អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
រដ្ឋាភិបាល​«​ស៊ូ​ជី​» ប្តឹងតវ៉ា​មន្ត្រី​អង្គការសហប្រជាជាតិ ដែល​និយាយ​ចោទ​យោធា​បំពាន​លើ​«​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​»
30, Nov 2016 , 7:39 am        
រូបភាព
ប្រភពរូបភាព៖ AFP
ប្រភពរូបភាព៖ AFP
ដោយ:
 
​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បានដាក់​ញត្តិ​ទៅកាន់​អង្គការសហប្រជាជាតិ​ដើម្បី​ប្តឹងតវ៉ា​ទៅនឹង​ការធ្វើ​អត្ថាធិប្បាយ​របស់​មន្ត្រី​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​លើ​បញ្ហា​ការ​ធ្វើទុក្ខបុកម្នេញ​ជន​ជាតិ​ភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។ រដ្ឋាភិបាល​ក្រុង​រ៉ង​ហ្គូ​ន ក៏បាន​ចោទ​ការធ្វើ​អត្ថាធិប្បាយ​នោះ ថា ល្មើស​នឹង​វិជ្ជាជីវៈ និង​គោលការណ៍​របស់​អង្គការសហប្រជាជាតិ​ទៀតផង​។

 
​តាម​សេចក្តីប្រកាស​របស់​ការិយាល័យ​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា​ដែលមាន​លោកស្រី​អ៊ុង​សាន​ស៊ូ​ជី​ជា​ប្រមុខ ដែល​ដកស្រង់​ដោយសារ​ព័ត៌មាន Myanmar Times លោក Htin Linn តំណាង​អចិន្ត្រៃយ៍​មី​យ៉ាន់​ម៉ា​ប្រចាំ​អង្គការសហប្រជាជាតិ​ក្នុង​ក្រុង​ហ្សឺ​ណែវ បានដាក់​បណ្តឹងតវ៉ា​ជា​ផ្លូវការ​ទៅកាន់​អង្គការសហប្រជាជាតិ​ដើម្បី​ជំទាស់​ទៅនឹង​កិច្ចសម្ភាសន៍​របស់​មន្ត្រី UNHCR ជាមួយនឹង​សារព័ត៌មាន​អង់គ្លេស BBC  ពាក់ព័ន្ធ​នឹង​បញ្ហា​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ហើយ ក៏បាន​ទាមទារ​ឲ្យ​មាន​កិច្ចប្រជុំ​ជាបន្ទាន់​មួយ​ជាមួយនឹង​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​។ 
 
​តាម​ប្រភព​ដដែល​នោះ រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា បាន​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​ថា​៖«​កិច្ចសម្ភាសន៍​របស់លោក McKissick មិន​ត្រឹមតែ​បំពាន​លើ​ក្រម​ប្រតិបត្តិ​របស់​អង្គការសហប្រជាជាតិ​នោះទេ តែ ក៏​បំផ្លាញ​សេចក្តីទុកចិត្ត និង​ទំនុកចិត្ត និង​កិច្ចសហប្រតិបត្តិការ​រ​វាង UNHCR និង​មី​យ៉ាន់​ម៉ា​ផងដែរ​»​។ 
 
​ប្រតិកម្ម​ទៅកាន់​មន្ត្រី​អង្គការសហប្រជាជាតិ គឺ​លោក John McKissick របស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ក៏​ព្រោះតែ មន្ត្រី​រូបនេះ បាន​រិះគន់​ពី​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ពី​ក្រុម​យោធា​មី​យ៉ាម៉ា​ទៅលើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។ ក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង​BBC​នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា​នោះ ប្រធាន​ឧ​ត្ត​ម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ការិយាល័យ​ជនភៀសខ្លួន លោក John McKissick បាន​អះអាងថា ទាហាន និង​ប៉ូលិស​តម្រួត​ព្រំដែន​មី​យ៉ាន់​ម៉ា បាន​ចូលរួម​អនុវត្ត​«​ទណ្ឌកម្ម​ជា​សមូហភាព​ទៅលើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​»​ចាប់តាំងពី​ថ្ងៃទី​០៩ ខែតុលា​មក​។ 
 
