អន្តរជាតិ
​នាយករដ្ឋមន្ត្រី​ឡាវ ចេញ​បទបញ្ជា​មិន​ឲ្យ​មាន​«​ការធ្វើ​ចម្ការចេក​ទ្រង់ទ្រាយ​ធំ​» ព្រោះ​ខ្លាច​ប៉ះពាល់​បរិស្ថាន
28, Nov 2016 , 9:19 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith
លោកនាយករដ្ឋមន្ត្រីឡាវ Thongloun Sisoulith
ដោយ: ថ្មីៗ
​នាយករដ្ឋមន្ត្រី​ឡាវ លោក Thongloun Sisoulith បាន​ថ្លែង​ទៅកាន់​សភាជាតិ​ឡាវ ថា រដ្ឋាភិបាល បាន​ហាមឃាត់​មិន​ឲ្យ​មាន​ការដាំដុះ ឬ​ធ្វើ​ចម្ការចេក​ក្នុង​ទំហំ​ទ្រង់ទ្រាយ​ធំ​ទៀតឡើយ ដែល​វិធានការ​នេះ ដើម្បី​ធានា​ពី​ការមិន​ប៉ះពាល់​ដល់​បរិស្ថាន​។ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ស្នើ​ទៅកាន់​សភា​ដើម្បី​តាមដាន​ពី​បញ្ហា​នេះ ដ្បិត វា អាច​ប៉ះពាល់​ទាំង​បរិយាកាស​វិនិយោគ និង​ប្រជាជន​ក្នុង​តំបន់​ដែល​រង​ការប៉ះពាល់​នៃ​ការដាំដុះ​នោះ​ផងដែរ​។



​នា​កិច្ចប្រជុំពេញអង្គ​នៃ​សភាជាតិ​ឡាវ លោកនាយក​រដ្ឋមន្ត្រី Thongloun Sisoulith បាន​ជូនដំណឹង​ទៅកាន់​សភា ថា រដ្ឋាភិបាល​លោក បានចេញ​បទបញ្ជា​មួយ​ដើម្បី​ហាម​មិន​ឲ្យ​មាន​ការធ្វើ​ការដាំដុះ​ចម្ការចេក​ទ្រង់ទ្រាយ​ធំ ក្រោយពី​រដ្ឋាភិបាល បាន​សិក្សា​ពី​ផលប៉ះបាល់​ដល់​បរិស្ថាន ដែល​បណ្តាលមកពី​ការប្រើប្រាស់​សារធាតុ​គីមី​នៅក្នុង​ចម្ការ​ទាំងនេះ ដែល​កំពុងតែ​គំរាមកំហែង​ដល់​សហគមន៍​រស់នៅ​ខេត្ត​ភាគ​ខាងជើង​នៃ​ប្រទេស​នោះ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន The Nation នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា​នេះ​។

​ចំណាត់ការ​របស់​រដ្ឋា​ភិ​បាល​ឡាវ បាន​ធ្វើឡើង​បន្ទាប់ពី​មាន​បណ្តឹង​ពី​អ្នកភូមិ ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​សារធាតុ​គីមី​របស់​ក្រុមហ៊ុន​ក្នុង​ចម្ការ ហើយ បាន​ប៉ះពាល់​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ​។ បើតាម The Nation សារធាតុ​គីមី​ទាំងនោះ បាន​ធ្លាយ និង​ហូរ​ចូលទៅក្នុង​ទន្លេ​ដែល​នៅក្បែរ​ហើយ​បានសម្លាប់​បសុសត្វ និង​ធ្វើ​ឲ្យ​អ្នកភូមិ មានការ​ភ័យខ្លាច​ក្នុងការ​ប្រើប្រាស់​ទឹក​។

​ជុំវិញ​បញ្ហា​នេះ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ជូនដំណឹង​ទៅកាន់​សភា​ដែលថា ក្រោយពី​រដ្ឋាភិបាល​ចេញ​បញ្ជា​បញ្ឈប់​ឲ្យ​ធ្វើ​ចម្ការ អ្នកវិនិយោគ​លើ​ចម្ការ​ទាំងនោះ ក៏បាន​អះអាងថា​ពួកគេ នឹង​ឈប់​ធ្វើ​ការដាំដុះ ប៉ុន្តែ សុំ​ការអនុញ្ញាត​រដ្ឋាភិបាល​ដើម្បី​ប្រមូល​ផល​នៃ​ដំណាំ​ចេក​ចុងក្រោយ​របស់​ពួកគេ​ឲ្យ​អស់​ចិន​។ នេះ​បើ​យោងតាម​ប្រភពព័ត៌មាន​ដដែល​នោះ ដែល​បាន​ដកស្រង់​សម្តី​លោកនាយក​រដ្ឋមន្ត្រី ដែល​បាន​ទទូច​ឲ្យ​សភា​តាមដាន​ឲ្យ​បាន​ដិតដល់​លើ​បញ្ហា ហើយ​លើក​មក​ពិភាក្សា​ជារួម​ជាមួយនឹង​អភិបាលខេត្ត​នានា​ថា​តើ​មាន​ការដាំដុះ​ទៀត​ឬ​យ៉ាងណា ក្រោយ​រដ្ឋាភិបាល បាន​ហាមឃាត់​ហើយ​នោះ​៕


Tag:
 ​ចេក​
  ឡាវ​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com