ជាតិ
អ្នកជំនាញ​ប៉ាន់ប្រមាណ​ថា ពលរដ្ឋ​ខ្មែរ​៦​សែន​នាក់​មាន​អា​ការៈពិបាក​ក្នុងការ​និយាយស្ដី​
03, Dec 2016 , 7:19 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ អ្នកជំនាញ​ខាង​ការព្យាបាល​អា​ការៈពិបាក​ក្នុងការ​និយាយស្ដី លើកឡើងថា ពលរដ្ឋ​ខ្មែរ​ប្រមាណ​៦​សែន​នាក់​ជាពិសេស​កុមារ មាន​អា​ការៈពិបាក​ក្នុងការ​និយាយ ហើយ​សេវា​ព្យាបាល​អាកា​រៈ​នេះ​នៅមានកម្រិត​នៅឡើយ​ក្នុងប្រទេស​កម្ពុជា​។​



​អ្នកជំនាញ​ខាង​ការព្យាបាល​អា​ការៈពិបាក​ក្នុងការ​និយាយស្ដី លើកឡើងថា ពលរដ្ឋ​ខ្មែរ​ប្រមាណ​៦​សែន​នាក់​ជាពិសេស​កុមារ មាន​អា​ការៈពិបាក​ក្នុងការ​និយាយ ហើយ​សេវា​ព្យាបាល​អាកា​រៈ​នេះ​នៅមានកម្រិត​នៅឡើយ​ក្នុងប្រទេស​កម្ពុជា​។ លោក ណឹ​ម សុភ័ក្ត្រ​បញ្ញា​នៃ VOA បាន​សម្ភាស​អ្នកស្រី Claire Salter អ្នកជំនាញ​ខាង​ការព្យាបាល​អា​ការៈពិបាក​ក្នុងការ​និយាយស្ដី​នៃ​មន្ទីរ​ព្យាបាល Happy Kids Clinic អំពី​កង្វះ​សេវា​ព្យាបាល​និង​បញ្ហា​ពិបាក​និយាយ​នេះ​ដូចតទៅ​៖
 
​តើ​មាន​ភាពខ្វះខាត​អ្វីខ្លះ​លើ​ការព្យាបាល​អា​ការៈពិបាក​ក្នុងការ​និយាយ​នៅ​ប្រទេស​កម្ពុជា​?
Claire Salter៖ ខ្ញុំ​ប៉ាន់​ស្មានថា មនុស្ស​ប្រមាណ​៦​សែន​នាក់​នៅ​ប្រទេស​កម្ពុជា​មានការ​លំបាក​ក្នុងការ​ទំនាក់ទំនង​។ ចំនួន​នេះ​ស្ថិតនៅ​កម្រិត​ទាប​នៅឡើយ​។ យើង​មិនមាន​អ្នកជំនាញ​ព្យាបាល​ការលំបាក​ក្នុងការ​និយាយ​នោះទេ ក្រៅពី​អ្នកជំនាញ​ជា​ជនបរទេស​។​
 
​ជាក់ស្ដែង នៅពេលដែល​យើង​ព្យាបាល​ទៅលើ​បញ្ហា​ក្នុង​ការនិយាយ ប្រជាជន​ចង់​ប្រើប្រាស់​ភាសា​ដែល​ពួកគាត់​ធ្លាប់​និយាយ​។ ដូច្នេះ​ពួកគាត់​ភាគច្រើន​និយាយ​ភាសា​ខ្មែរ​។ ដូច្នេះ វា​ជា​រឿង​ប្រសើរ​ដែល​ពួកគេ​ធ្វើការ​ជាមួយ​មនុស្ស​ដែល​និយាយ​ភាសា​ខ្មែរ​ជា​ភាសា​កំណើត​។​
 
