អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
Duterte៖ អាមេរិក គំរាម​ប្តឹង​ខ្ញុំ​ទៅ ICC ខណៈ​ខ្លួនឯង មិនទាន់​ទាំង​ផ្តល់​ហត្ថលេខា ICC ផង
29, Nov 2016 , 10:30 pm        
រូបភាព
ដោយ:
​ជាថ្មី​ម្តងទៀត លោក​ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ បាន​ប្រតិកម្ម​ខ្លាំងៗ ដោយ​ថែមទាំង​ប្រើពាក្យ​អសុរោះ​ទៅលើ​ស្ថាប័ន​អន្តរជាតិ និង​ដៃគូ​កិច្ចសហប្រតិបត្តិការ​។ លោក បាន​ចោទ​អាមេរិក ថា បាន​គំរាម និង​ប៉ុនប៉ង​ប្តឹង​លោក​ទៅកាន់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ជុំវិញ​ប្រតិបត្តិ​ការបង្ក្រាប​គ្រឿងញៀន​ក្នុង​រដ្ឋបាល​របស់លោក​នោះ​។



«​អាមេរិក កំពុងតែ​គំរាមកំហែង​ក្នុងការ​កាត់ទោស​លើ​ខ្ញុំ​តាមរយៈ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ។ តែ​អាមេរិក​ខ្លួនឯង​មិនទាន់​ទាំង​បានផ្តល់​ហត្ថលេខា​ទៅលើ​លក្ខន្តិកៈ​ក្រុង​រ៉ូម ដែលជា​សន្ធិសញ្ញា​បង្កើត ICC នោះ​។ ហេតុអ្វី​? ព្រោះ​ពេលនោះ ពួកគេ ខ្លាច​អតីត​ប្រធានាធិបតី​អាមេរិក George W Bush អាច​ត្រូវ​ប្រឈមមុខ​ដែរ​»​។ នេះ គឺជា​សេចក្តីថ្លែងការណ៍​របស់​លោក​ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ដែល​បាន​ថ្លែង​នៅ​ថ្ងៃទី​២៨ ខែវិច្ឆិកា​ម្សិលមិញ ដែល​បាន​ដកស្រង់​សម្តី​ដោយសារ​ព័ត៌មាន Aljazeera​។

​តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោក​ប្រធានាធិបតី​រូបនេះ ក៏បាន​បន្ថែមទៀត​យ៉ាង​ដូច្នេះ​ថា​៖« អ្នក (​អាមេរិក​) បន្លាច​ខ្ញុំ ដោយ​ចង់​ដាក់ពន្ធនាគារ​ខ្ញុំ​? ស្អី​ទៅ​តុលា​ព្រហ្មទណ្ឌ​អន្តរជាតិ​? Bulls

»​។ ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក លោក John Kirby ក្នុងឱកាស​សង្ខេប​ព័ត៌មាន​ប្រចាំថ្ងៃ នៅ​ថ្ងៃ​ចន្ទ ម្សិលមិញ​ថា លោក មិនទាន់​បានដឹងថា​មានការ​គំរាមកំហែង​អ្វី​កើតឡើង​នោះទេ​។

​សូម​រម្លឹក​ផងដែរ​ថា ថ្មីៗ​នេះ លោក​ប្រធានាធិបតី ឌើ​ទើ​តេ ក៏បាន​ព្រមាន​ដើរ​ចេញពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​។ ការព្រមាន​ដើរចេញ​នេះ ក៏​ស្របទៅនឹង​រុស្ស៊ី​ដែរ​។ «​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ គ្មាន​ប្រយោជន៍​អ្វី​ឡើយ​។ រុស្សី បាន​ចាកចេញ​ហើយ ដូច្នេះ​ខ្ញុំ​អាច​ដើរចេញ​តាម​ពួកគេ​ដែរ​។​» នេះ​ជាការ​លើកឡើង​របស់​ប្រធានាធិបតី​ហ្វីលីពីន Duterte នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា​កន្លងទៅ​។

​បើ​យោងតាម​សារព័ត៌មាន​ហ្វីលីពីន Inquirer.net គិត​ចាប់ពី​ថ្ងៃទី​៣០ ខែមិថុនា ដែលជា​ថ្ងៃ​លោក​ប្រធានាធិបតី​ហ្វីលីពីន​ថ្មី រ៉ូ​ឌ្រី​ហ្គូ ឌើ​ទើ​តេ ចូលកាន់​តំណែង​ជា​ផ្លូវការ​ជា​ប្រធានាធិបតី​មកដល់ពេលនេះ មាន​អ្នក​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន ៧០​ម៉ឺន​នាក់ បានប្រកាស​ចូលខ្លួន​សារភាព និង​ជាង​បី​ពាន់​នាក់​ផ្សេងទៀត ត្រូវបាន​សម្លាប់​ក្នុង​ប្រតិបត្តិការ​ប៉ូលិស និង​ការសហការ​ក្រៅ​ប្រព័ន្ធតុលាការ​។​

​នៅ​ថ្ងៃទី​១៣ ខែតុលា រដ្ឋអាជ្ញា តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ឬ​ហៅ​កាត់​ថា ICC លោកស្រី Fatou Bensouda បានចេញ​សេចក្តីថ្លែងការណ៍​សម្តែង​ការ​ព្រួយ​បា​មរ​ម្ភ​ពី​ស្ថានភាព​ហ្វីលីពីន​ដែល​ពាក់ព័ន្ធ​នឹង​ការស្លាប់​រាប់ពាន់នាក់​នៅ​ក្នុង​ប្រតិបត្តិការ​បោសសម្អាត​គ្រឿង​ញឿ​ន​។ លោកស្រី​រដ្ឋអាជ្ញា បាន​អះអាងថា តុលាការ បាន​ដឹងលឺ​ពី​របាយការណ៍​នៃ​ការសម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​នោះ និង​ថែមទាំង​សោកស្តាយ​ចំពោះ​សេចក្តីថ្លែងការណ៍​របស់​មេដឹកនាំ​ជាន់ខ្ពស់​ហ្វីលីពីន ដែល​ហាក់ដូចជា​លើកទឹកចិត្ត​ឲ្យ​មានការ​ប្រព្រឹត្ត​សកម្មភាព​ខុសច្បាប់​ទាំងនោះ​។ ជាងនេះទៅទៀត លោកស្រី ក៏​ព្រមាន​ថា​អាច​នឹង​ចាត់ការ​ទៅលើ​សំណុំ​រឿងនេះ​ទៀតផង​៕


Tag:
 ហ្វីលីពីន​
  តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​
  ICC
© រក្សាសិទ្ធិដោយ thmeythmey.com