អន្តរជាតិ
កងទ័ព​ស៊ី​រី​ឡោមព័ទ្ធ​ស្រុក​សំខាន់ៗ​នៅក្នុង​ទីក្រុង Aleppo ភាគ​ខាងកើត​
30, Nov 2016 , 7:39 am        
រូបភាព
ដោយ: VOA
​កម្ម​ជន​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ​នៅក្នុង​ប្រទេស​ស៊ី​រី បាន​រាយការណ៍​ថា កងកម្លាំង​រដ្ឋាភិបាល​ទទួលបាន​ជ័យជម្នះ​ជាច្រើន​លើ​ពួក​អ្នក​ប្រយុទ្ធប្រឆាំង​នៅក្នុង​តំបន់​ភាគ​ខាងកើត​នៃ​ទីក្រុង Aleppo ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ក្នុងការ​បំបែក​តំបន់​ជា​ពីរ​ដែល​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​។​



​ទីក្រុង Aleppo ក្លាយជា​គោលដៅ​ចម្បង​របស់​ពួកយោធា​ស៊ី​រី ដោយមាន​ការគាំទ្រ​ដោយ​ការវាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​។ អន្តរជាតិ​មានការ​បារម្ភ​អំពី​ស្ថានការណ៍​នៅក្នុង​ទីក្រុង​នេះ ដែលមាន​ជន​ស៊ីវិល​ចំនួន​ប្រហែល​២​សែន​៥​ម៉ឺន​នាក់ ដែល​ជាប់គាំង​នៅក្នុង​ការហ៊ុំព័ទ្ធ​របស់​កងកម្លាំង​រដ្ឋាភិបាល ហើយ​ពួកគេ​កំពុង​ត្រូវការ​យ៉ាងខ្លាំង​នូវ​ជំនួយ​ម្ហូបអាហារ​និង​ថ្នាំពេទ្យ​។​

​ទីភ្នាក់ងារ​ព័ត៌មាន SANA ដែល​គ្រប់គ្រង​ដោយ​រដ្ឋ បាន​ដកស្រង់​ប្រភព​មកពី​ពួកយោធា ដែល​បាន​និយាយថា ពួកយោធា​បាន​ដណ្ដើម​កាន់កាប់​មកវិញ​នូវ​សង្កាត់ Sakhour និង​បាន​បំផ្លាញ​គ្រាប់មីន​ដែល​ពួក​ភេរវ​ករ​បាន​បង្កប់​នៅក្នុង​តំបន់​នោះ​។​

​អង្គការសិទ្ធិមនុស្ស Syrian Observatory for Human Rights ដែលជា​អង្គការ​ធ្វើការ​អង្កេត​លើ​ស្ថានការណ៍​ជម្លោះ​នៅក្នុង​ប្រទេស​ស៊ី​រី ក៏បាន​រាយការណ៍​ថា ពួកយោធា​បាន​កាន់កាប់​ទាំងស្រុង​លើ​សង្កាត់ Sakhour និង​ស្រុក​ជាច្រើន​ផ្សេងទៀត​។​

​លោក Rami Abdulrahman​ដែលជា​ប្រធាន​អង្គការសិទ្ធិមនុស្ស​នេះ បាន​ហៅ​ការបរាជ័យ​របស់​ពួក​ឧទ្ទាម ថា​ជាការ​បរាជ័យ​ដ៏​អាក្រក់​បំផុត​ចាប់តាំងពី​ពួក​ឧទ្ទាម​នេះ​បាន​ដណ្ដើម​កាន់កាប់​ទីក្រុង Aleppo បាន​ពាក់កណ្ដាល​មក​នៅក្នុង​ឆ្នាំ ២០១២​។​

​កាលពីពេល​ថ្មីៗ​នេះ មនុស្ស​ជាច្រើន​បានគេច​ចេញពី​តំបន់​ភាគ​ខាងកើត​ទីក្រុង Aleppo ទៅកាន់​តំបន់​ភាគ​ខាងលិច ដែល​កាន់កាប់​ដោយ​រដ្ឋាភិបាល​ស៊ី​រី​៕

សូមចុចទៅប្រភពដើម VOA ត្រង់នេះ


© រក្សាសិទ្ធិដោយ thmeythmey.com