​ហេតុ​ដូចនេះហើយ វា​តម្រូវ​ឲ្យ​មានការ​ប្រើប្រាស់​ភាសា​ខ្មែរ​ច្រើន​។ មាន​ប្រជាជន​ចំនួន​៦០០.០០០​នាក់​មិនបាន​ទទួល​សេវាកម្ម​ដែល​ពួកគាត់​គួរតែ​ទទួលបាន​។ ផលវិបាក​នៃ​ការមិនទទួលបាន​សេវា​ទាំងនោះ​មាន​កាន់តែច្រើន​។​
 
​តើ​ការពិបាក​ក្នុងការ​និយាយ​សំដៅ​ទៅលើ​អ្វី​ឲ្យ​ប្រាកដ អ្នកស្រី​?
Claire Salter ៖ ក្នុង​ហេតុផល​ណាក៏ដោយ កុមារ​អភិវឌ្ឍ​បំ​ណិ​ន​របស់​ពួកគេ នៅពេលដែល​ពេល​គេ​ឆ្លងកាត់​វ័យ​កុមារភាព​។ ពួកគេ​ហាត់រៀន​ដើរ រៀន​លូន ហាត់រៀន​ធ្វើ​សព្វគ្រប់​ទាំងអស់ ពួកគេ​ក៏​ហាត់រៀន​និយាយ​ផងដែរ​។​
 
​ក្រៅពី​ការហាត់​រៀន​និយាយ គឺ​ការហាត់​រៀន​របៀប​បញ្ចេ​ញ​សំឡេង​ខុសៗ​គ្នា​ផ្សេងៗ សំឡេង​ជាក់លាក់​មួយៗ ហើយ​ពួកគេ ក៏​រៀន​ផ្គុំ​ពាក្យ បង្កើត​ប្រយោគ​ដែល​អាចធ្វើ​ឲ្យ​មនុស្ស​ដទៃ​យល់​ពី​អារម្មណ៍ និង​គំនិត​របស់​ពួកគេ​។​
 
​បន្ថែម​លើ​នេះ​គឺ​ពួកគេ​ត្រូវ​បង្ហាញ​សមត្ថភាព​ដើម្បី​យល់​ពី​អ្វីដែល​អ្នកដទៃ​និយាយ​ផងដែរ​។ ហេតុ​ដូច្នេះហើយ ពេលខ្លះ ក្នុង​ហេតុផល​ណាក៏ដោយ កុមារ​នៅតែមាន​បញ្ហា​ក្នុងការ​អភិវឌ្ឍ​ជំនាញ​ទាំងអស់នេះ និង​សមត្ថភាព​ក្នុងការ​បញ្ចេញ​សំឡេង ឬ​យល់​ពី​អ្វីដែល​អ្នកដទៃ​និយាយ ឬ​ផ្គុំ​ពាក្យពេចន៍​ជា​ប្រយោគ​។​
 
​ការណ៍​នេះ​យើង​ហៅថា ភាពមិន​ស៊ីគ្នា​នៃ​ពាក្យពេចន៍ (a speech impairment) សម្រាប់​សូរសំឡេង និង​ភាពមិន​ស៊ីគ្នា​នៃ​ភាសា ដែល​ធ្វើ​ឲ្យ​មាន​បញ្ហា​ក្នុង​ការយល់ និង​និយាយ​គ្នា​។ បញ្ហា​នេះ វា​កើតឡើង​ដោយឡែកៗ​ម្ដង ហើយ​ពេលខ្លះ បញ្ហា​នេះ​អាច​កើតឡើង​តាម​ប្រវត្តិ​គ្រួសារ​។​
 