​ប្រធានការិយាល័យ​ជនភៀសខ្លួន​រូបនោះ បាន​បញ្ជាក់ថា កងកម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា បាន​បាញ់សម្លាប់​បុរស និង​សម្លាប់​ក្មេង រំលោភ​ស្ត្រី ដុត និង​លួច​ផ្ទះ​របស់​ជនជាតិ​ទាំងនោះ និង​កាន់តែ​ធ្ងន់ធ្ងរ​នោះ បង្ខំ​ប្រជាជន​ទាំងនោះ​ឲ្យ​ឆ្លងកាត់​តាម​ទន្លេ​ទៅកាន់​ប្រទេស បង់​ក្លា​ដែ​ស ដែលជា​ប្រទេសជិតខាង​របស់​មី​យ៉ាន់​ម៉ា​។ លោក បាន​បន្ថែមទៀតថា នេះ​គឺជា​ដ៏​រឿង​លំបាក​មួយ​សម្រាប់​រដ្ឋាភិបាល​បង់​ក្លា​ដែ​ស ដ្បិត បើ​មិន​ទទួល​ជនភៀសខ្លួន​ទាំងនោះ ពួកគេ គ្មាន​ជម្រើស​អ្វី​ក្រៅពី​ស្លាប់ និង​រង​ការធ្វើ​ទុក​បុក​ម្នេញ​ប៉ុណ្ណោះ តែ​ចំហ​ព្រំដែន នោះ វា ក្លាយជា​ការលើកទឹកចិត្ត​ដល់​ក្រុម​យោធា​ទាំងនោះ ប្រព្រឹត្ត​សកម្មភាព​។​
 
​តាមច្បាប់​សញ្ជាតិ​មី​យ៉ាន់​ម៉ា មានតែ​ជនជាតិ​១៣៥ ដែល​ត្រូវបាន​ទទួលស្គាល់ថា​ជា​ប្រជាជន​ស្របច្បាប់​មី​យ៉ាន់​ម៉ា តែ មិនមាន​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​នៅក្នុង​នោះឡើយ​។ បើទោះបីជា​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា បាន​ចូលទៅ​តាំង​លំនៅ​ភាគច្រើន​នៅក្នុង​រដ្ឋ Rakhine ភាគ​ខាងជើង​នៃ​មី​យ៉ាន់​ម៉ា​រហូតដល់​បង្កើតជា​កូន​តដល់​ចៅ​ហើយ​ក៏ដោយចុះ ពួកគេ នៅតែ​ត្រូវបាន​ចាត់ទុកជា​ជនភៀសខ្លួន​មកពី​បង់​ក្លា​ដែ​ស​ប៉ុណ្ណោះ​សម្រាប់​ប្រជាជន​មី​យ៉ាន់​ម៉ា​ទូទៅ​។ ប្រជាជន​ភាគតិច​ឥស្លាម​រ៉ូ​ហ៊ីង​យ៉ាង​រស់នៅ​ដោយ​គ្មាន​សញ្ជាតិ ហើយ​ត្រូវបាន​គេ​រំលោភបំពាន​និង​ធ្វើទុក្ខបុកម្នេញ​ដូច​សត្វ​ធាតុ​។ គ្មាន​ឡើយ​សិទ្ធិ​ជា​មូលដ្ឋាន កុំថាឡើយ​មាន​សិទ្ធិ​សាសនា​និង​ជំនឿ​នោះ​។ នេះ​ក៏ដោយ​សារ ចាប់តាំងពី​ជម្លោះ សាសនា​កើតឡើង​ឆ្នាំ ២០១២ មក ពួកគេ​ក្លាយជា​គោលដៅ​នៃ​ការវាយប្រហារ​របស់​ប​ណ្តា​សង្ឃ​ជ្រុលនិយម​និង​ប្រជាជន​កាន់សាសនា​ព្រះពុទ្ធ​ដែល​ជ្រុលនិយម​មួយចំនួន​ផង​៕
 
 
 

Tag:
 មី​យ៉ាន់​ម៉ា​
  រ៉ូ​ហ៊ីង​យ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com