អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ហ្វី​ដែល កា​ស្ត្រូ​៖ «​បើ​រួច​ផុតពី​ការ​លួច​ធ្វើឃាត ជា​កីឡា​អូឡាំពិក ខ្ញុំ​នឹង​ឈ្នះ​មេដៃ​មាស​»
28, Nov 2016 , 1:13 pm        
រូបភាព
 មេដឹកនាំ​បដិវត្តន៍​គុយបា​និង​ជាស​ត្រូវ​ដ៏​ធំ​របស់​អាមេរិក​លោក ហ្វី​ដែល កា​ស្ត្រូ បានទទួល​មរណភាព​នៅ​វ័យ ៩០​ឆ្នាំ នៅ​សប្តាហ៍​មុន​។ លោក​មិន​ស្លាប់​ដោយ​គេ​ធ្វើឃាត​ទេ តែដោយសារ​ជរាពាធ​។ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​លោក​ជា​មេដឹកនាំ​មួយរូប​ដែល​រួច​ផុតពី​ក្តី​ស្លាប់​ដោយសារ​ការ​លួច​ធ្វើឃាត​រាប់រយ​ដង ដែល​ច្រើនជាងគេ​លើ​ពិភពលោក​។​


​ការស្លាប់​របស់​មេដឹកនាំ​សង្គមនិយម និង​ជា​អ្នកប្រឆាំង​ចក្រពត្តិនិយម​ដ៏​ល្បីល្បាញ ហ្វី​ដែល កា​ស្ត្រូ បានធ្វើ​ឲ្យ​ប្រជាជន​គុយបា​សោកស្តាយ ហើយ​វា​ជាការ​បាត់បង់​មួយ​ដ៏​ធំ​ដែរ​។ លោក ហ្វី​ដែល កា​ស្ត្រូ មានឈ្មោះ​បោះ​សំឡេង​ខ្លាំង​ដោយសារ លោក​ដែល​អ្នក​បដិវត្តន៍​មួយរូប​ដែល​មិន​រួញរា​និង​ប្រឹងប្រែង​សព្វគ្រប់​បែបយ៉ាង​ដើម្បី​ប្រឆាំង​អាណានិគម​ពួក​ស្បែ​កស និង​ផ្នត់គំនិត​ចក្រពត្តិនិយម​និង​មូលធននិយម​របស់លោក​ខាងលិច​ដែរ​។ និន្នាការ​ប្រឆាំង​លោកខាងលិច​ឥត​ងាករេ​នេះ​បានធ្វើ​ឲ្យ​លោក ជា​មុខសញ្ញា​ដ៏​សំខាន់បំផុត​របស់ CIA របស់​អាមេរិក ដែល​ត្រូវ​កម្ទេចចោល​។
១. លោក ហ្វី​ដែល កា​ស្ត្រូ ត្រូវគេ​លួច​ធ្វើឃាត ៦៣៨ ដង តែ​មិន​ស្លាប់​
​យោងតាម​សារព័ត៌មាន The Independent អតីត​អង្គរក្ស​ផ្ទាល់​របស់លោក ហ្វី​ដែល កា​ស្ត្រូ  លោក Fabian Escalante បាន​អះអាងថា​លោក ហ្វី​ដែល កា​ស្ត្រូ បាន​ប្រឈម​ការ​លួច​ធ្វើឃាត​របស់​ក្រុម CIA និង​ក្រុម​ផ្សេងទៀត​រហូតដល់ ៦៣៨​ដង ក្នុង​ជីវិត​របស់លោក​ជា​មេដឹកនាំ​។ 
 
​សូម្បីតែ លោក ហ្វី​ដែល កា​ស្ត្រូ ខ្លួនឯង​ផ្ទាល់​ក៏​មិន​រំពឹងថា​លោក​អាច​រស់រានមានជីវិត​រហូតដល់​មាន​អាយុ ៩០​ឆ្នាំ​ដូច្នេះ​ដែរ​។ នេះ​ក៏ដោយ​សារ​គេ​នាំគ្នា​លួច​ធ្វើ​ឃាត់​លោក​ច្រើនដង​ពេក​។ 
«​កាលពី​ឆ្នាំមុន​លោក​បាន​ប្រាប់​សមាជិក​បក្ស​កុម្មុយនីស្ត​ថា​៖​​«​បន្តិចទៀត​ខ្ញុំ​នឹងមាន​អាយុ ៩០ ឆ្នាំ​។ ខ្ញុំ​មិន​ដែរ​គិត​សោះ​ថា ខ្ញុំ​មាន​អាយុ​វែង​ដូច្នេះ​។ វា​មិនមែនជា​ការប្រឹងប្រែង​ឲ្យ​អាយុ​វែង​ទេ​។ តែ​វា​ជា​វាសនា​របស់​មនុស្ស​ម្នាក់ៗ​។ បន្តិចទៀត​ខ្ញុំ​ក៏​ដូច​មនុស្ស​ឯទៀត​ដែរ​»​។​
 
