អន្តរជាតិ
តួ​ក​គី​ព្រមាន​អឺរ៉ុប «​កុំ​ហួសហេតុ​ពេក​»
28, Nov 2016 , 7:39 pm        
រូបភាព
ប្រធានាធិបតីតួកគី Tayyip Erdogan
ប្រធានាធិបតីតួកគី Tayyip Erdogan
​បន្ទាប់ពី​សភា​អឺរ៉ុប​បោះឆ្នោត​ស្នើ​ឲ្យ​ផ្អាក​ដំណើរការ​ចរចា​លើ​ការសុំ​ចូល​ជា​សមាជិក​អឺរ៉ុប​របស់​តួ​ក​គី ប្រធានាធិបតី​តួ​ក​គី Recep Tayyip Erdogan បាន​ប្រតិកម្ម​ខ្លាំងៗ​តបត​វិញ​នឹង​ការអំពាវនាវ​ឲ្យ​ផ្អាក​នេះ​។ ដំបូង​នោះ ប្រធានាធិបតី​តួ​ក​គី ព្រមាន​បើកទ្វារ​ព្រំដែន​ឲ្យ​ជនភៀសខ្លួន​រាប់លាន​នាក់​កំពុង​រស់នៅ​តួ​ក​គី ធ្វើដំណើរ​ទៅកាន់​អឺរ៉ុប​។ ហើយ​ចុង​ក្រោយនេះ លោក​ក៏​ប្រាប់​អឺរ៉ុប កុំ​ធ្វើ​អ្វី​ហួស​ព្រំដែន​របស់ខ្លួន​។​



​ប្រមុខរដ្ឋ​តួ​ក​គី Recep Tayyip Erdogan ក្ដៅស្លឹកត្រចៀក​យ៉ាងខ្លាំង​នឹង​ការសម្រេចចិត្ត​របស់​ស​ភា​អឺរ៉ុប ដែល​ទទូច​ឲ្យ​ព្យួរ​ការចរចា​ជាមួយ​ខ្លួន​នោះ​។ លោក Erdogan បាន​ព្រមាន​អឺរ៉ុប មិនត្រូវ​ធ្វើ​អ្វី​ឲ្យ​ហួសហេតុ​ឡើយ ហើយក៏​គ្មាន​តួនាទី​អ្វី​មក​បង្ខំ​ឲ្យ​អឺរ៉ុប​ធ្វើតាម​ការចង់បាន​រប​ស់​ខ្លួន​លើ​ការប្រយុទ្ធប្រឆាំង​ភេរវកម្ម​ឡើយ​។​

​សេចក្ដីសម្រេច​របស់​ស​ភា​អឺរ៉ុប ធ្វើឡើង​ដើម្បី​ឆ្លើយតប​នឹង​វិធានការ​ខ្លាំងៗ​របស់​តួ​ក​គី​លើ​គម្រោង​រដ្ឋប្រហារ​មិនបាន​សម្រេច​ក្នុង​ខែកក្កដា​។ សមាជិកសភា​អឺរ៉ុប បាន​ថ្កោលទោស​វិធានការ​បង្ក្រាប​ដែល​មិន​សមរម្យ​លើ​អ្នក​ជាប់​ពាក់ព័ន្ធ​ផែនការ​រដ្ឋប្រហារ​នេះ​។ ហើយ​សភា​អឺរ៉ុប ចាត់ទុក​សកម្មភាព​នេះ ថា​រំលោភបំពាន​សិទ្ធិសេរីភាព​មូលដ្ឋាន​ដែល​ត្រូវការពារ​ដោយ​ច្បាប់រដ្ឋធម្មនុញ្ញ​។​

​នៅក្នុង​ការឆ្លើយតប​លើក​នេះ ប្រធានាធិបតី​តួ​ក​គី Erdogan បាន​ប្រាប់​សហភាព​អឺរ៉ុប​ចំៗ​ពី​ព្រំដែន​ដែល​ខ្លួន​អាចធ្វើ​សកម្មភាព​បាន​។ ទីភ្នាក់ងារ​ព័ត៌មាន Anadolu បាន​ស្រង់​សម្ដី​លោក Erdogan ថា​៖ «​រដ្ឋាភិបាល​និង​សភា​តួ​ក​គី មាន​សិទ្ធិ​ពន្យារ​រយៈពេល​នៃ​ការដាក់​ប្រទេស​ក្នុង​ស្ថានការណ៍​បន្ទាន់​។ តើ​សភា​អឺរ៉ុប ជា​អ្នកគ្រប់គ្រង​តួ​ក​គី ឬ​រដ្ឋាភិបាល​តួ​ក​គី ជា​អ្នកគ្រប់គ្រង​តួ​ក​គី​? ដឹង​ពី​ព្រំដែន​របស់ខ្លួន​ផង​!»

​ថ្លែង​ពី​ទីក្រុង​អ៊ី​ស្តង់​ប៊ុល លោក Erdogan បន្តថា ការ​ប្រាប់​ប្រទេស​កំពុង​ប្រយុទ្ធ​ភេរវកម្ម មិន​ឲ្យ​ប្រឆាំង​ភេរវកម្ម គឺ​ដូចជា​ប្រាប់​ពួកគេ​មិន​ឲ្យ​ធ្វើ​អ្វី​សោះ​។ ហើយ​លោក​បញ្ជាក់​ច្បាស់​ថា តួ​ក​គី​នឹង​បន្ត​ប្រយុទ្ធ​ក្រុម​ភេរវកម្ម​ទៅតាម​គោលដៅ​របស់ខ្លួន​។ ក្នុង​ខែតុលា រដ្ឋាភិបាល​តួ​ក​គី បាន​ពន្យារពេល​ដាក់​ប្រទេស​ក្នុងស្ថានភាព​អាសន្ន​រយៈ​ពេល​បី​ខែ​ទៀត ដើម្បី​ឆ្លើយតប​រដ្ឋប្រហារ​ខែកក្កដា​។ មនុស្ស​ជាច្រើន​ត្រូវបាន​សម្លាប់ ចាប់ខ្លួន និង​បណ្ដេញ​ពី​តំណែង​។​

​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា លោក Erdogan បាន​ប្រាប់​មេដឹកនាំ​អឺរ៉ុប​ថា តួ​ក​គី​អាច​បើក​ព្រំដែន បើ​អឺរ៉ុប​នៅតែ​រុញច្រាន​តួ​ក​គី​ទៀត​នោះ​។ លោក​និយាយថា តួ​ក​គី​តែឯង​ជា​អ្នក​ចិញ្ចឹម​ជនភៀសខ្លួន​ជាង​បី​លាន​នាក់ តែ​ពេលនេះ​អឺរ៉ុប​បែរជា​ក្បត់​តួ​ក​គី​ទៅវិញ​។ លោក​ព្រមាន​អឺរ៉ុប​ថា​៖ «​បើ​អឺរ៉ុប​នៅតែ​បន្តសកម្មភាព​របស់ខ្លួន តួ​ក​គី​នឹង​បើក​ព្រំដែន​របស់ខ្លួន​មិន​ខាន​»៕ 


Tag:
 ​តួ​ក​គី​
  អឺរ៉ុប​
  ជនភៀសខ្លួន​
  Recep Tayyip Erdogan
© រក្សាសិទ្ធិដោយ thmeythmey.com