អន្តរជាតិ
គុយបា​រាប់ពាន់នាក់​នៅ​ក្រុង Miami នាំគ្នា​ចេញ​អបអរ​តាមផ្លូវ ក្រោយ​មរណភាព​លោក ហ្វី​ដែល កា​ស្ត្រូ​
26, Nov 2016 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
ពលរដ្ឋ​អាមេរិក​ដើមកំណើត​គុយបា​រាប់ពាន់នាក់ បាននាំគ្នា​ស្រែក​ហ៊ោកញ្ជ្រៀវ​ពេញ​ដងផ្លូវ​នានា​នៅក្នុង​ក្រុង Miami សហរដ្ឋអាមេរិក ជាពិសេស​នៅ​តំបន់ Little Havana ដែលមាន​ពលរដ្ឋ​គុយបា​រស់នៅ​ច្រើន​។ បើតាម​ការផ្សាយ​របស់ AP ភាពសប្បាយ​រីករាយ​នេះ កើតឡើង ក្រោយ​ការប្រកាស​ពី​មរណភាព​របស់​អតីត​មេដឹកនាំ​គុយបា លោក ហ្វី​ដែល កា​ស្ត្រូ ។



​លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ ប្រធានាធិបតី​របស់​គុយ​បា បានចេញ​ប្រកាស​តាម​ទូរទស្សន៍​រដ្ឋ​នៅ​ថ្ងៃ​សៅរ៍​នេះ ពី​មរណភាព​របស់លោក ហ្វី​ដែល កា​ស្ត្រូ បងប្រុស​បង្កើត​របស់​ខ្លួន ក្នុង​អាយុ​៩០​ឆ្នាំ​។ លោក ហ្វី​ដែល កា​ស្ត្រូ បាន​ដឹកនាំ​គុយបា​ចាប់តាំងពី​ឆ្នាំ​១៩៥៩​មក ដោយ​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​រហូត​ដល់​ឆ្នាំ​១៩៧៦ ហើយ​បន្ទាប់​មកជា​ប្រធានាធិបតី​រហូតដល់​ឆ្នាំ​២០០៨​។ ដោយសារ​ធ្លាក់ខ្លួន​ឈឺ​កាន់តែខ្លាំង​នៅ​ឆ្នាំ​២០០៤ លោក​បានប្រកាស​ផ្ទេរតំណែង​ទៅ​ឲ្យ​ប្អូនប្រុស​បង្កើត​របស់ខ្លួន គឺ​លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ ដែល​បាន​កាន់អំណាច​ចាប់ពី​ឆ្នាំ​២០០៨​មក​។​

​ខណៈដែល​រដ្ឋាភិបាល​គុយបា សោកស្តាយ​ចំពោះ​ការបាត់បង់​មេដឹកនាំ​បដិវត្ត​របស់ខ្លួន ពលរដ្ឋ​គុយបា​ដែល​និរទេស​ខ្លួន​នៅ​សហរដ្ឋអាមេរិក បែរជា​សម្តែង​នូវ​ក្តីសប្បាយ​រីករាយ​ទៅវិញ​។ បើ​គិត​ចាប់តាំងពី​លោក ហ្វី​ដែល កា​ស្ត្រូ ឡើងកាន់​អំណាច​នៅ​ឆ្នាំ​១៩៥៩ មក ពលរដ្ឋ​គុយបា​ជាច្រើន​នាក់ បាន​រត់​ភៀសខ្លួន​ទៅកាន់​ទីក្រុង Miami ដោយសារតែ​ពួកគេ​ទទួលរង​នូវ​ការគាបសង្កត់​ក្រោម​របប​កុំម្មុយនីស្ត​។​

​អ្នក​ដែល​ផ្សងព្រេង​ភៀសខ្លួន​មួយចំនួន បាន​ស្លាប់​នៅក្នុង​មហាសមុទ្រ​ក្នុង​សំណើរ​ទៅកាន់​ភាគខាងត្បូង​រដ្ឋ​ហ្ល​រី​ដា​។ បុរស​វ័យ​៤៨​ឆ្នាំ​ម្នាក់​បាន​លើកឡើងថា​៖ «​ខ្ញុំ​មិនបាន​អបអរ​ចំពោះ​ការស្លាប់​របស់​អ្នកណាម្នាក់​នោះឡើយ ប៉ុន្តែ​ខ្ញុំ​គ្រាន់តែ​សង្ឃឹមថា លទ្ធិប្រជាធិបតេយ្យ​នឹងមាន​នៅ​គុយបា​»៕


Tag:
 គុយបា​
  ហ្វី​ដែល កា​ស្ត្រូ
© រក្សាសិទ្ធិដោយ thmeythmey.com