អន្តរជាតិ
មុង​នៅតែ​ជា​អាវុធ​ចម្បង​ប្រឆាំងនឹង​ជំងឺគ្រុនចាញ់​
29, Nov 2016 , 8:59 am        
រូបភាព
ដោយ: VOA
​វ៉ាស៊ីនតោន​៖ ទោះបីជា មូស​ចម្លងជំងឺ​គ្រុនចាញ់ បាន​ស៊ាំ​ទៅនឹង​ថ្នាំ​សម្លាប់សត្វ​ល្អិត​ក្តី ក៏​មុង​ជ្រលក់​ថ្នាំ​នៅតែ​ផ្តល់នូវ​«​ការការពារ​យ៉ាងសំខាន់​» ប្រឆាំងនឹង​ជំងឺ​នេះដែរ​។ នេះ គឺជា​ការរកឃើញ​រប​ស់ការ​សិក្សា​ប្រាំ​ឆ្នាំ ដែល​ចេញផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី​១៦ ខែវិច្ឆិកា នៅឯ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សង្គម​អាមេរិក​នៃ​វេជ្ជសាស្ដ្រ​ត្រូពិច និង​អនាម័យ​នៅ​រដ្ឋ Atlanta​។



​អង្គការ​សុខភាព​ពិភពលោក ដែល​បាន​ជំនួយ​ពី​មូលនិធិ Bill & Melinda Gates បានធ្វើ​ការសិក្សា​នៅក្នុង​ប្រទេស​បេ​ណាំង កា​មេ​រូ​ន កេ​ន​យ៉ា​ស៊ូដង់ និង​ឥណ្ឌា​។ ការសិក្សា​នេះ​ផ្តោតទៅលើ​ប្រសិទ្ធិភាព​នៃ​មុង​ជ្រលក់​ថ្នាំ​សម្រាប់​សម្លាប់​មូស​។​

​អ្នកវិទ្យាសាស្ត្រ​អង្គការ​សុខភាព​ពិភពលោក លោក​វេជ្ជបណ្ឌិត Tessa Knox បាន​ចូលរួម​ធ្វើការ​វាយតម្លៃ​ប្រសិទ្ធភាព​មុង​ទាំងនោះ​។​

​លទ្ធផល​ចម្បង​នៃ​ការសិក្សា​បានផ្តល់​ផល​វិជ្ជមាន​ណាស់​។ វា​បាន​បង្ហាញថា មុង​ជ្រលក់​ថ្នាំ ដែល​កំពុង​ត្រូវបាន​ប្រើ​នៅ​ទូទាំង​អនុតំបន់​សាហា​រ៉ា​នៃ​ទ្វីបអាហ្វ្រិក ពិតជា​នៅមាន​ប្រសិទ្ធភាព​មែន​។ មាន​គំហើញ​សំខាន់​មួយ​បង្ហាញថា ពួកយើង​ពិតជា​ត្រូវការ​បង្កើន​ចំនួន​មុង​នេះ និង​ត្រូវ​ប្រាកដថា​អ្នក​រាល់គ្នា​ដែល​រស់នៅក្នុង​តំបន់ ដែល​ប្រឈម​នឹង​គ្រោះថ្នាក់ បាន​សម្រាក​ដោយ​ប្រើប្រាស់​មុង​នេះ​ត្រឹមត្រូវ​។​

​ប៉ុន្តែ ប្រសិនបើ​សត្វ​មូស​មាន​ភាពស៊ាំ​ទៅនឹង​មុង​ជ្រលក់​ថ្នាំ តើ​មុង​ទាំងនោះ​អាច​ផ្តល់​ការការពារ​ប្រឆាំងនឹង​ជំងឺគ្រុនចាញ់​ដោយ​របៀប​ណា​?

​ដូច្នេះ មូស​អាច​ទំ​នៅលើ​មុង​បាន ហើយ​វា​នឹងមិន​ស្លាប់​ភ្លាមៗ​នោះទេ​។ អ្វីដែល​វា​នឹងធ្វើ គឺ​វា​នឹង​ស្វែងរក​ប្រហោង​ណាមួយ ដែល​អាច​ឲ្យ​វា​ចូលទៅក្នុង​មុង​បាន ហើយ​ខាំ​មនុស្ស​ដែល​កំពុង​គេង​នោះ​។ នៅពេលដែល​វា​កំពុង​ស្វែងរក​ប្រហោង វា​បាន​ប៉ះពាល់​នឹង​ផ្ទៃ​មុង​ហើយ​ស្រូបយក​ថ្នាំ​សម្លាប់​សត្វល្អិត​។ នៅពេលដែល​វា​ស្រូបយក​ថ្នាំ​សម្លាប់​សត្វល្អិត សារធាតុ​ថ្នាំ​នោះ​នឹងធ្វើ​ឲ្យ​មូស​ស្លាប់​មិន​ខាន​។ ដូច្នេះ បើទោះបីជា​មូស​មិនបាន​ស្លាប់​ភ្លាម ប៉ុន្តែ​អំឡុង​ពេលដែល​វាស្វែងរ​ក​ប្រហោង​មុង​នោះ វា​គង់តែ​នឹង​ស្លាប់​ទេ​។​

