អន្តរជាតិ
​ហ្វីលីពីន ម៉ាឡេស៊ី បណ្តាក់​គ្នា​ទទួលផល​ប្រយោជន៍​ពី​ចិន តាមរយៈ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ចិន​?
02, Nov 2016 , 4:11 pm        
រូបភាព
ដោយ:
​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក ណា​ជីប រ៉ា​ហ្សា​ក់ (Najib Razak) បាននិងកំពុង​តែ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​ប្រទេស​ចិន​រយៈពេល​មួយ​សប្តាហ៍​ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​៣១ ខែតុលាមក តប​តាម​ការអញ្ជើញ​របស់លោក​នាយករដ្ឋមន្ត្រី​ចិន លី ឃឺ​ឈាង (Li Keqiang)​។ ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​វែង​របស់​ប្រមុខ​រដ្ឋាភិបាល​ម៉ាឡេស៊ី​រូបនោះ ក៏បាន​ចាប់ផ្តើម​បង្ហាញ​លទ្ធផល​ផ្លែផ្កា​ជា​បណ្តើរៗ ដែលជា​ផលប្រយោជន៍​ជាច្រើន​សម្រាប់​ម៉ាឡេស៊ី តាមរយៈ​គោលនយោបាយ​ឆ្ពោះទៅរក​ចិន ខណៈ ហ្វីលីពីន ដែល​មិត្ត​អាស៊ាន ក៏​កំពុងតែ​ទទួលផល​ប្រយោជន៍​ច្រើន​ពី​ចិន​ផងដែរ​នោះ​។



​ម៉ាឡេស៊ី ទទួលបាន​ផលប្រយោជន៍​ច្រើន​វិស័យ តាមរយៈ​ដំណើរ​ទស្សនកិច្ច​៧​ថ្ងៃ​របស់​លោកនាយករ​ដ្ឋ​ម​ន្រី ណា​ជីប
​ក្នុងជំនួប​ជាមួយ​លោក ណា​ជីប លោក លី បាន​ពណ៌នា «​ចិន និង​ម៉ាឡេស៊ី គឺជា​អ្នកជិតខាង​ល្អ ដៃគូ​ល្អ និង​មិត្តភក្តិ​ល្អ​» និង ថែមទាំង​ប្រាប់​សម​ភាគី​ខ្លួន​ដែរ​ថា ចិន ពិត​ជាមាន​ឆន្ទៈ​ក្នុងការ​ធ្វើការ​ជាមួយនឹង​ម៉ាឡេស៊ី​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ ស្ថិរភាព ការអភិវឌ្ឍ និង​ភាពរុងរឿង តាមបែប​ផែន​នៃ​ភាព​អ្នកជិតខាង​នឹង​គ្នា​នោះ​។ ប្រមុខ​រដ្ឋាភិបាល​ចិន រូបនោះ ក៏បាន​អះអាង​ដែរ​ថា ចិន ក៏​ចង់​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​ម៉ាឡេស៊ី​សម្រាប់​ការកសាង​ទំនាក់ទំនង​ចិន​-​អាស៊ាន និង​សន្តិភាព និង​ស្ថិរភាព​នៅក្នុង​តំបន់​ផងដែរ​។​

​ឆ្លើយតប​នឹង​ការលើកឡើង​របស់​សម​ភាគី​ចិន លោកនាយក​រដ្ឋមន្ត្រី​ណា​ជីប បានចាត់ទុក​«​ចំណង​ម៉ាឡេស៊ី​-​ចិន​»​កំពុងតែ​ស្ថិតនៅក្នុង​ដំណាក់កាល​មួយ​ដ៏​ល្អ​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ទាំងពីរ​។ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​សន្យា​ដែរ​ថា ម៉ាឡេស៊ី នឹង​ធ្វើការ​ជាមួយនឹង​ចិន​ដើម្បី​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជក​កម្ម វិនិយោគ ការសាងសង់​ផ្លូវ​រថភ្លើង ហិរញ្ញវត្ថុ អប់រំ និង​ការពារជាតិ​។

​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ ដោយ​មិន​បង្អង់​យូរ​ក្រោយ​បញ្ចប់​ជំនួប​ទ្វេភាគី​រវាង​លោកនាយក​រដ្ឋមន្ត្រី ណា​ជីប និង​សម​ភាគី​ចិន លោក លី នា​ថ្ងៃ​ដំបូង​នៃ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ចិន ភាគី​ទាំងពីរ បាន​ចុះ​កិច្ចព្រមព្រៀង​ជាច្រើន​វិស័យ​រួមមាន ហេដ្ឋារចនាសម្ព័ន្ធ ថាមពល ការពារជាតិ និង​ការអភិវឌ្ឍ​រួម​លើ​នាវា​ទ័ពជើងទឹក​ម៉ាឡេស៊ី​ជាដើម​។

​សមុទ្រ​ចិន​ខាងត្បូង​មិនមែនជា​បញ្ហា​ប្រទាំង​ប្រទើស​ក្នុង​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ចិន​-​ម៉ាឡេស៊ី
​សូម​ជម្រាប​ផងដែរ​ថា រយៈពេល​២៥​ឆ្នាំ​ហើយ​ដែល​ចិន និង​អាស៊ាន បាន​មាន​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ជាមួយនឹង​គ្នា​។ បើទោះបីជា​ចិន បាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​មកកាន់​អាស៊ាន​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ជាប់ៗ​គ្នា​មកនេះ​ក៏ដោយ ទំនាក់ទំនង​ភាគី​ទាំងពីរ មិនអាច​ជិតស្និទ្ធ​គ្នា​ខ្លាំង​បានឡើយ​។ ហើយ​នោះ​ក៏​ព្រោះតែ រឿង​ប្រទាំង​ប្រទើស​សមុទ្រ​ចិន​ខាងត្បូង​ដែល​តែងតែ​ធ្វើ​ឲ្យ​មាន​ភាព​ល្អក់កករ គ្នា​រវាង​ចិន និង​រដ្ឋ​សមាជិក​អាស៊ាន​នៅពេល​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​ម្តងៗ​។​

