អន្តរជាតិ
លោកស្រី ប៉ាក ហ្គឺ​ន​ហេ នឹង​ចុះ​ចេញពី​តំណែង បើ​សភា​ធានា​ពី​ការផ្ទេរអំណាច​សន្តិវិធី​
29, Nov 2016 , 9:39 pm        
រូបភាព
​ប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី ប៉ាក ហ្គឺ​ន​ហេ នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា បាន​ចេញមក​ថ្លែង​សុន្ទរកថា​ទៅកាន់​ប្រជាជាតិ ជុំវិញ​វិបត្តិ​នយោបាយ​ដែល​ធ្វើ​ឲ្យ​រង្គើ​កៅអី​លោកស្រី​។ លោកស្រី បានបង្ហាញ​បំណង​លាលែង​ពី​តំណែង បើ​មានការ​ផ្ទេរអំណាច​ដោយ​សន្តិវិធី ចៀសវាង​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​។ ប៉ុន្តែ​ក្រុម​បក្សប្រឆាំង​ចាត់ទុក​ការអធិប្បាយ​របស់លោក​ស្រី ប៉ាក ហ្គឺ​ន​ហេ ដើម្បី​តែ​គេច​ផុតពី​ការបោះឆ្នោត​ទម្លាក់​តំណែង​ប៉ុណ្ណោះ​។​



​ដោយ​ទំនងជា​មិន​ចង់​ប្រឈមមុខ​ការបោះឆ្នោត​ទម្លាក់​ពី​តំណែង លោកស្រី ប៉ាក ហ្គឺ​ន​ហេ បានសម្រេច​ចិត្ត​ទុក​ឲ្យ​សភាជាតិ ជា​អ្នកសម្រេច​លើ​ជោគវាសនា​របស់លោក​ស្រី​។ លោកស្រី​និយាយថា លោកស្រី នឹង​ចុះ​ចេញពី​តំណែង​នៅពេល​វេលា​ណាមួយ តាមរយៈ​យន្តការ​ជាក់លាក់ ដែល​ឯកភាពគ្នា​ដោយ​គណបក្សនយោបាយ​ទាំងអស់ ដើម្បី​បន្ធូរ​បន្ថយកម្ដៅ​នយោបាយ​ក្នុងស្រុក​។​

​សេចក្ដីថ្លែងការណ៍​តាម​ទូរទស្សន៍​នៅ​ថ្ងៃទី​២៩ ខែវិច្ឆិកា ជា​សេចក្ដីថ្លែងការណ៍​លើក​ទី​បី​ហើយ​របស់​លោកស្រី​ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ ចាប់តាំងពី​ការ​បែកធ្លាយ​រឿងអាស្រូវ​ពុករលួយ​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​មនុស្ស​ជំនិត​របស់​លោកស្រី​។ ជាថ្មី​មក​ម្ដងទៀត លោកស្រី ក៏បាន​សុំទោស​ប្រជាជន ដ្បិត​លោកស្រី​គ្មាន​សមត្ថភាព​ដើម្បី​ដោះស្រាយ​កំហឹង​ប្រជាជន​រាប់លាន​នាក់​បាន​។​

​ក្នុង​សុន្ទរកថា​រយៈពេល​៥​នាទី ប្រធានាធិបតី ប៉ាក ហ្គឺ​ន​ហេ បញ្ជាក់ថា​៖ «​ខ្ញុំ ប្រគល់​សិទ្ធិ​ឲ្យ​សភាជាតិ​សម្រេចចិត្ត​លើ​បញ្ហា​នេះ ដោយ​រួមទាំង​ការបន្ថយ​អាណត្តិ​ប្រធានាធិបតី​ផងដែរ​»​។ លោកស្រី​បន្តថា បើ​បក្ស​កាន់អំណាច និង​បក្សប្រឆាំង អាចបង្កើត​យន្តការ​ដែល​អាច​កាត់បន្ថយ​ការយល់ច្រឡំ ឬ​លុបបំបាត់​ចន្លោះប្រហោង​នៃ​អំណាច​រដ្ឋបាល ព្រមទាំង​ធានាបាន​ការផ្ទេរអំណាច​ដោយ​សន្តិវិធី​នោះ លោកស្រី​នឹង​លាលែង​តំណែង​។​

​អាណត្តិ​ប្រធានាធិបតី​របស់លោក​ស្រី ប៉ាក ហ្គឺ​ន​ហេ ដែលមាន​រយៈពេល​៦​ឆ្នាំ នឹងត្រូវ​បញ្ចប់​នៅ​ខែ​កុ​ម្ភះ ឆ្នាំ​២០១៨​។ ប៉ុន្តែ​ក្រុម​បក្សប្រឆាំង កំពុងតែ​រក​ផ្លូវ​ដើម្បី​បោះឆ្នោត​ទម្លាក់​លោកស្រី​ឲ្យ​បាន​នៅ​ដើមខែ​ធ្នូ​ខាងមុខ​។ ក្រុមប្រឆាំង កំពុង​ស្វែងរក​ការគាំទ្រ​ពី សមាជិក សភា​បក្ស​កាន់អំណាច Saenuri ដើម្បី​បង្គ្រប់​សំឡេង​ចាំបាច់ ក្នុងការ​ចាប់ផ្ដើម​នីតិ​វិធី​បោះឆ្នោត​ទម្លាក់​លោកស្រី ប៉ាក ហ្គឺ​ន​ហេ ។​

​កន្លងមក បក្សនយោបាយ និង​ប្រជាជន​កូរ៉េខាងត្បូង​រាប់លាន​នាក់ បានទាមទារ​ឲ្យ​លោកស្រី ប៉ាក លាលែង​ពី​តំណែង​ដោយ​ខ្លួនឯង​ដើម្បី​រក្សា «​កិត្តិយស​» ជាជាង​ត្រូវ​បោះឆ្នោត​បណ្ដេញចេញ​។ ប៉ុន្តែ​លោកស្រី នៅតែ​រក្សា​ជំហរ​ទាត់ចោល​ការចោទប្រកាន់​ទាំងឡាយ​មកលើ​លោកស្រី និង​មិន​ព្រម​ចុះ​ចេញពី​តំណែង​មកទល់ពេលនេះ ហើយក៏​មិន​ព្រម​ចូល​ផ្ដល់​ចម្លើយ​តាម​សំណើ​រដ្ឋអាជ្ញា​ដែរ​៕


Tag:
 កូរ៉េខាងត្បូង​
  ប៉ាក ហ្គឺ​ន​ហេ
© រក្សាសិទ្ធិដោយ thmeythmey.com