឯកតោភាគី បើទោះបីជា​ជប៉ុន បាន​តវ៉ា​ជាច្រើនលើក​មកហើយ​នោះ​»​។

​កន្លងមក ជប៉ុន តែងតែ​ចេញ​សេចក្តីថ្លែងការណ៍​ដោយ​ទទូច​ឲ្យ​ចិន បញ្ឈប់​កម្មវិធី​អភិវឌ្ឍ​ធនធាន​នៅក្បែរ​តំបន់​ដែល​ជប៉ុន បានស្នើ​ជា​តំបន់​ក្នុង​បន្ទាត់ «​ចំណុចកណ្តាល​» ដែល​បែងចែក​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​រវាង​ប្រទេស​ទាំងពីរ​។

​តាមពិតទៅ​ការចេញ​សេចក្តីថ្លែងការណ៍​ប្រឆាំងនឹង​សកម្មភាព​នៅក្នុង​សមុទ្រ​ចិន​ខាងកើត មិនមែន​ធ្វើឡើង​ចេញ​តែ​ពី​ភាគី​ជប៉ុន​នោះទេ ពោលគឺ ភាគី​ទាំងពីរ តែងតែ​ថ្លែង​ប្រតិកម្ម​ដាក់គ្នា​ទៅវិញទៅមក ដោយ​ចោទថា​ការបំពាន​នៅក្នុង​អធិបតេយ្យ​រៀងៗ​ខ្លួន នៅពេល​មាន​ភាគី​ណាមួយ មាន​សកម្មភាព​លើសលួស​គ្នា​បន្តិច​នៅក្នុង​តំបន់​ជម្លោះ​សមុទ្រ​ខាងកើត​នោះ​។ ចិន និង​ជប៉ុន បាន​មាន​ភាពចម្រូងចម្រាស​ក្នុងការ​ទាមទារ និង​គ្រប់គ្រង​លើ​តំបន់​សមុទ្រ​ខាងកើត ជាពិសេស​លើ​តំបន់​ប្រជុំ​កោះ Senkaku (​ហៅ​ដោយ​ជប៉ុន​) ឬ Diaoyu(​ហៅ​ដោយ​ចិន​)​ជា​យូរ​មកហើយ​។ ភាគី​ទាំងពីរ​សុទ្ធសឹងតែ​អះអាងថា មាន​សិទ្ធិ អធិបតេយ្យ និង​យុត្ត​ធិ​ការ​នៅក្នុង​តំបន់​នោះ ដោយ​យោងតាម​ភស្តុតាង​ឯកតោភាគី​រៀងៗ​ខ្លួន​៕


Tag:
 ចិន​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com