​យោងតាម​ប្រភព​ជាច្រើន ការ​លួច​ធ្វើឃាត​នោះ​រួមមាន​ទាំង បង្កប់​គ្រឿងផ្ទុះ​ក្នុង​បារី​(Cigar)  លួច​ដាក់​ថ្នាំពុល​ក្នុង​បារី​, លួច​បង្កប់​សារធាតុពុល​ក្នុង​អាវ​ហែល​ទឹក​, រៀប​គម្រោង​បំផ្ទុះ​គ្រាប់​ក្រោម​សមុទ្រ រួមទាំង​មាន​សកម្មភាព​ផ្សេងទៀត​ជាច្រើន​។ ប៉ុន្តែ​រាល់​សកម្មភាព​នេះ​សុទ្ធតែ​បរាជ័យ​ទាំងអស់​។ 
 
​លោក​ហ្វី​ដែល កា​ស្ត្រូ ជា​មនុស្ស​ដែល​ចូលចិត្ត​ជក់បារី​ស៊ី​ហ្កា​បំផុត​។ ដូច្នេះហើយ​បានជា​ខាង CIA ឆ្លៀតឱកាស​យក​បារី​នោះមក​ធ្វើជា​ឧបករណ៍​ដើម្បី​ផ្តាច់ជីវិត​លោក​។ ប៉ុន្តែ ពួកគេ​នៅតែ​បរាជ័យ​។ នៅ​ឆ្នាំ ១៩៨៥ លោក ហ្វី​ដែល កា​ស្ត្រូ សុខចិត្ត​ឈប់​ជក់បារី ប៉ុន្តែ​លោក​អះអាងថា ការឈប់​ជក់បារី​គឺ​ដើម្បី​សុខភាព​សាធារណ​ប៉ុណ្ណោះ​។ 
 
​ក្រៅពី​ចូលចិត្ត​ជក់បារី លោក ក៏​ចូលចិត្ត​មុជទឹក​ក្រោម​សមុទ្រ​។ យោងតាម​ឯកសារ​សម្ងាត់​ដែល​បែកធ្លាយ​ឆ្នាំ ១៩៩០ ភ្នាក់ងារ CIA មាន​ម្រោ​ង​លួច​ដាក់​សារធាតុពុល​ក្នុង​អាវ​មុជទឹក​របស់លោក កា​ស្ត្រូ​។ មួយទៀត​ពួកគេ​ក៏មាន​ក​ម្រោ​ង​ដាក់​គ្រឿងផ្ទុះ​នៅ​កន្លែង​ដែល​លោក​ហ្វី​ដែល​កា​ស្ត្រូ ចូលចិត្ត​ទៅ​មើល​នៅក្រោម​សមុទ្រ​ដែរ​។  បន្ថែម​ពីអ្វី​ដែល​បានលើកឡើង​ខាងលើ គេ​ឃើញ​មានការ​ប៉ុនប៉ង​ធ្វើឃាត​លោក ហ្វី​ដែល កា​ស្ត្រូ ដោយ​បាញ់ប្រហារ និង​គម្រោង​ផ្សេងទៀត​ជាច្រើន​ដែរ​។​
 
២. ហ្វី​ដែល កា​ស្ត្រូ ៖ «​បើ​រួច​ផុតពី​ការ​លួច​ធ្វើឃាត ជា​កីឡា​អូឡាំពិក ខ្ញុំ​នឹង​ឈ្នះ​មេដៃ​មាស​»
​វា​មិនមែនជា​រឿង​សាមញ្ញ​ឡើយ​សម្រាប់​មេដឹកនាំ​ពិភពលោក ដែល​អាច​រួច​ជីវិត​ពី​ការធ្វើឃាត​។ ហើយ​វារឹតតែ​មិនមែន​សាមញ្ញ​ទៀត​នៅពេលដែល​លោក កា​ស្ត្រូ អាច​រួច​ផុតពី​ការ​លបលួច​ធ្វើឃាត​រាប់រយ​ដង ពោលគឺ​ច្រើន​ជា​គេឯង​លើ​ពិភពលោក​។ 
 
