អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អឺរ៉ុប​បន្ទោស អូ​បា​ម៉ា ដែល​ចាត់ទុក​រុស្សី​ត្រឹម​ជា​មហាអំណាច​តូចតាច​
28, Nov 2016 , 10:53 am        
រូបភាព
 
 
​ប្រធាន​គណៈកម្មការ​អឺរ៉ុប Jean-Claude Juncker បានបង្ហាញ​ជំហរ​មិន​ស្របគ្នា​ជាមួយ​ប្រធានាធិបតី​ចាំផ្ទះ បា​រ៉ា​ក់ អូ​បា​ម៉ា ជុំវិញ​ឥទ្ធិពល​របស់​រុស្សី​លើ​ឆាក​អន្តរជាតិ​។ លោក​អូ​បា​ម៉ា ធ្លាប់​ចាត់ទុក​រុស្សី​ត្រឹម​ជា​មហាអំណាច​ក្នុង​តំបន់​មួយ​ប៉ុណ្ណោះ តែ​ប្រមុខ​ដឹកនាំ​អឺរ៉ុប​រូបនេះ​អះអាងថា រុស្សី ជា​ប្រទេស​ធំ​មួយ ហើយ​មាន​រឿងរ៉ាវ​ជាច្រើន​ដែល​អឺរ៉ុប​ផ្ទាល់ ត្រូវ​រៀនសូត្រ​ពី​រុស្សី​។

 
​ប្រមុខ​ស្ថាប័ន​នីតិប្រតិបត្តិ​អឺរ៉ុប លោក Jean-Claude Juncker នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា បាន​និយាយថា ប្រធានាធិបតី​ចប់​អាណត្តិ បា​រ៉ា​ក់ អូ​បា​ម៉ា បាន​បង្កើត​កំហុស​ដ៏​ធំ​មួយ ដែល​ហៅ​រុស្សី​ជា​មហាអំណាច​តូចតាច​។ ជំនួស​មកវិញ​នោះ អឺរ៉ុប​ចាត់ទុក​រុស្សី​ជា​ប្រទេស​ដ៏​ធំ និង​ជា​ប្រទេស​ដែលមាន​មោទនភាព​មួយ ហើយ​អឺរ៉ុប​អាច​រៀន​តាម​រុស្សី​ផងដែរ​។​
 
​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Euronews លោក Juncker ក៏​សារភាព​ដែរ​ថា អឺរ៉ុប​មិនដែល​អើពើ​នឹង​រុស្សី​សោះឡើយ ហើយ​អឺរ៉ុប​ត្រូវ​រៀន​ច្រើនណាស់​ពី​រុស្សី​។ លោក​បន្តថា អឺរ៉ុប​មាន​ផ្ទៃដី​៥,៥​លាន​ម៉ែត​ការ៉េ តែ​រុស្សី​មាន​ផ្ទៃដី​ដល់​ទៅ​១៧,៥​លាន​ម៉ែត​ការ៉េ ដូច្នេះ​រុស្សី ជា​ប្រទេស​ដ៏​ធំ ប្រកបដោយ​មោទនភាព​។ លោក​ក៏បាន​រិះគន់​ចំៗ​លើ​ការអធិប្បាយ​របស់លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​ចាត់ទុក​រុស្សី​ជា​មហាអំណាច​តំបន់ ដែល​គំរាមកំហែង​អ្នកជិតខាង​របស់ខ្លួន​។​
 
​លោក Juncker បញ្ជាក់ថា រុស្សី​មិនមែនជា​មហាអំណាច​តំបន់​ដូច​ការអះអាងរ​ប​ស់លោក អូ​បា​ម៉ា ក្នុង​ឆ្នាំ​២០១៤​ឡើយ​។ លោក​ចាត់ទុក​រឿងនេះ ជាការ​វាយតម្លៃ​ដ៏​ខុសឆ្គង​មួយ​។ ជាមួយគ្នានេះ ប្រធាន​គណៈកម្មការ​អឺរ៉ុប​បារាំង ក៏​ប្រកាស​ពី​គោលនយោបាយ​ឯករាជ្យ​របស់​អឺរ៉ុប និង​មិន​ដើរ​តាម​ខ្សែ​ញ៉ាក់​របស់​ក្រុង​វ៉ាស៊ីនតោន​ឡើយ ជាពិសេស​លើ​បញ្ហា​រុស្សី​តែម្ដង​។ ពោលគឺ​អឺរ៉ុប​មាន​ជំហរ​ផ្ទាល់ខ្លួន​ក្នុង​ទំនាក់ទំនង​ជាមួយ​ក្រុង​មូ​ស្គូ​។​
 
​កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា រដ្ឋមន្ត្រីការបរទេស​ប្រទេស​អឺរ៉ុប​ចំនូ​ន​១៥ បានប្រកាស​ចាប់ផ្ដើម​កា​រ​ចរចា​ជាមួយ​រុស្សី​ឡើងវិញ ដើម្បី​ស្ដារ​ទំនាក់ទំនង​ជាមួយ​រុស្សី និង​ចៀសវាង​ការរត់​ប្រណាំង​សព្វាវុធ​នៅ​អឺរ៉ុប​។ ប្រមុខ​ការទូត​អាល្លឺម៉ង់ Frank-Walter Steinmeier បាន​លើកឡើងថា អឺរ៉ុប​កំពុង​ស្ថិតក្នុង​គ្រោះថ្នាក់ ហើយ​ចំពេល​ដែល​ទំនាក់ទំនង​ជាមួយ​រុស្សី​មិនល្អ​ស្រាប់​នោះ អឺរ៉ុប​ត្រូវការ​ការចរចា​ឲ្យ​បាន​ច្រើន​បំផុត​។ 
 
​នា​រយៈពេល​ចុងក្រោយ បណ្ដា​មេដឹកនាំ​សហភាព​អឺរ៉ុប ហាក់​បង្ហាញ​ជំហរ​ដកឃ្លា​ពី​អាមេរិក ក្រោយ​ការ​ឈ្នះឆ្នោត​របស់​សេដ្ឋី​អចលនទ្រព្យ ដូ​ណា​ល់ ត្រាំ ដែលមាន​ជំហរ​ជាតិនិយម​ខ្លាំង​។ អឺរ៉ុប​ទំនង​ខិត​ទៅ​ចរចា​ដោយផ្ទាល់​ជាមួយ​រុស្សី ដើម្បី​ពង្រឹង​ទំនាក់ទំនង​ប្រសើរ​ឡើងវិញ បើទោះជា​វិស័យ​យោធា​ភាគី​ទាំងពីរ​នាំគ្នា​បង្កើន​ចំនួន​កងទ័ព​ក៏ដោយ​។ យ៉ាងណាក្ដី បញ្ហា​ប្រឈម​ជាច្រើន​រួមទាំង​ជម្លោះ​អ៊ុយ​ក្រែ​ន​ផង​នោះ នឹង​ក្លាយជា​ឧបសគ្គ​នៃ​ការព្យាយាម​ខិតជិត​គ្នា​រវាង​គូប្រជែង​ទាំងពីរ​នេះ​៕  
 
   
 
 

Tag:
 អឺរ៉ុប​
  អាមេរិក​
  រុស្សី​
  Jean-Claude Juncker
© រក្សាសិទ្ធិដោយ thmeythmey.com