អន្តរជាតិ
ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ គំរាម​បញ្ចប់​ទំនាក់ទំនង​ជាមួយ គុយបា
29, Nov 2016 , 11:19 pm        
រូបភាព
ប្រធានាធិបតី​ទើប​ជាប់ឆ្នោត​លោក ដូ​ណា​ល់ ត្រាំ គំរាម​បញ្ចប់​ទំនាក់ទំនង​ដែល​ទើប​ស្តារ​ឡើង​ជាមួយ​គុយបា បើសិនជា​គុយបា​មិន​ធ្វើ​សម្បទាន​បន្ថែម​តាម​ការទាមទារ​របស់​អាមេរិក​ទេនោះ​។ លោក ដូ​ណា​ល់ ត្រាំ អះអាងថា អាមេរិក​គ្មាន​ចំណេញ​អ្វី​ឡើយ​ពី​ការស្តារ​ទំនាក់ទំនង​ជាមួយ​គុយបា ហើយ​គុយបា​ឯណោះ​ទេ​ដែល​ទាញ​ប្រយោជន៍​បាន​ច្រើន​នោះ​។​



​លោក ដូ​ណា​ល់ ត្រាំ បន្ត​រក្សា​ជំហរ​រឹងត្អឹង​ចំពោះ​គុយបា ក្រោយ​ពេលដែល​លោក ហ្វី​ដែល កា​ស្ត្រូ​ទទួលមរណភាព​។ លោក​បាន​គំរាម​បញ្ចប់​ទំនាក់ទំនង​អាមេរិក​និង​គុយបា​ដែល​ត្រូវបាន​ស្តារឡើងវិញ​កន្លងមក​ដោយ​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បើសិនជា​គុយបា មិន​ធ្វើ​សម្បទាន​បន្ថែម​ចំពោះ​ការទាមទារ​របស់​អាមេរិក​ទេនោះ​ជាពិសេស​ដោះស្រាយ​បញ្ហា​សិទ្ធិមនុស្ស​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​បង្ហោះ​តាម​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម Twitter ថា​៖ បើសិនជា​គុយបា មិនមាន​ឆន្ទៈ​ធ្វើ​សម្បទាន​បន្ថែម​សម្រាប់​ប្រជាជន​ខ្លួនឯង​, សម្រាប់​ប្រជាជន​អាមេរិក​ដើមកំណើត​គុយបា និង​សហរដ្ឋអាមេរិក​ទាំងមូល ខ្ញុំ​នឹង​លុបចោល​កិច្ចព្រមព្រៀង​ដែលមាន​»​។​

​គេ​មិនដឹងថា លោក ដូ​ណា​ល់ ត្រាំ នឹងធ្វើ​បែបណា​ក្រោយ​ចំពោះ​ទំនាក់ទំនង​អាមេរិក​ជាមួយ​គុយបា​ឡើយ ពេលដែល​លោក​ស្បថ​ចូលកាន់​តំណែង​នៅ​ថ្ងៃ ២០​មករា​ខាងមុខ​នោះ​។ ប៉ុន្តែ​ជារួម លោក អាចដាក់​សម្ពាធ​បន្ថែម​លើ​រដ្ឋាភិបាល​ក្រុង​ហា​វ៉ា​ណា​ឲ្យ​មានការ​កែប្រែ​ស្ថានភាព​សិទ្ធិមនុស្ស​ជាដើម​ផង​។

​តាមពិតទៅ ការ​គំរាម​បញ្ចប់​ទំនាក់ទំនង​ជាថ្មី​ជាមួយ​គុយបា​របស់លោក ដូ​ណា​ល់ ត្រាំ កើត​ស្រប​ពេលដែល​ប្រជាជន​គុយបា​បន្ត​កាន់ទុក្ខ​និង​គោរព​វិញ្ញាណក្ខន្ធ​លោក ហ្វី​ដែល កា​ស្ត្រូ ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃ​សុក្រ​ទី ២៥ វិច្ឆិកា​នោះ​។  កាលពី​ថ្ងៃ​សៅរ៍ លោក ដូ​ណា​ល់ ត្រាំ ក៏បាន​ឆ្លៀត​រិះគន់​មេដឹកនាំ​គុយបា ដោយ​លោក​បាន​ហៅ​លោក ហ្វី​ដែល កា​ស្ត្រូ ថា​ជា​មេដឹកនាំ​ផ្តាច់ការ​សាហាវឃោរឃៅ​ថែម​ទៀតផង​។ ហើយ​លោក​បានប្រកាសថា រដ្ឋបាល​លោក​នឹង​ជួយ​ប្រជាជន​គុយបា ស្វែងរក​សិទ្ធិ សេរីភាព និង​វិបុលភាព​ដែរ​។​

