អន្តរជាតិ
រុស្សី​ដាក់​ខែល​ការពារ​នៅ​បាល់​ទិ​ក ដើម្បី​ឆ្លើយតប​ខែល​ការពារ​អាមេរិក​នៅ​អឺរ៉ុប​ខាងកើត​
22, Nov 2016 , 8:19 pm        
រូបភាព
​ត្រឹម​មួយថ្ងៃ​ក្រោយ​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន លើក​ពី​វិធានការណ៍​សម្រាប់​ឆ្លើយតប​នឹង​ការគំរាមកំហែង​ពី​សំណាក់​អាមេរិក​នៅ​អឺរ៉ុប​ខាងកើត រុស្សី ក៏បាន​បង្ហាញ​ផែនការ​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល S-400 ទៅកាន់​ក្រុង Kaliningrad ដែល​ស្ថិតនៅ​តំបន់​បាល់​ទិ​ក​។ រុស្សី​អះអាងថា ការបញ្ជូន​ខែល​ការពារ​នេះ គឺ​ដើម្បី​ឆ្លើយតប​ការពង្រាយ​ខែល​ការពារ THAAD របស់​អាមេរិក​នៅ​អឺរ៉ុប​ខាងកើត​។



​មិនយូរប៉ុន្មាន​ក្រោយ​ចល័ត​មី​ស៊ី​ល Iskandar អាច​បំពាក់​នុយក្លេអ៊ែរ​បាន​ទៅកាន់​ក្រុង Kaliningrad ដែល​ស្ថិតនៅ​ចន្លោះ​ប្រទេស​ប៉ូឡូញ និង​លី​ទុយ​អា​នី រុស្ស៊ី​ក៏​បញ្ចេញ​គម្រោង​ពង្រាយ​ខែល​ការពារ​មី​ស៊ី​ល​ប្រភេទ S-400 ទៅកាន់​តំបន់​នេះ​ទៀត​។ រុស្សី​បញ្ជាក់​ច្បាស់​ថា ខ្លួន​ប​ញ្ចូ​ន​ប្រព័ន្ធ​ការពារ​នេះ​ទៅកាន់ Kaliningrad ព្រោះ​អាមេរិក​ក៏បាន​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់ខ្លួន​ទៅកាន់​អឺរ៉ុប​ខាងកើត​ដែរ​។

​នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា លោក Viktor Ozerov ប្រធាន​គណៈ​កម្ម​ធិ​ការ​ការពារជាតិ​នៃ​ព្រឹទ្ធសភា​រុស្សី និយាយថា ក្រុង​មូ​ស្គូ​ត្រូវ​បង្ខំចិត្ត​ឆ្លើយតប​ផែនការ​របស់​អាមេរិក ដែល​ពង្រាយ​ខែល​ការពារ​នៅក្បែរ​ទឹកដី​រុស្សី​។ ដូច្នេះ​រុស្សី​ត្រូវ​បន្ថែម​កម្លាំង​ដើម្បី​ទប់ទល់​នឹង​ការ​គំរាម​បែបនេះ​។ លោក Ozerov បញ្ជាក់ថា​៖ «​កម្លាំង​បន្ថែមនឹង​រួមបញ្ចូល​ការពង្រាយ​ខែល​ការពារ S-400 និង​ប្រព័ន្ធ​មី​ស៊ី​ល Iskandar »​។​

​ក្រុង​មូ​ស្គូ​ហាក់​កំពុង​ព្យាយាម​ពង្រឹងកម្លាំង​របស់ខ្លួន​នៅតាម​ព្រំដែន​ជាពិសេស​នៅជាប់​បណ្តា​រដ្ឋបាល់​ទិ​ក ដោយមាន​គោលដៅ​រក្សា​អំណាច​និង​ឥទ្ធិពល​របស់ខ្លួន​ដើម្បី​គំរាម​អឺរ៉ុប​។​
​កាលពី​ឆ្នាំ ២០១៤ រុស្ស៊ី​ក៏​ធ្លាប់​ចល័ត​អាវុធ​ប្រភេទ​នេះ​ទៅកាន់​តំបន់ Kaliningrad ដែរ​ដើម្បី​ចូលរួម​សមយុទ្ធ​យោធា​។ តែ​វា​ជា​សារ​មួយ​បង្ហាញ​ទៅ​លោកខាងលិច​ថា​រុស្ស៊ី​មិន​ពេញចិត្ត​ចំពោះ​ការបន្ត​កសាង​កម្លាំងរ​បស់​បក្សសម្ព័ន្ធ​យោធា​ណា​តូ​នៅតាម​ព្រំដែន​ខ្លួន​ឡើយ​។​

​ចាប់ពី​ជម្លោះ​អ៊ុយ​ក្រែ​ន​កើតឡើង​នៅ​ដើមឆ្នាំ ២០១៤ បក្សសម្ព័ន្ធ​ណា​តូ ដែល​ដឹកនាំ​ដោយ​អាមេរិក​បន្ត​កសាង​កម្លាំង​ទ័ព​នៅជាប់​ព្រំដែន​រុស្ស៊ី ហើយ​សមយុទ្ធ​យោធា​ត្រូវបាន​គេ​រៀបចំ​ឡើងជា​ញឹកញាប់​ដើម្បី​កំញើញ​រុស្ស៊ី​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​អាមេរិក​បាន​ដំឡើង​ខែល​ការពារ​មី​ស៊ី​ល​នៅ​ប៉ូឡូញ​កាលពី​ប៉ុន្មាន​ខែ​មុននេះ​ថែមទៀត ដែល​សកម្មភាព​នេះ​ធ្វើ​ឲ្យ​រុស្ស៊ី​នៅ​មិន​សុខ​និង​ខឹងសម្បារ​ជាខ្លាំង​។​

​ការពង្រាយ​ខែល​ការពារ​នៅ​ប៉ូឡូញ​នេះហើយ ជាដើម​ហេតុដែល​ធ្វើ​ឲ្យ​រុស្សី​សម្រេចចិត្ត​បញ្ចេញ​គម្រោង​បញ្ជូន​ប្រព័ន្ធ​មី​ស៊ី​ល​បំពាក់​នុយក្លេអ៊ែរ និង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល S-400 ទៅកាន់​ទីក្រុង Kaliningrad ជា​បន្តបន្ទាប់​។ អាមេរិក​អះអាងថា ខែល​ការពារ​នេះ គឺ​ដើម្បី​ការពារ​ការ​គំរាម​ពី​មី​ស៊ី​ល​អ៊ីរ៉ង់​ប៉ុណ្ណោះ តែ​រុស្សី​ចោទ​វិញ​ថា ខែល​ការពារ​នេះ គឺ​ដាក់​សំដៅលើ​ខ្លួន ដូច្នេះ​ខ្លួន​ត្រូវតែ​ឆ្លើយតប​វិញ​៕


Tag:
 ​រុស្សី​
  អាមេរិក​
  S-400
© រក្សាសិទ្ធិដោយ thmeythmey.com