អន្តរជាតិ
រដ្ឋាភិបាល​តួ​ក​គី​គំរាម​បើករបង​ព្រំដែន​ឲ្យ​ជនភៀសខ្លួន​ចូល​អុកឡុក​អឺរ៉ុប​
26, Nov 2016 , 8:19 pm        
រូបភាព
​ប្រមុខរដ្ឋ​តួ​ក​គី​បាន​ចេញមុខ​គំរាម​ប្រទេស​អឺរ៉ុប​ថា លោក​នឹង​អាច​បញ្ជា​ឲ្យ​គេ​បើករបង​ព្រំដែន​អនុញ្ញាត​ឲ្យ​ជនភៀសខ្លួន​ចូលទៅ​អឺរ៉ុប បើសិនជា​អឺរ៉ុប​ធ្វើ​ហួសហេតុ​ដាក់​តួ​ក​គី​។ តួ​ក​គី​ទំនងជា​ខឹង​អឺរ៉ុប​ខ្លាំង ក្រោយ​សភា​អឺរ៉ុប​បោះឆ្នោត​ព្យួរ​ការចរចា​លើ​ការកំណត់​សមាជិកភាព​តួ​ក​គី​ក្នុង​សហភាព​អឺរ៉ុប​ជា​បណ្តោះអាសន្ន​នោះ​។​


«​តួ​ក​គី​នឹង​បើក​របប​ឲ្យ​ជនភៀសខ្លួន​ចូលទៅ​អឺរ៉ុប បើសិនជា​អឺរ៉ុប​ធ្វើ​ហួសហេតុ​ពេក​»​។ នេះ​ជា​សារ​គំរាម​របស់​ប្រធានាធិបតី​តួ​ក​គី Tayyip Erdoga ផ្ញើ​ទៅកាន់​សហភាព​អឺរ៉ុប​នៅ​ថ្ងៃ​សុក្រ​ទី ២៥ វិច្ឆិកា​។ 

​ថ្លែង​នៅ​ទីក្រុង Istanbul លោក Erdogan បាន​បញ្ជាក់ថា​៖ «​លោកអ្នក​នាំគ្នា​ស្រែក​សន្ធាប់ ពេលដែល​ជនភៀសខ្លួន ៥​ម៉ឺន​នាក់​ទៅដល់ Kapikule ហើយ​អ្នក​ឆ្ងល់​ថា​តើ​អ្វី​នឹង​កើតឡើង​បើសិនជា​របង​នៅតាម​ព្រំដែន​ត្រូវបាន​បើក​នោះ​»​។​

​លោក​បន្តថា​៖« បើសិនជា​អ្នក​បន្តធ្វើ​ហួសហេតុ​ជាងនេះទៀត​របប​នៅ​ព្រំដែន​នឹងត្រូវ​បើក​។ ខ្ញុំ​និង​ប្រជាជន​ខ្ញុំ​មិន​រងគ្រោះ​ដោយសារ​បញ្ហា​ជន​ភៀស​ខ្លូន​នេះ​ទេ​។​កុំភ្លេចថា បស្ចិម​លោក​ត្រូវការ​តួ​ក​គី​នោះ​»​។​

​ដើមហេតុ​គឺ​វា​ដូច្នេះ​។ សារ​ប្រធានាធិបតី​តួ​ក​គី ធ្វើឡើង​ក្រោយ​ពេលដែល​សមាជិកសភា​អឺរ៉ុប​នាំគ្នា​បោះឆ្នោត​ព្យួរ​ដំណើរ​ការចរចា​កំណត់​សមាជិកភាព​របស់​តួ​ក​គី​ក្នុង​សហភាព​អឺរ៉ុប ដោយ​សម្អាង​លើ​ហេតុផល​សិទ្ធិមនុស្ស​។ ការចូលរួម​ជាមួយ​ស​ហ​ភាព​អឺរ៉ុប​នេះ​ជា​អ្វីដែល​តួ​ក​គី​ចង់បាន​តាំងពី​យូរ ហើយ​សម្រាប់​តួ​ក​គី ការផ្អាក​ការចរចា​នេះ​ជា​ទង្វើ​មួយ​ដែល​លើសលោះ​និង​មិនអាច​ទទួលយក​បានឡើយ​។​

