អន្តរជាតិ
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ថា គ្មាន​ការចាំបាច់​ត្រូវ​បោះឆ្នោត​មុន​អាណត្តិ​ឡើយ​ ​
27, Nov 2016 , 9:39 pm        
រូបភាព
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី Najib Razak បាន​ទាត់ចោល​ការអំពាវនាវ​ឲ្យ​មានការ​បោះឆ្នោត​មុន​អាណត្តិ ខណៈ​វិបត្តិ​នយោបាយ​ក្នុងស្រុក​នៅតែ​បន្ត ដោយសារ​ការធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​លោក​ចុះ​ចេញពី​តំណែង​។ លោក Najib កំពុង​រួមរឹត​ដោយ​រឿងអាស្រូវ​ពុករលួយ​នៅក្នុង​មូលនិធិ​រដ្ឋ 1MDB ហើយ​គណបក្សប្រឆាំង និង​អតីត​នាយករដ្ឋមន្ត្រី មហា​ធៀ មហា​ម៉េ​ដ ក៏​ស្នើ​ឲ្យ​លោក​ចុះចេញ​ដែរ​។ 


​លោក Najib Razak នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា​នេះ បាន​និយាយថា វា​មិនមែនជា​រឿង​ចាំបាច់​ដែល​ត្រូវធ្វើ​ការបោះឆ្នោត​មុន​អាណត្តិ​នៅ​ឆ្នាំក្រោយ​ឡើយ ដ្បិត​កាលៈទេសៈ​មិនមាន​ភាពអំណោយ​ផល​ទេ​។ នាយករដ្ឋមន្ត្រី Najib Razak ហាក់​សម្ពាធ​ខ្លាំង​នាពេល​ចុង​ក្រោយនេះ ដោយសារ​ការតវ៉ា​ពី​សំណាក់​បាតុករ ដែល​ទាមទារ​ឲ្យ​លាលែង​ពី​តំណែង​។ នៅមុននេះ​លោក​ទំនង​ចង់​ចរចា​ជាមួយ​ក្រុមប្រឆាំង តែ​ខាង​ក្រុមប្រឆាំង​មិនមាន​ជំហរ​ដូចគ្នា​ឡើយ​។​

​ការបោះឆ្នោត​អាណត្តិ​ក្រោយ​នឹង​ត្រួវ​ធ្វើឡើង​ក្នុង​ឆ្នាំ​២០១៨ ។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​និយាយថា នាយករដ្ឋមន្ត្រី Najib ចង់បាន​ការបោះឆ្នោត​មុន​អាណត្តិ ដែល​ទំនងជា​នៅ​ពាក់កណ្ដាល​ឆ្នាំ​២០១៧​។ យ៉ាងណាក្ដី លោក Najib បាន​ទាត់ចោល​ព័ត៌មាន​ទាំងនោះ ដោយ​លើកឡើងថា គ្មាន​ភាពចាំបាច់​ត្រូវ​បោះឆ្នោត​មុន​អាណត្តិ​ឡើយ ហើយ​សង្គម​ម៉ាឡេស៊ី​សព្វថ្ងៃ ក៏​មិន​អំណោយផល​ដែរ​។

​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន The Star ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា នាយករដ្ឋមន្ត្រី Najib បាន​ឆ្លើយ​នឹង​សំណួរ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​មុន​អាណត្តិ ថា វា​ដូចជា​មិនចាំបាច់​ឡើយ ការបោះឆ្នោត​អាចធ្វើ​នៅពេល​ក្រោយ​ក៏បាន​។ លោក​បន្តថា ក្នុងស្ថានភាព​សេដ្ឋកិច្ច​សព្វថ្ងៃ ការបោះឆ្នោត​អាច​ក្លាយជា​បញ្ហា ដ្បិត​សេដ្ឋកិច្ចពិភពលោក មិនមាន​កំណើន​ឡើយ ហើយ​វា​នឹង​នៅតែ​ដូច្នេះ​នៅ​ឆ្នាំក្រោយៗ​ទៀត​។​

​នាយករដ្ឋមន្ត្រី Najib កំពុង​ប្រឈមមុខ​ការទាមទារ​ឲ្យ​ចុះចេញ​ដោយសារតែ​រឿងអាស្រូវ​ពុករលួយ​ពាក់ព័ន្ធ​នឹង​មូលនិធិ 1MDB ។ យ៉ាងណាក្ដី លោក​តែង​បដិសេធ​ជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​នេះ ព្រមទាំង​បាន​កម្ចាត់​ក្រុម​អ្នក​រិះគន់​រូបលោក​ផងដែរ​។ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល ក៏ដូចជា​បក្ស​កាន់អំណាច​របស់លោក​ជាច្រើន ត្រូវបាន​បណ្ដេញ​ចេញពី​បក្ស និង​បញ្ចប់​តំណែង​ជាដើម​។​

​អតីត​នាយករដ្ឋមន្ត្រី មហា​ធៀ មហា​ម៉ា​ដ ជា​អ្នក​រិះគន់​លោក Najib ខ្លាំងជាងគេ បើទោះជា​ធ្លាប់​ធ្វើការ​ជាមួយគ្នា​ក៏ដោយ​។ លោក មហា​ធៀ ក៏បាន​បង្កើត​គណបក្ស​នយោបាយ​ថ្មី ដើម្បី​ប្រឆាំង​រដ្ឋាភិបាល លោក Najib ក្នុងការ​បោះឆ្នោត​អាណ​ត្ត​ក្រោយ​។ លោក​ក៏បាន​សហការ​ជាមួយ​បណ្ដា​ក្រុមប្រឆាំង​ដទៃទៀត ដើម្បី​ប្រមូលផ្ដុំ​កម្លាំង​ក្នុងការ​ផ្ដួល​លោកនាយក​រដ្ឋមន្ត្រី Najib ផងដែរ​៕


Tag:
 ​ម៉ាឡេស៊ី​
  Najib Razak
© រក្សាសិទ្ធិដោយ thmeythmey.com