​លោក ហ្វី​ដែល កា​ស្ត្រូ ធ្លាប់​និយាយ​លេងសើច​ថា ៖«​ប្រសិនជា​រស់រានមានជីវិត​ក្រោយ​គេ​លួច​ធ្វើឃាត​ជា​កម្ម​វី​ធី​របស់​កីឡា​អូឡាំពិក ខ្ញុំ​នឹង​ឈ្នះ​មេដាយមាស​មិន​ខាន​»​។​
​មិន​ត្រឹមតែ​ប៉ុណ្ណេះ​ទេ លោក ហ្វី​ដែល កា​ស្ត្រូ តែ​ចម្អក​ឲ្យ​ប្រធានាធិបតី​អាមេរិក​ជាច្រើនរូប​ដែល​បន្ត​គម្រោងការ​លួច​ធ្វើ​ឃាត់​លោក​និង​បញ្ចប់​របប​ដឹកនាំ​របស់លោក​នៅ​គុយបា​។ នៅក្នុង​ខួបកំណើត​លើក​ទី ៩០​របស់លោក នាពេល​ថ្មីៗ​នេះ លោក ហ្វី​ដែល កា​ស្ត្រូ បាន​សរសេរ​អត្ថបទ​មួយ​ពាក់ព័ន្ធ​ផែនការ​ធ្វើឃាត​លោក ដោយ​លោក​បញ្ជាក់ថា បើសិនជា​លោក​ត្រូវគេ សម្លាប់​មែន រឿង​សាមញ្ញ​ដែល​កើតឡើង​គឺ​ប្អូនប្រុស​លោក លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ (Raul Castro) ត្រូវ​ជំនួស​តំណែង​លោក​ប៉ុណ្ណោះ​។ ហើយ​លោក​ក៏​បន្តថា ៖« ខ្ញុំ​ចង់​សើច​ចំពោះ​គម្រោងការ​របស់​ប្រធានាធិបតី​អាមេរិក​កន្លងមកនេះ​»​។​
​យ៉ាងណាក៏ដោយ ដោយសារ​រងគ្រោះ​ដោយសារ​ការ​លួច​ធ្វើឃាត​ច្រើន​រយ​ដង​បែបនេះ ហ្វី​ដែល កា​ស្ត្រូ ត្រូវ​ជ្រើសរើស​ការរស់នៅ​ដោយ​សម្ងាត់​ដែល​គ្មាន​អ្នកដឹង​។  គ្មាន​អ្នកណាម្នាក់​ដឹង​ច្បាស់​ថា​លោក ហ្វី​ដែល កា​ស្ត្រូ ស្នាក់​នៅទីណា​ឲ្យ​ប្រាកដ​ទេ ហើយ​ចាប់ពី​ពេល​លោក​ផ្ទេរអំណាច​ឲ្យ​ប្អូនប្រុស​លោក​ឆ្នាំ ២០០៦ លោក​បាត់​មុខ​ស្ទើរ​ទាំងស្រុង​ពី​ភ្នែក​សាធារណជន​។ ណាមួយ​លោក មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ ដែល​ចាំបាច់​ត្រូវ​ដកខ្លួន​ចេញពី​នយោបាយ​និង​ទទួល​ការព្យាបាល​។    
 
--​រម្លឹក​ប្រវត្តិ​ទំនាក់ទំនង​គុយបា​-​អាមេរិក​
 
​សហរដ្ឋអាមេរិក និង​ប្រទេស​គុយបា បាន​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​ជាមួយគ្នា​នៅក្នុង​ឆ្នាំ ១៩៦១ ដោយ​សហរដ្ឋអាមេរិក​បាន​បិទ​ស្ថានទូត​ខ្លួន​ប្រចាំ​ទីក្រុង​ហា​វ៉ា​ណា និង​កាត់​ផ្តាច់ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស គុយបា​។ ការ​កាត់​ផ្តាច់ចំណង​ការទូត​នេះ​កើតឡើង​២​ឆ្នាំ ក្រោយ​មេដឹកនាំ​បដិវត្តន៍​គុយបា លោក ហ្វី​ដែល កា​ស្ត្រូ បាន​ដណ្តើម​អំណាច ដោយ​ផ្តួលរំលំ​របប​ដឹកនាំ​លោក Fulgencio Batista ដែល​គាំទ្រ​ដោយ​អាមេរិក​។ 
 
