អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ៊ីស្រាអែល​ទិញយន្ត​ហោះ​ចម្បាំង F-35 បន្ថែម​ពី​អាមេរិក​
29, Nov 2016 , 8:39 am        
រូបភាព
 
​រដ្ឋាភិបាល​អ៊ីស្រាអែល​នឹង​នាំចូល​យន្តហោះ​ចម្បាំង​សេ​រ៊ី​ទំនើប​បំបាំងកាយ F-35 បន្ថែមចំនួន ១៧ គ្រឿង​បន្ថែមទៀត ដោយ​ប្រទេស​នេះ​នឹងមាន​យន្តហោះ​សរុប​រហូតដល់ ៥០ គ្រឿង​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត​។ ការបញ្ជាទិញ​យន្តហោះ​នេះ​ស្ថិតក្រោម​គម្រោង​ជំនួយ​យោធា​របស់​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​។


មានសំឡេង




​ការិយាល័យ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បានប្រកាសថា រដ្ឋាភិបាល​អ៊ីស្រាអែល​នឹង​បញ្ជា​ទិញ​យន្តហោះ​ចម្បាំង​បំបាំង​ខ្លួន​ម៉ាក F-35 ចំនួន ១៧ គ្រឿង​ពី​អាមេរិក​នៅពេល​ខាងមុខ​។ ការទិញ​បន្ថែម​យន្តហោះ​ចម្បាំង ១៧​គ្រឿង​នេះ នឹងធ្វើ​ឲ្យ​កងទ័ព​ជើង​អាកាស​អ៊ីស្រាអែល​មាន​យន្តហោះ​ប្រភេទ​នេះ​សរុប​ចំនួន ៥០​គ្រឿង​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ការិយាល័យ​នាយករដ្ឋមន្ត្រី​ប្រកាស​បែបនេះ​ក្រោយ​ពេលដែល​គណៈកម្មាធិកា​រ​សន្តិសុខ​ព្រម​ផ្តល់​ភ្លើង​ខៀវ​សម្រាប់​ការនាំ​អាវុធ​ចូល​បន្ថែម​នេះ​។ ហើយ​គម្រោង​ទិញ​យន្តហោះ​ចម្បាំង​បន្ថែម​នេះ​គឺ​ស្ថិតនៅក្រោម​គម្រោង​ជំនួយ​យោធា​របស់​ក្រុង​វ៉ាស៊ីនតោន​ចំពោះ​អ៊ីស្រាអែល​ប៉ុណ្ណោះ​។ 
  
 
​សូមបញ្ជាក់​បន្តិច​ថា កាលពី​កញ្ញា​កន្លងទៅ ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ចុះហត្ថលេខា​លើ​ឯកសារ​ដែល​កំណត់​ពី​កញ្ចប់​ជំនួយ​យោធា​សម្រាប់​អ៊ីស្រាអែល​រយៈពេល ១០​ឆ្នាំ ដែលមាន​ទំហំ​រហូតដល់ ៣៨ ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ​។ ហើយ​កញ្ចប់​ជំនួយ​ដែល​ចុះហត្ថលេខា​ដោយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ផ្ទាល់​នេះ​មាន​ទំហំ​ធំ​បំផុត​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​អាមេរិក​ឡើយ​។ 
 
​ត្រឡប់មកវិញ អ៊ីស្រាអែល នឹង​ទទួលបាន​យន្តហោះ​ចម្បាំង F-35 ជា​លើកដំបូង​នៅ​ខែ​ក្រោយនេះ​។  អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ ក្រុមហ៊ុន​បច្ចេកវិទ្យា​អ៊ីស្រាអែល​បាន​ចូលរួម​ជាមួយ​សហរដ្ឋ​អាមេរិក​ក្នុង​ការផលិត​មួក​មាន​បច្ចេកវិទ្យា​ទំនើប​សម្រាប់​អ្នកបើកបរ​យន្តហោះ​ចម្បាំង F-35 នេះដែរ​។ ហើយ​ក្រុមហ៊ុន​ឧស្សាហកម្ម​យោធា​របស់​រដ្ឋ​អ៊ីស្រាអែល ក៏​ចូលរួម​ផលិត​ផ្នែក​ខ្លះ​នៃ​យន្តហោះ​ចម្បាំង F-35 នេះដែរ​។​
 
​តាមពិតទៅ យន្តហោះ​ចម្បាំង​ថ្មី​នេះ​ក្លាយជា​ប្រភេទ​យន្តហោះ​ចម្បាំង​ចុងក្រោយ​ដែលមាន​សមត្ថភាព​ខ្ពស់​ដោយ​វា​អាច​បំបាំងកាយ​ផុតពី​រ៉ា​ដា​,​អាច​ហោះ​បាន​ល្បឿន​បំផុត និង​អាចមាន​សមត្ថភាព​ប្រយុទ្ធ​ខ្ពស់​ផង​។​
  
 
​ពាក់ព័ន្ធ​ការនាំ​ចូល​អាវុធ​បន្ថែម​នេះ មេដឹកនាំ​អ៊ីស្រាអែល​បាន​អះអាងថា វា​ជា​គោលនយោបាយ​ពង្រឹង​សន្តិសុខ និង​សមត្ថភាព​ការពារជាតិ​ដើម្បី​ទប់ទល់​រាល់​ការគំរាមកំហែង​ពី​ក្រៅ​។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​លើកឡើងថា​៖« អ៊ីស្រាអែល​អាច​ការពារ​ខ្លួន ឯង​បាន​ដោយ​ប្រើប្រាស់​កម្លាំង​ផ្ទាល់ខ្លួន​ដើម្បី​ប្រឆាំង​សត្រូវ​ទាំងអស់​»​។ 
 
​យ៉ាងណាមិញ​គេ​ដឹង​ច្បាស់​ថា អ៊ីស្រាអែល​ព្យាយាម​ពង្រឹងសមត្ថភាព​របស់​ខ្លួន​ដើម្បី​ទប់ទល់​ការគំរាមកំហែង​ពី​សំណាក់​អ៊ីរ៉ង់​។ ចាប់ពី​ពេលដែល​មហាអំណាច​ប្រាំ បូក​មួយ​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​អ៊ីរ៉ង់​កាលពី​ខែកក្កដា​ឆ្នាំមុន អ៊ីស្រាអែល​បន្ត​រិះគន់​កិច្ចព្រមព្រៀង និង​ចាត់ទុកថា វា​ជា​កំហុសឆ្គង​ប្រវត្តិសាស្ត្រ​មួយ​។ ហើយ​អ៊ីស្រាអែល​ព្រមាន​ម្តង​ជា​ពីរដង​ប្រើប្រាស់​កម្លាំងយោធា​ជា​លក្ខណៈ​ឯកតោភាគី​ដើម្បី​ប្រឆាំង​អ៊ីរ៉ង់​បើសិនជា​ចាំបាច់​នោះ​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​អ៊ីរ៉ង់​ផលិត​អាវុធ​នុយក្លេអ៊ែរ​បាន​នោះ​៕ 
 
 





Tag:
 Benjamin Netany
  F-35
  អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com