​តួ​ក​គី តែងតែ​យក​ជន​ភៀស​ខ្លូន​មក​គំរាម​អឺរ៉ុប​បែបនេះ ដោយសារ​ខ្លួន​យល់ឃើញថា អឺរ៉ុប​បាន​រង​ទុក្ខ និង​ជួប​រឿងចម្រូងចម្រាស​ផ្ទៃក្នុង​ច្រើន​ដោយសារ​ជនភៀសខ្លួន​នេះ​រួចទៅហើយ​។ ដូច្នេះ​ការបន្ថែម​ចំនួន​ជនភៀសខ្លួន​មកទៀត ជា​រឿង​ដែល​គួរ​ឲ្យ​ភ័យ​បារម្ភ​បំផុត​របស់​បណ្តា​ប្រទេស​អឺរ៉ុប​នេះ​តែម្តង​។ ដូច្នេះហើយ ការពឹង​ពាក់​តួ​ក​គី​ជា​រឿង​ដែល​អឺរ៉ុប​ចៀស​មិន​ផុត​។​

​យ៉ាងណាមិញ ការបោះឆ្នោត​សម្រេច​ព្យួរ​ការចរចា​សមាជិក​ភាព​តួ​ក​គី​នៅ​សភា​អឺរ៉ុប​នេះ​មិនមាន​អនុភាព​ចាប់បង្ខំ​ឡើយ​។ ហើយ​សមាជិក​សភាព​អឺរ៉ុប​មួយចំនួន​មាន​អាល្លឺម៉ង់ និង​បារាំង​នៅតែ​ចង់​ឲ្យ​មាន​ការបន្ត​ជជែក​ពិភាក្សា​ជាមួយ​តួ​ក​គី​ទៀត ទោះជា​មានការ​បារម្ភ​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​តួ​ក​គី​ក្រោយ​រដ្ឋប្រហារ​ខែកក្កដា​ក៏ដោយ​។​

​ទាក់ទង​នឹង​បញ្ហា​ជនភៀសខ្លួន​នេះដែរ តួ​ក​គី​និង​អឺរ៉ុប បានសម្រេច​កិច្ចព្រមព្រៀង​រួមគ្នា​មួយ​កាលពី​ខែ​មិនា​កន្លងទៅ ហើយ​ការសម្រេច​កិច្ចព្រមព្រៀង​នេះ​ធ្វើឡើង ដោយ​ភាគី​អឺរ៉ុប​សន្យា​ជួយ​ព​ន្លឿ​ន​ការចរចា​កំណត់​សមាជិកភាព​របស់​តួ​ក​គី​ក្នុង​សហភាព​អឺរ៉ុប ជា​ថ្នូរ​ជាមួយ​ការគ្រប់គ្រង​ជនភៀសខ្លួន​នោះ​។ ប៉ុន្តែ​ទោះជា​មាន​កិច្ចព្រមព្រៀង​បែបនេះ​ក្តី ប្រទេសមួយ​ចំនួន​នៅ​អឺរ៉ុប​នៅតែ​បន្ត​ប្រឈម​បញ្ហា​ជនភៀសខ្លួន​នេះដែរ​

​ឧទាហរណ៍​ជាក់ស្តែង ជម្លោះ​ហិង្សា​រវាង​ជនភៀសខ្លួន​នៅ​កោះ Lesbos របស់​ក្រិ​ក​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​។ ហើយ​មួយទៀត​ការប៉ះទង្គិច​គ្នា​រវាង​ប៉ូលិស​និង​ជនភៀសខ្លួន​នៅ​ប៊ុល​ការី ហើយ​រដ្ឋាភិបាល​ប៊ុល​ការី​នេះ​អះអាងថា​ខ្លួន​នឹង​បញ្ជូន​ជនភៀសខ្លួន​រាប់រយ​នាក់​ដែល​ពាក់ព័ន្ធ​ហិង្សា​នេះ​ទៅកាន់​ប្រទេស​កំណើត​នៅ​អា​ហ្វ​ហ្កា​នី​ស្ថាន​វិញ​នៅ​ខែក្រោយ​៕


Tag:
 ​វិបត្តិ​ជនភៀសខ្លួន​អឺរ៉ុប​
  Tayyip Erdoga
  តួ​ក​គី​
© រក្សាសិទ្ធិដោយ thmeythmey.com