​ក្រោយ​ចលនា​បដិវត្តន៍​គុយបា​បាន​ក្លាយជា​រដ្ឋ​សង្គមនិយម​រណប​សហ​ភាព​សូ​វៀត ហើយ​រាល់​ក្រុមហ៊ុន​ឯកជន​របស់​អាមេរិក​បាន​ក្លាយជា​ក្រុមហ៊ុន​គុយបា​ដោយ​គោលនយោបាយ​ជាតូបនីយកម្ម​របស់លោក ហ្វី​ដែល កា​ស្ត្រូ ហើយ​ទំនាក់ទំនង​ប្រទេស​ទាំង​កាន់តែ​វិ​វ​ត្តិ​ន៍​ទៅរក​ភាពល្អក់​ករក​ខ្លាំង​ក្រោយ​សហរដ្ឋអាមេរិក បរាជ័យ​ក្នុងការ​ប៉ុនប៉ង​ផ្តួលរំលំ​របប​ដឹកនាំ​លោក កា​ស្ត្រូ​នៅក្នុង​ឆ្នាំ ១៩៦១ ។ 
 
​អ្វីដែល​ធ្ងន់ធ្ងរ​នោះ​គឺថា ១​ឆ្នាំក្រោយ​បរាជ័យ​ក្នុងការ​ផ្តួល​រលំ​របប​ដឹកនាំ​គុយបា វិបត្តិ​មី​ស៊ី​ល​គុយបា​បានកើត​ឡើង ដែល​ស្ទើរតែ​ធ្វើអោយ​សង្គ្រាម​នុយក្លេអ៊ែរ​កើតឡើង​ទៅហើយ​។  ប៉ុន្តែ​ពិភពលោក​បាន​រួច​ផុតពី​គ្រោះមហន្តរាយ​មនុស្សជាតិ ដោយ​មេដឹកនាំ​អាមេរិក ច​ន កែ​ណ្ណឺ​ឌី និង​មេដឹកនាំ​សូ​វៀត នី​គី គ្រូ​ឆេវ បានសម្រេច​ចុះ​កិច្ចព្រមព្រៀង​មួយ​ដោយ​អាមេរិក​សន្យាថា​មិន​ឈ្លានពាន​គុយបា​ទៀតឡើយ ហើយ​អាមេរិក​សម្រេច​ដក​នុយ​ក្លេ​អ៊ែរ​ពី​តួ​ក​គី​។ សហភាពសូវៀត​ក៏​ឯកភាព​ដក​កាំជ្រួច​នុយក្លេអ៊ែរ​ពី​គុយបា​ដូចគ្នា​ដែរ​។ 
 
​ប៉ុន្តែ​ស្របពេល​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​អាមេរិក​និង​គុយបា​ត្រូវបាន​កាត់ផ្តាច់ សភា​សហរដ្ឋអាមេរិក​បានសម្រេច​ដាក់ទណ្ឌកម្ម​និង​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​គុយបា ដែល​ធ្វើអោយ​ប្រទេស​នេះ​ប្រឈមមុខ​វិបត្តិ​ខ្វះខាត​ផលិតផល​ប្រើប្រាស់ ហើយ​សេដ្ឋកិច្ច​រីកលូតលាស់​ទៅមុខ​យឺតយ៉ាវ​បំផុត​។ 
 
​រហូតដល់​ចុងឆ្នាំ ២០១៤ អាមេរិក​និង​គុយបា​សម្រេច​ស្តារ​ចំណង​ការទូត​ឡើងវិញ ក្រោយ​មានការ​ចរចា​ជាសម្ងាត់​រវាង​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​និង​រដ្ឋាភិបាល​លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ និង​ស្ថិតក្រោម​ការជួយជ្រោមជ្រែង​ពី​រដ្ឋាភិបាល​កាណាដា និង​សម្តេច​ប៉ាប​ហ្វ្រ​ង់​ស៊ី​ស​។ 
 

© រក្សាសិទ្ធិដោយ thmeythmey.com