អន្តរជាតិ
នៅពេល​ពួក​តា​លី​បង់​វាយប្រហារ ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​អ្នកទទួល​បរាជ័យ​
27, Nov 2016 , 10:25 am        
រូបភាព
ដោយ: VOA
Ayesha Tanzeem

​កា​ប៊ុល​៖ នេះ​ជា​លើក​ទី​ពីរ​ហើយ​ដែល នាង Zarghooda Hasan បាន​បាត់បង់​អ្វី​គ្រប់យ៉ាង​ពី​ស្ថានីយ​វិទ្យុ​ទាំងពីរ​របស់​នាង គឺ​ស្ថានីយ​វិទ្យុ Kaihan សម្រាប់​យុវជន​និង Shaista សម្រាប់​ស្ត្រី​។​



កាលពី​ឆ្នាំ ២០១៥ វា​ជា​លើកទីមួយ​ដែល​ពួក​សកម្មប្រយុទ្ធ​តា​លី​បង់​បាន​ចូល​កាន់កាប់​ទីក្រុង Kunduz ដែលជា​ទីក្រុង​នៃ​ខេត្ត Kunduz នៅ​ភាគ​ខាងជើង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​។ ពួក​តា​លី​បង់ បាន​លួច​យក​ឧបករណ៍​ម៉ាក​ថ្មីៗ​របស់​នាង​ជាច្រើន ដែលមាន​តម្លៃ ១០០.០០០ (​ដប់​ម៉ឺន​)​ដុល្លារ ពី​ការវិនិយោគ​ផ្ទាល់ខ្លួន និង​ជា​ជំនួយឥតសំណង​។​

នាង​បានចាប់ផ្ដើម​ដំណើរការ​វិទ្យុ​ម្តងទៀត ដោយ​ខ្ចី​ឧបករណ៍​ពី​ស្ថានីយ​ដទៃ និង​ទទួលបាន​ជំនួយឥតសំណង ១០.០០០ (​មួយ​ម៉ឺន​)​ដុល្លារ ពី​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​។ បច្ចុប្បន្ន អ្វីៗ​ទាំងអស់​បាន​បាត់បង់​ម្តងទៀត​។​

នាង Hasan មិនបាន​ដឹងថា​តើ​ពួក​តា​លី​បង់ ឬ​ក្រុម​ឧក្រិដ្ឋជន​ណា​ទេ ដែល​ទាញយក​ផលប្រយោជន៍​ពី​ភាពវឹកវរ​ក្នុងប្រទេស មក​ចូល​លួច​យក​ឧបករណ៍​របស់​នាង​កាលពី​ខែ​មុននេះ​។ តែ​អ្វីដែល​នាង​ដឹង​គឺថា គ្មានអ្វី​ត្រូវបាន​បន្សល់ទុក​ទេ ក្រៅពី​ម៉ាស៊ីនភ្លើង និង​គ្រឿង​សង្ហា​រឹម​បន្តិចបន្តួច​។​

មុនពេល​មានការ​វាយប្រហារ​រប​ស់​ពួក​តា​លី​បង់​ដែលមាន​រយៈពេល​ជិត​១០​ថ្ងៃ​ទៅលើ​ទីក្រុង Kunduz កាលពីដើម​ខែតុលា ទីក្រុង​មួយ​នេះ​បាន​ពង្រីក​ស្ថានីយ​វិទ្យុ​បាន​ចំនួន ១៣ កន្លែង និង​ស្ថានីយទូរទស្សន៍ ៤ កន្លែង​។ ស្ថានីយ​ទាំងនោះ​ភាគច្រើន ត្រូវបាន​បំផ្លិចបំផ្លាញ​នៅក្នុង​ការវាយប្រហារ និង​ការចូល​លួច​យក​សម្ភារៈ​ជា​បន្តបន្ទាប់​។ បុគ្គលិក​ជាច្រើន​បាន​រត់គេចខ្លួន​ពី​ទីក្រុង ដោយ​មិនដឹងថា​តើ​ពួកគេ​នឹងមាន​កន្លែងធ្វើការ ឬ​យ៉ាងណាទេ​នៅពេលដែល​ពួកគេ​ត្រឡប់មកវិញ​។​

បុគ្គលិក​ទាំងនោះ​ក៏មាន​លោក Mosaa Forotan ដែលជា​អ្នកបញ្ជា​កាមេរ៉ា និង​អ្នក​កាត់ត​វីដេអូ​នៅ​ស្ថានីយទូរទស្សន៍ Roshan ផងដែរ​។ នៅពេលដែល​ពួក​តា​លី​បង់​បាន​ចូលដល់​ទីក្រុង គាត់​កំពុង​នៅ​កន្លែងធ្វើការ​។ នៅពេលដែល​ស្នូរ​កាំភ្លើង និង​គ្រាប់​រ៉ូ​កែ​ត បាន​ខិត​មក​ជិត​ស្ថានីយទូរទស្សន៍​របស់លោក លោក​បានសម្រេច​ចិត្ត​ចាកចេញ​ដោយ​យក​ឧបករណ៍​បញ្ជូន​សម្លេង (trnasmiter)​ទៅជា​មួយ​ផង​។ នោះ​គឺជា​ឧបករណ៍​តែមួយគត់​ដែល​មិន​ត្រូវបាន​បំផ្លាញ​។​

