អន្តរជាតិ
ក្រុម​ឧទ្ទាម​ស៊ី​រី​អះអាងថា ការបាត់បង់​ក្រុង Aleppo មិនមែនជា​ទីបញ្ចប់រ​បស់​ខ្លួន​ឡើយ
29, Nov 2016 , 8:19 pm        
រូបភាព
​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី បាន​បង្កើន​ការវាយប្រហារ​ខ្លាំង​លើ​ទីក្រុង Aleppo ដែល​កំពុង​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​ប្រឆាំង និង​បាន​ដណ្ដើម​គ្រប់គ្រង​តំបន់​ជាច្រើន​របស់​ទីក្រុង​នេះ​។ ជាមួយនឹង​ល្បឿន​នៃប្រតិបត្តិ​ការ​ដូច​សព្វ​ថ្ងៃ កងកម្លាំង​រដ្ឋាភិបាល ទំនងជា​ដណ្ដើម​ទីក្រុង​នេះ​មកវិញ​ក្នុងពេល​ខាងមុខ​។ ប៉ុន្តែ​ក្រុម​ឧទ្ទាម​បញ្ជាក់ថា បើទោះជា​ខ្លួន​ប្រ​ឈ​មុខ​នឹង​ការបាត់បង់ Aleppo ក៏​ការប្រយុទ្ធ​របស់ខ្លួន​មិនទាន់​បញ្ចប់​ដែរ​។​



​ក្រុម​ឧទ្ទាម​ប្រឆាំង​របស់​ស៊ី​រី ប្រហែលជា​មិនអាច​ទប់ទល់​នឹង​យុទ្ធនាការ​របស់​កងទ័ព​ប្រធានាធិបតី​អាសាដ ដែល​កំពុង​បង្កើន​ការវាយលុក​ដណ្ដើម​ទីក្រុង Aleppo ត្រឡប់មកវិញ​។ ក្រុម​ឧទ្ទាម ហាក់​ថមថយ​កម្លាំង​ប្រយុទ្ធ​របស់ខ្លួន ដ្បិត​ពួកគេ​មិន​ទទួល​ជំនួយ​ច្រើន​ពី​ក្រុម​សម្ព័ន្ធមិត្ត​ឡើយ ខុសប្លែក​ពី​យោធា​ស៊ី​រី​ដែល​ទទួល​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​សម្ព័ន្ធមិត្ត​រុស្សី​។​

​យ៉ាងណាក្ដី លោក George Sabra មន្ត្រី​ចរចា​ជាន់ខ្ពស់​របស់​ក្រុម​ឧទ្ទាម​ប្រឆាំង​អះអាងថា ការបាត់បង់ Aleppo មិនមែនជា​ទីបញ្ចប់​នៃ​ការប្រយុទ្ធ​ជាមួយ​ប្រធានាធិបតី Bashar al-Assad ឡើយ​។ ស្ថានភាព​បែបនេះ នឹងធ្វើ​ឲ្យ​ការចរចា​ស្វែងរក​សន្តិភាព​កាន់តែ​លំបាក​ថែមទៀត ខណៈ​ការចរចា​បច្ចុប្បន្ននេះ នៅ​បន្ត​ជាប់គាំង​រក​ច្រកចេញ​មិនឃើញ ដោយសារ​ការខ្វែងគំនិត​រវាង​រុស្សី និង​អាមេរិក​។​

​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​អង់គ្លេស BCC លោក George Sabra បញ្ជាក់ថា ការបាត់បង់​ក្រុង​ភាគ​ខាងកើត​នេះ ក៏​មិនមែនជា​អវសាន​នៃ​បដិវត្តន៍​ដែរ​។ លោក​បន្ថែមថា Aleppo ជាទី​ក្រុង​សំខាន់​មួយ តែ​មិនមែនជា​ទីតាំង​ចុងក្រោយ​ឡើយ​។ មាន​ទីតាំង​ជាច្រើន​នៅ​ស៊ី​រី ដែល​ត្រូវ​បន្ត​គ្រប់គ្រង​ដោយ​កងកម្លាំង​ប្រឆាំង​ស៊ី​រី​សេរី​។ លោក​ក៏​ព្រមាន​ដែរ​ថា យុទ្ធនាការ​យោធា​របស់​រដ្ឋាភិបាល នឹង​ប៉ះពាល់​ដល់​ដំណើរការ​ចរចា​មិន​ខាន​។​

​អ្នកចរចា​រូបនេះ ប្រាប់​សារព័ត៌មាន​អង់គ្លេស​ទៀតថា គ្មាន​អ្នកណា​គិតពី​ដំណោះស្រាយ​សន្តិភាព​ក្នុងស្ថានភាព​បែបនេះ​ទេ​។ ការចរចា​ស្វែងរក​សន្តិភាព​ជាច្រើនលើក​មកនេះ បន្ត​រាំងស្ទះ ដោយសារ​ការមិនចុះសម្រុង​រវាង​មហាអំណាច​ពិភពលោក ដែល​គាំទ្រ​ភាគី​ជម្លោះ​នៅ​ស៊ី​រី​។ រុស្សី នៅតែ​បន្ត​ការពារ​របប​លោក អាសាដ ខណៈដែល​សម្ព័ន្ធមិត្ត​បស្ចិមប្រទេស ក៏​បន្ត​ផ្ដល់ជំនួយ​ដល់​ក្រុមប្រឆាំង​។​

​បើតាម​ក្រសួងការពារជាតិ​រុស្សី ក្រុម​ឧទ្ទាម​ស៊ី​រី បាន​បាត់បង់​ទឹកដី​ក្រុង Aleppo ប្រហែល​៤០​ភាគរយ ក្រោយ​ប្រតិបត្តិ​ការទម្លាក់​គ្រាប់បែក​ដូច​ទឹកភ្លៀង​រយៈពេល​ពីរ​សប្ដាហ៍​មកនេះ​។ ងាក​ទៅ​ជន​ស៊ីវិល​វិញ ក្រុម​ឧទ្ទាម បាន​បើកផ្លូវ​ឲ្យ​ប្រជាជន​ជាច្រើន​ពាន់​នាក់ ភៀសខ្លួន​ទៅកាន់​តំបន់​គ្រប់គ្រង​ដោយ​កងទ័ព​រដ្ឋាភិបាល និង​តំបន់​គ្រប់គ្រង​ដោយ​កងកម្លាំង​ឃឺ​ដ​។ ចំណែកឯ​ការបញ្ជូន​ជំនួយ​មនុស្សធម៌​ទៅកាន់​ទីក្រុង Aleppo ក៏​ត្រូវបាន​កាត់ផ្ដាច់​ផងដែរ​៕


Tag:
 ជម្លោះ​ស៊ី​រី​
  Aleppo
© រក្សាសិទ្ធិដោយ thmeythmey.com