ជាតិ
ពិព័រណ៍​សៀវភៅ​ឆ្នាំ​២០១៦​នេះ នឹងមាន​អ្នកចូលរួម​ច្រើនជាង​រាល់​ឆ្នាំ​
03, Dec 2016 , 10:20 am        
រូបភាព
 
​ភ្នំពេញ​៖ ពិព័រណ៍​សៀវភៅ​នៅ​កម្ពុជា​លើក​ទី​៥ ប្រចាំឆ្នាំ​២០១៦ ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០២-០៤ ខែធ្នូ​នេះ នៅ​បណ្ណាល័យ​ជាតិ បានចាប់ផ្ដើម​បើក​ពិព័រណ៍ ដោយមាន​ការចូលរួម​សំណាក់​សិស្ស និស្សិត និង​សាធារណជន​ទូទៅ​។ «​បង្កើន​ការអាន បង្កើត​ការសរសេរ​» គឺជា​ប្រធានបទ​ប្រចាំឆ្នាំ​២០១៦ ក្នុង​ពិព័រណ៍​នេះ​។ ពិព័រណ៍​នេះ អ្នករៀបចំ​រំពឹងថា នឹងមាន​អ្នកចូលរួម​ច្រើនជាង​ឆ្នាំ​កន្លងទៅ​។​


​ពិព័រណ៍​សៀវភៅ​នៅ​កម្ពុជា​លើក​ទី​៥​នេះ បានចាប់ផ្ដើម​បើក​ពិព័រណ៍​ឲ្យ​សិស្ស និស្សិត និង​សាធារណជន​ចូលរួម​ដោយ​សេរីភាព​នៅ​ថ្ងៃទី​០២​នេះ​។ ពិព័រណ៍​នេះ ដោយមាន​ការចូលរួម​បើក​ពិព័រណ៍ ពី​សំណាក់​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​, លោក ជុច ភឿង រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​លោក ហុក សុទ្ធិ ប្រធាន​សមាគម​បណ្ណារក្ស និង​ឯកសារ​ពិ​ទូ​។​
 
​លោក ហុក សុទ្ធិ  ប្រធាន​សមាគម​បណ្ណារក្ស និង​ឯកសារ​ពិ​ទូ បាន​លើកឡើងថា ពិព័រណ៍​នេះ​រៀបចំ​ជា​លក្ខណៈ​ថ្នាក់ជាតិ រយៈពេល​៥​ឆ្នាំ​មកហើយ​។ ប្រធាន​សមាគម​បណ្ណារក្ស និង​ឯកសារ​ពិ​ទូ បាន​បញ្ជាក់ថា ពិព័រណ៍​សៀវភៅ​ឆ្នាំនេះ អាចមាន​អ្នកចូលរួម​រហូតដល់​១​ម៉ឺន​៥​ពាន់​នាក់ ដែល​កាលពី​ឆ្នាំ​២០១៥​កន្លងទៅ មាន​អ្នកចូលរួម​ប្រមាណ ១​ម៉ឺន​២​ពាន់​នាក់​។ ម្យ៉ាងទៀត ពិព័រណ៍​សៀវភៅ​លើក​ទី​៥ គ្រោង​នឹង​ចំណាយ​ថវិកា​ប្រមាណ ១​ម៉ឺន​៧​ពាន់​ដុល្លារ​។​
 
​ជាមួយគ្នានេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​មានប្រសាសន៍ថា សៀវភៅ​ក៏​អាចជួយ​ព្យាបាល​ជំងឺ​ផងដែរ សម្រាប់​នៅ​បរទេស​មានការ​កំណត់​នូវ​សៀវភៅ​ណា​ដែល​អាចជួយ​ព្យាបាល​។  បន្ថែម​លើ​នេះ លោក​បន្តថា នៅ​កម្ពុជា​បច្ចុប្បន្ន ការអាន​សៀវភៅ មានការ​កើនឡើង​ច្រើនជាង​មុន​។ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក៏បាន​បញ្ជាក់ថា អ្នកនិពន្ធ​នៅ​កម្ពុជា​ខ្វះខាត​ការចំណាយ​ក្នុង​ការបោះ​ពុ​ម្ភ និង​ការលើកទឹកចិត្ត​ជាដើម ប៉ុន្តែ​បើ​មានការ​លើកទឹកចិត្ត​ដល់​អ្នកសរសេរ និង​អ្នកនិពន្ធ​អាចធ្វើ​ឲ្យ​វិស័យ​មួយ​នេះ​កើនឡើង​ផងដែរ​។ លោក កាញារីទ្ធ ក៏បាន​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន ១​ពាន់​ដុល្លា​ផងដែរ​។​
 
​គួរ​បញ្ជាក់ថា ពិព័រណ៍​សៀវភៅ​ឆ្នាំនេះ មាន​ស្ដង់​ចូលរួម​ប្រមាណ​៦៥ ស្ដង់ ដែល​កើនឡើង​ជាង​ឆ្នាំ​កន្លងទៅ ដោយ​មានតែ​៥០​ស្ដង់​ប៉ុណ្ណោះ​។ ដោយឡែក ក្នុង​កម្មវិធី​ពិព័រណ៍​សៀវភៅ​នេះ មាន​សៀវភៅ​រាប់ម៉ឺន​ក្បាល ដែល​គ្រឺះ​ស្ថាន​បោះ​ពុ​ម្ភ​ផ្សាយ និង​ស្ថាប័ន​ហើយ បាន​ចុះឈ្មោះ​ចូលរួម​ពិព័រណ៍​សៀវភៅ​ក្នុងឆ្នាំនេះ​។ ម្យ៉ាងវិញទៀត អ្នកចូលរួម​ក៏​អាច​ទស្សនា​កម្មវិធី​កម្សាន្ត​ជាច្រើន​ដូចជា ការសម្ដែង​រឿង​ខ្លី ល្ខោន និង​ចម្រៀង រួមទាំង​កម្មវិធី​កុមារ​ផងដែរ​៕
 
 
 























Tag:
 ពិព័រណ៍​សៀវភៅ​
  ​ខៀវ កាញារីទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com