​តាំងពីដើម​មក លោក ដូ​ណា​ល់ ត្រាំ មិន​ពេញចិត្ត​ចំពោះ​គោលនយោបាយ​របស់​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​ស្តារ​ចំណង​ការទូត​ជាមួយ​រដ្ឋ​អាមេរិក​ឡាទីន គុយបា​ឡើយ​។ លោក​សង្កត់ធ្ងន់ថា លោក អូ​បា​ម៉ា ធ្វើ​សម្បទាន​ច្រើនពេក​ចំពោះ​គុយបា ហើយ​អ្នក​ចំណេញ​មិនមែន​អាមេរិក​ឡើយ​។ ដូ​ណា​ល់ ត្រាំ បង្ហើប​ផងដែរ​ថា ការបញ្ចប់​ទំនាក់ទំនង​ជាមួយ​គុយបា​មិនមែនជា​រឿង​លំបាក​សម្រាប់​រដ្ឋបាលរ​បស់​លោក​ឡើយ​។​

​ក្នុងពេល​ឃោសនាបោះឆ្នោត​កាលពី​កញ្ញា​លោក ដូ​ណា​ល់ ត្រាំ បាន​លើកឡើងថា​៖​​«​រាល់​សម្បទាន​ដែល​រដ្ឋបាល​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ផ្តល់​ឲ្យ​គុយបា​ធ្វើឡើង​តាម​អំណាចនីតិប្រតិបត្តិ​ប៉ុណ្ណោះ ដែល​នេះ​មានន័យថា ប្រធានាធិបតី​ថ្មី​អាច​ប្រឆាំង​វា​បាន​ដោយ​ងាយ​។ ខ្ញុំ​នឹងធ្វើ​វា ប្រសិនបើ​របប​ដឹកនាំ​កា​ស្ត្រូ មិន​ធ្វើតាម​ការទាមទារ​រប​ស់​យើង​ទេនោះ​។

​សូម​រម្លឹក​បន្តិច​ដែរ​ថា សហរដ្ឋអាមេរិក​បាន​សម្រេច​បង្កើត​ទំនាក់ទំនង​ការទូត​ជាថ្មី​ជាមួយ​សត្រូវ​ចាស់ គុយបា នា​ខែ ធ្នូ ឆ្នាំ ២០១៤ ក្រោយ​កាត់​ផ្តាច់ទំនាក់ទំនង​ការទូត​អស់​ជាង​៥​ទសវត្សរ៍​។ មុន​មានការ​ឈានទៅដល់​ការឯកភាព​គ្នា​បង្កើត​ចំណង​ការទូត​ឡើងវិញ ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ជជែក​ពិភាក្សា​ពី​ទំនាក់ទំនង​និង​ការដោះលែង​អ្នកទោស​ជាមួយ​ប្រមុខរដ្ឋ​គុយបា​លោក រ៉ា​អ៊ូ​ល កា​ស្ត្រូ ដែល​ឡើងកាន់តំណែង​ក្រោយ​ឆ្នាំ​២០០៦ ក្រោយ​បងប្រុស​លោក ហ្វី​ដែល កា​ស្ត្រូ ចុះ​ចេញពី​តំណែង​ដោយ​បញ្ហា​សុខភាព​។ ការចរចា​គ្នា​នេះ​ធ្វើឡើង​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ក្រោម​ការជួយជ្រោមជ្រែង​ពី​រដ្ឋាភិបាល​កាណាដា និង​សម្តេច​ប៉ាប​ហ្វ្រ​ង់​ស៊ី​ផងដែរ​៕


Tag:
 ​គុយបា​
  ដូ​ណា​ល់ ត្រាំ​
 ​ ហ្វី​ដែល កា​ស្ត្រូ​
© រក្សាសិទ្ធិដោយ thmeythmey.com