អន្តរជាតិ
​បុរស​ម្នាក់​ជួយសង្គ្រោះ​ឆ្កែ​ជាច្រើន​ក្បាល​នៅ​កម្ពុជា ថៃ វៀតណាម កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី និង​ចិន
27, Nov 2016 , 8:39 pm        
រូបភាព
ដោយ: ធីតា
Maggie កំពុង​រស់នៅ​យ៉ាង​សប្បាយរីករាយ​នៅលើ​ទឹកដី​សហរដ្ឋអាមេរិក​។ កាលពី​ខែមេសា កន្លងមក​ទៅ  សត្វ​ឆ្កែ​ដែលមាន​ប្រភពពី​ជាយ​រាជធានី​ភ្នំពេញ​មួយ​នេះ ស្ទើរតែ​ខ្លាច​ជា​ចំណី​របស់​មនុស្ស​ទៅហើយ ប៉ុន្តែ​វា​ត្រូវបាន​ជួយសង្គ្រោះ​ទាន់ពេលវេលា​ដោយ​លោក Marc Ching ស្ថាបនិក​មូលនិធិ Animal Hope & Wellness Foundation​។​


​លោក Marc Ching ជនជាតិ​អាមេរិក ដែលមាន​ឪពុកម្តាយ​ដើមកំណើត​កូរ៉េ​-​ជប៉ុន មាន​ក្តី​ស្រឡាញ់​យ៉ាង​ធំធេង​ចំពោះ​សត្វ​សុនខ​។ ជិត​២​ឆ្នាំ​មកហើយ លោក​បានធ្វើ​ដំណើរ​មក​កាន់​តំបន់​ដើម្បី​ជួយសង្គ្រោះ​សត្វ​ឆ្កែ ដែល​រង​នូវ​ទារុណកម្ម និង​គ្រោះថ្នាក់​ដល់​ជីវិត​។​


​ចាប់តាំងពី​ខែកញ្ញា ឆ្នាំ​២០១៥​មក លោក Mac Ching បានធ្វើ​ដំណើរ​តែម្នាក់ឯង​មកកាន់​តំបន់​អាស៊ី ដោយមាន​ប្រទេស​ចិន វៀតណាម កម្ពុជា ថៃ កូរ៉េខាងត្បូង និង​ឥណ្ឌូនេស៊ី ដើម្បី​ស្វែងរក​សត្វ​ឆ្កែ​ដែល​ប្រឈម​គ្រោះថ្នាក់​ដល់​ជីវិត និង​ផ្តល់នូវ​ការជួយ​សង្គ្រោះ​។​



​លោក Marc Ching ស្ថាបនិក​មូលនិធិ Animal Hope & Wellness Foundation និង​ជា​ម្ចាស់​ហាង​ម្ហូបអាហារ​សត្វ PetStaurant ដែលមាន​មូលដ្ឋាន​នៅ​តំបន់ Sherman Oaks រដ្ឋកា​លី​ហ្វ​នីញ៉ា បាន​រៀបរាប់​ពី​រឿងរ៉ាវ​ដ៏​គួរ​ឲ្យ​អាណិត​របស់​សត្វ​ឆ្កែ​ដែល​លោក​បានដាក់​ឈ្មោះថា Maggie​។ ឆ្កែ​ត្រូវបាន​លោក​ជួយសង្គ្រោះ​ចេញពី​ទី​សត្វឃាត​មួយ​នៅ​ជាយ​រាជធានី​ភ្នំពេញ កាលពី​ខែមេសា កន្លងមក ខណៈដែល​ត្រូវ​បានគេច​ង​ព្យួរ និង​រង​ការវាយដំ​យ៉ាងធ្ងន់ធ្ងរ​។​



​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក Animal Hope & Wellness Foundation លោក Marc Ching បាន​រៀបរាប់ថា ការជួយ​សង្គ្រោះ​សត្វ​ឆ្កែ មិនមែន​សំដៅ​បង្កើត​ចលនា​អ្វី​នោះឡើយ ប៉ុន្តែ​លោក​ចង់​ឲ្យ​មនុស្ស​គ្រប់រូប​គោរព​ជីវិត​របស់​សត្វ​។ ជាមួយគ្នានេះ លោក​បាន​បង្ហោះ​វីដេអូ ទាក់ទង​នឹង​សកម្មភាព​សង្គ្រោះ Maggie និង​សកម្មភាព​សប្បាយរីករាយ​របស់​វា​នៅលើ​ទឹកដី​អាមេរិក​។​