​ហេតុ​ដូច្នេះហើយ ម្ដាយ​ឬ​ឪពុក​អាចមាន​បញ្ហា​ក្នុងការ​ហាត់រៀន​និយាយ​។ អញ្ចឹង​ហើយ​បានជា​យើង​ឃើញថា កុមារ​មួយចំនួន​មិនអាច​និយាយ​រហូតដល់​អាយុ​៤​ឆ្នាំ​ដោយសារ​មូលហេតុ​មួយចំនួន​។​
​បញ្ហា គឺ​សមត្ថភាព​ក្នុងការ​និយាយ​គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​ការហាត់​រៀន​អាន និង​សរសេរ ប្រសិនបើ​កុមា​រណា​មាន​បញ្ហា​នេះ ពួកគេ​អាច​នឹង​ប្រឈម​នឹង​បញ្ហា​ជាច្រើន​នៅ​សាលារៀន​។​
 
​ហេតុផល​ផ្សេងទៀត​ដែល​មនុស្ស​អាចមាន​ភាព​លំបាក​ក្នុងការ​ទំនាក់ទំនង គឺ​ប្រសិនបើ​ពួកគេ​មាន​ជំងឺ មាន​គ្រោះថ្នាក់ ឬ​ជំងឺ​ធ្ងន់ធ្ងរ​ដែល​អាច​បង្កបញ្ហា ឬ​ធ្វើ​ឲ្យ​ខួរក្បាល​រងគ្រោះ​។ ខួរក្បាល​យើង​មាន​ផ្នែក​មួយចំនួន​ដែលមាន​មុខងារ​លើ​ការនិយាយស្ដី និង​ទំនាក់ទំនង​។ 
 
​ប្រសិនបើ​ផ្នែក​ទាំងនោះ​មានការ​ខូចខាត នោះ​កុមារ​នឹងមាន​បញ្ហា​។ ជា​លក្ខណៈ​ជីវសាស្ត្រ ការបញ្ចេញ​សំឡេង​អាចធ្វើ​ឲ្យ​មាត់​របស់គេ​មាន​បញ្ហា ឬ​អាច​ពិបាក​រក​នឹក​ពាក្យ ហើយ​ទាំងអស់​នេះហើយ​ជា​បញ្ហា​។​
 
​កុមារ​ដែលមាន​ភាព​ភាំង​ជាទូទៅ​មាន​បញ្ហា​ក្នុងការ​ទំនាក់ទំនង​។ ពួកគេ​អាច​ដឹងបាន​ន័យត្រង់​។ ពួកគេ​មិនអាច​យល់​រឿង​កំប្លែង ឬ​ការ​បញ្ចើចបញ្ចើ ឬ​ភាសា​ពិបាក​យល់ ហើយ​ពួកគេ​នឹងមាន​ភាពលំបាក​ក្នុងការ​យល់ដឹង​ពី​ក្រឹត្យក្រម​នានា​របស់​សង្គម​ក្នុងការ​ទំនាក់ទំនង ដូចជា​ចម្ងាយ​ដែល​ត្រូវ​ឈ​ពី​អ្នកដទៃ ឬ​របៀប​ធ្វើការ​ស្វាគមន៍​អ្នកដទៃ​។ អ្វីដែល​អាចជា​ការមិន​គួរសម​ដល់​អ្នកដទៃ ពួកគេ​មិនបាន​យល់ដឹង​ពី​របៀបរបប​អស់ហ្នឹង​ច្បាស់លាស់​ទេ​។​
 
​ខ្ញុំ​ក៏​មើលឃើញ​ហេតុផល​ផ្សេងទៀត​ដែរ​គឺ ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល ឬ​ជំងឺ​ធ្ងន់ធ្ងរ​នានា​ដែល​អាច​ជះឥទ្ធិពល​ដល់​ខួរក្បាល​។ ហេតុដូច្នេះ​ហើយ​គឺមាន​ហេតុផល​ច្រើនណាស់​ដែល​មនុស្ស​មានប​ញ្ហា​ក្នុងការ​ទំនាក់ទំនង​។​
 