​ទោះជា​យ៉ាងណាក៏ដោយ លោក Knox បាន​និយាយថា វា​នៅតែ «​ត្រូវការ​ឧបករណ៍​ថ្មី និង​ប្រសើរ​ជាង​មុន​ក្នុងការ​ប្រឆាំងនឹង​ជំងឺគ្រុនចាញ់​»​។​

​ឧបករណ៍​មួយចំនួន​ដែល​ត្រូវបាន​វាយតំ​លៃ​កាលពីពេល​ថ្មីៗ​នេះ គឺ​ដូចជា​ថ្នាំ​សំលាប់​សត្វល្អិត​ថ្មី ឬ​ការបង្កើត​រូបមន្ត​ថ្មីៗ​ដោយ​ផ្សំ​ជា​តុ​ថ្នាំ​បញ្ចូល​គ្នា​ឲ្យ​បាន​ច្រើន​ជាជាង​ធាតុ​ថ្នាំ​សម្លាប់​សត្វល្អិត​តែ​ម្យ៉ាង​គត់​។ ដូចគ្នានេះដែរ យើង​ក្រឡេកមើល ហ្សែ​នស​ត្វ​មូស ដែល​វា​នឹង​ផ្លាស់ប្តូរ​រចនាសម្ព័ន្ធ​នៃ​ចំនួន​មូស​នៅក្នុង​តំបន់​មួយ ហើយ​និង​កាត់បន្ថយ​សមត្ថភាព​នៃ​ការចម្លង​ជំងឺគ្រុនចាញ់​។ ប៉ុន្តែ​បច្ចុប្បន្ននេះ​និង​នាពេល​អនាគត យើង​រំពឹងថា មុង​ជ្រលក់​ថ្នាំ នឹង​ក្លាយជា​អាវុធ​ចម្បង ប្រឆាំងនឹង​ជំងឺគ្រុនចាញ់​។​

​តាមរយៈ​ការសិក្សា​នៅ​តំបន់​មួយ​ក្នុងប្រទេស​ស៊ូដង់ អ្នកស្រាវជ្រាវ​បាន​បាញ់​ជញ្ជាំង​ផ្ទះ​ជាមួយនឹង​ថ្នាំ​សម្លាប់​សត្វល្អិត ដែលមាន​សារធាតុ​គីមី​ខុសពី​សារធាតុ​គីមី​ប្រើ​សម្រាប់​មុង​។ ពួកគេ​និយាយថា វា​អាច​កាត់បន្ថយ​ការឆ្លង​មេរោគ​ប្រមាណ ៥០ ភាគរយ បើ​ធៀប​ទៅនឹង​ការប្រើប្រាស់​មុង​ជ្រលក់​ថ្នាំ​តែ​ម្យ៉ាង​ដែល​ធ្លាប់ប្រើ​ជា​យូរណាស់​មកហើយ​។​

​លោក​វេជ្ជបណ្ឌិត Knox បាន​និយាយថា ថ្នាំ​សំលាប់​សត្វល្អិត​ដែល​ត្រូវបាន​ប្រើ​ប្រឆាំងនឹង​ជំងឺគ្រុនចាញ់ មិនគួរ​បង្កឱ្យមាន​ផលប៉ះពាល់​អាក្រក់​ណាមួយ​លើ​មនុស្ស​ទេ​។​

​សារធាតុ​គីមី​ទាំងអស់ ដែល​ប្រើ​យ៉ាង​ទូលំទូលាយ​នៅ​ទូទាំង​អនុតំបន់​សាហា​រ៉ា​នៃ​ទ្វីបអាហ្វ្រិក ត្រូវបាន​ឆ្លងកាត់​ការធ្វើ​តេស្ត​សុវត្ថិភាព​យ៉ាង​តឹងរ៉ឹង ដើម្បី​ទទួលបាន​អនុសាសន៍​ពី WHO និង​ទទួល​ការអនុញ្ញាតឱ្យ​ប្រើប្រាស់​។ ដូច្នេះ មិនមាន​ការព្រួយបារម្ភ​ណាមួយ ដែលថា​ថ្នាំ​សំលាប់សត្វ​ល្អិត​ប្រើ​នៅក្នុង​មុង ឬ​ថ្នាំ​សត្វល្អិត​ដែល​បាញ់​លើ​ជ​ញ្ជាំ​ផ្ទះ ត្រូវបាន​ប្រើ​តាម​វិធី​ត្រឹមត្រូវ​ឬ​អត់​នោះទេ​។​

​អង្គការ​សុខភាព​ពិភពលោក បាន​ហៅ មុង​ជ្រលក់​ថ្នាំ​សម្លាប់​សត្វល្អិត​នេះ​ថា «​គ្រឹះ​នៃ​ការខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ជំងឺគ្រុនចាញ់​នៅក្នុង​អនុតំបន់​សាហា​រ៉ា​នៃ​ទ្វីបអាហ្វ្រិក ដែល​ស្មើនឹង ៩០​ភាគរយ​នៃ​ជំងឺគ្រុនចាញ់​នៅ​ទូទាំង​ពិភពលោក​»​។ អង្គការ​សុខភាព​ពិភពលោក បាន​និយាយថា ចំនួន​មុង​នៅក្នុង​តំបន់​នេះ បាន​កើនឡើង​ពី ចំនួន ២ ភាគរយ​នៅក្នុង​ឆ្នាំ ២០០០ ដល់ ៥៣ ភាគរយ​នៅ​ឆ្នាំ ២០១៥៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com