អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ្នកចាត់ការ K-pop ត្រូវ​ជាប់ទោស ព្រោះ​រឿងអាស្រូវ​លោកស្រី ប៉ាក ហ្គឺ​ន​ហេ
28, Nov 2016 , 3:06 pm        
រូបភាព
ប្រជាជនកូរ៉េខាងត្បុងធ្វើបាតុកម្មទាមទារឲ្យលោកស្រី ប៉ាក ហ្គឺនហេ ចុះចេញពីតំណែង (រូបភាព Xinhua)
ប្រជាជនកូរ៉េខាងត្បុងធ្វើបាតុកម្មទាមទារឲ្យលោកស្រី ប៉ាក ហ្គឺនហេ ចុះចេញពីតំណែង (រូបភាព Xinhua)
​រឿងអាស្រូវ​របស់​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ បាន​រាលដាល​ចូលដល់​វិស័យ​ចម្រៀង K-pop ដ៏​ល្បី​របស់​កូរ៉េខាងត្បូង​។ អ្នកចាត់ការ​ផ្នែក​វីដេអូ​ចម្រៀង​មួយរូប ត្រូវបាន​កាត់ទោស ក្រោយ​រកឃើញ​ជាប់​ពាក់ព័ន្ធ​នឹង​សំណុំ​ពុករលួយ ដែល​ធ្វើ​ឲ្យ​កើត​វិបត្តិ​នយោបាយ​ក្នុងស្រុក និង​រង្គើ​កៅអី​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ ដែល​កំពុង​ប្រឈមមុខ​នឹង​ការទាមទារ​ឲ្យ​លាលែង​ពី​តំណែង​។​



​រដ្ឋអាជ្ញា​កូរ៉េខាងត្បូង​បាន​រកឃើញថា លោក Cha Eun-Taek ដែលជា​អ្នកចាត់ការ​លេចធ្លោ​ក្នុង​វិស័យ​ចម្រៀង K-pop បាន​ប្រើប្រាស់​ទំនាក់ទំនង​សម្ងាត់​ជាមួយ​លោកស្រី Choi Soon-Sil ជា​មនុស្ស​ជំនិត​របស់​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ ដើម្បី​ទទួលបាន​គម្រោង​ពី​ក្រុមហ៊ុន​រដ្ឋ និង​ឯកជន​។ លោក Cha Eun-Taek ត្រូវបាន​កាត់ទោស​ពីបទ​រំលោភ​អំណាច ការបង្ខិតបង្ខំ និង​ការលួចបន្លំ​។ 

​អ្នកចាត់ការ​ក្នុង​វិស័យ​ចម្រៀង​ដ៏​ល្បីល្បាញ​រូបនេះ ជា​បុគ្គល​សាធរ​ណ​ចុងក្រោយ​គេ ដែល​ត្រូវបាន​កាត់ទោស ចំពោះ​ការជាប់​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ដ៏​ធំ​នេះ​។ លោកស្រី ស្រី Choi Soon-Sil ក៏ត្រូវ​កាត់ទោស​លើ​ករណី​ជាច្រើន ជាពិសេស​ការ​លូកដៃ​ចូល​កិច្ចការរដ្ឋ និង​ការប្រើប្រាស់​ទំនាក់ទំនង​ជាមួយ​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ ដើម្បី​ទាមទារ​ប្រាក់​សន្ធឹកសន្ធាប់​ពី​ក្រុមហ៊ុន​ធំៗ​របស់​ប្រទេស​រួមទាំង​ក្រុមហ៊ុន Samsung ផងដែរ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP រដ្ឋអាជ្ញា​កូរ៉េខាងត្បូង​បញ្ជាក់ទៀតថា ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ ថែមទាំង​បាន​បញ្ជូន​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់ខ្លួន​ដាក់​សម្ពាធ​លើ​មន្ត្រី​និង​ក្រុមហ៊ុន​នានា ដើម្បី​ធានាថា លោក Cha Eun-Taek ទទួលបាន​កិច្ចសន្យា​ផងដែរ​។ មកទល់ពេលនេះ ទីប្រឹក្សា​ជាច្រើនរូប​របស់លោក​ស្រី ត្រូវ​នាំខ្លួន​សួរនាំ និង​ត្រូវបាន​កាត់ទោស​មួយចំនួន​ហើយ​ដែរ​។​

​ដោយឡែក​លោកស្រី ប៉ាក ហ្គឺ​ន​ហេ វិញ រដ្ឋអាជ្ញា មិនទាន់​អាចធ្វើ​អ្វី​បាន​នៅឡើយ ដ្បិត​លោកស្រី​នៅ​ជា​ប្រធានាធិបតី​ក្នុង​តំណែង​។ ម្ដង​ជា​ពីរដង លោកស្រី​បាន​ពន្យារពេល​ចូលខ្លួន​ទៅកាន់​ការិយាល័យ​រដ្ឋអាជ្ញា ដើម្បី​សាកសួរ​លើ​តួនាទី​លោកស្រី​ក្នុង​សំណុំរឿង​ក្ដៅគគុក​នេះ បើទោះជា​លោកស្រី​ធ្លាប់​អះអាង​ចូលខ្លួន​តាម​ការកោះហៅ​ក៏ដោយ​។ ហើយ​តុលាការ​ក៏​មិនអាច​កាត់ទោស​លោកស្រី​លើ​ករណីនេះ​បានដែរ​។​

​យ៉ាងណាក្ដី ក្រុម​បា​តុ​ការរាប់​ច្រើនជាង​មួយ​លាន​នាក់ បាន​តវ៉ា​នៅ​ទូទាំងប្រទេស​ដើម្បី​ទាមទារ​ឲ្យ​លោកស្រី ប៉ាក ហ្គឺ​ន​ហេ លាលែង​ដោយ​ខ្លួនឯង​។ ចំណែក​ក្រុម​បក្សប្រឆាំង ក៏​កំពុង​ស្វែងរក​សំឡេងគាំទ្រ​ពី​បក្ស​កាន់អំណាច ដើម្បី​ចាប់ផ្ដើម​ដំណើរការ​ទម្លាក់​លោកស្រី ប៉ាក ផងដែរ​។ ប៉ុន្តែ​លោកស្រី​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ នៅតែ​ជម្នះ​ការទាមទារ​ទាំងនោះ និង​ព្រម​លាលែង​ពី​តំណែង​ឡើយ​៕


Tag:
 K-Pop
  ប៉ាក ហ្គឺ​ន​ហេ​
  Cha Eun-Taek
  Choi Soon-Sil
© រក្សាសិទ្ធិដោយ thmeythmey.com