អន្តរជាតិ
ប្រ​ធានសភា​វៀតណាម​ទៅ​បុណ្យសព​លោក ហ្វី​ដែល កា​ស្ត្រូ​
28, Nov 2016 , 5:45 pm        
រូបភាព
ដោយ: ថ្មីៗ
ប្រធានរដ្ឋសភា​វៀតណាម​លោកស្រី Nguyen Thi Kim Ngan អញ្ជើញ​ទៅ​ចូលរួម​ពិធី​បុណ្យសព​របស់​មេដឹកនាំ​បដិវត្តន៍​គុយបា​លោក ហ្វី​ដែល កា​ស្ត្រូ (Fidel Castro)​    ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។ ក្រុម​អ្នកនយោបាយ​និង​សមាជិក​បក្ស​កុម្មុយនីស្ត​វៀតណាម​ជាច្រើន​ផ្សេងទៀត​ក៏​ទៅ​គោរព​វិញ្ញាណក្ខន្ធ​លោក ហ្វី​ដែល កា​ស្ត្រូ នៅ​ស្ថានទូត​គុយបា​ប្រចាំ​ប្រទេស​វៀតណាម​ដែរ​។



​ក្រសួងការបរទេស​វៀ​ត​ណា​ម​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​បញ្ជាក់ថា ប្រធានរដ្ឋសភា​វៀតណាម​លោកស្រី Nguyen Thi Kim Ngan ចាក​ចេញពី​វៀតណាម​នៅ​ថ្ងៃ​ចន្ទ​នេះ​ដើម្បី​ទៅ​ចូលរួម​ពិធី​បុណ្យសព​របស់​អតីត​ប្រមុខរដ្ឋ​និង​មេដឹកនាំ​ប​ដិ​វ​ត្តិ​ន៍​គុយបា ហ្វី​ដែល កា​ស្ត្រូ ( Fidel Castro)​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ក្រសួងការបរទេស​វៀត​ណា​ម លោកស្រី ប្រធានសភា នេះ​បាន​ដឹកនាំ​ប្រតិភូ​ជាន់ខ្ពស់​វៀតណាម​ជាច្រើនរូប​ទៅ​ចូលរួម​ពី​ធី​បុណ្យ​នេះ​ផងដែរ​។ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ដដែល​នេះ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​វៀតណាម​និង សមាជិក​បក្ស​កុម្មុយនីស្ត​វៀតណាម​ក៏​នឹង​ទៅ​គោរព​វិ​ញ្ញា​ក្ខ​ន្ធ​លោក ហ្វី​ដែល កា​ស្ត្រូ នៅ​ស្ថានទូត​គុយបា នៅ​ទីក្រុង​ហាណូយ​ផងដែរ​។​

​សូមបញ្ជាក់​បន្តិច​ដែរ​ថា អតីត​ប្រមុខរដ្ឋ​គុយបា លោក ហ្វី​ដែល កា​ស្ត្រូ បានទទួល​មរណភាព​នៅ​យប់​ថ្ងៃ​សុក្រ​ទី ២៥ វិច្ឆិកា ក្នុង​អាយុ ៩០ ឆ្នាំ​។  ហើយ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ រដ្ឋាភិបាល​វៀតណាម បាន​ផ្ញើរ​លិខិត​ចូលរួម​រម្លែក​ទុក្ខ​ទៅកាន់​ប្រជាជន​គុយបា​ដែរ​។ មេដឹកនាំ​វៀតណាម​ពិតជា​សោកសង្រេង​ចំពោះ​ការទទួល​មរណភាពរ​ប​ស់លោក ហ្វី​ដែល កា​ស្ត្រូ ហើយ​វៀតណាម​ក៏​លើកឡើង​ពី​វារៈ​ភាព​របស់លោក ហ្វី​ដែល កា​ស្ត្រូ ដែល​បាន​បំពេញ​ចំពោះ​ប្រទេសជាតិ​និង​តំបន់​អាមេរិក​ឡា​ទី​ទាំងមូល​ដែរ​។ វៀតណាម​ថ្លែងថា លោក ហ្វី​ដែល កា​ស្ត្រូ ជា​មេដឹកនាំ​ដ៏​អស្ចារ្យ​របស់​ប្រជាជន​គុយបា​និង​តំបន់​ទាំងមូល ហើយ​លោក​បាន​ប្រឹងប្រែង​មិន​រួញរា​ក្នុងការ​ស្វែងរក​សន្តិភាព ឯករាជភាព សេរីភាព និង​គោរព​គោលនយោបាយ​សង្គមនិយម​។

​តាមពិតទៅ វៀតណាម​និង​គុយបា មាន​ទំនាក់ទំនង​ល្អ​និង​ជិតស្និទ្ធ​តាំងពី​យូរ​មកហើយ​។ ហើយ​ក្រោយ​វៀតណាម​រួបរួមគ្នា​ឆ្នាំ ១៩៧៥ ក្រៅពី​សហភាពសូវៀត គុយបា​ក៏បាន​រួមចំណែក​សំខាន់​ក្នុង​ការជួយជ្រោមជ្រែង​ឲ្យ​វៀតណាម​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​សំខាន់ៗ​មួយចំនួន​ដែរ​។ គុយបា មិន​ត្រឹមតែ​ជា​ប្រទេស​ដែលជា​មិត្ត​ជិតស្និទ្ធ​របស់​វៀតណាម​ប៉ុណ្ណោះ​ទេ តែ​គុយបា​ការ​ជា​ប្រទេស​អនុវត្ត​គោលនយោបាយ​និង​មនោគមន៍វិជ្ជា​សង្គមនិយម​ដ៏​ជោគជ័យ​ដែលជា​ប្រទេស​គម្រូ​សម្រាប់​វៀតណាម និង​ប្រទេស​កំពុង​អភិវឌ្ឍ​ផ្សេងទៀត​ផងដែរ​។ វៀតណាម​ស្ងើចសរសើរ គុយបា ចំពោះ​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​, លើកស្ទួយ​ប្រព័ន្ធ​អប់រំ​និង​សុខាភិបាល វប្បធម៌ ក៏ដូចជា​ច្ចេក​វិទ្យា​ខាង​ជីវសាស្ត្រ​ជាដើម​ផង​៕


Tag:
 Nguyen Thi Kim Ngan
  ហ្វី​ដែល កា​ស្ត្រូ​
  វៀតណាម​
  គុយបា
© រក្សាសិទ្ធិដោយ thmeythmey.com