​តើ​បញ្ហា​នេះ​ភាគច្រើន​កើត​ឡើងជា​លក្ខណៈ​ដំណពូជ​ឬ​? មិនមែនជា​បញ្ហា​កើតឡើង​ដោយ​កត្តា​ខាងក្រៅ​ទេ​ឬ​?
Claire Salter៖ សម្រាប់​កុមារ ខួរក្បាល​មានមុខ​ងារ​ដើម្បី​ហាត់រៀន​ភាសា ប៉ុន្តែ​មនុស្ស​យើង​អាច​រៀន​ភាសា ប្រសិនបើ​យើង​អាច​ប្រើប្រាស់​វា​។ យើង​ត្រូវការ​អ្នកដទៃ​មក​និយាយ​ជាមួយ​យើង​។ ធ្វើ​អញ្ចឹង​យើង​អាច​រៀន​របៀប​និយាយបាន​។ យើង​មិនមែន​អាច​និយាយ​ដោយ​ស្វ័យប្រវត្តិ​នោះទេ​។ យើង​ត្រូវការ​អ្នកដទៃ​ជួយ​បង្ហាញ​យើង​ថា តើ​វា​មាន​រូបភាព​បែបណា ឬអ្វី​ជាការ​ទំនាក់ទំនង​។ ហេតុ​ដូច្នេះហើយ កុមារ​នៅពេល​ខ្លះ​ជាធម្មតា​ធ្វើ​ត្រាប់​តាម ប៉ុន្តែ​កុមារ​ផ្សេងទៀត​ត្រូវការ​ជំនួយ​បន្ថែមទៀត​។​
 
​អ្វីដែល​ខ្ញុំ​សង្កេតឃើញ គឺ​សម័យនេះ មាន​កុមារ​កាន់តែ​ច្រើនឡើងៗ​កំពុង​ប្រើប្រាស់​ឧបករណ៍​អេឡិចត្រូនិក​ដែលមាន​អេក្រង់ ហើយ​ពួកគេ​ប្រើប្រាស់​របស់របរ​ទាំង​នោះ​ច្រើនណាស់​។ ពួកគេ​មិនមាន​អន្តរ​ទំនាក់ទំនង​ជាមួយនឹង​គ្រួសារ​គេ ឲ្យ​ច្រើន​ដូចនឹង​ទម្លាប់​គេ​ប្រើប្រាស់​របស់របរ​ទេ​។ អញ្ចឹង​ហើយ​ពួកគេ​មិនបាន​សន្ទនា ហើយ​ខ្ញុំ​សង្កេតឃើញថា ពួកគេ​ជា​កុមារ​ក្នុង​ក្រុម​ដែល​ខ្ញុំ​ហៅថា «​អន់​ភាសា​» គឺ​មានន័យថា ពួកគេ​មិនមាន​ទុន​ភាសា​គ្រប់គ្រាន់​ដើម្បី​អាច​អភិវឌ្ឍ​បំ​ណិ​នភា​សា​របស់គេ​គ្រប់គ្រាន់​។​
 
​ហេតុ​ដូច្នេះហើយ វា​ជាការ​សំខាន់​ណាស់ ដែល​ឪពុកម្ដាយ និង​សមាជិក​ក្រុមគ្រួសារ​ត្រូវ​និយាយ​ជាមួយ​កុមារ ច្រៀង​ចម្រៀង អាន​រឿងនិទាន​ឲ្យ​ស្អាប់ ឬ​និទានរឿង​ប្រាប់​ពួកគេ ហើយ​ត្រូវ​ធ្វើបែបនេះ​រាល់ថ្ងៃ​។ ការធ្វើ​បែបនេះ មិនមែន​ធ្វើ​តែ​ក្នុងពេល​ពិសេស​ណាមួយ​ឡើយ​។​
 
