អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សភា​ថៃ​បើកប្រជុំ​វិសាមញ្ញ​សប្តាហ៍​ក្រោយ ខណៈ​ពិធី​សោយរាជ្យ​កាន់តែ​ជិត​មកដល់​ ​
26, Nov 2016 , 12:12 pm        
រូបភាព
​សភា​ថៃ​នឹង​បើ​កិច្ចប្រជុំ​វិសាមញ្ញ​មួយ​នៅ​សប្តាហ៍​ក្រោយ ស្រប​ពេលដែល​កាលបរិច្ឆេទ​នៃ​ការឡើង​សោយរាជ្យ​របស់​ព្រះមហាក្សត្រ​ថ្មី​កាន់តែ​ខិតជិត​មកដល់​ហើយ​នោះ​។  ប្រធានសភា​បានស្នើ​ឲ្យ​សមាជិកសភា​ទាំងអស់​កុំ​ចាក​ចេញទៅ​ក្រៅប្រទេស ដើម្បី​នៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​។​



ប្រធានរដ្ឋសភា​ថៃ​បានប្រកាស​នៅ​ថ្ងៃ​សុក្រ​នេះ​ថា សភា​នឹង​បើក​កិច្ចប្រជុំ​ពិសេស​មួយ​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​។  ការប្រកាស​រៀបចំ​កិច្ចប្រជុំ​កើតឡើង ស្រប​ពេលដែល​កាលបរិច្ឆេទ​នៃ​ការឡើង​សោយរាជ្យ​របស់​ព្រះអង្គម្ចាស់ Maha Vajiralongkorn កាន់តែ​ខិតជិត​មកដល់​នោះ​។

យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters  ការរៀបចំ​កិច្ចប្រជុំ​ពិសេស​នេះ​ធ្វើឡើង​តាម​ការស្នើសុំ​របស់​នាយ​ក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា ទៅកាន់ ប្រធានសភា​លោក Pornpetch Wichitcholchai​។

ពាក់ព័ន្ធ​កិច្ចប្រជុំ​នេះ​លោក Pornpetch Wichitcholchai បាន​ថ្លែងថា រដ្ឋាភិបាល​បានស្នើ​ឲ្យ​មាន​កិច្ចប្រជុំ​នៅ​សប្តាហ៍​ក្រោយ​មែន ប៉ុន្តែ​រដ្ឋាភិបាល​មិនបាន​ផ្តល់ព័ត៌មាន​ថា កិច្ចប្រជុំ​នេះ​នឹង​ជជែក​ពីអ្វី​ពិតប្រាកដ​ឡើយ​។​

លោក Pornpetch Wichitcholchai បន្តថា​៖«​ខ្ញុំ​ត្រូវ​រង់ចាំ​រដ្ឋាភិបាល​រដ្ឋា​ភិ​បាល​ទាក់ទង​មក​សភា​ដើម្បី​ជជែក​ពី​កិច្ចប្រជុំ​នេះ​។ ហើយ​ខ្ញុំ​បាន​ណែ​នាំទៅ​សមាជិកសភា​កុំ​ឲ្យ​ចាក​ចេញទៅ​បរទេស​នៅ​សប្តាហ៍​ក្រោយ​»​។​

ទោះជា​មិនមាន​ការបកស្រាយ ឬ​បញ្ជាក់បន្ថែម​រឿង​កិច្ចប្រជុំ​នេះ​ក៏ដោយ នៅ​ថ្ងៃ​អង្គារ​ខាងមុខ​គេ​អាច​នឹង​ប្រកាស​ផ្លូវការ​ពី​ការឡើង​សោយរាជ្យ​នេះ ព្រោះ​បើ​យោងតាម​រដ្ឋធម្មនុញ្ញ​ថៃ សភា​ត្រូវ​យាង​អ្នក​ស្នងរាជ្យ​មក​ឡើង​សោយរាជ្យ​។ ពិធី​នេះ​អាច​រៀបចំឡើង​នៅ​ចន្លោះ​ពីថ្ងៃ ១​ទៅ​ថ្ងៃ ២​ធ្នូ ព្រោះ​វា​នឹងមាន​រយៈពេល ៥០​ថ្ងៃ​ក្រោយពេល​ព្រះមហាក្សត្រ​សោយ​ទិ​វ​ង្គ​ត់​។​
​ជារួម របបរាជានិយម​ជាសរ​សរ​ស្តម្ភ​នៃ​សន្តិភាព និង​ស្ថិរភាព ក៏ដូចជា​ឯកភាព​ជាតិ​នៅក្នុង​ប្រទេស​ថៃ​។ ប៉ុន្តែ រាជ្យ​ប​ល្ល័​ង្គ​នៅ​ទំនេរ​នៅឡើយ​រាប់​ចាប់ពី​ពេលដែល​ព្រះ​ចៅ ភូមិបុល អាឌុលយ៉ាដេត សោយ​ទិវង្គត​នៅ​ថ្ងៃ ១៣​តុលា​កន្លង​ទៅនោះ​។ ហើយ​តំណែង​រា​ជានុ​សិទ្ធិ​គ្រប់គ្រង​ដោយ​លោក Prem Tinsulanonda ជា​ប្រមុខ​រដ្ដ​ស្ដីទី ទម្រាំ​មហាក្សត្រ​ថ្មី​ឡើង​សោយរាជ្យ​។​

កាលពី​ខែ​មុន ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​ផ្សាយ​ថា នៅ​ថ្ងៃទី​១​ខែធ្នូ ព្រះអង្គម្ចាស់ Vajiralongkorn នឹង​ឡើង​សោយរាជ្យ​។ ប៉ុន្តែ ការឡើង​គ្រងរាជ្យ​ជា​ផ្លូវការ​នឹងត្រូវ​រៀបចំឡើង​នៅ​ឆ្នាំក្រោយ ពោលគឺ​ក្រោយ​ពិធី​បូជាសព​របស់​ព្រះ​ចៅ​ភូមិបុល អាឌុលយ៉ាដេត​៕


Tag:
 Maha Vajiralongkorn
 ​ ប្រា​យុទ្ធ ចន្ទ​អូ​ចា​
  Pornpetch Wichitcholchai
© រក្សាសិទ្ធិដោយ thmeythmey.com