អន្តរជាតិ
ទោះ​មិនបាន​ជួប​ផ្ទាល់ លោក​ណា​ជីប និង​លោក​ត្រាំ សន្យា​តាម​ទូរ​សព្ទ​ពង្រឹង​ចំណង​ម៉ាឡេស៊ី​-​អាមេរិក​
28, Nov 2016 , 3:56 pm        
រូបភាព
ដោយ: ថ្មីៗ
​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​អះអាងថា លោក បាន​ទូរ​សព្ទ​សាទរ​លោក​ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​អាមេរិក ដូ​ណា​ល់ ត្រាំ​លើ​ជ័យជម្នះ​នៃ​ការបោះឆ្នោត​ថ្មីៗ​នេះ​។ គឺ​តាមរយៈ​កិច្ចសន្ទនា​ទូរ​សព្ទ​នេះហើយ ដែល​លោកនាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី បញ្ជាក់ដែរថា ភាគី​ទាំង​ពីរបាន​ព្រមព្រៀងគ្នា​ក្នុងការ​រឹតចំណង​ទ្វេភាគី​នោះ​។



«​គឺជា​រឿង​ដែល​ល្អប្រសើរ​ក្នុងការ​ទំនាក់ទំនង​ឡើងវិញ​ជាមួយនឹង​លោក​ប្រធានាធិបតី​ជាប់ឆ្នោត ដូ​ណា​ល់​ត្រាំ លើ​ជ័យជម្នះ​របស់លោក​។ ថ្ងៃនេះ យើង បាន​មាន​កិច្ចសន្ទនា​តាមរយៈ​ទូរ​សព្ទ​មួយ​ដ៏​កក់ក្តៅ និង​ផ្លែផ្កា​។​» នេះ គឺជា​សេចក្តីថ្លែងការណ៍​របស់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក​ណា​ជីប រ៉ា​ហ្សា​ក់ ដែល​បាន​សរសេរ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា​។

​ជាមួយនឹង​ការ​សាទរ​លើ​ជ័យជម្នះ​នៃ​ការបោះឆ្នោត លោកនាយក​រដ្ឋមន្ត្រី​រូបនេះ ក៏បាន​បញ្ជាក់ដែរថា លោក បាន​ជជែក​ពី​បញ្ហា​ជាច្រើន​ជាមួយនឹង​លោក ដូ​ណា​ល់ ត្រាំ ដែល​រាប់បញ្ចូល​ទាំង​កំណើនសេដ្ឋកិច្ច​រវាង​អាមេរិក និង​ម៉ាឡេស៊ី​ផងដែរ​។ លោក បន្ថែមទៀត​យ៉ាង​ដូច្នេះ​ថា​៖«​យើង បាន​ព្រមព្រៀង​ក្នុងការ​ពង្រឹង​ចំណង​អាមេរិក​-​ម៉ាឡេស៊ី​ទៅមុខ​ទៀតផង​»៕


Tag:
 អាមេរិក​
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com