​កុមារ​ត្រូវការ​ធាតុ​ចូល​គ្រប់ពេលវេលា​។ ពួកគេ​ត្រូវការ​គ្រប់​ដំណាក់កាល​ទាំងអស់​។ យើង​មិនអាច​និយាយ​ប្រយោគ​ស្មុគស្មាញ​ជាមួយ​កុមារ​ឡើយ​។ យើង​ត្រូវបង្កើត​ប្រយោគ​សាមញ្ញ និង​ងាយៗ​ដើម្បី​ឲ្យ​ពួកគេ​យល់​។ អញ្ចឹង​ហើយ​ពេលខ្លះ បញ្ហា​គឺអាច​បណ្ដាលមកពី​កត្តា​តំណពូជ ប៉ុន្តែ​វា​ក៏ត្រូវ​ការ​ធាតុ​ចូល​ពី​ក្រុមគ្រួសារ និង​ការ​ប្រឹង​ពី​ក្រុមគ្រួសារ​។​
 
​តើ​មាន​ស្ថាប័ន​ចំណុះ​ក្រសួងសុខាភិបាល​ណាមួយ​ធ្វើការ​សិក្សា​លើ​កុមារ​ដែលមាន​ភាពលំបាក​បែបនេះ​នៅពេល​បច្ចុប្បន្ន​ដែរឬទេ​?
Claire Salter៖ មិនមាន​ទេ​។ សព្វថ្ងៃ រដ្ឋាភិបាល​មិនបាន​ចូលរួម​ក្នុង​ការផ្ដល់សេវា​នេះឡើយ ប៉ុន្តែ​ការងារ​មួយផ្នែក​នៃ​អង្គការ OIC នៅ​កម្ពុជា ធ្វើការ​ដើម្បី​ទាក់ទាញ​រដ្ឋាភិបាល​ឲ្យ​ចូលរួម​ក្នុង​កិច្ចការ​នេះ​ឲ្យ​ដាក់​ចូលក្នុង​មុខវិជ្ជា​នៅតាម​សាកលវិទ្យាល័យ ពីព្រោះ​យើង​យល់ថា វា​មាន​សារៈសំខាន់​ណាស់​ដែល​រដ្ឋាភិបាល​ត្រូវតែមាន​ចំណែក​ដើរតួ និង​យើង​ត្រូវការ​ការគាំទ្រ​ពី​រដ្ឋាភិបាល​ដើម្បី​ឲ្យ​ការងារ​នេះ​ដំណើរការ និង​ចង់​បញ្ជាក់ថា ក្រុម​យើងខ្ញុំ​នឹងមិន​ស្ថិតនៅ​ក្នុងប្រទេស​កម្ពុជា​រហូត​នោះទេ​។​
 
 យើង​មិន​ចង់​ក្លាយជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ដែល​ស្ថិតនៅ​ប្រទេស​នេះ​រហូត​នោះទេ​។ យើង​ចង់​ផ្ទេរ​ជូន​ឲ្យ​កាន់តែ​ឆាប់​តាម​ដែល​អាច​ធ្វើបាន គឺ​តាមរយៈ​ការបណ្ដុះបណ្ដាល​អ្នក​ព្យាបាល​ការប្រើប្រាស់​ពាក្យពេចន៍​ក្នុងស្រុក​ដែល​នឹង​ក្លាយជា​គ្រូបង្រៀន​មុខវិជ្ជា​នេះ​នៅតាម​សាកលវិទ្យាល័យ ហើយ​បន្ទាប់មក​យើង​ចង់​ឲ្យ​បុគ្គល​ទាំងនោះ​បម្រើ​ការងារ​តាម​ស្ថាប័នរដ្ឋ​នៅតាម​សាលារៀន មន្ទីរពេទ្យ និង​ផ្សេងៗ​ទៀត​។ វា​ចាំបាច់​ណាស់​ដែល​យើង​ត្រូវការ​ការចូលរួម​ពី​រដ្ឋាភិបាល​ក្នុង​ការងារ​នេះ ហើយ​នេះ​ជាការ​ងារ​ធ្វើ​ឲ្យ​មាន​វឌ្ឍនភាព​។​
 