លោក Shahbaz Sabir អ្នកសម្របសម្រួល​ថ្នាក់​ខេត្ត​នៃ​គណៈកម្មាធិការ​សុវត្ថិភាព​អ្នកកាសែត​អា​ហ្វ​ហ្គា​នី​ស្ថាន បានឮ​សំឡេង​កាំភ្លើង​ស្ទើរ​ពេញ​មួយ​យប់​កាលពី​ថ្ងៃទី​០៣ ខែតុលា​។ ជាជាង​គិត​រក​ផ្លូវ​ដើម្បី​រត់គេច លោក​បានចាប់ផ្តើម​រៀបចំ​ផែន​ការរក​ទីតាំង​ដែលមាន​សុវត្ថិភាព​សម្រាប់​អ្នកកាសែត​។ នៅពេល​ថ្ងៃ​រះ​ឡើង​ទើប​គេ​ដឹងថា ពួក​តា​លី​បង់​បាន​វាយប្រហារ​ទីក្រុង​ពី​គ្រប់​ច្រកល្ហក​។ លោក​ក៏បាន​បោះជំរំ​នៅ​តំបន់ Sar-e-Daura ក្បែរ​ទីក្រុង ហើយ​អ្នកកាសែត​ប្រហែល​៦០​រូប បាន​ចូលរួម​ជាមួយ​គាត់​នៅ​ទីនោះ​។​

រឿង​ដំបូង​ដែល​ពួកគេ​ត្រូវធ្វើ គឺ​រក​វិធី​ផ្តល់ដំណឹង​ដល់​ក្រុមគ្រួសារ និង​មិត្ត​រួមការ​ងារ​ថា ពួកគេ​មាន​សុវត្ថិភាព​ទេ​។ ដូច្នេះ គាត់​បានរៀបចំ​ផ្តល់​កាត​ទូរស័ព្ទដៃ​យ៉ាងច្រើន​សម្រាប់​អ្នកកាសែត​ទាំងនោះ​។ បញ្ហា​ប្រឈម​បន្ទាប់​ទៀត គឺ​ការផ្តល់​កន្លែង​ស្នាក់អាស្រ័យ​ដែលមាន​សុវត្ថិភាព និង​ម្ហូបអាហារ​សម្រាប់​មិត្ត​រួម​ការងារ​របស់គាត់​។​

នៅពេល​រាត្រីកាល​ចូលមក​ដល់ នាយកដ្ឋាន​ជាតិ​ផ្នែក​សន្តិសុខ ដែលជា​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អា​ហ្វ​ហ្គា​នី​ស្ថាន បានមក​រំដោះ​ពួកគាត់ និង​ផ្តល់​ជម្រក​សម្រាប់​អ្នកកាសែត​នៅ​ប៉ុស្តិ៍​យាម​របស់​ពួកគេ​។​

កាលពី​ឆ្នាំមុន ពួក​តា​លី​បង់ បាន​លុកលុយ​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ ដើម្បី​ស្វែងរក​បុគ្គលិក​រដ្ឋាភិបាល និង​សមាជិក​សង្គម​ស៊ីវិល​។ គ្មាន​នរណា​ដឹងថា តើ​ពួក​តា​លី​បង់​នឹងធ្វើ​អ្វី​ទេ ប្រសិនបើ​ពួកគេ​បាន​ជួប​អ្នកកាសែត​នោះ ដោយសារតែ​ពួកគេ​មិន​សប្បាយ​ចិត្តនឹង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ទេ​។ កាលពីមុន អ្នកកាសែត​ត្រូវបាន​គេ​ចាត់ទុកថា​ជា អាយ៉ង​នៃ​ជន​ឥត​សាសនា​។​
​ជាច្រើន​សប្តាហ៍​បន្ទាប់ពី​ការវាយប្រហារ​នោះ ទីក្រុង​នេះ​ត្រូវបាន​រៀបចំ​ឡើងវិញ ប៉ុន្តែ​ស្រុក​ជាច្រើន​នៅ​ជុំវិញ​នោះ​នៅតែមាន​វត្តមាន​ពួក​តា​លី​បង់​នៅឡើយ​។ នាង Hasan បានចាប់ផ្ដើម​ដំណើរការ​ស្ថានីយ​វិទ្យុ​របស់​នាង​ឡើងវិញ​ដោយមាន​តែ​ឧបករណ៍​បញ្ជូន​សំឡេង​មួយ​ប៉ុណ្ណោះ ដែល​នាង​បាន​លាក់ទុក​នៅឯ​ផ្ទះ និង​ឧបករណ៍​ផ្សេងៗ​ទៀត​ដែល​នាង​បាន​ខ្ចី​ពី​អ្នកដទៃ​។​

ស្ថានីយទូរទស្សន៍ និង​វិទ្យុ​ផ្សេងទៀត​ក៏បាន​ចាប់ផ្តើម​ដំណើរការ​ឡើងវិញ​ដោយ​វិធីសាស្ត្រ​ដូចគ្នា​ដែរ ប៉ុន្តែ​ភាពភ័យខ្លាច​ពី​ការវាយប្រហារ​ដោយ​ពួក​តា​លី​បង់​នៅតែ​បន្ត​៕

ប្រែ​សម្រួល​ដោយ ឆាយ គីម​ហ៊​ង​

សូមចុចត្រង់នេះដើម្បីមើល VOA


© រក្សាសិទ្ធិដោយ thmeythmey.com