អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សភា​ថៃ​ទទួលស្គាល់​ការ​សោយរាជ្យ​របស់​រជ្ជទាយាទ​Vajiralongkorn ជា​ក្សត្រ​ថ្មី​
29, Nov 2016 , 12:23 pm        
រូបភាព
 
 
​គណៈរដ្ឋមន្ត្រី​ថៃ នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា បាន​បញ្ជូន​ព្រះនាម​រជ្ជទាយាទ Maha Vajiralongkorn ទៅកាន់​សភា​ហើយ ដើម្បី​បើកផ្លូវ​ដល់​ការឡើង​សោយរាជ្យ​សម្បត្តិ​មហាក្សត្រ​ថ្មី​។ រជ្ជទាយាទ Maha Vajiralongkorn បាន​ពន្យារពេល​ឡើង​សោយរាជ្យ​ភ្លាមៗ ក្រោយ​ការ​សោយ​ទិវង្គត​របស់​បិតា ព្រះ​ចៅ​ភូមិបុល អាឌុលយ៉ាដេត ។ តែ​ចុងក្រោយ​មន្ត្រី​យោធា​អះអាងថា រជ្ជទាយាទ​អង្គ​នេះ នឹង​ឡើង​សោយរាជ្យ​នៅ​ដើមខែ​ធ្នូ​ខាងមុខ​។​

 
​នៅ​បន្ទាប់ពី​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍​របស់ខ្លួន រដ្ឋាភិបាលយោធា​ថៃ​បាន​បញ្ជូន​ព្រះនាម​ព្រះអង្គម្ចាស់ Maha Vajiralongkorn ទៅកាន់​សភា ដើម្បី​ដំណើរការ​ពិធី​ឡើង​សោយរាជ្យ​ជា​ផ្លូវការ​។ រជ្ជទាយាទ Maha Vajiralongkorn គ្រោង​នឹង​ឡើង​សោយរាជ្យ​នៅ​ថ្ងៃទី​១ ខែធ្នូ ដែល​នេះ​មាន​រយៈពេល​ជិត​ពីរ​ខែ​ហើយ ក្រោយ​ការចូល​ទិវង្គត​របស់​មហាក្សត្រ​ភូមិបុល អាឌុលយ៉ាដេត ។​
 
​បើតាម​រដ្ឋធម្មនុញ្ញ​ថៃ ដំណើរការឡើង​សោយរាជ្យ នឹង​ចាប់ផ្ដើម​នៅពេល​គណៈរដ្ឋមន្ត្រី ស្នើ​ឲ្យ​ប្រធានសភា យាង​រជ្ជទាយាទ​ដើម្បី​ឡើង​សោយរាជ្យ​។ បន្ទាប់មក រជ្ជទាយាទ នឹង​យល់ព្រម​លើ​សំណើ​យាង​នេះ ដើម្បី​ក្លាយជា​មហាក្សត្រ​ពេញ​ច្បាប់​។ ចំណែក​ពិធី​គ្រងរាជ្យ​វិញ នឹង​ធ្វើឡើង​នៅក្រោយ​ការបញ្ចប់​ពិធី​បូជាព្រះសព​ស្ដេច ភូមិបុល អាឌុលយ៉ាដេត រួចរាល់ ពោល​គឺអាច​នឹងធ្វើ​នៅ​ឆ្នាំក្រោយ​។ 
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP ឧបនាយករដ្ឋមន្ត្រី​ថៃ Prawit Wongsuwon និយាយថា លេខាធិការ​នាយករដ្ឋមន្ត្រី នឹង​ជូនដំណឹង​នេះ​ទៅកាន់​ប្រធានសភា​។ ហើយ​លោក​រំពឹងថា រជ្ជទាយាទ Maha Vajiralongkorn នឹង​ជួប​ជាមួយ​ប្រធានសភា ដើម្បី​ពិភាក្សា​ពី​បញ្ហា​នេះ ក្រោយ​ត្រឡប់​មកពី​អាល្លឺម៉ង់​វិញ​។ ឧបនាយករដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ការពារជាតិ​រូបនេះ​បន្ថែមថា ដំណើរការ​នឹងត្រូវ​ធ្វើ​មួយ​ជំហាន​ម្ដងៗ​។​
 
​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា​នេះ សភា​ថៃ​ក៏បាន​កោះប្រជុំ និង​បានទទួល​ស្គាល់​ការឡើង​សោយរាជ្យ​របស់​រជ្ជទាយាទ Maha Vajiralongkorn ជា​មហាក្សត្រ​ទី​១០ នៃ​រាជវង្ស​ចក្រី​។ កិច្ចប្រជុំសភា​នេះ ធ្វើឡើង​ស្របតាម​រដ្ឋធម្មនុញ្ញ និង​តប​តាម​សំណើ​របស់​នាយករដ្ឋមន្ត្រី ប្រា​យុទ្ធ ចន្ទ​អូ​ចា​។​
 
​រជ្ជទាយាទ Maha Vajiralongkorn ដែល​ចំណាយពេល​ភាគច្រើន​នៅ​បរទេស មិនមាន​ប្រជាប្រិយភាព​ខ្ពស់​ក្នុងចំណោម​ប្រជាជន ដូច​បិតា​ព្រះអង្គ​ឡើយ​។ ព្រះអង្គ​រួបរឹត​ដោយ​រឿងអាស្រូវ​ជាច្រើន ជាពិសេស​រឿង​ផ្ទាល់ខ្លួន​ពាក់ព័ន្ធ​នឹង​គ្រួសារ​តែម្ដង​។ យ៉ាងណាមិញ ការឡើង​សោយរាជ្យ​នេះ នឹង​ដំណើរការ​ទៅមុខ​ដូច​ការគ្រោងទុក និង​ដូច​បានចែង​ក្នុង​រដ្ឋធម្មនុញ្ញ​៕  
 
 

Tag:
 ថៃ​
  Maha Vajiralongkorn
© រក្សាសិទ្ធិដោយ thmeythmey.com