​តើ​អ្នកស្រី​ដោះស្រាយ​បែបណា​ជាមួយនឹង​កុមារ​ដែលមាន​ភាពលំបាក​ក្នុងការ​ទំនាក់ទំនង​? តើ​ការព្យាបាល​ធ្វើឡើង​បែបណា​ដែរ​?
Clarie Salter៖ យើង​ត្រូវ​សាកល្បង​ធ្វើការ​ជា​លក្ខណៈ​ផ្ដល់​សេវា និង​សិក្សា​តំណ​គ្រួសារ​។ យើង​ធ្វើការ​ផ្អែកលើ​គោលដៅ​សំខាន់បំផុត​ដែល​គ្រួសារ​ត្រូវ​ចាប់ផ្តើម​ចូលរួម និង​គោលដៅ​ដើម្បី​ឲ្យ​គ្រួសារ​មាន​ភាពជោគជ័យ​ដូចគ្នា​ដែរ​។​
 
​គ្រួសារ​ខ្លះ គឺ​រវល់​ខ្លាំងណាស់ ដែល​ពេលខ្លះ​យើង​ត្រូវតែកំណត់​គោលដៅ​ដែល​ស័ក្ដិសម​នឹង​ជីវិត​របស់​ពួកគេ ជាជាង​អ្វី​ដែលជា​ឧត្ដមគតិ​របស់​អ្នក​។ យើង​បានកំណត់​គោលដៅ​បី​សម្រាប់​រយៈពេល​៦​សប្តាហ៍​របស់​យើង​។​
 
​យើង​ធ្វើការ​តាម​គោលដៅ​ទាំងនោះ​តាម​ផ្នែក​ផ្សេងៗ​។ សម្រាប់​កុមារ ពួកគេ​មិនគួរ​មាន​អារម្មណ៍​ថា​ពួកគេ​មក​ធ្វើការ ឬ​ធ្វើ​អ្វីដែល​លំបាក​ទេ​។ យើង​ចង់​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ថា ពួកគេ​មក​ដើម្បី​សប្បាយរីករាយ​។​
 
​ដូច្នេះ សម្រាប់​កុមារ​ដែល​មិនដឹង​ពីអ្វី​ដែល​ពួកគេ​កំពុង​ធ្វើ ពួកគេ​អាច​គិតថា​ពួកគេ​កំពុង​លេងល្បែង​កម្សាន្ត​ជាមួយ​កុមារ​ផ្សេងទៀត ប៉ុន្តែ​យើង​បានកំណត់​គោលដៅ​នៃ​សកម្មភាព​ដែល​យើង​បង្ហាញ​រួចហើយ​។​
 
​ឧទាហរណ៍ ក្នុងការ​ព្យាយាម​ឲ្យ​កុមារ​រៀន​បង្កើត​ពាក្យ កុមារ​ម្នាក់​ត្រូវមាន​របស់​ក្មេង​លេង​ជា​ផ្លែឈើ​ដែល​អាច​កាត់​ពាក់កណ្ដាល និង​មានកាំបិត​មួយ​។​យើង​ប្រើពាក្យ​ថា «​កាត់​» «​ស្វែងរក​» «​ដាក់ចូល​» និង​គ្រប់​ពាក្យ​នៃ​ផ្លែឈើ និង​បន្លែ ដែល​កុមារ​ត្រូវអនុវត្ត​ពាក្យ​ទាំងអស់នោះ និង​បង្កើត​ពាក្យ​របស់​ពួកគេ​ដោយ​គ្រាន់តែ​តាមរយៈ​ការធ្វើសកម្មភាព​ជាជាង​ការ​អង្គុយ​នៅ​មួយកន្លែង​ហ្នឹង ហើយ​និយាយថា «​ផ្លែ​ប៉ោម ផ្លែ​ចេក​» ពីព្រោះ​វា​គ្មាន​បរិបទ​សម្រាប់​កុមារ​ឲ្យ​ដឹងថា តើ​ពាក្យ​ទាំងអស់នោះ​មានន័យ​យ៉ាងណា​។​
 