​កាលពី​ខែកញ្ញា ឆ្នាំ​២០១៥ លោក​បានធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន ហើយ​លោក​បាន​អារម្មណ៍​ក្តុកក្តួល​យ៉ាងខ្លាំង​ដោយ​ឃើញ​មនុស្ស​នាំគ្នា​រីករាយ​ក្នុង​ទិវា​សាច់​ឆ្កែ «Yulin Festival» ក្នុង​ខេត្ត Guangzhou​។ យោងតាម​ការផ្សាយ​រប​ស់ La Weekly លោក Ching សម្រាក​មិនដែល​សម្រាក​បាន​ស្រួល​នោះឡើយ នៅពេលដែល​លោក​ស្រមៃ​ឃើញ​ទិដ្ឋភាព​សត្វ​ឆ្កែ​ដែល​ត្រូវគេ​ធ្វើបាប​។​



​បន្ទាប់មក លោក​បានធ្វើ​ដំណើរ​ច្រើនលើក​ទៀត​មកកាន់​អាស៊ី ដើម្បី​សង្គ្រោះ​ជីវិត​សត្វ​ឆ្កែ​២៤៩​ក្បាល នៅក្នុង​ខេត្ត Guangzhou ប្រទេស​ចិន ក្រុង Busan ប្រទេស​កូរ៉េខាងត្បូង និង​ក្រុង​ហាណូយ ប្រទេស​វៀតណាម ប៉ុន្តែ​មាន​៦១​ក្បាល​ប៉ុណ្ណោះ​ដែល​នៅមាន​ជីវិត​។ នៅ​ប្រទេស​កម្ពុជា លោក​បាន​ទៅ​ទីសត្តឃាត​មួយ​ដែល​នៅ​ជាយ​រាជធានី​ភ្នំពេញ ដោយមាន​ការសម្លាប់​ឆ្កែ​ជាច្រើន​ក្បាល​ក្នុង​មួយថ្ងៃ​ដើម្បី​យក​ធ្វើជា​អាហារ​។

​លោក  Ching បាន​លើកឡើងថា សកម្មភាព​របស់លោក​មិនមែន​ដើម្បី​ស្វែងរក​ប្រាក់ចំណូល​អ្វី​នោះឡើយ ពីព្រោះ​អាជីវកម្ម​របស់​លោកមា​ន​ដំណើរ​ការល្អ​ខ្លាំងណាស់​។ តាម​សម្តី​ដែល​ដកស្រង់​ដោយ carelikeido.com  លោក Ching បាន​អះអាងថា​៖ «​ខ្ញុំ​មិនដែល​ចង់​ឲ្យ​អ្នកណាម្នាក់​ស្ងើច​នូវ​អ្វីដែល​ខ្ញុំ​ធ្វើ​នោះឡើយ ហើយក៏​មិន​ចង់​ឲ្យ​គេ​និយាយ​បំពុល​ថា ខ្ញុំ​ធ្វើ​ដើម្បី​សុំ​ជំនួយ​នោះដែរ ពីព្រោះ​វា​ជា​រឿង​ដែល​មិនអាច​ទៅរួច​។ ខ្ញុំ​ខាតបង់​លុយរាប់​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​ដោយសារតែ​សកម្មភាព​សង្គ្រោះ​នេះ វា​ត្រូវការ​លុយ​ច្រើនណាស់ ប៉ុន្តែ​ខ្ញុំ​ពេញចិត្ត វា​មានន័យ​ខ្លាំងណាស់​សម្រាប់​ខ្ញុំ​»​។​



​សម្រាប់​ដំណើរ​មកជួយ​សង្គ្រោះ​សត្វ​ឆ្កែ​តំបន់​អាស៊ី  លោក Ching ទទួលបាន​ការណែនាំ និង​បង្ហាញ​ភាគច្រើន​ពី​អ្នកបកប្រែ​ភាសា និង​អ្នកបើករថយន្ត​ឲ្យ​លោក​។ ពួកគេ​បានចង្អុលបង្ហាញ​លោក​ពី​ទីតាំង និង​ស្ថានភាព​សត្វ​ឆ្កែ​ដែល​ប្រឈម​គ្រោះថ្នាក់​ដល់​ជីវិត​។​

​ឆ្កែ​ប្រមាណ​៥០​ក្បាល​ហើយ ដែល​លោក​បានរៀបចំ​ឯកសារ និង​យកទៅ​រស់នៅ​សហរដ្ឋអាមេរិក ជាពិសេស​យក​វា​ទៅ​ថែទាំ​នៅ​ទីស្នាក់ការ​មូលនិធិ Animal Hope & Wellness Foundation ហើយ​បន្ទាប់មក​ស្វែងរក​ម្ចាស់​ថ្មី​ឲ្យ​ពួកវា​។



​លោក​បាន​បញ្ជាក់ថា ក្រៅពី​ជនជាតិ​អាមេរិក លោក​ក៏​ស្វែងរក​អ្នក​ស្រឡាញ់​ឆ្កែ​នៅ​កាណាដា និង​តំបន់​អាស៊ី​ផងដែរ​។ លោក​ចង់ឃើញ​សត្វ​ឆ្កែ​ទូទៅ​ទទួលបាន​នូវ​ក្តី​ស្រឡាញ់​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​៕


© រក្សាសិទ្ធិដោយ thmeythmey.com