​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង គឺជា​ជម្លោះ​អធិបតេយ្យ​រវាង​រដ្ឋ​អាស៊ាន ព្រុយ​ណេ ម៉ា​ស៊ី​ឡេ ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​មហា​យក្ស​ចិន​។ ចិន បានទាមទារ​តំបន់​ជម្លោះ​នោះ​ស្ទើរតែ​ទាំងអស់ ដោយ​យោងតាម​អំណះអំណាង​ប្រវត្តិសាស្ត្រ ខណៈ​រដ្ឋ​អាស៊ាន ក៏​តាម​ទាមទារ​លើ​តំបន់​ត្រួតស៊ីគ្នា​នោះដែរ ដោយ​យោងតាម​អំណះអំណាង​ផ្នែក​ច្បាប់​។ មុនពេល​រដ្ឋបាល​ថ្មី​ហ្វីលីពីន​កាន់អំណាច ហ្វីលីពីន និង​វៀតណាម គឺជា​ដៃគូ​ប្រជែង​ចិន​ដ៏​មាន​សក្តានុពល​។ ភាគី​ទាំងពីរ តែងតែ​ប្រកៀក​ស្មា​គ្នា​ប្រឈមមុខ​នឹង​ចិន​នៅ​រាល់​កិច្ចប្រជុំ ក៏ដូចជា​ពង្រឹងសមត្ថភាព​យោធា​ប្រឆាំង​ជាមួយនឹង​ចិន​។​

​ដោយឡែក​សម្រាប់​ម៉ាឡេស៊ី​វិញ ដែលជា​ភាគី​ជម្លោះ​ផងដែរ​នោះ ហាក់ដូចជា​មិនមាន​សកម្មភាព​អ្វី​ខ្លាំងក្លា​ដើម្បី​ប្រឈម​នឹង​ចិន​លើ​តំបន់​ជម្លោះ​នោះឡើយ​។  របៀបវារៈ​សមុទ្រ​ចិន​ខាងត្បូង តែងតែ​នៅ​មិន​ក្រោយ​នៃ​ជំនួប​ចិន​-​ម៉ាឡេស៊ី ពោលគឺ គេ​អាច​និយាយបានថា ម៉ាឡេស៊ី អាច​ចរចា​ជាមួយនឹង​ចិន​ទ្វេភាគី​ក្នុងការ​ទទួលបាន​ផលប្រយោជន៍​ក្នុង​របៀបវារៈ​លាក់លៀម​។ ហើយ​វា​ក៏​ជា​ហេតុផល​មួយ​ដែល ម៉ាឡេស៊ី អាច​ទទួលបាន​ផលប្រយោជន៍​ច្រើន​ពី​ចិន​ផងដែរ​។​

​ពេល​ហ្វីលីពីន ត្រូវ​គ្នា​ជាមួយនឹង​ចិន ក៏​ទទួលបាន​ផលប្រយោជន៍​មិនតិច​ដែរ
​និយាយ​ពី​មិត្ត​អាស៊ាន ដែល​ធ្លាប់តែ​តទល់​ជាមួយនឹង​ចិន​ទាំង​ផ្នែក​ការទូត និង​ផ្នែក​យោធា គឺ​ហ្វីលីពីន​នោះ ឥលូវ ក៏​កំពុងតែ​បង្កើន​ភាពស្និទ្ធស្នាល​ជាមួយនឹង​ចិន​ខ្លាំង​ណាស់ដែរ​។ នៅ​ខែតុលា​កន្លងទៅ​ថ្មីៗ ប្រធានាធិបតី​ហ្វីលីពីន​ថ្មី លោក រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ក៏បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​ចិន​រយៈពេល​បួន​ថ្ងៃ​តប​តាម​ការអញ្ជើញ​របស់​ស​ម​ភាគី​ចិន លោក ស៊ី ជិន​ពីង​ផងដែរ​។

​តាមរយៈ​ដំណើរ​ទស្សនកិច្ច​ដែល​ស្រប​ពេលដែល​ហ្វីលីពីន កំពុងតែ​ប្រកាស​គោលនយោបាយ​ការបរទេស​ឯករាជ្យ​ពី​អាមេរិក​នោះ ហ្វីលីពីន ក៏​ទទួលបាន​ផលប្រយោជន៍​សេដ្ឋកិច្ច មិនតិច​នោះទេ​ពី​ចិន​នោះ​។ ក្នុងនោះ ចិន និង​ហ្វីលីពីន បាន​ចុះ​កិច្ចព្រមព្រៀង​ជាច្រើន ដែល​ផ្តោតលើ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម វិនិយោគ និង​សេដ្ឋកិច្ច​។ ជាងនេះទៅទៀត​នោះ ចិន ក៏បានផ្តល់​កម្ចី​រាប់ពាន់​លាន​ដុល្លារ​ដល់​ហ្វីលីពីន​ទៀតផង​៕


Tag:
 ​ហ្វីលីពីន​
  ម៉ាឡេស៊ី​
  ចិន​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com