​ដូច្នេះ អ្វី​ទាំងអស់​ដែល​យើង​កំពុង​ធ្វើ​នេះ ជា​ល្បែង​កម្សាន្ត​បន្តវេន ដែល​មនុស្ស​ធំ​អាច​បន្តវេន និង​ផ្ដល់​ជា​គំរូ​លើ​ថា​តើ​ពាក្យ​នេះ​និយាយ​បែបណា ហើយ​បន្ទាប់មក​កុមារ​នឹង​ចាប់ផ្ដើម​និយាយ ការធ្វើ​បែបនេះ​ដូច​ជាការ​បន្តវេន និង​ការលេង​ល្បែង​បណ្ដាក់​គ្នា និង​អក្សរ ឬអ្វី​ផ្សេង​ដែល​យើង​អាចអនុវត្ត​ការបញ្ចេញ​សំឡេង​ពាក្យពេចន៍​បែប​ផ្សេងគ្នា​មុនពេល​ដល់​វេន​របស់​យើង គឺ​វិធី​នេះ​ដូចនឹង​ការព្យាបាល​បែប​ចិត្តសាស្ត្រ​។​
 
​ប្រសិនបើ​អ្នក​និយាយថា ជើង​អ្នក​បាក់ អ្នក​ត្រូវតែ​ធ្វើ​លំ​ហាត់ប្រាណ​ជើង​របស់​អ្នក​ឲ្យ​បាន​ជាក់លាក់​តាម​វេលា​ដើម្បី​ពង្រឹង​សាច់ដុំ​របស់​អ្នក​។ ដូចគ្នានេះដែរ​ការព្យាបាល​ការប្រើប្រាស់​ពាក្យពេចន៍​គឺធ្វើឡើង​តាម​រូបមន្ត​ដូចគ្នានេះដែរ ប៉ុន្តែ​ត្រូវមាន​ការព្យាបាល​ណែនាំ​ឪពុកម្ដាយ​អំពី​របៀប​ធ្វើ​សកម្មភាព​ទាំងអស់នោះ​នៅតាម​ផ្ទះ​។ កូនៗ​របស់​ពួកគេ​មិនមែន​គ្រាន់តែ​ផ្ដោតទៅលើ​តែ​កុមារ​នោះទេ​។​
​វា​រួមផ្សំ​ទាំង​ឪពុកម្ដាយ និង​ទាំង​គ្រូ​ផងដែរ​។ យើង​ទៅ​សាលារៀន និង​ណែនាំ​ប្រាប់​លោកគ្រូ​អ្នកគ្រូ​ពីរ​របៀប​ដែល​យើង​អាចជួយ​កុមារ​តាម​គោលដៅ​របស់​ពួកគេ​។ វា​ទាមទារ​ឲ្យ​មានគំនិត​គិត​ដឹង​ពី​ស្ថានភាព​ផ្សេងគ្នា ពីព្រោះ​ការទំនាក់ទំនង​គឺ​ជាប់​ពាក់ព័ន្ធ​គ្នាច្រើន​ណាស់​។​
 
