អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ពូ​ទីន មិនបាន​ទៅ​ចូលរួម​បុណ្យសព​លោក ហ្វី​ដែល កា​ស្ត្រូ ឡើយ​
29, Nov 2016 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន មិន​អញ្ជើញ​ទៅ​ចូលរួម​បុណ្យសព​មេដឹកនាំ​បដិវត្តន៍​គុយបា​លោក ហ្វី​ដែល កា​ស្ត្រូ ឡើយ​ព្រោះ​លោក​រវល់​ខ្លាំងពេក​។  ប្រធានសភា​រុស្ស៊ី Vyacheslav Volodin នឹង​ដឹកនាំ​ប្រតិភូ​ទៅ​ចូលរួម​ពិធី​បុណ្យសព​នេះ​ជំនួស​ប្រមុខរដ្ឋ​រុស្ស៊ី​រូបនេះ​។​



​មន្ត្រី​ក្រេ​ម​ឡាំង​បាន​បញ្ជាក់ថា ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន មិន​ទៅ​ចូលរួម​ពិធី​បុណ្យសព​របស់​អតីត​ប្រធានាធិបតី​គុយបា​លោក ហ្វី​ដែល កា​ស្ត្រូ ឡើយ​។ នេះ​ក៏ដោយ​សារ លោក ពូ​ទីន មាន​កាលវិភាគ​មរ​មា​ញឹក​ខ្លាំងពេក​ដែល​មិន​អនុញ្ញាត​ឲ្យ​លោក​ឆ្លៀតពេល​ទៅ​ចូលរួម​ក្នុង​ពិធីបុណ្យ​នេះ​បានឡើយ​។​

​យោងតាម​សារព័ត៌មាន Reuters អ្នកនាំពាក្យ​ប្រធានាធិបតី Dmitry Peskov បាន​ប្រាប់​អ្នក​សារ​ព៌​ត៌មាន​នៅ​ថ្ងៃ​ចន្ទ​ទី ២៨ វិច្ឆិកា​ថា លោក ពូ​ទីន មិនមាន​គម្រោង​ទៅ​ប្រទេស​គុយបា​ដើម្បី​ចូលរួម​បុណ្យសព​លោក ហ្វី​ដែល កា​ស្ត្រូ ឡើយ​។ លោក Peskov បាន​បន្តថា ប្រមុខរដ្ឋ​រុស្ស៊ី​រវល់​ខ្លាំងពេក​ដោយ​លោក​ត្រូវការ​ពេលវេលា​ច្រើន​ដើម្បី​រៀបចំ​សុន្ទរកថា​ក្នុង​សភា​ឌូ​ម៉ា​ចុងឆ្នាំ​នេះ​។  លោក​មិនអាច​ធ្វើដំណើរ​ទៅ​បរទេស ដោយ​គ្មាន​ការគ្រោងទុក​មុន​ឡើយ ក្នុង​រយៈពេល​នេះ​។ ដូច្នេះហើយ ទើបបានជា​លោក​មិនអាច​ទៅ​គុយបា​ដោយផ្ទាល់​ដូច្នេះ​។​

​ទោះបីជា​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន មិនបាន​ទៅ​ចូលរួម​បុណ្យសព​លោក ហ្វី​ដែល កា​ស្ត្រូ ក៏ដោយ ប្រធាន​សមាជិកសភា​រុស្ស៊ី  Vyacheslav Volodin នឹង​ទៅ​ចូលរួម​ជំនួស​។ ប្រធានសភា​រុស្ស៊ី​នេះ នឹង​ដឹកនាំ​ប្រតិភូ​មួយក្រុម​ដែល​សុទ្ធសឹងតែ​ជា​មន្ត្រី​ជាន់​ទៅកាន់​ប្រទេស​គុយបា​។

​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ស្ញើ​ច​សរសើរ​វីរៈភាព​លោក ហ្វី​ដែល កា​ស្ត្រូ ហើយ​លោក​បានចាត់ទុក​លោក​ជា​និមិត្តសញ្ញា​នៃ​ចលនា​បដិវត្តន៍​នៅ​សម័យកាល​សង្គ្រាមត្រជាក់​។ លោក​ក៏បាន​ចូលរួម​រម្លែក​ទុក្ខ​ប្រជាជន​គុយបា ដែល​បាន​បាត់បង់​មេដឹកនាំ​ដ៏​អស្ចារ្យ​នេះ​ផងដែរ​។​

​តាមពិតទៅ គុយបា​និង​អតីត​សហភាពសូវៀត​មាន​ទំនាក់ទំនង​ស៊ីជម្រៅ​ជាមួយគ្នា ហើយ​គុយបា​ជា​សម្ព័ន្ធមិត្ត​ដ៏​ពិសេស​របស់​សហភាពសូវៀត​នេះ​ផងដែរ​។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់ គុយបា​បាន​ក្លាយជា​កន្លែង​ប្រណាំងប្រជែង​អាវុធ​នុយក្លេអ៊ែរ​រវាង​សហរដ្ឋអាមេរិក​និង​សូ​វៀត រហូត​ស្ទើរតែ​ធ្វើ​ឲ្យ​សង្គ្រាម​នុយក្លេអ៊ែរ​កើតឡើង​ផងដែរ​។​

​សូមបញ្ជាក់​ផងដែរ​ថា លោក ហ្វី​ដែល កា​ស្ត្រូ បាន​ស្លាប់បាត់​បង់ជីវិត​កាលពី​យប់​ថ្ងៃ​សុក្រ​ទី ២៥​វិច្ឆិកា ក្នុង​វ័យ ៩០​ឆ្នាំ​។ លោក ហ្វី​ដែល កា​ស្ត្រូ ត្រូវបាន​គេ​ស្គាល់​ថា ជា​អ្នកនយោបាយ​សង្គមនិយម​ដ៏​ល្បីល្បាញ​ម្នាក់ ហើយ​លោក​ចំណាយ​ពេលវេលា​យ៉ាងច្រើន​ដឹកនាំ​ប្រទេស​និង​ដើម្បី​ប្រឆាំង​មនោគមន៍វិជ្ជា​លោកខាងលិច​និង​ចក្រពត្តិនិយម​ជាដើម​។ លោក ហ្វី​ដែល កា​ស្ត្រូ បាន​បាត់​មុខ​ពី​ឆាកនយោបាយ​ស្ទើរតែ​ទាំងស្រុង ក្រោយ​ពេលដែល​លោក​ផ្ទេរអំណាច​ឲ្យ​ប្អូនប្រុស​លោក លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ​នៅក្នុង​ឆ្នាំ ២០០៦៕


Tag:
 ​វ្ល៉ា​ឌី​មៀ ពូ​ទីន​
  ហ្វី​ដែល កា​ស្ត្រូ​
  គុយបា
© រក្សាសិទ្ធិដោយ thmeythmey.com