អន្តរជាតិ
បូ​លី​វី​រិះគន់ ដូ​ណា​ល់ ត្រាំ ដែល​ហៅ ហ្វី​ដែល កា​ស្ត្រូ ថា​ជា​«​ជន​ផ្តាច់ការ​ឃោរឃៅ​»
28, Nov 2016 , 9:59 pm        
រូបភាព
​ប្រធានាធិបតី​បូ​លី​វី លោក Eva Morales ដែលជា​អ្នក​សង្គមនិយម​បាន​រិះគន់​លោក ដូ​ណា​ល់ ត្រាំ ខ្លាំង​ក្រោយពេល​ប្រធានាធិបតី​អាមេរិក​ថ្មី​ហៅ​លោក ហ្វី​ដែល កា​ស្ត្រូ ថា​ជា​ជន​ផ្តាច់ការ​ឃោរឃៅ​។ លោក​វា​ជា​រឿង​ហួស​ហេតុដែល មេដឹកនាំ​អាមេរិក​នាំគ្នា​សាទរ​ការស្លាប់​របស់លោក ហ្វី​ដែល កា​ស្ត្រូ ស្របពេល​មនុស្ស​ស្ទើ​មួយ​ពិភពលោក​គេ​នាំគ្នា​សោកស្តាយ​។



​ប្រធានាធិបតី​បូ​លី​វី  Evo Morales ដែលជា​អ្នកនយោបាយ​ប្រចាំ​តំបន់​អាមេរិក​ឡាទីន​ម្នាក់​ដែល​តែងមាន​និន្នាការ​ប្រឆាំង​លោកខាងលិច​នោះ បាន​រិះគន់​ប្រធានាធិបតី​អាមេរិក​ទើប​ជាប់ឆ្នោត​លោក ដូ​ណា​ល់ ត្រាំ ជុំវិញ​ការប្រើ​សម្តី​ប្រមាថមើលងាយ​លោក ហ្វី​ដែល កា​ស្ត្រូ​។ 

​យោងតាម​សារព័ត៌មាន Sputnik ដែល​ស្រង់​សម្តី​ទូរទស្សន៍​បូ​លី​វី Hispan លោក Evo Morales បានលើកឡើង​ដោយ​មិន​ពេញចិត្ត​ថា​៖« ខណៈពេលដែល​ប្រជាជន​ស្ទើរ​មួយ​ពិភពលោក​គឺ​សោកស្តាយ និង​ចូលរួម​រម្លែក​ទុក្ខ​ជាមួយ​ប្រជាជន​គុយបា​ក្រោយ​ការបាត់បង់​លោក ហ្វី​ដែល កា​ស្ត្រូ ប្រធានាធិបតី​អាមេរិក​ថ្មី និង​ក្រុម​គេ​មួយចំនួន​នោះ នាំគ្នា​អបអរសាទរ​ទៅវិញ​»​។​

​ការ​ប្រតិកម្ម​របស់​ប្រធានាធិបតី បូ​លី​វី កើតឡើង ក្រោយពី​លោក ដូ​ណា​ល់ ត្រាំ ចេញមុខ​រិះគន់​អតីត​មេដឹកនាំ​គុយបា ក្រោយ​លោក​ទទួលមរណភាព​។ កាលពី​ថ្ងៃ​សៅរ៍ សប្តាហ៍​មុន លោក ដូ​ណា​ល់ ត្រាំ បាន​រិះគន់​មេដឹកនាំ​បដិវត្តន៍​គុយបា​លោក ហ្វី​ដែល កា​ស្ត្រូ ដោយ​លោក​ហៅ​លោក កា​ស្ត្រូ ថា​ជា «​មេដឹកនាំ​ផ្តាច់ការ​សាហាវឃោរឃៅ​» ដែល​សង្កត់សង្កិន​ប្រជាជន​ខ្លួនឯង​។ ហើយ​លោក​ថែមទាំង​សន្យា​សាប​ព្រួស​ប្រជាធិបតេយ្យ​និង​ធានា​ពាំនាំ​វិបុលភាព និង​សេរីភាព​ដល់​ប្រទេស​គុយបា នៅពេល​ខាងមុខ​ថែមទៀត​ផង​។​

​សូ​បញ្ជាក់ថា លោក ហ្វី​ដែល កា​ស្ត្រូ បានទទួល​មរណភាព​នៅ​យប់​ថ្ងៃ​សុក្រ​ទី ២៥ វិច្ឆិកា ហើយ​លោក​ត្រូវបាន​គេ​ស្គាល់​ច្បាស់​ថា ជា​អ្នក​បដិវត្តន៍​ដ៏​ល្បីល្បាញ​និង​ប្រឆាំង​មនោគមន៍វិជ្ជា​លោកខាងលិច​, ចក្រពត្តិនិយម និង​មូលធននិយម​ជាដើម​ផង​។ ហើយ​ការស្លាប់​របស់លោក ត្រូវបាន​ប្រកាស​ជា​ផ្លូវការ​ដោយ​ប្រធានាធិបតី រ៉ា​អ៊ូ​ល កា​ស្ត្រូ (Raul Castro) នៅ​ថ្ងៃ​សុក្រ​នោះដែរ​។​

​មេដឹកនាំ​ពិ​ភ​លោក​ជាច្រើន​បាន​ផ្ញើ​សារ​រម្លែក​ទុក្ខ​ទៅកាន់​ប្រជាជន​និង​រដ្ឋាភិបាល​គុយបា ក្រោយ​ការទទួល​មរណភាពរ​ប​ស់លោក ហ្វី​ដែល កា​ស្ត្រូ​នេះ ហើយ​ក្នុងចំណោម​នោះ​មាន​ប្រធានាធិបតី​រុស្ស៊ី​វ្ល៉ា​ឌី​មៀ ពូ​ទីន និង​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ បា​រ៉ា​ល់ អូ​បា​ម៉ា ផងដែរ​៕


Tag:
 Eva Morales
  ហ្វី​ដែល កា​ស្ត្រូ​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com