​អ្នក​មិនអាច​បង្រៀន​ឲ្យ​ពួកគេ​ចេះ​ប្រាស្រ័យ​ទាក់ទង​ដោយ​គ្រាន់តែ​អង្គុយ​នៅ​តុ​ក្នុង​គ្លីនិក​ឡើយ​។ អ្នក​ត្រូវតែ​នៅ​កន្លែង​ដែល​កុមារ​ទៅ​។ ដូច្នេះ​គោលដៅ​គឺ​យើង​ធ្វើ​ឲ្យ​ពាក់ព័ន្ធ​នឹង​ជីវិត​របស់​កុមារ ហើយ​ពួកគេ​អាចមាន​ភាព​រីករាយ​។ យើង​ចង់ឃើញ​កុមារ​ដែល​មក​ទីនេះ​ដោយមាន​ស្នាមញញឹម​នៅលើ​មុខ មិនមែន​ទាញ​ពួកគេ​មក​ឲ្យ​និយាយថា «​ទេ ខ្ញុំ​មិន​ចង់​មក​ទេ​»​។ ដូច្នេះ គឺ​មិនមែន​ដូចជា​ការ​ទៅ​ជួប​ពេទ្យ ហើយ​ចាក់​ថ្នាំ ឬអ្វី​ផ្សេងទៀត​ទេ​។ កុមារ​មក និង​ធ្វើ​សកម្មភាព​នានា​។​
 
​តើ​ការព្យាបាល​មាន​ប្រសិទ្ធភាព​ប៉ុណ្ណា​ដែរ​? តើ​កុមារ​អាច​ប្រែក្លាយ​ពី​ការនិយាយ​ពាក្យ​ដាច់ៗ​ទៅជា​ការនិយាយ​ជា​ប្រយោគ ឬ​ឃ្លា​?
Claire Salter៖ វា​ចំណាយពេល​ច្រើនណាស់​។ ខ្ញុំ​ចង់​និយាយថា វា​ត្រូវធ្វើ​បន្តិច​ម្តងៗ​។ ហើយ​ពេលខ្លះ​វា​ជា​ដំណើរ​ផ្លូវ​ដ៏​វែងឆ្ងាយ​មួយ​ដែល​អាស្រ័យ​លើ​កម្រិត​លំបាក​នៃ​កុមារ​នោះ​។ ជាក់ស្ដែង ខ្ញុំ​បាន​ជួប​ករណី​កុមារ​ម្នាក់​ពីមុនមក​។ សំដី​ពាក្យពេចន៍​នាង គឺមាន​លក្ខណៈ​ដាច់ៗ​ខ្លាំងណាស់ គឺ​ខ្ញុំ​ពិបាក​នឹង​យល់​ជាខ្លាំង​ពេល​នាង​និយាយ​មកកាន់​ខ្ញុំ​។​
 
​ខ្ញុំ​ត្រូវ​ស្ដាប់​មួយ​សំឡេង​ម្តងៗ ហើយ​វា​ចំណាយពេល​យូរណាស់​។ ក្មេងស្រី​នោះ មានការ​រីកចម្រើន​ច្រើនណាស់ ប៉ុន្តែ​ដោយសារតែ​សំដី​ពាក្យពេចន៍​របស់​នាង​មាន​លក្ខណៈ​ដាច់ៗ​ខ្លាំង វា​ចំណាយពេល​អស់​១​ឆ្នាំ​ក្នុងការ​ព្យាបាល​។ ជា​លទ្ធផល នាង​អាច​ស្ដាប់​យល់​ភាគច្រើន និង​ឈ្នះ​ពានរង្វាន់​លើ​ការទំនាក់ទំនង​នៅ​សាលារៀន​របស់​នាង​។ នាង​ជា​អ្នករៀន​នាំមុខគេ​មួយ​នៅ​សាលារៀន​។ នាង​មានការ​រីកចម្រើន​ខ្លាំងណាស់ ហើយ​វា​ទាមទារ​ឲ្យ​មានការ​អត់ធ្មត់​ច្រើន​។ យើង​ត្រូវធ្វើ​បន្តិច​ម្តងៗ​។  យើង​មិនមែន​គ្រាន់តែ​ចាប់ផ្ដើម ហើយ​ធ្វើ​ពីរ ឬ​បី​ដង ហើយ​វា​បានសម្រេច​នោះទេ​៕

ដោយ៖ VOA

© រក្សាសិទ្ធិដោយ thmeythmey.com